សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 3, 2012

ចោទ​និង​បញ្ជូន​ក្រុម​ឧកញ៉ា គ្រឿង​ញៀន​ទៅ​ឃុំ​នៅ​ព្រៃស

121203_09
ឧកញ៉ាតាន់ ​សេងហាក់​ និង​បក្ខ​ពួកពេល​ចាប់​​ខ្លួន​​នៅ​ភូមិ​គ្រឹះ នៅ​ភ្នំពេញ​ថ្មី​ 
ខណ្ឌ​សែន​សុខ​

ភ្នំពេញៈ ក្រុម​ឧកញ៉ា​គ្រឿង​ញៀន​ចំនួន​៦​នាក់ ម្នាក់​រត់​គេច​ខ្លួន​បាត់ ក្នុង​ចំណោម​ជាង​១០​នាក់ ដែល​ឃាត់​ខ្លួន​នៅ​ផ្ទះ​ឧកញ៉ា តាន់ សេង​ហាក់ ត្រូវ​សាលា​ដំបូង​រាជធានី​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​រសៀល​ថ្ងៃ​ម្សិល​មិញ​បន្ទាប់​ពី​បញ្ចប់​ការ​សាក​សួរ​និង​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ និង​ប្រើ​ប្រាស់​សារធាតុ​ញៀន​ដោយ​ខុស​ច្បាប់ និង​សម​គំនិត​ក្នុង​អំពើ​នេះ។
ព្រះ​រាជ​អាជ្ញារង​លោក ជា ម៉េត បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ក្រុម​ជន​សង្ស័យ​៥​នាក់ ក្នុង​នោះ​មាន​ទាំង​ឧកញ៉ា តាន់ សេង​ហាក់ ម្នាក់​ផង ត្រូវ​បាន​បញ្ចប់​ការ​សាក​សួរ​កាល​ពី​រសៀល​ម្សិល​មិញ ហើយ​តុលាការ​បាន​សម្រេច​ចោទ​ប្រកាន់​ពួកគេ​ទាំង​៥​នាក់​និង​ម្នាក់​ទៀត​ដែល​រត់​គេច​ខ្លួន ពី​បទ​ជួញ​ដូរ និង​ប្រើ​ប្រាស់​សារធាតុ​ញៀន​ដោយ​ខុស​ច្បាប់ និង​បទ​សម​គំនិត​ក្នុង​អំពើ​នេះ និង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ហើយ។

