សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 6, 2012

ឡាវ​​​សាង​សង់​ទំនប់​សា​យ៉ា​ប៊ូរី​​​សប្តាហ៍​នេះ​ជា​ផ្លូវ​ការ

121106_05
អ្នកស្រុក​ថៃ ​ធ្វើ​បាតុកម្ម​​តវ៉ា​នឹង​ប្រទេស​ឡាវ ពី​ការ​សង់​​ទំនប់​វារីអគ្គិ​សនី​សាយ៉ា​ប៊ូរី ​
កាល​ពី​ម្សិល​មិញ​

ភ្នំពេញៈ ប្រទេស​ឡាវ​បាន​ប្រកាស​កាល​ពី​ម្សិលមិញ​ថា ខ្លួន​នឹង​ចាប់​ផ្តើម​សាង​សង់​ទំនប់​វារី​អគ្គិសនី​សាយ៉ាប៊ូរី​តម្លៃ ៣,៨ ពាន់​លាន​ដុល្លារ​អាមេរិក​ដ៏​ចម្រូង​ចម្រាស ​នៅ​សប្តាហ៍​នេះ ដែល​ជា​ការ​ជម្រះ​ទៅ​នឹង​ប្រទេស​កម្ពុជា វៀតណាម និង​អង្គការ​បរិស្ថាន​ ដែល​បារម្ភ​ពីការ​ប៉ះពាល់​ជីវិត​មនុស្ស​រាប់​លាន​នាក់ ដោយ​សារ​តែ​ការ​សង់​ទំនប់​នេះ​។
លោក Viraponh Viravong អនុ​រដ្ឋ​មន្រ្តី​ថាមពល​និង​រ៉ែ​ឡាវ ​បាន​ថ្លែង​ថា ពិធី​បញ្ចុះ​បឋម​សិមា​នៅ​ថ្ងៃ​ស្អែក​ជា​ការ​កំណត់​ការ​ចាប់​ផ្តើម​ គម្រោង​ជា​ផ្លូវ​ការ ​ដែល​ជា​ទំនប់​ទី១ នៅ​ដង​ទន្លេ​មេគង្គ។
លោក​បន្ត​ថា៖ «​វា​ត្រូវ​បាន​វាយ​តម្លៃ​និង​បាន​ពិភាក្សា ២ឆ្នាំ​ចុង​ក្រោយ​នេះ។ យើង​បាន​ដោះ​ស្រាយ​ក្តី​កង្វល់​ភាគ​ច្រើន»។
ក្រុម​អង្គ​ការ​បរិស្ថាន​ព្រមាន​ថា ទំនប់​កម្លាំង​១២៨៥ មេហ្គាវ៉ាត់​នេះ នឹង​រាំង​ស្ទះ​លំហូរ​ដី​ល្បាប់ ​ការ​បម្លាស់​ទី​របស់​ត្រី ហើយ​បើក​ទ្វារ​សម្រាប់​ទំនប់​១០ ទៀត ដែល​បាន​ស្នើ​សាង​សង់​លើ​ទន្លេ​នេះ ក្នុង​នោះ មាន​ទំនប់ ៧ នៅ​ឡាវ ដែល​អង្គការ​បរិស្ថាន​ព្យាករ​ថា អាច​មាន​ផល​ប៉ះពាល់​អវិជ្ជ​មាន​ដល់​មនុស្ស ៦០ លាន​នាក់​។

