២០-កុម្ភៈ-២០១២៖ កម្មការិនីដែលត្រូវជនមិនស្គាល់មុខបាញ់ក្នុងពេលកំពុងតវ៉ា
សម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តស្វាយរៀង
ការសម្រេចឲ្យលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត រួចផុតពីការចោទប្រកាន់របស់សាលាដំបូងខេត្តស្វាយរៀង ត្រូវបានក្រុមអង្គការសង្គមស៊ីវិលដែលឃ្លាំមើលដំណើរការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ ចាត់ទុកថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា បន្តធ្លាក់ចុះ។
ករណីនេះត្រូវបានក្រុមអ្នកឃ្លាំមើលបញ្ហាសង្គមគិតថា អំពើនិទ្ទណ្ឌភាព ឬភាពគ្មានទោសសម្រាប់អ្នកប្រព្រឹត្តបទល្មើស ញាំញីសង្គមកម្ពុជា កាន់តែមានស្ថានភាពធ្ងន់ធ្ងរទៅៗ ដែលមិនអាចស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះបានក្នុងដំណាក់កាលចុងក្រោយនេះ។
មន្ត្រីអង្គការសង្គមស៊ីវិលដែលបន្តឃ្លាំមើលដំណើរការរឿងក្ដីលោក ឈូក បណ្ឌិត បញ្ចេញប្រតិកម្មប្រឆាំងនឹងសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀង ដែលរកឃើញថា អតីតអភិបាលក្រុងបាវិត រូបនេះ ពុំមានជាប់ពាក់ព័ន្ធនឹងបទចោទបាញ់កម្មការិនី ៣នាក់ ឲ្យមានរបួសកាលពីខែកុម្ភៈ នោះ ថាគឺជាផ្នែកមួយដែលជំរុញឲ្យប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ត្រូវធ្លាក់ចុះ។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ហៅការសម្រេចឲ្យលោក ឈូក បណ្ឌិត រួចផុតពីការចោទប្រកាន់របស់សំណាញ់ច្បាប់ដោយសាលាដំបូងខេត្តស្វាយរៀង ថាគឺជាប្រការដែលមិនអាចទទួលបាននោះទេ។
លោក អំ សំអាត គិតថា ព្រោះអតីតអភិបាលក្រុងបាវិត រូបនេះ ត្រូវគេមើលឃើញថា ជាអ្នកដែលប្រើប្រាស់កាំភ្លើងបាញ់កម្មការិនី ៣នាក់ កាលពីថ្ងៃទី២០ កុម្ភៈ ឲ្យមានរបួសធ្ងន់ធ្ងរក្នុងការតវ៉ាមួយនៅក្រុងបាវិត។
ក្រោយមានសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀង ភ្លាមៗដែលរកឃើញថា លោក ឈូក បណ្ឌិត ពុំមានទោសពៃ និងដាក់ឲ្យស្ថិតនៅក្រៅការចោទប្រកាន់ពីបទថា មានជាប់ពាក់ព័ន្ធបាញ់កម្មការិនី ៣នាក់ ដែលបណ្ដាលឲ្យរបួសធ្ងន់ធ្ងរនោះ ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងការលើកស្ទួយផ្នែកសិទ្ធិមនុស្ស ដូចជាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមការពារសិទ្ធិមនុស្សអាដហុក និងអង្គការការពារសិទ្ធិមនុស្សលីកាដូ ជាដើម ចាត់ទុកសេចក្ដីសម្រេចនេះថា ជាការព្យាយាមបិទបាំងអំពើនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរបស់សមាជិកនៃអ្នកនយោបាយដ៏មានអំណាចនៅកម្ពុជា ដែលរស់នៅក្នុងមជ្ឈដ្ឋានមួយដាច់ឆ្ងាយពីការអនុវត្តន៍ច្បាប់ និងប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជា។