លោក​បញ្ជាក់​ថា៖ ​«ក្នុង​ចំណោម​អ្នក​ត្រូវ​ចាប់​ខ្លួន​៥​នាក់ និង​អ្នក​រត់​គេច​ខ្លួន​ម្នាក់​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​និង​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ដើម្បី​រង់​ចាំ​នីតិវិធី​បន្ត»។ លោក​បាន​បន្ត​ថា៖ «ក្នុង​ចំណោម​ជន​ជាប់​ចោទ ៣​នាក់ ត្រូវ​ចោទ​ពី​បទ​ជួញ​ដូរ​និង​ប្រើ​ប្រាស់​សារធាតុ​ញៀន​ដោយ​ខុស​ច្បាប់។ ពីរ​នាក់​ទៀត​និង​អ្នក​រត់​គេច​ខ្លួន ត្រូវ​ចោទ​ពី​បទ​សម​គំនិត​ក្នុង​បទ​ចោទ​អ្នក​ទាំង​បី​ខាង​លើ​នេះ។ ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ពី​ល្ងាច​មិញ»។
ឧត្តម​សេនីយ៍ ខៀវ សាម៉ន ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​គ្រឿង​ញៀន​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ម្សិល​មិញ​ថា ជន​សង្ស័យ​ទាំង​៥​នាក់ ដែល​មាន តាន់ សេង​ហាក់ ជា​មេ​ខ្លោង​កំពុង​ត្រូវ​តុលាការ​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន។ ប៉ុន្តែ​ប្រពន្ធ​និង​កូន​ស្រី​ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ។
លោក​ប្រាប់​ថា ប្រពន្ធ​និង​កូនៗ​របស់​តាន់ សេង​ហាក់ មិន​ពាក់​ព័ន្ធ​ទេ ព្រោះ​បើ​តាម​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ផ្ទះ​ជន​សង្ស័យ​ប្រាប់​ថា តាន់ សេង​ហាក់ ពេល​ចេញ​ពី​ពន្ធនាគារ​អំឡុង​ឆ្នាំ​២០១១​គឺ​រស់​នៅ​មិន​ចុះ​សម្រុង​គ្នា​ទេ ដោយ​ប្រពន្ធ​និង​កូនៗ​នៅ​ជាន់​ខាង​លើ ហើយ​មាន​កូន​ប្រុស​ម្នាក់​ធ្វើ​ការ​ងារ​ចិញ្ចឹម​ម្តាយ​និង​បង​ប្អូន​គេ។
ចំណែក ឯ តាន់ សេងហាក់ វិញ​រស់​នៅ​ជាន់​ខាង​ក្រោម​ជាមួយ​បក្ខ​ពួក​គេ។
លោក​ឲ្យ​ដឹង​ទៀត​ថា តាន់ សេង​ហាក់​ធ្លាប់​ជាប់​ពន្ធនាគារ​ម្តង​ក្នុង​ឆ្នាំ​២០០៧​ពាក់​ព័ន្ធ​នឹង​ដីធ្លី​រួម​នឹង​ជន​សង្ស័យ​៣នាក់​ទៀត​ពី​បទ​ប្លន់ និង​ស្រ្តី​ម្នាក់​ទៀត​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង​លក់​ថ្នាំ​ញៀន។
លោក​បញ្ជាក់​ដែរ​ថា៖ «ថ្នាំ​ញៀន​ដែល​រឹប​អូស​បាន​មាន​ទម្ងន់​ជាង​១១៥​ក្រាម​និង​ម៉ាទឹក​កក​ជិត​២០០​ក្រាម ហើយ​មុន​នឹង​ធ្វើ​ការ​បង្រ្កាប​ករណី​ណា​មួយ​ខាង​នាយក​ដ្ឋាន​របស់​ខ្ញុំ សុទ្ធ​តែ​មាន​សំណុំ​រឿង​និង​ឯកសារ​រឹង​មាំ​ណាស់ ហើយ​ពេល​ចុះ​ចាប់​ក៏​មាន​ខាង​ព្រះ​រាជ​អាជ្ញា​និង​មន្រ្តី​ជំនាញ​ពាក់​ព័ន្ធ​ចូល​រួម​ទាំង​អស់ ដូច្នេះ​យើង​អនុវត្ត​ការងារ​ច្បាស់​ហើយ​និង​មាន​ប្រសិទ្ធ​ភាព​បំផុត»។
លោក​បន្ត​ឲ្យ​ដឹង​ទៀត​ថា លោក តាន់ សេង​ហាក់ ជាប់​ពាក់​ព័ន្ធ​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន ពី​ព្រោះ​គាត់​មាន​ថ្នាំ​ញៀន​នៅ​នឹង​ខ្លួន​ក្នុង​បន្ទប់​ផ្ទះ​ស្នាក់​នៅ​របស់​គាត់​តែ​ម្តង និង​បញ្ហា​ទី២ គាត់​បាន​បង្ក​លក្ខណៈ​ឲ្យ​ជន​ល្មើស​ស្នាក់​នៅ​និង​ជួល​កន្លែង​ឲ្យ​ជន​ល្មើស ធ្វើ​សកម្ម​ភាព ហើយ តាម​ចម្លើយ​សារភាព​របស់​គូកន​ទាំង​៤ នាក់​ថា កន្លង​មក​ពួកគេ​សុទ្ធ​តែ​ទទួល​យក​ថ្នាំ​ញៀន​ពី​គាត់​ជា​ញឹក​ញាប់​ដើម្បី​យក​ទៅ​ចែក​ចាយ និង​លក់​ដូរ​បន្ត​ដែល​មិន​ត្រឹម​តែ​នៅ​រាជធានី​ភ្នំពេញ​ទេ គឺ​នៅ​តាម​ខេត្ត​នានា​ថែម​ទៀត។
លោកខៀវ សាម៉ន​បន្ត​ថា​ប្រទេស​កម្ពុជា គ្រឿង​ញៀន​ភាគ​ច្រើន​នាំ​ចូល ឬ​ឆ្លង​ពី​ប្រទេស​ផ្សេងៗ​ដូច​ជា នាំ​ចូល​មក​ពី​ប្រទេស​អា្រហ្វិក​ខាង​ត្បូង​និង​ប្រេ​ស៊ីល ហើយ​នៅ​ឆ្នាំ​២០១២​នេះ សមត្ថកិច្ច​រឹប​អូស​បាន​ថ្នាំ​ញៀន នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ខេត្ត​សៀមរាប ដែល​សរុប​បាន រាប់​រយ​គីឡូក្រាម។ ប្រពន្ធ​និង​កូន តាន់​សេង​ហាក់​មិន​អាច​ទាក់​ទង​បាន​ទេ៕

No comments:

Post a Comment

yes