លោក ជីម យ៉ុងគីម ប្រធានធនាគារពិភពលោក នៅក្នុងសន្និសីទព័ត៌មានមួយ
នៅក្រុងម៉ិកស៊ីកូកាលពីថ្ងៃទី៤ ខែវិច្ឆិកា
មេដឹកនាំពិភពលោកនានា មានការព្រួយបារម្ភអំពីភាពអស្ថិរភាព នៃសេដ្ឋកិច្ចពិភពលោក និងពួកយើង កំពុងតែតាមដានយ៉ាងប្រកិតអំពីអ្វីដែលកំពុងតែកើតឡើងនៅក្នុង តំបន់អឺរ៉ុប ជាពិសេស គឺស្ថានការណ៍ដ៏លំបាក នៅក្នុងប្រទេសក្រិក និងប្រទេសអេស្ប៉ាញ។
នេះគឺជាសញ្ញាណគ្រោះថ្នាក់ មិនថាកើតមាននៅអឺរ៉ុប ឬក្នុងប្រទេសអភិវឌ្ឍន៍ដទៃទៀត នៅក្នុងពិភពលោកទេ ហើយវាក៏ជាសញ្ញាណគ្រោះថ្នាក់ផងដែរ ថាតើវិបតិ្តសេដ្ឋកិច្ចពិភពលោកនឹងមានផលប៉ះពាល់ដល់សេដ្ឋកិច្ច របស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងណានោះ ជាពិសេស សេដ្ឋកិច្ចដែលផុយស្រួយដូចជា ប្រទេសហៃទី។ ដោយសារតែយើងមិនអាចធ្វើព្រងើយកន្តើយ ចំពោះប្រទេសទាំងនេះបាន ដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសហៃទី នៅដើមខែវិចិ្ឆកានេះ គឺជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់មួយ។ យើងចាំបាច់ ត្រូវផ្តោតការយកចិត្តទុកដាក់លើគោលដៅពីរដែលមានទំនាក់ទំនង គ្នាទៅវិញទៅមកគឺ៖ បញ្ចប់ភាពក្រីក្រធ្ងន់ធ្ងរ ក្នុងក្របខ័ណ្ឌពេលវេលាមួយដែលកាន់តែខី្ល និងបង្កើនការចែករំលែកវិបុលភាព ក្នុងប្រទេសទាំងអស់នៅជុំវិញពិភពលោក។
អ្នកខ្លះអាចនិយាយថា ស្ថានភាពនេះវាមិនអាចទៅរួចទេ។ ប៉ុន្តែប្រជាជនច្រើនជាង១ ពាន់លាននាក់ ដែលកំពុងរស់នៅក្នុងភាពក្រីក្រធ្ងន់ធ្ងរ នៅជុំវិញពិភពលោក មិនអាចរង់ចាំបានទេ។ ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ច្រើនជាង ៥០ ភាគរយ នៃកំណើនសេដ្ឋកិច្ចពិភពលោក បានមកពីប្រទេសកំពុងអភិវឌ្ឍន៍ ហើយនៅពេលដែលប្រទេសដ៏ផុយស្រួយទាំងនោះ ទទួលរងផលប៉ះពាល់បន្ថែមដោយសារជម្លោះ ឬអរិភាព យើងបាត់បង់នូវឱកាសដ៏អស្ចារ្យ ក្នុងការរុញច្រានបណ្តាប្រទេសទាំងនោះ ឲ្យចេញផុតពីភាពផុយស្រួយ និងឆ្ពោះទៅរកស្ថានភាពស្ថិរភាព ដែលនឹងអាចឲ្យពួកគេ ជួយដល់សេដ្ឋកិច្ចសកលលោកវិញ។ ខ្ញុំជឿថា វិថីឆ្ពោះទៅរកការបញ្ចប់ភាពក្រីក្រ និងបង្កើនវិបុលភាព ត្រូវតែកសាងឡើង ដោយឈរលើប៉ូលចំនួនបី៖