យ៉ាងនេះក្ដីសម្រាប់លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា គិតថា ដើម្បីទាមទារភាពយុត្តិធម៌ដល់ជនរងគ្រោះនេះ ក្រុមសហជីពនឹងមិននៅស្ងៀមនោះទេ។ ក្នុងន័យនេះលោកថា នឹងតវ៉ាប្រឆាំងនឹងសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀងនេះទៅរដ្ឋាភិបាល ដើម្បីជំរុញឲ្យមានការដោះស្រាយសម្រាប់ស្វែងរកយុត្តិធម៌មួយដ៏ពិតប្រាកដជូនរងគ្រោះ។
បើតាមលោក ជា មុនី កម្មករគឺជាអ្នកដែលរកចំណូលបានយ៉ាងខ្ពស់សម្រាប់កំណើនសេដ្ឋកិច្ចសង្គមកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ។ ហេតុនេះពួកគេគួរត្រូវបានទទួលយុត្តិធម៌មួយដ៏ជាក់លាក់លើផ្នែកនេះ។
ទោះជាយ៉ាងណា លោក ហ៊ីង ប៊ុនជា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដែលទទួលបន្ទុកក្នុងសំណុំរឿងក្ដីនេះ ហៅការសម្រេចឲ្យអតីតអភិបាលក្រុងបាវិត ដែលរងការចោទថា បានបាញ់កម្មការិនីឲ្យមានរងរបួសធ្ងន់ធ្ងរស្ថិតនៅក្រៅបទថា គឺជាដីកាដំណោះស្រាយ។ នោះមានន័យថា ជនរងគ្រោះអាចមានសិទ្ធិប្ដឹងប្រឆាំងនឹងដីកាសម្រេចនេះបន្តទៅឧទ្ធរណ៍បាន។
លោកបន្តថា អ្វីដែលតុលាការសម្រេចក្នុងការចេញដីកាឲ្យរួចផុតពីការចោទប្រកាន់នេះ នោះក៏ដោយសារតែការស៊ើបអង្កេតរបស់តុលាការរកមិនឃើញពីទោសកំហុសរបស់លោក ឈូក បណ្ឌិត ដូចការចោទប្រកាន់នោះទេ។
បញ្ហានេះត្រូវបានក្រុមអ្នកឃ្លាំមើលការវិវត្តន៍ស្ថានការណ៍សង្គមចាត់ទុកថា អំពើនិទ្ទណ្ឌភាពបានក្លាយជាឧបសគ្គក្នុងការស្វែងរកយុត្តិធម៌ពិតកាន់តែមានស្ថានភាពធ្ងន់ធ្ងរសម្រាប់សង្គមកម្ពុជា សព្វថ្ងៃនេះ។ ពួកគេបន្តថា ទិដ្ឋភាពច្បាប់បានជួយអនុគ្រោះយ៉ាងច្រើនដល់មន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាលមួយចំនួន តាមរយៈប្រព័ន្ធយុត្តិធម៌នេះ បើទោះជាមានកំហុសយ៉ាងណាក៏ដោយ។ ដូចជាអ្នកដែលស្ថិតនៅពីក្រោយនៃការសម្លាប់លោក ឈុត វុទ្ធី ប្រធានអង្គការការពារបរិស្ថាន និងធនធានធម្មជាតិ លោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករ ដ៏ល្បីឈ្មោះ កញ្ញា ពៅ បញ្ញាពេជ្រ កញ្ញា ទូច ស៊ុននិច ដែលជាតារាចម្រៀង និងអ្នកស្រី ពិសិដ្ឋ ពិលីកា ជាដើម នៅតែស្ថិតក្រោមការស៊ើបអង្កេតរបស់តុលាការនៅឡើយ បើទោះជាពេលនេះបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំហើយក្ដី។
