សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 3, 2012

បើ​សាលាក្តី​ខ្មែរ​ក្រហម​ឈ​ប់​ដំណើរ​ការ​តើ​ចិន​នៅ​​ផ្តល់​ជំនួយ​ដ៏​ធំ​​ដល់​កម្ពុជា​ឬ?

121203_02
លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន (ស្តាំ) និង​លោក​ វេន ជា​ប៉ាវ ប្រធា​នា​ធិប​តី​ចិន​ 
នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អា​ស៊ាន​

កូន​ជន​ជាតិ​អូស្រ្តាលី​ គ្រាន់​តែ​កើត​ប៉ិច​មក​ភ្លាម​ គឺ​រដ្ឋាភិបាល​អូស្រ្តាលី​ ផ្តល់​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត​ ដល់​ឪពុក​ម្តាយ​ចំនួន​ ៥៤៣៧ ដុល្លារ​អូស្រា្តលី ​(ប្រហែល​ជា ៦ ពាន់​ដុល្លារ​អាមេរិក​) ឯ​កូន​ខ្មែរ​វិញ​គ្រាន់​តែ​បើក​ភ្នែក​ង៉ា​ឃើញ​ពន្លឺ​ព្រះអាទិត្យ​ភ្លាម​ ជំពាក់​លុយ​គេ​ជិត​១​ពាន់​ដុល្លារ​ទៅ​​ហើយ​។ ​នេះ​មក​ពីវា​សនា​មនុស្ស​កើត​មក​ខុសៗ​គ្នា​ ឬ​មួយ​ក៏​មក​ពី​កេរ​មរតក​រដ្ឋាភិបាល​របស់​ខ្លួន​បន្សល់​ទុក​ឲ្យ​?
ថ្មីៗ នេះ ​មាន​ទិន្ន័យ​ខុសៗ​​គ្នា អំពី​បំណុល​ដែល​កម្ពុជា​ បាន​ជំពាក់​គេ​ លោក​ ជាម​ យៀប​ តំណាង​រាស្ត្រ​គណ​បក្ស​ប្រជា​ជន​ មាន​ប្រសាសន៍​ថា ​បំណុល​ដែល​កម្ពុជា​បាន​ជំពាក់​គេ​គឺ​ប្រមាណ​ជា ​៧​ ពាន់​លាន​ដុល្លារ​។​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ មាន​ប្រសាសន៍​ថា ​ប្រមាណ​ជា​ជាង​ ២​ពាន់​លាន​ដុល្លារ​ទេ​។​ តំាង​ពីពេល​នោះ​មក​ លោក ​ជាម ​យៀប​ ពុំ​សូវ​បញ្ចេញ​មតិ​ទេ​រឿង​បំណុល​នេះ​។
ឯបក្ស​ប្រឆំាង​ សម​ រង្ស៊ី​វិញ តែង​តែ​លើក​ឡើង​ថា​ បំណុល​មាន​ដល់​ទៅ ​១០ ​ពាន់​លាន​ដុល្លារ​។​​
បើ​តាម​រយៈ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​ រាយការណ៍​ថា​ បំណុល​របស់​កម្ពុជា​ជំពាក់​ប្រទេស​ចិន​ ពេល​នេះ​សរុប​មាន​យ៉ាង​តិច​ ៤,៧ ​ពាន់​លាន​ដុល្លារ​ឯណោះ​។​ តើ​ព័ត៌មាន​ណា​ដែល​ត្រឹម​ត្រូវ​អាច​ទទួល​យក​បាន​?​ តើ​ចាំ​ដល់​ពេល​ណា​ទើប​រាជរដ្ឋាភិបាល បង្ហាញ​តួលេខ​ត្រឹម​ត្រូវ​?​