កិច្ច​សន្យា​ទិញ​ទួរប៊ីន ​ដំណឹង​ជ្រើស​រើស​បុគ្គលិក និង​ការ​រាយការណ៍​ពី​ការ​ផ្តើម​សង់​ទំនប់​សាយ៉ាប៊ូរី នៅ​ភាគ​ខាង​ជើង​ឡាវ បាន​បង្ហាញ​ចេតនា​របស់​ឡាវ ក្នុង​ការ​សង់​ទំនប់​នេះ បើ​ទោះ​ពុំ​មាន​ការ​ឯក​ភាព​ពី​ថ្នាក់​តំបន់​ក៏​ដោយ​។
ទោះ​ជា​យ៉ាង​ ណា ការ​ប្រកាស​នេះ​ផ្ទុយ​ពី​ការ​ធានា​របស់​ឡាវ​ ចំពោះ​ប្រទេស​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ​ដទៃ​ទៀត គឺ​កម្ពុជា និង​វៀតណាម ដែល​ថា គម្រោង​បាន​ផ្អាក ខណៈ​ដែល​ការ​សិក្សា​បន្ថែម​ទៀត ដើម្បី​ត្រួត​ពិនិត្យ​លើ​ផល​ប៉ះពាល់​ដែល​អាច​មាន​លើ​សហគមន៍​ខ្សែ​ទឹក​ខាង ក្រោម​។
ប្រទេស​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ​ដទៃ​ទៀត​គឺ ថៃ គ្រោង​នឹង​ទទួល​បាន​អគ្គិសនី​​ប្រហែល ៩០ ភាគរយ ពីទំនប់​នេះ។
លោក Kirk Herbertson អ្នក​សម្រប​សម្រួល​គោល​នយោបាយ​នៅ​អាស៊ី​អាគ្នេយ៍​ នៃ​អង្គការ​​បរិស្ថាន​ទន្លេ​អន្តរ​ជាតិ នៅ​សហរដ្ឋ​អាមេរិក ថ្លែង​កាល​ពី​ម្សិលមិញ​ថា  លោក​បាន​ឮ​ពី​របាយការណ៍​ដំបូង​នៃ​សេចក្តី​ប្រកាស​នេះ​។
លោក​បន្ត​ថា ៖ «​ប៉ុន្តែ​វា​គ្រាន់​តែ​បង្ហាញ​ពី​ការ​សន្យា​របស់​ឡាវ​ក្នុង​ការ​សហការ ជាមួយ​នឹង​ប្រទេស​ជិត​ខាង​ មិន​មែន​ជា​ការ​សន្យា​ពិត​ប្រាកដ​ទេ​។ គម្រោង​មិន​ដែល​ត្រូវ​បាន​ពន្យារ​ពេល ដូច​ដែល​ឡាវ​បាន​លើក​ឡើង​នោះ​ទេ»។
លោក Herbertson បាន​បន្ថែម​ថា កម្ពុជា​និង​វៀតណាម បាន​ស្នើ​សុំ​ឲ្យ​ឡាវ​សិក្សា​លើ​ការ​ពឹង​ផ្អែក​របស់​ប្រជា​ជន​លើ​ទន្លេ លើ​ផល​នេសាទ និង​ធ្វើ​កសិកម្ម ហើយ​ត្រួត​ពិនិត្យ​ថា​តើ​ត្រូវ​មាន​ដំណើរ​យ៉ាង​ដូច​ម្តេច?»។
«ឡាវ​មិន ​ដែល​ធ្វើ​កិច្ច​ការ​នោះ ទេ។ ចុង​បញ្ចប់ គេ​បាន​ធ្វើ​ការ​សិក្សា​ដែល​មាន​ព័ត៌មាន ដែល​មិន​បាន​សួរ​នូវ​សំណួរ​ទាំង​នេះ​ឡើយ»។
រដ្ឋាភិបាល​ប្រទេស​ហ្វាំង ឡង់​បាន​ប្រកាស​សប្តាហ៍​នេះ​ថា ខ្លួន​នឹង​ស៊ើប​អង្កេត​លើ​អ្នក​និពន្ធ​ម្នាក់​ដែល​បាន​ធ្វើ​របាយការណ៍ សិក្សា​មួយ ក្នុង​ចំណោម​របាយការណ៍​នេះ គឺ​ក្រុមហ៊ុន P'yry ចំពោះ​តួនាទី​ក្នុង​ការ​ធ្វើ​ប្រឹក្សា​ឲ្យ​ឡាវ​អំពី​ទំនប់​សាយ៉ាប៊ូរី។
លោក Herbertson លើក​ឡើង​ថា៖ «ឡាវ​បាន​និយាយ​អំពី​របៀប​ដែល​ខ្លួន​បាន​ជួល​ក្រុមហ៊ុន P'yry ដើម្បី​ដោះ​ស្រាយ​ក្តី​កង្វល់​ដល់​ប្រទេស​ជិត​ខាង​។ ​ខណៈ​ដែល​វា​អាច​ប្រើ​ពាក្យ​ត្រូវ ​ប៉ុន្តែ​វា​ជា​ការ​សិក្សា​ខុស​»។ ក្តី​មន្ទិល​ចាប់​ផ្តើម​កើន​ឡើង នៅ​ខែ​មេសា ដែល​ការងារ​ច្រើន​ពី​ដំបូង​កំពុង​ធ្វើ​នៅ​ទីតាំង​នោះ នៅ​ពេល​ដែល​ក្រុមហ៊ុន​ថៃ Ch. Karnc​hang បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​សាងសង់​ជាមួយ​ក្រុមហ៊ុន Xayaburi Power។
