កម្មករធ្វើការតវ៉ានៅមុខក្រសួងសង្គមកិច្ចកាលពីថ្ងៃសុក្រ
ភ្នំពេញៈ អំពើហិង្សាមួយ បានផ្ទុះឡើង កាលពីថ្ងៃសៅរ៍ ខណៈកម្មករប្រមាណ២០០នាក់ នៅរោងចក្រកាត់ដេរ Nex-T Imperial Co;Ltd បានធ្វើការតវ៉ា ប្រឆាំងនឹងរោងចក្រនេះដែលបានបញ្ឈប់តំណាងសហជីពរបស់ពួកគេ។
អ្នកស្រី ជា សុវណ្ណ ចាន់សម្បត្តិ ប្រធានរដ្ឋបាល រោងចក្រកាត់ដេរ Nex-T Imperial Co;Ltd បាននិយាយកាលពីម្សិលមិញថា ការផ្ទុះកូដកម្មហិង្សានោះ បានធ្វើឲ្យមានការខូចខាតផើងផ្កាចំនួន៨ ផើង ទូសម្រាប់ដាក់សម្ភារម្ហូបអាហាររបស់កម្មករ និងបង្អួចកញ្ចក់ការិយាល័យរដ្ឋបាលរោងចក្រ ព្រមទាំងកង់របស់កម្មករចំនួន៧គ្រឿង ម៉ូតូចំនួន៣គ្រឿងនិងម្ហូបអាហាររបស់កម្មករប្រមាណជាង៤០០នាក់ត្រូវបានក្រុមកូដករវាយកម្ទេច។
អ្នកស្រីបន្តថា ជាទូទៅ ភាគីរោងចក្រ តែងតែអនុគ្រោះចំពោះការធ្វើកូដកម្មរបស់កម្មករ និងបានប្រឹងប្រែងសម្របសម្រួល ធ្វើការដោះស្រាយ ហើយមានចំណុចជាច្រើនដែលភាគីរោងចក្រ បានឯកភាពតាមការស្នើសុំរបស់កម្មករលើកលែងតែការទាមទារឲ្យតំណាង កម្មករបីនាក់ ដែលរោងចក្របានបញ្ឈប់កិច្ចសន្យាជួលតែប៉ុណ្ណោះ។
អ្នក ស្រីថ្លែងថា៖«កម្មករមានសិទ្ធិក្នុងការតវ៉ាដោយសន្តិវិធី ប៉ុន្តែការតវ៉ា កាលពីថ្ងៃសៅរ៍ គឺជាការរំលោភច្បាប់ការងារទាំងស្រុង»។
អ្នកស្រី សៀង ណាវី អាយុ ៣៣ ឆ្នាំ ជាអគ្គលេខាធិការសហព័ន្ធសហជីពកម្មករកម្ពុជា ប្រចាំរោងចក្រ Nex-T Imperial Co;Ltd បានសម្ដែងការសោកស្ដាយជាខ្លាំងចំពោះការតវ៉ាដែលធ្វើឲ្យកើតមាន អំពើហិង្សាធ្វើឲ្យខូចខាតសម្ភារ និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននិងកម្មករ។ អ្នកស្រីថ្លែងថា៖«ការតវ៉ាបែបនេះ គឺបំផ្លាញខ្លួនឯង និងអ្នកដទៃ មិនតែប៉ុណ្ណោះវានឹងធ្វើឲ្យមានបញ្ហាប្រឈមសម្រាប់ខ្លួនឯងថែមទៀត»។
ទោះ ជាបែបណាក្ដី ក្រុមកម្មករ បានអះអាងថា ពួកគេនឹងធ្វើការតវ៉ាជាបន្តទៀត នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីទាមទារឲ្យភាគីរោងចក្រទទួលយកនូវសំណើចំនួន ៩ ចំណុចរបស់គេដែលរួមមានការទទួលយកតំណាងសហជីពស៊ីខៅឌូចំនួនបី នាក់ឲ្យចូលធ្វើការវិញ។ ការប្រើកិច្ចសន្យាការងារ មានកំណត់ថិរវេលាពី ៦ ខែដល់មួយឆ្នាំ ក្នុងករណីធ្វើការថែមម៉ោងសូមឲ្យមានការគោរពគោលការណ៍ ស្ម័គ្រចិត្ត បញ្ឈប់ការជេរប្រមាថមកលើកម្មករ និងរៀបចំសាងសង់រោងហូបបាយ ដែលមានតុ កៅអី និងទូដាក់បាយកញ្ចប់របស់កម្មករ។ល។
អ្នកស្រី វង្ស ឆវី កម្មការិនីដែលបានចូលរួមការតវ៉ានេះ បានឲ្យដឹងថា ភាគីរោងចក្រមិនបានទទួលយកតាមសំណើរបស់កម្មករទេ ហើយថែមទាំងបានជេរប្រមាថដល់កម្មករថែមទៀត។ អ្នកស្រីថ្លែងថា«ការតវ៉ានេះ ផ្ដើមចេញពីភាពរើសអើងសហជីព គឺក្រុមហ៊ុនមិនអនុញ្ញាតឲ្យតំណាងសហជីពស៊ីខៅឌូ បង្កើតឡើងនៅក្នុងរោងចក្រនេះ ហើយភាគីរោងចក្របានបញ្ឈប់កម្មករបីនាក់ បន្ទាប់ពីដឹងថា ពួកគេជាតំណាងរបស់សហជីពនេះ»។
ចំណែកអ្នកស្រី អ៊ុំ សាវី ជាកម្មករម្នាក់ទៀតនិយាយបន្ទរថា ភាគីរោងចក្របានជេរប្រមាថកម្មករ និងបង្ខំកម្មករឲ្យធ្វើការថែមម៉ោង ដោយគំរាមកាត់ប្រាក់រង្វាន់ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗមួយចំនួនទៀត ប្រសិនបើពួកគាត់បដិសេធ ការធ្វើការថែមម៉ោងនោះ។
លោក សាន សុផាន មន្ត្រីដោះស្រាយវិវាទការងារនៃសហព័ន្ធសហជីពស៊ីខៅឌូ ដែលបានចូលរួមក្នុងការតវ៉ានេះ បាននិយាយថា នៅព្រឹកថ្ងៃចន្ទនេះ លោកនឹងបន្តចូលរួមជាមួយកម្មករធ្វើការតវ៉ាជាបន្តទៀត បើទោះជាមានការគំរាមពីអាជ្ញាធរថានឹងចាប់ខ្លួនលោកទៅតុលាការ ប្រសិនបើមានអំពើហិង្សាកើតឡើងម្ដងទៀតក្ដី។
លោកបានបដិសេធថា លោកមិនបានញុះញង់ ឬអុជអាលកម្មករទាំង នោះឲ្យបង្កហិង្សានោះទេ។ លោកថ្លែងថា៖«ខ្ញុំពិតជាមានការសោកស្ដាយចំពោះហេតុដ៏អាក្រក់ ដែលបានកើតឡើងកាលពីថ្ងៃសៅរ៍។ ខ្ញុំគិតថា មានអ្នកបន្លំចូលក្នុងហ្វូងកម្មករ ហើយបានអុជអាលបង្កហិង្សានេះឡើងខណៈយើងកំពុងអំពាវនាវឲ្យមានការចរចាពីភាគីរោងចក្រ»៕
No comments:
Post a Comment
yes