អ្នកដំណើរ និងភ្ញៀវទេសចរនាំគ្នាចូលទស្សនាចម្ការស្ត្រប័ររីនៅសែនមនោរម្យ
ក្នុងខេត្តមណ្ឌលគិរី
មណ្ឌលគិរីៈ ធ្លាប់តែឃើញរូបភាពហើយស្រមៃថាចង់បេះផ្លែស្ត្រប័ររីនោះ នៅពេលនេះពួកគេអាចធ្វើបានហើយ នៅពេលដែលប្រភេទដំណាំដ៏ល្បីល្បាញមួយនេះត្រូវបានគេនាំយកមកដាំជាលើកដំបូងនៅប្រទេសកម្ពុជាក្នុងខេត្តមណ្ឌលគិរីនោះ។
ក្រៅពីទេសភាពដ៏ស្រស់ត្រកាលគ្របដណ្តប់ដោយព្រៃឈើ នៅក្រោមដីមានរ៉ែនោះ ខេត្តមណ្ឌលគិរី ដែលជាខេត្តមួយក្នុងចំណោមខេត្តប៉ូលសេដ្ឋកិច្ចទី៤នោះ ក៏ជាទឹកដីសម្រាប់វិស័យកសិកម្មផងដែរ ហើយអ្វីដែលគេភ្ញាក់ផ្អើលជាងគេនោះ គឺខេត្តនេះត្រូវបានគេនាំយកដំណាំស្ត្រប័ររី ដ៏ល្បីល្បាញមកសាកល្បងដាំជាលើកដំបូង ខណៈដែលគេគិតថា ខេត្តនេះមានលទ្ធភាពអាចដាំដុះដំណាំប្រភេទនេះបានយ៉ាងមានសក្តានុពលនោះ។
លោក យ៉ែម សាហ៊ីម អ្នកគ្រប់គ្រងការដាំដុះដំណាំស្ត្រប័ររីនៅសែនមនោរម្យ បានឲ្យដឹងថា ដំណាំស្ត្រប័ររី ជាប្រភេទដំណាំដែលត្រូវការអាកាសធាតុត្រជាក់ និងមានសំណើមទឹកគ្រប់គ្រាន់ហើយកាលដែលម្ចាស់ចម្ការសម្រេចចិត្តដាំដំណាំស្ត្រប័ររីនៅខេត្តមណ្ឌលគិរីនេះ ដោយសារគេចង់ស្វែងរកបទពិសោធថាតើទឹកដីខេត្តមណ្ឌលគិរីនេះអាចដាំដំណាំប្រភេទនេះបានដែរ ឬយ៉ាងណា។
លោកបន្តថា ស្ត្រប័ររី នេះ ត្រូវបាននាំចូលពូជពីសហរដ្ឋអាមេរិក មកធ្វើការដាំដុះនៅលើទឹកដីខេត្តមណ្ឌលគិរី ចំនួន៣កន្លែងនៅក្នុងស្រុកផ្សេងគ្នា គឺនៅ សែនមនោរម្យ ឡុងវិបុល និងដាក់ដាំ ហើយជាលទ្ធផលចម្ការស្ត្រប័ររីនៅដាក់ដាំល្អជាងគេព្រោះនៅទីនោះមានអាកាសធាតុត្រជាក់ និងមានសំណើមខ្ពស់។
នៅលើផ្ទៃដីចម្ការប្រមាណជាង១ហិកតានៅសែនមនោរម្យ លោក យ៉ែម សាហ៊ីមនិយាយថា៖«ដំណាំស្ត្រប័ររីនេះ គេទិញពូជមកពីសហរដ្ឋអាមេរិកដោយដាំធ្វើតេស្តសិន។ យើងអាចដាំបានតែ២ដងប៉ុណ្ណោះក្នុង១ឆ្នាំចាប់ពីខែប្រាំបី បន្ទាប់ពីខែភ្លៀង បើខែភ្លៀងដាំអត់កើតទេ ហើយបន្ទាប់ពីយើងដាំប្រើពេលតែ២ខែប៉ុណ្ណោះយើងអាចប្រមូលផលបានហើយ»។
