សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, December 1, 2012

សកម្មជន​បក្ស សម រង្ស៊ី ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​នាយក​រដ្ឋមន្ត្រី​ពី​បទ​ឃាតកម្ម​គិត​ទុក​មុន

ប្រធាន​ក្រុម​យុវជន​នៃ​គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ ផ្ដល់​បទ​សម្ភាសន៍​
ដល់​អ្នក​កាសែត​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១២

សកម្មជន​គណបក្ស សម រង្ស៊ី បាន​យក​ពាក្យ​បណ្ដឹង​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​លើ​ករណី​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ នៅ​ថ្ងៃ​បញ្ចប់​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក កាល​ពី​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ទៅ​ដាក់​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។
ប៉ុន្តែ​ការ​ដាក់​ពាក្យ​ប្ដឹង​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល អះអាង​ថា មិន​មែន​ជា​ការ​ដាក់​ពាក្យ​ប្ដឹង​ទេ តែ​គឺ​ជា​ការ​វាយ​ប្រហារ​លើ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល។
ក្រឡា​បញ្ជី​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១២ បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​សកម្មជន​គណបក្ស សម រង្ស៊ី ដែល​បាន​ប្ដឹង​ចោទ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន ពាក់ព័ន្ធ​ករណី​ជាន់​គ្នា​ស្លាប់ និង​របួស​នៅ​លើ​ស្ពាន​កោះ​ពេជ្រ។