កាល ​ពី​សប្តាហ៍​មុន រដ្ឋ​សភា​អនុញ្ញាត​ឲ្យ​រាជរដ្ឋាភិបាល ​ខ្ចី​បំណុល​បរទេស​ប្រមាណ​ ៩០០ លាន​ដុល្លារ​ សម្រាប់​ឆ្នាំ​២០១៣ ដើម្បី​កំណើន​សេដ្ឋកិច្ច​។​ លោក​នាយក​រដ្ឋ​មន្ត្រី​ បាន​ស្នើ​សុំ​ខ្ចី​លុយ​ប្រទេស​ចិន​៥០០​លាន​ដុល្លារ​បន្ថែម ដើម្បី​សាងសង់ ផ្លូវ​បន្ថែម​ទៀត។ ជាង​នេះ​ទៅ​ទៀត​មាន​អ្នក​សេដ្ឋវិទូ​ខ្លះ បាន​ជំរុញ​ឲ្យ​ខ្ចី​ច្រើន​ផងដែរ។ ​ចុះ​បើ​ខ្ចី​គេ​ច្រើន​ម្ល៉ឹងៗ នរណា​ជា​អ្នក​សង​គេ​?​ ហើយ​សង​គេ​តាម​​របៀប​ណា​?​ បើ​ក្រឡេក​មើល​ធនធាន​ធម្មជាតិ​វិញ កាប់​គាស់ ​រុក​រាន​ ទន្ទ្រាន​យក​ខ្ទេច​ខ្ទី​ស្ទើរ​គ្មាន​សល់ ហើយ​ប្រេង​ក្នុង​បាត​សមុទ្រ​ ក៏​មិន​ច្បាស់​ខ្លួន​ឯង​បាន​ប៉ុន្មាន​ គេ​បាន​ប៉ុន្មាន។​
វប្បធម៌​លក់​តាំង​ពី​របស់​កេរ​ដូនតា​ លក់​អគារ​រដ្ឋាភិបាល​ លក់​ស្ថាន​ទូត ​នៅ​​ក្រៅ​ប្រទេស រហូត​ដល់​លក់​សក់​ក្បាល ​និង​កេរ​ម៉ែ​ចែក​ឲ្យ​ទៀត​ នៅ​តែ​ថ្ងៃ​លក់​លីអូ​កំពុង​តែ​ស្លៀក​ហ្នឹង​ទេ​? បើ​ក្រុម​ហ៊ុន​ភាគ​ច្រើន​មាន​តែ​ដាំ​កៅស៊ូ​ និង​ដូង​ប្រេង​ តែ​បាន​ត្រឹម​តែ​លក់​ទៅ​ក្រៅ​ប្រទេស មិន​បាន​ធ្វើ​នៅ​នឹង​កន្លែង​ផង​ហ្នឹង​។​ ​សូម្បី​តែ​ប៊ិក ១​ ក៏​នាំ​ចូល​ពី​ស្រុក​ក្រៅ​មក​ដែរ​។​
ម្យ៉ាង​វិញ​ទៀត​ បើ​​មើល​ទៅ​ស្រុក​​គេ បើក​ភ្នែក​ឡើង​គេ​គិត​ពី​រឿង​រក​លុយ​ចូល ឯ​ស្រុក​យើង​មួយ​ថ្ងៃៗ​ ហាក់បី​ដូច​ជា​ដេក​តែ​គិត​ពី​រឿង​សុំ​ជំនួយ​ ខ្ចី​លុយ​គេ និង​លក់​របស់​របរ​ខាង​ក្នុង​ដើម្បី​សម្ញែង​រថយន្ត​ទំនើបៗ​ អួត​ពី​ផ្ទះ​វីឡា ​និង​ដី​ចម្ការ​ដាក់​គ្នា​?​ តើ​ឪពុក​ម្តាយ​ដើរ​ខ្ចី​លុយ​គេ​យក​មក​ចាយ​ តើ​ឲ្យ​កូនៗ​ ជា​អ្នក​រក​ស៊ី​សង​ជំនួស​?​ រាល់​បំណុល​តែង​តែ​មាន​​ម្ចាស់​។ ​«កុកភ្លេច​ជង់​ តែ​ជង់​មិន​ភ្លេច​កុក​​ទេ​!» ​មាន​ន័យ​ថា​ អ្នក​ជំពាក់​គេ​ ខំ​ធ្វើ​មិន​ដឹង​​មិន​ឮ ​តែ​​អ្នក​ឲ្យ​ខ្ចី​មិន​ភ្លេច​នូវ​អ្វី​ដែល​គេ​ឲ្យ​ខ្ចី​នោះ​ទេ​។​ ដូច​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​​ សែន​ តែង​តែ​លើក​ឡើង​ អំពី​បំណុល​ដែល​ខ្មែរ​ជំពាក់​អាមេរិក​ចំនួន ៣៧០​ លាន​ដុល្លារ​តាំង​ពី​សម័យ ​លន់ នល់ ដែល​ខ្ចី​លុយ​អាមេរិក​មក​ទម្លាក់​គ្រាប់​បែក​ មក​លើ​ស្រុក​ខ្មែរ​​ សម្លាប់​ខ្មែរ​។ ទាំង​រដ្ឋ​សភា ទាំង​រាជ​រដ្ឋា​ភិបាល​ មិន​ព្យាយាម​សង​ទេ​ ព្រោះ​បំណុល​ចាស់​ គឺ​មាន​តែ​បញ្ចុះ​បញ្ចូល​ឲ្យ​អាមេរិក​លុប​បំណុល​នេះ​ចេញ​ បង្វែរ​ទៅ​ជា​ជំនួយ​មនុស្ស​ធម៌​ទៅ​វិញ​។​ តែ​អាមេរិក​នៅ​តែ​ធ្វើ​មិន​ដឹង​មិន​ឮ​ដដែល​ ចំពោះ​បញ្ហា​បំណុល​នេះ​។
ចុះ ​បើ​រាជ​រដ្ឋាភិបាល​សព្វ​ថ្ងៃ​នេះ នៅ​ខ្ចី​លុយ​បរទេស​កាន់​តែ​ច្រើន​ឡើង​ៗ​ ហើយ​បំណុល​ទាំង​ចាស់​ទាំង​ថ្មី​ចេះ​តែ​កើន​ឡើង​ តើ​កម្ចី​ទំាង​នោះ​ យក​មក​អភិវឌ្ឍ​ពិត​ប្រាកដ​?​ ឬ​ក៏​យក​មក​អភិវឌ្ឍ​ខ្លះ​ទៅ ​ឬ​ក៏​កិប​កេង​ស៊ី​លើ​ស៊ី​ក្រោម​ចែក​គ្នា​ខ្លះ​ទៅ​?​ ឬ​ក៏​កិប​កេង​សម្រាប់​អភិវឌ្ឍន៍​​បក្ស​មួយ​ចំនួន​ធំ​ទៅ ដើម្បី​ឲ្យ​បក្ស​បន្ត​កាន់​អំណាច​ទៅ​មុខ​ទៀត​?​ ដូច​ដែល​របាយការណ៍​ឆ្នាំ​​២០០៩ របស់​ទីភ្នាក់ងារ​ជំនួយ​របស់​សហរដ្ឋ​​អាមេរិក​(USAID) ថា​៖«កម្ពុជា​បាត់​ទឹក​ប្រាក់​ចំនួន​ជាង ៥០០ លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ៗ​»។ ​នេះ​ដោយ​សារ​តែ​បរទេស​ គេ​អាណិត​កូន​ខ្មែរ​ទាំង​ជំនាន់​បច្ចុប្បន្ន​ និង​ជំនាន់​ក្រោយ​បាន​ជា​គេ​ខំ​ជួយ​ស្វែង​រក​យុត្តិធម៌ ព្រោះ​វា​អយុត្តិធម៌​ណាស់​សម្រាប់​កូន​ខ្មែរ​កើត​មក​មិន​ទាន់​ដឹង​​ក្តី​ផង ​ ជំពាក់​លុយ​គេ​រាប់​ពាន់​ដុល្លារ​ទៅ​ហើយ​នោះ​។​ ដែល​លុយ​ជំពាក់​ទំាង​នោះ​ បាន​មក​ពី​កម្ចី​ពី​បរទេស និង​ពុករលួយ ហើយ​គេ​យក​លុយ​ទាំង​នោះ​មក​ ចាយ​វាយ​ហ៊ឺហា​ នៅ​នឹង​មុខ​ស្រស់ៗ​ និង​កូន​ៗ​ពួក​គេ​សុទ្ធ​តែ​ទៅ​រៀន​នៅ​បរទេស​។ នេះ​សុទ្ធ​តែ​រឿង​ឈឺចាប់​សម្រាប់​កូន​ខ្មែរ ដែល​ក្រីក្រ​ មិន​បាន​លុយ​ខ្ចី​គេ​នោះ​ចាយ​ផង​ ហើយ​ជំពាក់​លុយ​គេ​ទៀត​។​