មកទល់នឹងពេលនេះការសាកល្បងដាំដុះដំណាំប្រភេទបែបប៉ែកអឺរ៉ុបមួយនេះមានរយៈពេលជាង២ឆ្នាំហើយ ហើយបើតាមការសង្កេតគេអាចដឹងបានថា ដំណាំប្រភេទនេះអាចធ្វើការដាំដុះបានល្អ ពិសេសនៅស្រុកដាក់ដាំ នៅជិតព្រំដែនប្រទេសវៀតណាមតែនៅឆ្នាំនេះមានបញ្ហាបន្តិចបន្តួចនៅចម្ការសែនមនោរម្យដោយសារស្ថានភាពអាកាសធាតុ និងមានក្រាគ្របដណ្តប់។
លោក កូស ឡូញ កម្មករដែលទទួលបានការបណ្តុះបណ្តាលការដាំដុះផ្ទាល់នៅចម្ការបានឲ្យដឹងថា៖«ឆ្នាំនេះស្ត្រប័ររីនៅសែនមនោរម្យនេះ មិនសូវល្អ ព្រោះតែអាកាសធាតុមានការប្រែប្រួលពេក មានជំងឺ កើតក្រា តែនៅឡុង វិបុល និងដាក់ដាំ វាដុះបានល្អណាស់ ពិសេសនៅដាក់ដាំតែម្តង»។
ទោះបីជាយ៉ាងណាបន្ទាប់ពីដាំដុះបានពីរឆ្នាំ លោក កូស ឡូញ បានឲ្យដឹងថា ដំណាំហូបផ្លែស្ត្រប័ររីនេះក៏បានផ្តល់ផលមួយចំនួនរួចហើយដែរ តាមរយៈការចុះមកទិញផ្ទាល់របស់ភ្ញៀវទេសចរ និងការដឹកជញ្ជូនមកកាន់ទីផ្សារនៅភ្នំពេញ។
លោក កូស ឡូញនិយាយថា៖«ក្នុងរយៈពេលពីរឆ្នាំនេះ បានប្រមូលផលខ្លះហើយ ភាគច្រើនភ្ញៀវមកទិញផ្ទាល់ គាត់អ្នកដំណើរ ហើយក៏មាននាំយកទៅលក់នៅលើទីផ្សារភ្នំពេញដែរ ដោយដឹកជញ្ជូនធ្វើការក្លាសេទៅភ្នំពេញ។ដំណាំនេះ ត្រូវមានការប្រុងប្រយ័ត្នណាស់ សូម្បីតែបេះ ព្រោះវាងាយជាំខ្ទេចណាស់»។
ទោះបីជាមិនទាន់បានទទួលផលច្រើន តែលោក យ៉ែម សាហ៊ីម បានឲ្យដឹងថា ការដាំដុះនឹងមានលទ្ធផលល្អ ខណៈដែលពេលនេះការដាំដុះបានពង្រីកកាន់តែធំជាងមុន ពិសេសនៅចម្ការដាក់ដាំ ដែលដំណាំកំពុងរីកលូតលាស់ល្អនិងបង្វែរការដាំដុះកាន់តែច្រើន។
លោកបញ្ជាក់ថា៖«បើសិនជាទិន្នផលយើងទទួលបានច្រើននឹងមានការគាំទ្រកាន់តែច្រើន ព្រោះរសជាតិស្ត្រប័ររីរបស់កម្ពុជាយើងផ្អែមឈ្ងុញឆ្ងាញ់ជាងស្ត្រប័ររីដែលនាំចូលពីប្រទេសវៀតណាម»៕
No comments:
Post a Comment
yes