ទីមួយ៖ យើងចាំបាច់ត្រូវតែរកដំណោះស្រាយថ្មី ផ្អែកលើភស្តុតាង សម្រាប់កិច្ចខិតខំប្រឹងប្រែង លើការងារអភិវឌ្ឍន៍របស់យើង។ ស្ថិតក្នុងអំឡុងពេលវិបតិ្តសេដ្ឋកិច្ចពិភពលោក អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ យើងមិនត្រូវភ្លេចថា យើងកំពុងស្ថិតនៅលើផ្លូវប្រវត្តិសាស្រ្តមួយដើម្បីរំដោះប្រជាជន ឲ្យរួចចាកផុតពីភាពក្រីក្រ កាត់បន្ថយភាគរយនៃប្រជាពលរដ្ឋដែលទីទ័លក្របំផុតឲ្យបានពាក់ កណ្តាលនៅក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ។ ចូរយើងក្រឡេកមើលអ្វីដែលបានកើតឡើង ចំពោះប្រទេសអាហ្វ្រិក នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ នៅក្នុងមួយទសវត្សរ៍មុនវិបតិ្តហិរញ្ញវត្ថុឆ្នាំ២០០៨‑២០០៩ សេដ្ឋកិច្ចនៅអាហ្វ្រិក អនុតំបន់សាហារ៉ា បានកំពុងកើនឡើងត្រឹមពី៥ទៅ៦ ភាគរយ ជាមធ្យមក្នុងមួយឆ្នាំ។ បច្ចុប្បន្ន សេដ្ឋកិច្ចរបស់ប្រទេសអាហ្វ្រិកភាគច្រើន បានវិលមករកភាពដើមវិញ និងបានកើនឡើង ហួសកម្រិត មុនពេលមានវិបតិ្ត។ ប្រសិនបើអត្រាកំណើនសេដ្ឋកិច្ចទាំងនេះអាចត្រូវបានរក្សា នោះផលិតផលសរុបក្នុងស្រុករបស់ប្រទេសអាហ្វ្រិកនឹងកើនឡើងទ្វេដង នៅក្នុងរយៈពេលប្រហែលជា ១២ ឆ្នាំខាងមុខនេះ។ នៅត្រឹមឆ្នាំ ២០១៥ ប្រទេសអាហ្វ្រិកត្រូវបានគេព្យាករថា នឹងមាន៤១,២ភាគរយនៃប្រជាជនសរុបរបស់ខ្លួនរស់នៅពឹងផ្អែកលើប្រាក់ចំណូលទាប ជាង១,២៥ ដុល្លារ ក្នុងមួយថ្ងៃ បើប្រៀបធៀបទៅនឹងប្រជាជននៅអាស៊ីខាងត្បូង គឺមាន ២៤ ភាគរយ និងប្រជាជននៅអាស៊ីបូព៌ា និងប៉ាស៊ីហិ្វកគឺ មាន ៧,៧ភាគរយ។ តួលេខទាំងនោះបង្ហាញអំពីបញ្ហាប្រឈមដ៏ធំដែលនៅតែមាននៅក្នុង ប្រទេសអាហ្វ្រិក ក៏ប៉ុន្តែ ទី្វបនេះ កំពុងតែធ្វើដំណើរឆ្ពោះទៅរកទិសដៅ ដែលត្រឹមត្រូវ។
នៅក្នុង ឆ្នាំ ២០០៨ មាន ៤៧ ភាគរយ នៃប្រជាជនសរុប បានរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។ ឥឡូវនេះ យើងត្រូវតែរិះរកវិធីសាស្រ្តយ៉ាងណាដើម្បីបង្កើនល្បឿននៃកំណើន នេះ។
ទីពីរ៖ នៅពេលយើងធ្វើដំណើរឆ្ពោះទៅមុខ ខ្ញុំជឿថា យើងចាំបាច់ត្រូវតែផ្តោតការយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងឡើង លើបញ្ហាសមធម៌ ភាពត្រឹមត្រូវ និងយុត្តិធម៌នៅក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច។ យើងត្រូវតែមានវិធានការយ៉ាងសកម្ម ដើម្បីធានាថា អត្ថប្រយោជន៍នៃកំណើនសេដ្ឋកិច្ច បានទៅដល់ប្រជាពលរដ្ឋថ្នាក់ក្រោម និងថ្នាក់កណ្តាល។ យើងក៏ត្រូវទទួលស្គាល់ថា ការងារ គឺស្ថិតនៅចំណុចកណ្តាល នៃការអភិវឌ្ឍ និងថា វិស័យឯកជន បង្កើតការងារបាន ៩០ ភាគរយ នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ រដ្ឋាភិបាលត្រូវតែបង្កើតឲ្យ មានបរិស្ថានដ៏ល្អបំផុត សម្រាប់កំណើនសេដ្ឋកិច្ចទូទៅ។