ចុះ​បើ​មាន​ការ​ផ្លាស់​ប្តូរ​របប​ តើ​អ្នក​កាន់​របប​ថ្មី​នោះ ​ទទួល​ស្គាល់​បំណុល​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ទាំង​នេះ​ដែរ​ឬ​ទេ​? នេះ​​មិន​មែន​ជា​កម្ម​របស់​ប្រជា​ពលរដ្ឋ​​ខ្មែរ​​ធ្វើ​បុណ្យ​ពី​ជាតិ​មុន​ មិន​ល្អ​ទេ​ តែ​ជា​ការ​ទទួល​រង​ថ្ម​បាក់​ពី​ការ​ដឹក​នាំ​របប​មុនៗ​ ​កាក​សំណល់​បន្សល់​ទុក​ឲ្យ​កូន​ខ្មែរ​។​ គឺ​ខុស​ពី​ខ្មែរ​សម័យ​​អង្គរ​ ដែល​បន្សល់​ទុក​ឲ្យ​កូន​ខ្មែរ​រស់ ​និង​មាន​មុខ​មាន​មាត់​លើ​ឆាក​អន្តរជាតិ​ទៀត​ផង​។​ តែ​អ្វី​ដែល​មើល​ឃើញ​គួរ​ឲ្យ​កត់​សម្គាល់ គឺ​ចាប់​ពី​ឆ្នាំ​ ២០០៧​ បន្ទាប់​ពី​ចាប់​ផ្តើម​ឃុំ​ខ្លួន​ ​នឹង​កាត់​ទោស​ពួក​ខ្មែរ​ក្រហម​នៅ​សាលាក្តី​ខ្មែរ​ក្រហម ទាំង​ជំនួយ​ឥត​សំណង​ ទំាង​កម្ចី​ ពី​ប្រទេស​ចិន​មក​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​ ហាក់​ដូច​ជា​មាន​ការ​កើន​ឡើង​យ៉ាង​គំហុក​ ឥឡូវ​ឡើង​ទៅ​លំដាប់​លេខ​១ ​ហើយ​នៅ​ពីលើ​ប្រទេស​ជប៉ុន​ទៅ​ទៀត​។
តើ​ជំនួយ​ និង​កម្ចី​របស់​ប្រទេស​ចិន មក​កម្ពុជា តើ​មក​ពី​ប្រទេស​ចិន ​រក​ស៊ី​មាន​បាន​ សេដ្ឋកិច្ច​នៅ​ឈរ​លេខ​ ២​​ នៅ​លើ​ពិភព​លោក​?​ ឬក៏​ព្យាយាម​ទប់ទល់​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​នេះ​? ឬ​មួយ​ទៀត​ក៏​ទប់​ស្កាត់​ប្រវត្តិសាស្រ្ត​ខ្មែរ​ក្រហម​កាន់​កាប់ ​បាន​សម្លាប់​ខ្មែរ​ជាង ​១,៧​ លាន​នាក់​ ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន បើ​ទោះ​បី​ជា​សាលាក្តី​ជំនុំ​ជម្រះ​ក្តី​តែ​បុគ្គល​ពីរ​ជំពូក ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម ដែល​ត្រូវ​បាន​ប្រព្រឹត្ត​នៅ​ចន្លោះ​ថ្ងៃទី ១៧ មេសា ១៩៧៥ និង​ថ្ងៃ​ទី ៦ មករា ១៩៧៩ ៖​ មេ​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​កម្ពុជា​ប្រជាធិបតេយ្យ និង​អ្នក​ដែល​ត្រូវ​បាន​ជឿជាក់​ថា មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត ចំពោះ​ការ​​រំលោភ​បំពាន​ធ្ងន់ធ្ងរ​​លើ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ?
