សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 12, 2012

តុលាការ​ខេត្ត​ក្រចេះ​សម្រេច​ឃុំ​ខ្លួន​អ្នក​សារព័ត៌មាន​ទសវត្ស​ថ្មី​​ជា​បណ្ដោះ​អាសន្ន

១០-ធ្នូ-២០១២៖ គំនរ​ឈើ​សុក្រំ ផ្ចឹក ត្បែង ទំហំ​មុខ​៥០​ឡើង​ទៅ ប្រមាណ ៦០​ដើម
 ត្រូវ​ក្រុមហ៊ុន​៧២ បាន​ប្រមូល និង​ដឹក​ចេញ​ភ្លាមៗ​តាម​ច្រក​ប៉ុស្តិ៍​អូរថ្មី ទៅ​ប្រទេស​វៀតណាម

តុលាការ​ខេត្ត​ក្រចេះ បាន​សម្រេច​ឃុំ​ខ្លួន​អ្នក​សារព័ត៌មាន​ទសវត្ស​ថ្មី​ជា​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត ដើម្បី​បើក​ការ​ស៊ើប​អង្កេត​ជុំវិញ​បទ​ចោទ​ប្រកាន់​អ្នក​សារព័ត៌មាន​ជំរិត​ទារ​ប្រាក់​អ្នក​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់។
ក្រុម​មន្ត្រី​អង្គការ និង​សមាគម​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ចាត់​ទុក​ករណី​ឃាត់​ខ្លួន​អ្នក​សារព័ត៌មាន​នេះ​ជា​រឿង​មិន​ប្រក្រតី។
សមាគម​ការពារ​សិទ្ធិ​មនុស្ស​ចំនួន​ពីរ គ្រោង​ចុះ​អង្កេត​ករណី​តុលាការ​ខេត្ត​ក្រចេះ សម្រេច​ឃុំ​ខ្លួន​អ្នក​សារព័ត៌មាន​ក្នុង​បទ​ចោទ​ប្រកាន់​ជំរិត​ទារ​ប្រាក់​អ្នក​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់។ ចំណែក​សមាគម​អ្នក​សារព័ត៌មាន​ខ្មែរ​ប្រជាធិបតេយ្យ គ្រោង​ចេញ​សេចក្តី​ថ្លែងការណ៍​ទាក់​ទិន​ករណី​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​នេះ​ដូច​គ្នា។
មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ (LICADO) លោក អំ សំអាត មាន​ប្រសាសន៍​បញ្ជាក់​ថា នៅ​ថ្ងៃ​អង្គារ ទី១១ ខែ​ធ្នូ ឆ្នាំ​២០១២ លោក​នឹង​ចេញ​ដំណើរ​ទៅ​កាន់​ខេត្ត​ក្រចេះ ដើម្បី​ស្រាវជ្រាវ​ពី​ករណី​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន រួម​ជាមួយ​មន្ត្រី​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ។

