យោធិនចូលនិវត្តន៍ខេត្តស្វាយរៀង ត្អូញត្អែរពីបញ្ហាប្រាក់បៀវត្សអូសបន្លាយមិនព្រមបើកឲ្យពួកគាត់ជាច្រើនខែមកហើយ។
បញ្ហានេះក្រុមយោធិនចូលនិវត្តន៍ ស្នើឲ្យប្រមុខដឹកនាំរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដទៃទៀត ជួយពន្លឿនបើកប្រាក់បៀវត្សជូនពួកគាត់ឲ្យបានឆាប់។
យោធិនចូលនិវត្តន៍ច្រើននាក់ នៅក្នុងខេត្តស្វាយរៀង កំពុងប្រឈមខ្វះស្បៀងផ្គត់ផ្គង់គ្រួសារ ដោយសារពួកគាត់ខកខានមិនបានបើកប្រាក់បៀវត្សអស់រយៈពេលជាងកន្លះឆ្នាំមកហើយ។
លោក គង់ សុខា ជាអតីតយោធាបម្រើការនៅអគ្គបញ្ជាការទីចាត់ការចលនូប្បត្ថម្ភ ឬទីចាត់ការផ្គត់ផ្គង់សម្ភារៈយោធាខេត្តកំពង់ស្ពឺ លោកមានប្រសាសន៍នៅថ្ងៃទី២១ ខែធ្នូ ថា រូបគាត់ និងយោធិនចូលនិវត្តន៍ផ្សេងទៀត មិនទាន់បានបើកប្រាក់បៀវត្សនោះចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១១។
លោកស្នើឲ្យប្រមុខដឹកនាំរដ្ឋាភិបាល ជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធឲ្យពន្លឿនបើកប្រាក់ចូលនិវត្តន៍ឲ្យបានទៀតទាត់ ព្រោះគ្រួសារយោធិនចូលនិវត្តន៍កំពុងជួបគ្រោះអត់ឃ្លាន៖ «អត់ទាន់បើកចាប់ពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១១ ដល់ខែមិថុនា ឆ្នាំ២០១២ អត់ទាន់បានបើក គិតទៅជាងកន្លះឆ្នាំហើយ។ គេប្រាប់ពីថ្នាក់លើមកថា ពេលយើងចេញមកហ្នឹង គេគិតឲ្យយើងរហូតចាប់ពីថ្ងៃចេញពីជួរទ័ពមកនោះ។ ខ្ញុំធ្វើការនៅអង្គភាពអគ្គបញ្ជាការទីចាត់ការចលនូប្បត្ថម្ភ នៅក្ដាន់រយ ខេត្តកំពង់ស្ពឺ»។
តំណាងយោធិនចូលនិវត្តន៍រូបនេះ បង្ហាញអារម្មណ៍តូចចិត្តនៅគ្រាពួកគេសង្កេតឃើញថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ហាក់បំភ្លេច ឬមិនយកចិត្តទុកដាក់ចំពោះយោធិនចូលនិវត្តន៍ បន្ទាប់ពីកាយសម្បទាទ្រុឌទ្រោមនោះ។
លោក ចន្ទ ពុទ្ធិយ៉ា មន្ត្រីការិយាល័យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្រុករំដួល ខេត្តស្វាយរៀង ទទួលស្គាល់ថា ប្រាក់បៀវត្សរបស់យោធិនចូលនិវត្តន៍ ពិតជាបើកមិនបានទៀតទាត់ពិតមែន។ លោកថា ការយឺតយ៉ាវនេះ មិនមែនតែស្រុករំដួល ទេ គឺយឺតទូទាំងខេត្តស្វាយរៀង ដោយសារស្ថាប័នពាក់ព័ន្ធគ្មានថវិកា៖ «ដល់ពេលបានៗចាប់ពីខែណាដែលយើងចូលនិវត្តន៍ បានទាំងអស់ហ្នឹង ឆ្នាំ២០១៣ ប្រហែលបានហើយ។ យូរៗណាស់ប្រាក់ចូលនិវត្តន៍ ជួនកាលជាង១ឆ្នាំឯណោះ គឺយូរៗណាស់»។
យ៉ាងនេះក្តី លោកឲ្យដឹងថា ប្រាក់បៀវត្សយោធិនចូលនិវត្តន៍ ខេត្តស្វាយរៀង នឹងត្រូវបើកជូននាដើមឆ្នាំ២០១៣។
ទាក់ទិនបញ្ហានេះ លោក ភួង សុវណ្ណ ប្រធានសមាគមមន្ត្រីរាជការឯករាជកម្ពុជា ក៏បានទទូចដល់ស្ថាប័នពាក់ព័ន្ធ ពិសេសប្រមុខដឹកនាំ ជួយពន្លឿនបៀវត្សយោធិនចូលនិវត្តន៍បើកឲ្យបានទៀងទាត់ ព្រោះការរស់នៅរបស់យោធិនទាំងនោះ រំពឹងតែទៅលើប្រាក់បៀវត្សតិចតួចនេះ សម្រាប់ផ្គត់ផ្គង់គ្រួសារ៖ «រាជរដ្ឋាភិបាល ឬក្រសួង មន្ទីរពាក់ព័ន្ធនៅក្នុងខេត្តធ្វើយ៉ាងណាជួយសម្រួលពន្លឿនបើកប្រាក់បៀវត្ស ឬប្រាក់សោធននិវត្តន៍ប្រាក់ខែពួកគាត់ហ្នឹង ឲ្យបានទាន់ពេលវេលា ព្រោះទាំងអស់គ្នាកំពុងជួបការលំបាក។ ព្រោះយើងដឹងថា ប្រាក់ខែហ្នឹងមានចំនួនតិចតួច ហើយបើបើកមិនបានទៀងទាត់ដូច្នេះ គឺបានប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់»។
យ៉ាងណាក៏ដោយ យោធិនចូលនិវត្តន៍ខេត្តស្វាយរៀង បានស្នើឲ្យប្រមុខដឹកនាំជួយអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ ឲ្យបើកប្រាក់ខែជូនពួកគេឲ្យបានឆាប់ ឬទៀតទាត់តាមខែនិមួយៗ ដើម្បីជួយសម្រួលការលំបាករបស់ពួកគេ៕
No comments:
Post a Comment
yes