បន្ទាប់​ពី​ទទួល​បាន​ទឹក​ប្រាក់​ដ៏​ច្រើន​ សន្ធឹក​សន្ធាប់​ពី​ប្រទេស​ចិន​ និង​គ្មាន​លក្ខខណ្ឌ​ក៏​ដោយ ​ក៏​រាជ​រដ្ឋាភិបាល​ព្យាយាម​យក​ចិត្ត​យក​ថ្លើម​ប្រទេស​ចិន​ដែរ​ ដូចជា​ ការ​បញ្ជូន​ជន​ជាតិ​ដើម​ភាគ​តិច​អ៊ុយគ័រ​២០​នាក់​ ដែល​សុំ​សិទ្ធិ​ជ្រក​កោន​ពី​ការ​យាយី ​និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​អាជ្ញាធរ​ចិន ​ឲ្យ​ចេញ​ពី​ប្រទេស​កម្ពុជា​ កាល​ពី​ចុង​ឆ្នាំ​២០០៩​។​ ថ្មីៗ​នេះ ​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ ​​សម្រប​សម្រួល​បាន​ល្អ​ក្នុង​ពេល​ប្រជុំ​អាស៊ាន​លើក​ចុង​ក្រោយ​ខែ​មុន​នេះ​ រឿង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​​ដែល​ចិន​ជា​អ្នក​ឈ្នះ​រឿង​នេះ ​ដោយ​យក​បញ្ហា​នេះ​មិន​ដាក់​ទៅ​ជា​អន្តរជាតិ បើ​​ទោះ​បី​ជា​ហ្វីលីពីន​ មាន​ការ​តវ៉ា​ មិន​ពេញ​ចិត្ត​សេចក្តី​ថ្លែងការណ៍​ដែល​បាន​ចេញ​ហើយ​ក៏​ដោយ​។
ឯ​រឿង​កាត់​ទោស​ពួក​មេដឹកនាំ​ខ្មែរ​ក្រហម​វិញ​ គឺ​កាត់​បាន​តែ​សំណុំ​រឿង​ ០០១​ លោក​ឌុច​ ដែល​គ្រាន់​តែ​ជា​កូន​ជឹង​តូច​មួយ​របស់​មេ​ខ្មែរ​ក្រហម​ទេ​។ ចំណែក​ឯ​សំណុំ​រឿង​ ០០២​ មេៗ​ ៤ ​នាក់​ទៀត នៅ​តែ​កាត់​ទៅ​មុខ​ថយ​ក្រោយៗ​ និង​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​ ០០៣​ និង​០០៤​ នៅ​គាំង​ស្ញេញ​? ដូច​លោក​នាយក​រដ្ឋ​មន្ត្រី​ បាន​មាន​ប្រសាសន៍​​ថា៖​ «​ខ្ញុំ​សុខ​ចិត្ត​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​បរាជ័យ​ កុំ​ឲ្យ​តែ​សង្រ្គាម​កើត​មាន​ឡើង​វិញ​!​»។​ សំណួរ​សួរ​ថា​ តើ​ហេតុ​អ្វី​បាន​ជា​ប្រទេស​ចិន​ផ្តល់​ជំនួយ​ ផ្តល់​ប្រាក់​កម្ចី ​និង​វិនិយោគ​ទុន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​?​ ប្រសិន​បើ​សាលាក្តី​ខ្មែរ​ក្រហម​ត្រូវ​បាន​បញ្ចប់​សព្វ​​គ្រប់​ហើយ​ តើ​ជំនួយ​​ និង​កម្ចី​ចិន​នៅ​តែ​ផ្តល់​ដ៏​ធំ​ជា​ហូរហែ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ​?​ តើ​នេះ​ជា​ការ​ខិតខំ​លុប​លាង​កំហុស​របស់​ចិន​ ដែល​​ព្យាយាម​លុប​បំបាត់ ឲ្យ​ដូច​​ប្រទេស​ជប៉ុន​ ធ្វើ​មក​លើ​ស្រុក​ខ្មែរ?