លោក​បន្ត​ថា ការ​ស្រាវជ្រាវ​នេះ​ដើម្បី​រក​ឲ្យ​ឃើញ​ពី​ហេតុផល​ពិត​ប្រាកដ​ជុំវិញ​ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន បន្ទាប់​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន​នៅ​មូលដ្ឋាន​បាន​អះអាង​ថា ជា​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ធ្វើ​ឡើង​ដោយ​អយុត្តិធម៌៖ «ឥឡូវ យើង​អត់​ទាន់​បាន​ទទួល​ព័ត៌មាន​ឲ្យ​វា​ច្បាស់​លាស់ ទាល់​តែ​យើង​ទៅ​អង្កេត​មើល​សិន​ជា​បឋម ប្រហែល​ជា​ល្ងាច​ហ្នឹង​ត្រូវ​ចេញ​ទៅ​តើ។ បាទ​ចាំ​មើល​ទៅ​ដល់​ជាក់​ស្ដែង យើង​ជួប​ជាមួយ​អាជ្ញាធរ​អ៊ីចឹង​ដែរ​ឬ»
អ្នក​យក​ព័ត៌មាន​កាសែត​ទសវត្ស​ថ្មី និង​ជា​សមាជិក​សមាគម​អ្នក​សារព័ត៌មាន​ខ្មែរ​ប្រជាធិបតេយ្យ លោក តាំង ទ្រី ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ស្រុក​ស្នួល ខេត្ត​ក្រចេះ ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ ទី៧ ខែ​ធ្នូ នៅ​ក្នុង​ពេល​ដែល​លោក​បាន​ចុះ​យក​ព័ត៌មាន​ពី​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នៅ​ចំណុច​ស្រែរនាម ភូមិ​សំពោច ឃុំ​ខ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ។
ព្រះរាជ​អាជ្ញា​អម​តុលាការ​ខេត្ត​ក្រចេះ លោកស្រី ចាត សូរស្មី មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​១១ ខែ​ធ្នូ ថា មន្ត្រី​ស្ថាប័ន​អយ្យការ​សម្រេច​ចោទ​ប្រកាន់​លោក តាំង ទ្រី ពី​បទ​ជំរិត​ទារ​ប្រាក់ ពីព្រោះ​មាន​បណ្ដឹង​ពី​អ្នក​ដឹក​ជញ្ជូន​ឈើ​ដែល​ចោទ​ថា លោក តាំង ទ្រី បាន​ជំរិត​ទារ​ប្រាក់​ពី​ការ​ដឹក​ជញ្ជូន​ឈើ​នេះ។ លោកស្រី​បន្ត​ថា បាន​បញ្ជូន​សំណុំ​រឿង​ចោទ​ប្រកាន់​ទៅ​ចៅក្រម​ស៊ើប​សួរ​ដើម្បី​ចាត់​ការ​បន្ត៖ «មិន​ដូច​ស្អី ថា​អ្នក​ប្ដឹង​ជាប់​គុក អ្នក​ម្ចាស់​ឈើ​រួច​ខ្លួន​ទេ​ណា! ករណី​អ្នក​កាសែត​ហ្នឹង គឺ​យើង​ប្រគល់​ខាង​សមត្ថកិច្ច​ប៉ូលិស​ចាត់​ការ ព្រោះ​វា​ទាក់​ទង​ទៅ​នឹង​កំហែង​យក ហើយ​ដោយ​សារ​បទ​ល្មើស​ព្រៃ​ឈើ គឺ​រថយន្ត​គាត់​ដឹក​ជន្លង់​ម្រេច អ៊ីចឹង​រឿង​នីតិវិធី​យ៉ាង​ម៉េច គឺ​ខាង​ព្រៃ​ឈើ​ចាត់​ការ។ គ្រាន់​ថា ជា​សន្និធិ គ្រាន់​តែ​ពិន័យ​ជា​ប្រាក់ យើង​អត់​អាច​ចាប់​គាត់​ដាក់​គុក​បាន​ទេ»
មន្ត្រី​នៃ​អង្គការ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ និង​សត្វ​ព្រៃ ខេត្ត​ក្រចេះ លោក អិន សាវឿន ឲ្យ​ដឹង​ថា ដែល​នាំ​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​រូប​នេះ គឺ​បណ្ដាល​មក​ពី​គាត់​បាន​រាយការណ៍​ពី​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់ ប៉ះ​ចំ​អ្នក​ជួញ​ដូរ​នោះ​គឺ​ជា​មនុស្ស​មាន​ឥទ្ធិពល​ខ្លាំង តែង​ប្រព្រឹត្ត​បទ​ល្មើស​នៅ​តំបន់​នោះ។
ប្រធាន​សមាគម​អ្នក​សារព័ត៌មាន​ខ្មែរ​ប្រជាធិបតេយ្យ លោក សុខ សុវណ្ណ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​កំពុង​រៀបចំ​ដាក់​មេធាវី​ការពារ​ក្តី​ឲ្យ​លោក តាំង ទ្រី។ លោក​បន្ត​ថា សមាគម​លោក​គ្រោង​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​អំពាវនាវ​ជូន​ក្រសួង​ព័ត៌មាន​ជួយ​អន្តរាគមន៍​ជុំវិញ​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន ប្រសិន​ការ​ស៊ើប​អង្កេត​រក​ឃើញ​ថា ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​មិន​បាន​ត្រឹមត្រូវ៖«នៅ​តែ​មិន​យល់​ថា​ហេតុ​អ្វី​ព្រះរាជ​អាជ្ញា​ទៅ​ជា​ឃាត់​ខ្លួន​អ្នក​កាសែត​ទៅ​វិញ ដែល​ជា​អ្នក​ផ្តល់​ព័ត៌មាន​ជូន​ទៅ​ខាង​អាជ្ញាធរ​មាន​សមត្ថកិច្ច​វិញ​ហ្នឹង»
តាម​ការ​គ្រោង​ទុក មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ទាំង​ពីរ នឹង​ស៊ើប​អង្កេត​ផង​ដែរ​ជុំវិញ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ធ្វើ​ឲ្យ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ប្រចាំ​ខេត្ត​ក្រចេះ លោក វិជ័យ អានន្ទ រង​របួស​ធ្ងន់ធ្ងរ​កាល​ពី​ថ្ងៃ​ទី១០ ខែ​ធ្នូ នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៧ ចំណុច​ភូមិ​អូរព្រះ ឃុំ​អូរគ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ បន្ទាប់​ពី​លោក​បាន​ផ្សាយ​ព័ត៌មាន​ស្ដីពី​ករណី​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​នេះ។ យ៉ាង​នេះ​ក្តី ប៉ូលិស​ខេត្ត​ក្រចេះ បាន​ធ្វើ​របាយការណ៍​សន្និដ្ឋាន​ថា លោក វិជ័យ អានន្ទ រង​គ្រោះ​ថ្នាក់​ដោយ​ជិះ​ម៉ូតូ​ដួល៕

No comments:

Post a Comment

yes