សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 2, 2013

ព្រះបរម​រាជវាំង​បិទ​ទ្វារ​មិន​ទទួល​ភ្ញៀវ​ទេសចរ​៧ថ្ងៃ

130201_01
កងកិត្តិយស​ ត្រៀមរួចជាស្រេច​កាល​ពីថ្ងៃ​ម្សិលមិញ​ ក្នុង​ការ​ថ្វាយព្រះ​រាជវន្ទន​កិច្ចបាញ់​
កាំ​ភ្លើង​ធំ ១០១ណាត់​ សម្រាប់​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរមសពព្រឹក​នេះ

ភ្នំពេញៈ តំបន់​ទេសចរណ៍​នៅ​ក្នុង​ព្រះ​បរម​រាជវាំង​កាល​ពី​ថ្ងៃ​ម្សិលមិញ ត្រូវ​បាន​ដាក់​បម្រាម​ហាម​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មិន​អនុញ្ញាត ចូល​ទស្សនា​ក្នុង​រយៈ​ពេល​៧​ថ្ងៃ​ក្រោយ​ពី​​រដ្ឋាភិបាល​ប្រកាស​កាន់ ព្រះ​បរមរណ​ទុក្ខ​ចំពោះ​ព្រះ​បរមសព​សម្ដេច​ឪ​ជា​លើក​ទី​ពីរ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​សុក្រ​ទី​១ ខែ​កុម្ភៈ​ដល់​ថ្ងៃ​ទី៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៣​។
សេចក្តី​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​សរសេរ​អក្សរ​ នៅ​លើ​ក្តារ​ឆ្នួន​ដាក់​នៅ​មាត់​ច្រក​ចូល​ព្រះវិហារ​ព្រះ​កែវ​មរក​ត ឬ​ព្រះ​បរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​ជា​ភាសា​ខ្មែរ​និង​ភាសា​អង់គ្លេស។
មន្ត្រី នគរបាល​យាម​ព្រះ​បរមរាជ​វាំង​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ព្រះ​បរម​រាជ​វាំង​ចង់​រក្សា​បរិយាកាស​ស្ងប់ស្ងាត់ នៅ​ក្នុង​អំឡុង​ពេល​ចូល​រួម​កាន់​ព្រះ​បរមមរណ​ទុក្ខ​លើក​ទីពីរ​ដើម្បី​ សម្ដែង​ការ​គោរព​ ជា​លើក​ចុង​​ក្រោយ​ចំពោះ​សម្ដេច​ព្រះ​មហា​វីរក្សត្រ។