លោក Viraponh ​ថ្លែង​ពី​ម្សិលមិញ​ថា ឡាវ​បាន​ដោះស្រាយ​បញ្ហា​បរិស្ថាន​ ដោយ​ធ្វើ​ការ​សិក្សា​ផ្ទាល់​ខ្លួន ទៅ​លើ​ស្តង់ដារ​នៃ​គម្រោង​ទំនប់​នេះ។ «យើង​បាន​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​បរិស្ថាន និង​បញ្ហា​ដទៃ​ទៀត​។ គម្រោង​ដទៃ​ទៀត​អាច​អនុវត្ត​តាម​ស្តង់ដារ​ស្រដៀង​គ្នា​​នឹង​ទំនប់ សាយ៉ាប៊ូរី»។
ប្រទេស​ឡាវ​បាន​ថ្លែង​ថា ខ្លួន​ប្តេជ្ញា​ពង្រឹង​សេដ្ឋកិច្ច​របស់​ខ្លួន​តាម​ការ​លក់​ថាមពល​ពី គម្រោង​វារី​អគ្គិសនី​របស់​ខ្លួន ជា​អ្វី​ដែល​លោក Viraponh អះអាង​ជា​ថ្មី​ម្តង​ទៀត កាល​ពី​ម្សិលមិញ។ លោក​បន្ត​ថា៖«​វារី​អគ្គិសនី​ជា​អត្ថប្រយោជន៍​ធម្មជាតិ​ធំ​សម្រាប់ ឡាវ បើ​ឡាវ​មិន​អាច​អភិវឌ្ឍ​ទំនប់​សាយ៉ាប៊ូរី តើ​ឡាវ​មាន​ជម្រើស​អ្វី​?»
ការ​ប្រកាស​នេះ​ធ្វើ​ឡើង ខណៈ​ប្រជាជន​ថៃ​២៥០​នាក់​តំណាង​ឲ្យ ២៤០០០ នាក់ ដែល​នឹង​ទទួល​រង​ផល​ប៉ះពាល់​ពី​ទំនប់​នោះ បាន​ធ្វើ​ការ​តវ៉ា​កាល​ពី​ម្សិលមិញ។
ខណៈ​មន្រ្តី​កំពុង​ចូល​រួម ក្នុង​កិច្ច​ប្រជុំ​អាស៊ី​អឺរ៉ុប​លើក​ទី ៩ នៅ​វៀងចន្ទន៍ ប្រទេស​ឡាវ អ្នក​តវ៉ា​ថៃ​បាន​ឡើង​លើ​ទូក​តូច​នៅ​ទន្លេ​ខាង​ប្រទេស​ថៃ​ បង្ហាញ​ឆន្ទៈ​របស់​ខ្លួន​។ បាតុកម្ម​មិន​ត្រូវ​បាន​អនុញ្ញាត​ទេ​នៅ​ទីក្រុង​វៀង​ចន្ទន៍។
សេចក្តី ថ្លែង​ពី​អង្គការ​ទន្លេ​អន្តរ​ជាតិ​ថា៖ «កិច្ចប្រជុំ​ផ្តល់​ឱកាស​សំខាន់​ដល់​មេ​ដឹក​នាំ​អាស៊ី និង​អឺរ៉ុប ដើម្បី​ដោះស្រាយ​បញ្ហា​ទំនប់​សាយ៉ាប៊ូរី ​ព្រោះ​កិច្ច​ប្រឹង​ប្រែង​ធានា​សន្តិសុខ​ស្បៀង និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ទទួល​រង​ផល​ប៉ះពាល់​ពី​ទំនប់​»។
«រដ្ឋាភិបាល​អាស៊ី និង​អឺរ៉ុប​ជាច្រើន​បាន​ធ្វើ​ជា​ដៃ​គូ​អភិវឌ្ឍន៍​ និង​អ្នក​ឧបត្ថម្ភ​ហិរញ្ញវត្ថុ​ដល់​គណៈកម្មការ​ទន្លេ​មេគង្គ ​ជា​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​គ្រប់គ្រង​និង​ការពារ ទន្លេ​មេគង្គ​ប្រកប​ដោយ​ចីរភាព»។
ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ បាន​រាយការណ៍​ពី​ម្សិលមិញ​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ជួប​មន្រ្តី​ជាន់​ខ្ពស់​ឡាវ ដើម្បី​ពិភាក្សា​ពី​ទំនប់​សាយ៉ាប៊ូរី​នេះ។
លោក តែ ណាវុធ អគ្គ​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​ ប៉ុន្តែ​បាន​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍ ពី​ថ្ងៃ​អាទិត្យ​ថា ​កម្ពុជា​បាន​បញ្ជូន​ប្រតិភូ​ទៅ​កន្លែង​សង់​ទំនប់​សាយ៉ាប៊ូរី ពី​សប្តាហ៍​មុន ដើម្បី​រាយការណ៍​មក​រដ្ឋាភិបាល​អំពី​ការ​រក​ឃើញ។
មន្រ្តី​ក្រសួង​ធនធាន​ទឹក ក្រសួង​បរិស្ថាន និង​គណៈកម្មការ​ទន្លេ​មេគង្គ​ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​ កាល​ពី​ម្សិលមិញ៕ 

No comments:

Post a Comment

yes