លើសពីនេះ សម្រាប់សកម្មជនការពារសិទ្ធិមនុស្ស ដូចជាប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ត្រូវរងការចោទថា បានបង្កើតតំបន់អបគមន៍បំបែករដ្ឋក្នុងរដ្ឋនៅស្រុកស្នូល ខេត្តក្រចេះ។ ចំណែកក្រុមស្ត្រីបឹងកក់ និងអ្នកភូមិបុរីកីឡា ដែលតវ៉ាក្នុងរឿងដីធ្លីសុំសិទ្ធិជ្រកកោន ត្រូវបានតុលាការរកឃើញថា មានទោស ព្រោះប្រឆាំងនឹងការវិនិយោគដោយក្រុមហ៊ុនឯកជន តាមរយៈការផ្ដល់ដីសម្បទានរបស់រដ្ឋាភិបាលដោយពុំបានផ្ដល់សំណងសមរម្យណាមួយដល់ពួកគេ និងមិនស្ថិតក្រោមការស៊ើបអង្កេតដ៏ស៊ីជម្រៅនោះទេ។
យ៉ាងណាក៏ដោយ ស្របទៅនឹងសាក្សីនៅកន្លែងកើតហេតុដែលបញ្ជាក់ថា លោក ឈូក បណ្ឌិត គឺជាជនដៃដល់ក្នុងការបាញ់កម្មការិនីឲ្យរងរបួសក្នុងហេតុការណ៍តវ៉ាមួយនៅខាងមុខរោងចក្រកៅវ៉េ (Kaoway) ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។ ភ្លាមៗនោះមន្ត្រីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ លោក ស ខេង ប្រកាសថា លោក ឈូក បណ្ឌិត គឺជាមនុស្សតែម្នាក់ដែលមានជាប់ព័ន្ធក្នុងសំណុំរឿងមួយនេះ។
លោក សុក សំអឿន នាយកអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា គិតថា អ្វីដែលតុលាការខេត្តស្វាយរៀង រកមិនឃើញពីទោសកំហុសរបស់អតីតអភិបាលក្រុងបាវិត នេះ គឺផ្អែកទៅលើឆន្ទៈរបស់តុលាការ និងការស៊ើបអង្កេតនៅមិនទាន់ដល់កម្រិតនៅឡើយ។
ក៏ប៉ុន្តែលោក ហ៊ីង ប៊ុនជា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បញ្ជាក់ថា បើទោះជាលោក ឈូក បណ្ឌិត ត្រូវគេរកឃើញថា ពុំមានទោសក៏ពិតមែន តែជនរងគ្រោះនៅមានសិទ្ធិប្ដឹងទៅឧទ្ធរណ៍ប្រឆាំងនឹងសេចក្ដីសម្រេចនេះបាន។ ចំណែកតុលាការនៅតែបន្តស៊ើបអង្កេតរកអ្នកដែលមានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនៅឡើយ។ ស្ថិតក្រោមហេតុផលនេះ លោក សរ ចន្ថា ជានាយនគរបាលព្រហ្មទណ្ឌក្រុងបាវិត គឺជាមនុស្សតែម្នាក់គត់ដែលស្ថិតក្នុងការសង្ស័យ និងដាក់ឲ្យស្ថិតក្រោមការស៊ើបអង្កេតរបស់តុលាការ។
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ កម្មការិនី ៣នាក់ ដែលរងគ្រោះដោយការបាញ់ក្នុងព្រឹត្តិការណ៍កាលពីថ្ងៃទី២០ ខែកុម្ភៈ កញ្ញា ប៊ុន ចិន្តា នុត សុខន និងកញ្ញា កែវ នា បានឲ្យដឹងថា បន្តប្តឹងទៅសាលាឧទ្ធរណ៍បន្តទៀត ដោយមានអង្គការលីកាដូ ប្រចាំស្វាយរៀង ជួយ។ ការបន្តដាក់បណ្ដឹងជាថ្មីទៀតនេះ ធ្វើឡើងនៅបន្ទាប់ពីសាលាដំបូងខេត្តស្វាយរៀង សម្រេចចេញដីកាឲ្យលោក ឈូក បណ្ឌិត រួចផុតពីការចោទប្រកាន់កាលពីសប្ដាហ៍មុន ក្រោយពីតុលាការនេះចំណាយពេលបើកការស៊ើបអង្កេតអស់រយៈពេលជិត ១០ខែមកនោះ៕
No comments:
Post a Comment
yes