ជា រៀងរាល់​ថ្ងៃ អ្នក​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​ចេញ​ចូល​ទស្សនា​ព្រះ​បរមរាជវាំង តាម​ច្រក​ខាង​ត្បូង ដោយ​មាន​ក្រុមហ៊ុន​ទេសចរណ៍​រៀបចំ​ដំណើរ​កម្សាន្ត សម្រាប់​អ្នក​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​។
ទន្ទឹម​នឹង​ការ​បិទ​ តំបន់​ទេសចរណ៍​នេះ ​មន្ទីរ​កសិកម្ម​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការ​ហាម​ឃាត់​យានយន្ត​គ្រប់​ប្រភេទ​មិន​ឲ្យ​ដឹក​សត្វ​មាន់ ទា ចាប់​ពី​រង្វង់​មូល​ចោមចៅ ដែល​ស្ថិត​នៅ​លើ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ ព្រះ​នរោត្ដម​ ព្រះ​សីហនុ និង​មហា​វិថី​ព្រះស៊ីសុវត្ថិ​។​
លោក ស៊ាង បូរិន ប្រធាន​មន្ទីរ​កសិកម្ម​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុម​មន្ត្រី​របស់​លោក​នៅ​ខណ្ឌ​ទាំង​៩ ចាប់​ផ្ដើម​ចុះ​ពិនិត្យ​មើល​គ្រប់​ផ្លូវ​ធំៗ​ទាំង​អស់ ក្រែង​លោ​មាន​អ្នក​លក់​​មាន់ ​ទា ​ដឹក​ឆ្លង​កាត់​ផ្លូវ​ដែល​បាន​ហាម​ឃាត់​ទាំង​នេះ​។ លោក​បាន​ថ្លែង​ថា ៖ «​អ្នក​លក់​សត្វ​រស់​នឹង​អនុញ្ញាត​ឲ្យ​បន្ត​ដឹក​សត្វ​ មាន់​ ទា​ ពួក​គាត់​ឡើង​វិញ​នៅ​ក្រោយ​ថ្ងៃ​ទី ៦​កុម្ភៈ​»។​
រីឯ​ទង់​ជាតិ​ នៅ​ទូទាំង​ប្រទេស​ត្រូវ​បង្ហូត​ត្រឹម​១ភាគ​បី​នៃ​ដង ចំណែក​សកម្មភាព​កម្សាន្ត​សប្បាយ​នានា រួម​ទាំង​នៅ​តាម​កញ្ចក់​ទូរទស្សន៍ និង​វិទ្យុ​ជាដើម ត្រូវ​ផ្អាក​មួយ​រយៈ​សិន។
នៅ​ឯវត្ត​បទុមវតី​វិញ ក៏​មាន​យុវជន​ប្រមាណ​ជា​៩០​នាក់ មក​ពី​២៤​ ខេត្ត-ក្រុង មក​ចូល​រួម​ពិធី​កោរ​សក់​បួស​ជា​នាគ​យុវជន​ដើម្បី​កាន់​ទុក្ខ​ព្រះ​បរមរតន កោដ្ឋ​រយៈ​ពេល​៧ថ្ងៃ និង​សម្តែង​ការ​ដឹង​គុណ ចំពោះ​ព្រះបរមសព​សម្តេច​ឪ​ ដែល​បាន​កសាង​ប្រទេស​ឲ្យ​មាន​ការ​រីក​ចម្រើន​នៅ​ក្នុង​យុគសម័យ​របស់​ព្រះ​ អង្គ​កាន់​អំណាច​។​
សូមរំឭក​ថា​ ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​​ដង្ហែ​និង​ថ្វាយ​ព្រះ​ភ្លើង​ ព្រះ​បរមសព ព្រះបរម​រតន​កោដ្ឋ​ សម្តេច​ព្រះ​នរោត្តម សីហនុ រាជរដ្ឋាភិបាល​ក៏​បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​រាជការ​ និង​កម្មករ​រោង​ចក្រ​កាត់​ដេរ​ឈប់​សម្រាក​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​ថ្ងៃ​ទី​១​ និង​ថ្ងៃ​ទី​៤​ ខែកុម្ភៈ នេះ​ផង​ដែរ​។
ចំណែក​គ្រឹះ​ស្ថាន​រដ្ឋ​ និង​​ឯក​ជន​រួម​ទាំង​ក្រុមហ៊ុន​នានា​ ដែល​ស្ថិត​នៅ​អម​សង​ខាង​ផ្លូវ​ ដែល​​ត្រូវ​ក្បួន​ដង្ហែ​ព្រះ​បរម​សព​ឆ្លង​កាត់​ ព្រម​ទាំង​ផ្សារ​ធំ​ថ្មី និង​ផ្សារ​កណ្តាល ក៏​ត្រូវ​បិទ​ទ្វារ​រយៈ​ពេល​មួយ​ព្រឹក​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១៣​ ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​។
យោង​ តាម​សារាចរ​ណែនាំ​របស់​រាជ រដ្ឋាភិបាល ការ​បាញ់​កាំភ្លើង​ធំ ១០៥ ម.ម នឹង​ត្រូវ​ធ្វើ​ឡើង​ផង​ដែរ ក្នុង​ឱកាស​ដង្ហែ​ក្បួន​ព្រះបរម​សព​ចេញ​ពី​ព្រះបរម​រាជ​វាំង ការ​តម្កល់​ព្រះសព​នៅ​លើ​វាល​ព្រះមេរុ និង​ក្នុង​ពិធី​ថ្វាយ​ព្រះភ្លើង​ព្រះ​បរម​សព​សម្តេច​ឪ។ ការ​បាញ់​កាំភ្លើង​ធំ​សាកល្បង​ ក៏​ត្រូវ​បាន​ធ្វើ​រួច​ហើយ ដែរ កាល​ពី​​ថ្ងៃទី២៥ មករា​កន្លង​មក​។
អគ្គស្នងការ​នគរបាល​ជាតិ​ ក៏បាន​សម្រេច​ដាក់​ពង្រាយ​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ មាន​នគរបាល​ជាតិ កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​យោធា សរុប​ចំនួន​ជាង ១​ម៉ឺន​នាក់ នៅ​តាម​គោលដៅ​សំខាន់ៗ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់​ធ្នាប់​សាធារណៈ ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ខាង​មុខ​នេះ។
គួរ​រំឭក​ថា អតីត​ព្រះមហាក្សត្រ​ព្រះបរមរតនកោដ្ឋ ព្រះ​មហាវីរក្សត្រ ព្រះបាទ នរោត្តម​ សីហនុ បាន​សោយ​ទិវង្គត​នៅ​ថ្ងៃទី​១៥ ខែ​តុលា ២០១២ វេលា​ម៉ោង ១:២០ នាទី​យប់ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ក្នុង​ជន្មាយុ​៩០​ព្រះវស្សា​ដោយ​ព្រះជរាពាធ៕

No comments:

Post a Comment

yes