ទីបី៖ យើងចាំបាច់ត្រូវតែបង្កើនការយកចិត្តទុកដាក់ លើលទ្ធផល និងការអនុវត្ត នៅក្នុងការអន្តរាគមន៍ លើការអភិវឌ្ឍរបស់យើង។ យើងនឹងចាំបាច់ត្រូវបង្កើតចេញជាលទ្ធផលបន្ថែមទៀតពីធនធាន ដែលមានកំណត់របស់យើង។ ដើម្បីធ្វើដូច្នេះបាន យើងត្រូវតែមានលក្ខណៈប្រាកដប្រជាបន្ថែមទៀតពីរបៀបដែលយើងគិតគូរ អំពីការផ្តល់សេវាកម្ម គឺការបង្កើតប្រព័ន្ធដ៏រឹងមាំ ដែលអាចជឿទុកចិត្តបាន និងមាននិរន្តរភាព។
សម្រាប់ធនាគារពិភពលោក នេះមានន័យថា យើងត្រូវតែមានការផ្លាស់ប្តូរ។ យើងធ្លាប់បាននិយាយជារឿយៗមកហើយថា ខ្លួនឯងជាធនាគារចំណេះដឹង។ ឥឡូវនេះ យើងស្ថិតនៅត្រង់ចំណុចរបត់មួយ។ យើងត្រូវតែផ្លាស់ប្តូរខ្លួនយើងឲ្យទៅជាធនាគារដំណោះស្រាយ។ ក្នុងន័យនេះ ខ្ញុំមិនមានន័យថា យើងមានដំណោះស្រាយគ្រប់បញ្ហាទាំងអស់នោះទេ។ ប៉ុន្តែ យើងអាចជួយប្រមែប្រមូល និងផ្សព្វផ្សាយដំណោះស្រាយ ចំពោះបញ្ហាដ៏លំបាកនានា ជុំវិញកំណើន និងការអភិវឌ្ឍនៅលើសកលលោក។
គំនិតដែលប្រសើរ សម្រាប់ការអភិវឌ្ឍកើតចេញពីគ្រប់ទីកន្លែងទាំងអស់ក្នុងពិភពលោក។ នៅធនាគារពិភពលោក យើងបានដាក់បញ្ចូលការពិភាក្សាទាំងនេះ ចូលទៅក្នុងប្រព័ន្ធទិន្នន័យ នៃការអភិវឌ្ឍដ៏ធំរបស់យើងមានសមត្ថភាពក្នុងការវិភាគនិងបទពិសោធជាក់ស្តែងជាច្រើនទសវត្សរ៍កន្លងមក ។ អ្វីដែលយើងចាំបាច់ត្រូវធ្វើនៅពេលនេះគឺជួយសង្ខេបនូវដំណោះ ស្រាយដែលផ្អែកលើភស្តុតាងដែលបានមកពីជុំវិញពិភពលោក ហើយបង្កើតវាឲ្យទៅជា «វិទ្យាសាស្រ្តនៃការផ្គង់ផ្គង់» និងបន្ទាប់មក យកដំណោះស្រាយទាំងនោះមកអនុវត្តជាក់ស្តែង។
នៅ ក្នុងប្រទេសហៃទីនិងនៅក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំដទៃទៀត នៅពេលខាងមុខ យើងចាំបាច់ត្រូវតែមានកិច្ចពិភាក្សាប្រកបដោយស្មារតីខ្ពស់ ជុំវិញគំនិតទាំងអស់នេះ។ ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកនេះ យើងស្ថិតនៅក្នុងស្ថានភាពនេះទាំងអស់គ្នា។ យើងចាំបាច់ត្រូវតែត្រួសត្រាយផ្លូវ នៅខាងមុខ ដែលនាំឆ្ពោះទៅរកវិបុលភាព ដោយមិនទុកនរណាម្នាក់ចោលនោះទេ។
លោក ម៉ាទីន លូធើ ឃីង បានធ្វើការសង្ខេបការស្រាវជ្រាវ ដែលមានលក្ខណៈសកលនេះ អំពីភាពរីកចម្រើន និងភាពថ្លៃថ្នូរ នៅពេលដែលគាត់បានមានប្រសាសន៍ថា៖«ខ្សែកោងនៃពិភពលោកដែលល្អមាន ប្រវែងវែង ក៏ប៉ុន្តែ វាកោងទៅរកភាពយុត្តិធម៌»។ ខ្ញុំជឿថា វាដល់ពេលពត់ខ្សែកោងប្រវត្តិសាស្រ្តនេះហើយ។ ជាមួយនឹងសាមគ្គីភាពជាលក្ខណៈសកលដែលគាំទ្រដោយកិច្ចប្រឹងប្រែង ឥតឈប់ឈរ ដើម្បីទទួលបានលទ្ធផល យើងអាច យើងត្រូវតែ និងយើងនឹងបញ្ចប់ភាពក្រីក្រ និងកសាងនូវវិបុលសុខរួម៕
No comments:
Post a Comment
yes