បន្ទាប់​ពី​បោះឆ្នោត​ដែល​រៀប​ចំ​ដោយ​អ៊ុន​តាក់​ពី​ឆ្នាំ​១៩៩៣ ​មក​ ប្រទេស​ជប៉ុន​បាន​ក្លាយ​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​នៅ​កម្ពុជា ដោយ​សារ​ជប៉ុន​យល់​ឃើញ​ថា ​បន្ទាប់​ពី​ប្រទេស​ជប៉ុន​ ចាញ់​សង្រ្គាម​លោក​លើក​ទី២​ ហើយ​កាល​នោះ​ ជប៉ុន​​ក៏​ចាញ់​នៅ​ស្រុក​ខ្មែរ​ផង​ដែរ។ តែ​កម្ពុជា​មិន​បាន​ទាមទារ​សំណង​អ្វី​ពី​ជប៉ុន​ដែរ​។​ ក្នុង​អំឡុង​ពេល​ដែល​ជប៉ុន ​បាន​ដេញ​បារាំង​ចេញ​ពី​ស្រុក​ខ្មែរ​ ហើយ​បាន​កាន់​កាប់​ស្រុក​ខ្មែរ​ ដែល​មាន​ការ​ខូច​ខាត ​និង​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​តិច​តួច​ ដោយ​សារ​គ្រាប់​បែក​របស់​អាមេរិក​តាម​ទម្លាក់​​នៅ​តាម​ទីតាំង​លេណ​ដ្ឋាន​ កង​ទ័ព​ជប៉ុន ​នៅ​ស្រុក​ខ្មែរ និង​កងទ័ព​ជប៉ុន​ដែល​រត់​ពួន​ជ្រក​កោន ជាមួយ​ខ្មែរ​ ដូច​ជា​ការ​ទម្លាក់​គ្រាប់​បែក​នៅ​មុខ​វត្ត​ឧណ្ណាលោម ​ស្លាប់​ដោយ​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ជា​ដើម​ (រឿង​គូលី​កំណែន​)។
សរុប​មក​វិញ​​ ដោយ​សារ​តែ​ទឹក​ប្រាក់​​ ធ្វើ​ឲ្យ​អ្វីៗ​ត្រូវ​បាន​គេ​បំ​ភ្លេច​ចោល​ទាំង​អស់​ ទាំង​អាយុ​ជីវិត ទាំង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវ​កម្ទេច​ស្ទើរ​គ្មាន​សល់​ គឺ​ស្រវា​យក​លុយ​សិន​។ ទី​បំផុត ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្ទេចខ្ទី​ជា​របស់​ខ្មែរ ​អ្នក​សម្លាប់​គឺ​ខ្មែរ អ្នក​ត្រូវ​គេ​កាត់​ទោស​ក៏​ខ្មែរ​ អ្នក​ជំពាក់​បំណុល​វ័ណ្ឌក​ក៏​ខ្មែរ​ សុទ្ធ​តែ​ជា​របស់​ខ្មែរ​ និង​ជនជាតិ​ខ្មែរ​ទាំង​អស់​។​ ហេតុ​ដូច្នេះ​ហើយ ​រាជ​រដ្ឋាភិបាល​គួរ​តែ​មាន​តម្លាភាព​ក្នុង​ការ​បង្ហាញ​ពី​បំណុល​ទំាង​ អស់ ​និង​កម្ចី​ថ្មីៗ​ កុំ​ឲ្យ​តែ​និយាយ​តាម​មាត់​ថា​ជំពាក់​គេ​ជាង​ ២​ ពាន់​លាន​ តែ​ដល់​ពេល​នៅ​ក្នុង​ឯកសារ​មែន​ទែន​ ទៅ​ច្រើន​ជាង​នេះ​ ៤ ទៅ​ ៥ ដង​នោះ​ ​ហើយ​ធ្វើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឲ្យ​មាន​គុណភាព​ កុំ​ធ្វើ​តែ​ផ្លូវ​ដដែល​រាល់​តែ​ឆ្នាំ ហើយ​សុំ​លុយ​គេ​ដដែល​ៗ​នោះ៕

No comments:

Post a Comment

yes