ប្រធាន​ក្រុម​យុវជន​នៃ​គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បាន​ថ្លែង​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ថា លោក​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការ​មិន​ទទួល​ខុស​ត្រូវ​លើ​ព្រឹត្តិការណ៍​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ ដែល​បណ្ដាល​ឲ្យ​មនុស្ស ជា​ពិសេស​យុវជន​ជា​ច្រើន​រយ​នាក់​បាន​ស្លាប់។
លោក សួង សុភ័ណ្ឌ៖ «សម្រាប់​ភស្តុតាង ទី​មួយ យើង​មាន​ខ្សែ​វីដេអូ យើង​មាន​រូបថត ហើយ​លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​រង់ចាំ​រយៈពេល ២​ឆ្នាំ​ហើយ រង់ចាំ​ឲ្យ​លោក ហ៊ុន សែន ចាត់​វិធានការ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លោក​បាន​ចាត់​វិធានការ​រៀបចំ​គណៈកម្មាធិការ​បែប​ឡមៗ រៀបចំ​គណៈកម្មាធិការ​គ្នា​ឯង ហើយ​ស៊ើប​អង្កេត។ លើស​ពី​នេះ​ទៅ​ទៀត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំទាស់​រាល់​ការ​សំណូម​ពរ​របស់​អង្គការ​ជាតិ និង​អន្តរជាតិ ក្នុង​ការ​ស៊ើប​អង្កេត​លើ​ករណី​កោះ​ពេជ្រ​នេះ»
ឆ្លើយ​តប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ហៅ​ការ​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​ការ​វាយ​ប្រហារ​រដ្ឋាភិបាល ហើយ​ប្ដឹង​ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍​ពី​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន៖ «ផល​ប្រយោជន៍​ដែល​ត្រូវ​បាន​ផ្ដល់​តាម​ច្បាប់ ខ្ញុំ​មិន​ចង់​និយាយ​ទេ​អា​ហ្នឹង ជា​ការងារ​របស់​តុលាការ ក៏​ប៉ុន្តែ​គ្រាន់​តែ​ភាសា​ដែល​គេ​និយាយ​ចោទ​ថា ការ​ធ្វើ​ឃាតកម្ម​គិត​ទុក​ជា​មុន នោះ​ជា​ការ​វាយ​ប្រហារ មិន​មែន​ជា​ការ​ប្ដឹង​ផ្ដល់​ទេ បាន​សេចក្ដី​ថា ខ្លួន​ឯង​យល់​ឃើញ​អ៊ីចឹង​ទៅ ហើយ​តែ​ដាក់​សម្ពាធ​ឲ្យ​តុលាការ​និយាយ​តាម​ខ្លួន​ឯង»
កាល​ពី​រាត្រី​ថ្ងៃ​បង្ហើយ​នៃ​ពិធី​បុណ្យ​អុំទូក ថ្ងៃ​ទី២២ វិច្ឆិកា ឆ្នាំ​២០១០ បន្ទាប់​ពី​ពិធី​បណ្ដែត​ប្រទីប ពិធី​បាញ់​កាំជ្រួច​នៅ​ម៉ោង​ប្រហែល ៩​យប់ ក្នុង​ពេល​តែ​មួយ​សន្ទុះ​ប៉ុណ្ណោះ សោកនាដកម្ម​លើ​ស្ពាន​កោះ​ពេជ្រ បាន​កើត​ឡើង​ដោយ​សារ​មនុស្ស​ផ្អើល​ជាន់​គ្នា​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៣៥៣​នាក់ និង​របួស ៣៩៣​នាក់។
ព្រឹត្តិការណ៍​នេះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើបអង្កេត​មួយ ដោយ​បង្ហាញ​ថា ការ​ស្លាប់​គរ​លើ​គ្នា​ជា​ពំនូក​ស្អិត​ទាញ​មិន​ចង់​ចេញ បណ្ដាល​មក​ពី​ការ​ថប់​ដង្ហើម ដោយ​សារ​តែ​ហ្វូង​មនុស្ស​ដ៏​ច្រើន​ផ្អើល​ជាន់​គ្នា។
ទាក់​ទង​ទៅ​នឹង​ព្រឹត្តិការណ៍​នេះ​ដែរ រដ្ឋាភិបាល​បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជាង ១​ម៉ឺន​ដុល្លារ​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ម្នាក់ៗ ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​នោះ។ បន្ទាប់​មក ក៏​បាន​កម្ទេច​ស្ពាន​ពេជ្រ​នោះ​ចោល និង​សង់​ស្ពាន​ភ្លោះ​ជំនួស​វិញ ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ កុំ​ឲ្យ​មាន​ករណី​នេះ​ទៀត។ មួយ​ឆ្នាំ​ក្រោយ​ព្រឹត្តិការណ៍​នេះ រដ្ឋាភិបាល សាលា​រាជធានី​ភ្នំពេញ បាន​ចំណាយ​ថវិកា ១២​ម៉ឺន​ដុល្លារ ដើម្បី​កសាង​ស្តូប​មួយ នៅ​ក្បែរ​ស្ពាន​នោះ​វិញ ដើម្បី​រំលឹក​ការ​ចងចាំ និង​ឲ្យ​ក្រុម​គ្រួសារ​យក​ជា​ទី​កន្លែង​គោរព​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​នោះ។
ទាក់​ទង​ទៅ​នឹង​បណ្ដឹង​នេះ ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី សុខ សំអឿន មាន​ទស្សនៈ​ថា បទ​ចោទ​ដែល​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​នេះ ហាក់​ជា​ការ​ប្ដឹង​បែប​នយោបាយ ដែល​មិន​ត្រឹមត្រូវ និង​មិន​ឆ្លើយ​តប​ទៅ​នឹង​ផ្លូវ​ច្បាប់​នោះ​ទេ៖ «បទ​ល្មើស​អ៊ីចឹង ដូច​ប្ដឹង​បែប​ហ្នឹង​វា​អត់​ត្រូវ វា​មិន​មែន​ជា​ឃាតកម្ម​គ្រោង​ទុក​ជា​មុន​ទេ ចោទ​អ៊ីចឹង​អត់​ត្រូវ​ទេ។ ព្រោះ​ទាល់​តែ​មាន​ចេតនា គម្រោង ផែនការ វា​មាន​ភស្តុតាង​អី​ស្ទាក់​មនុស្ស​ឲ្យ​ចូល​មក​ហ្នឹង​អី វា​អត់​មាន បើ​ថា​ទាម​ទារ​ឲ្យ​ទទួល​ខុស​ត្រូវ​អី​អូខេ អីចឹង​ណា។ រក​អ្នក​ទទួល​ខុស​ត្រូវ​វិញ ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​ព្រហ្មទណ្ឌ​ទេ»
យុវជន សួង សុភ័ណ្ឌ ដែល​ចេញ​មុខ​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា គាត់​មិន​ព្រួយ​បារម្ភ ឬ​ភ័យ​ខ្លាច​ចំពោះ​ការ​ប្ដឹង​បក​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​លើ​រូប​គាត់​វិញ​នោះ​ទេ។
ទាក់​ទង​ទៅ​នឹង​បណ្ដឹង​នេះ យុវជន សួង សុភ័ណ្ឌ ដដែល​អះអាង​ថា ក្រៅ​ពី​លោក ហ៊ុន សែន លោក​នឹង​ប្ដឹង​ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​ដែល​ទទួល​បន្ទុក​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក កាល​ពី​ឆ្នាំ​២០១០ ចំនួន ៣​នាក់​ថែម​ទៀត ក្នុង​នោះ​រួម​មាន លោក គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ អន្តរជាតិ លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ និង​អតីត​ស្នងការ​ក្រុង​ភ្នំពេញ លោក ទូច ណារុថ។
នៅ​ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១២ យុវជន​ដដែល​នឹង​យក​ពាក្យ​ប្ដឹង​លោក ហ៊ុន សែន នេះ​ទៅ​ដាក់​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អាយ​ស៊ី​ស៊ី (ICC) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហូឡង់ដ៍ (Holland)៕

No comments:

Post a Comment

yes