រតនគីរី៖ កម្លាំងសមត្ថកិច្ចចម្រុះ សហការជាមួយមន្ត្រីមេព្រៃ បានចាប់ឃាត់ខ្លួនជនជាតិវៀតណាមចំនួន ៧ នាក់ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ វេលាម៉ោង ១២ ថ្ងៃត្រង់ នៅត្រង់ចំណុចព្រៃស្រោងក្រាស់ ក្នុងតំបន់៤ នៃដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនម៉ែន សារុន ស្ថិតនៅភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ។
នាយផ្នែករដ្ឋបាលព្រៃឈើបានឲ្យដឹងថា ជនជាតិវៀតណាម ៧ នាក់ ដែលត្រូវបានឃាត់ខ្លួននោះ មានទី១.ឈ្មោះ ង្វៀង វ៉ាន់ ក្វាង ភេទ ប្រុស អាយុ ២៤ ឆ្នាំ, ទី២.ឈ្មោះ ង្វៀង វ៉ាន់ ជុង ភេទ ប្រុស អាយុ ២៧ ឆ្នាំ, ទី៣.ឈ្មោះ ង្វៀង យ៉ី កាន់ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ, ទី៤.ឈ្មោះ ង្វៀង វ៉ាង ហ៊ីហុង ភេទ ប្រុស អាយុ ២០ ឆ្នាំ, ទី៥.ឈ្មោះ ម៉ាយ ប៊ុនហា ភេទ ប្រុស អាយុ ២៩ ឆ្នាំ, ទី៦.ឈ្មោះ លឿង ង៉ុតយឹក ភេទ ប្រុស អាយុ ៣៥ ឆ្នាំ និងទី៧.ឈ្មោះ ហួង មឹករ៉ុង ភេទ ប្រុស អាយុ ៣៣ ឆ្នាំ។
ទាក់ទិនការឃាត់ខ្លួនជនជាតិវៀតណាម ៧ នាក់ បញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ កម្លាំងចម្រុះបានរឹបអូសគឿងចក្រមានដូចជាៈ ត្រាក់ទ័រអូសឈើចំនួន ២ គ្រឿង និងម៉ាស៊ីនត្រង់ស៊ីន័រអារឈើចំនួន ២ គ្រឿងផងដែរ។
ប្រភពខាងលើបានឲ្យដឹងទៀតថា គ្រឿងចក្រ និងត្រាក់ទ័រ ដែលបានដកហូតនេះ បច្ចុប្បន្នត្រូវបានយកទៅរក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថស្រុក អូយ៉ាដាវ ខណៈជនជាតិវៀតណាម ៧ នាក់ ត្រូវបានបញ្ជូនទៅតុលាការខេត្ត តាមសំណុំរឿងចោទប្រកាន់របស់ខណ្ឌរដ្ឋបាលព្រៃឈើ។
ការចុះអនុវត្តបង្ក្រាប និងឃាត់ខ្លួនជនជាតិវៀតណាម ៧ នាក់ រួមនិងវត្ថុតាងទាំងខាងលើនេះ ដែលដឹកនាំដោយនាយផ្នែករដ្ឋបាលព្រៃឈើ ក៏បានប្រមូលនូវគំនរឈើលេខ១ លេខ២ លេខ៣ សរុបចំនួន ៥៨ កំណាត់។
សូបបញ្ជាក់ថា ជនជាតិវៀតណាមទាំង ៧ នាក់ លួចចូល និងនាំគ្រឿងចក្រមកអូសយកឈើពីក្នុងដីខ្មែរ ធ្វើសកម្មភាពអស់រយៈពេលជិត ២ ខែកន្លងមកហើយ។ បន្ទាប់ពីជនជាតិវៀតណាមទាំងនោះ បានយកម៉ាស៊ីនត្រង់ស៊ីន័រ មកអារផ្តួលដើមឈើធំៗគ្រប់ប្រភេទ និងប្រើត្រាក់ទ័រអូសឡើងរថយន្តធំៗដឹកចូលទៅទឹកដីរបស់ខ្លួន (វៀតណាម) តាមច្រករបៀងទាហាន និងនគរបាលព្រំដែន ដោយពុំត្រូវបានសមត្ថកិច្ចទាំងនោះធ្វើការហាមឃាត់ម្តងណាឡើយ៕
No comments:
Post a Comment
yes