ពលរដ្ឋសហគមន៍ថ្មគោល និងសហគមន៍ក្រីក្រនៅរាជធានី មកតវ៉ានៅមុខ
ទូតបារាំងម្សិលមិញ
ភ្នំពេញៈ ប្រជាពលរដ្ឋក្នុងសហគមន៍ថ្មគោល ជាប់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួមនឹងសហគមន៍ក្រីក្រមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ ប្រមាណជាង១០០នាក់ បាននាំគ្នាទៅតវ៉ានៅស្ថានទូតបារាំងនៅភ្នំពេញដើម្បីដាក់ញតិ្ត សុំកិច្ចអន្តរាគមន៍ពីលោកឯកអគ្គរដ្ឋទូត ជួយបញ្ឈប់គម្រោងបណ្តេញប្រជាជនចេញ ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះរបស់ក្រុមហ៊ុនបារាំង។
ញតិ្តប្រជា សហគមន៍ថ្មគោល មានជាបីភាសា(ខ្មែរ-អង់គ្លេស-បារាំង)នោះបានបញ្ជាក់ថា ក្រុមហ៊ុនបារាំងចំនួនពីរ គឺ Proparco និងក្រុមហ៊ុន Vinci ជាក្រុមហ៊ុនសម្បទាន និងសាងសង់ដ៏ធំមួយក្នុងប្រទេសបារាំង បានរួមសហការគ្នាវិនិយោគលើគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅកម្ពុជា។
ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសបារាំង បានដកស្រង់សម្ដី លោក NiClas Notebaert ប្រធានក្រុមហ៊ុន Vinci ពីក្នុងសន្និសីទស្ដីពីការអភិវឌ្ឍអាកាសយានដ្ឋានសកល នៅទីក្រុងប៉ារីស កាលពីខែវិច្ឆិកា ឆ្នាំ២០១២ ថា ក្រុមហ៊ុន Vinci គ្រោងនឹងចំណាយទុនវិនិយោគជិត ៤០០លានដុល្លារអាមេរិក ដើម្បីស្ថាបនាកែលម្អប្រព័ន្ធអាកាសយានដ្ឋាន របស់ប្រទេសកម្ពុជារយៈពេល៨ឆ្នាំទៅមុខទៀត។
អ្នកស្រី ច្រាយ នីម អ្នកតំណាងម្នាក់របស់ពលរដ្ឋ១៨២គ្រួសារបានប្រាប់ថា៖ «នេះជាមូលហេតុដែលយើងខ្ញុំកំពុងប្រឈមទៅនឹងការបណ្ដេញពីលំនៅដ្ឋានដោយបង្ខំ ពីអាជ្ញាធរដែនដី»។
អ្នកស្រី បន្តថា បច្ចុប្បន្នប្រជាសហគមន៍ កំពុងព្រួយបារម្ភជាខ្លាំង តាំងពីទទួលបានលិខិតជូនដំណឹងពីអាជ្ញាធរដែនដីកាលពីថ្ងៃទី២៥ ខែកក្កដាឆ្នាំមុន ដែលបានបង្គាប់ឲ្យអ្នកមានផ្ទះ១០ម៉ែត្រពីរបងព្រលានយន្តហោះអន្តរជាតិភ្នំពេញ រុះរើផ្ទះចេញក្នុងរយៈពេល៧ថ្ងៃឲ្យរួច ដោយមិនបញ្ជាក់ពីការផ្ដល់សំណងអ្វីទាំងអស់។
អ្នកស្រីបន្ថែមថា ដោយក្ដីបារម្ភ បែបនេះហើយ ទើបពួកគាត់បាននាំគ្នាដាក់ញតិ្តសុំកិច្ចអន្តរាគមន៍ពីគ្រប់ ស្ថាប័នពាក់ព័ន្ធ រួមទាំងការសរសេរសារ(SOS) លើដំបូលផ្ទះ ដើម្បីទាញចំណាប់អារម្មណ៍ពីមេដឹកនាំសំខាន់ៗ ក្នុងពិភពលោក ពិសេសលោកបារ៉ាក់ អូបាម៉ា ដែលអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅកម្ពុជាឲ្យជួយអន្តរាគមន៍។ ក្នុងអំឡុងពេលនោះ រូបគាត់ និងអ្នកភូមិ៧នាក់ផ្សេងទៀត ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនជាង១០ម៉ោង។
អ្នកស្រី ឆាយ នីម បានប្រាប់ឲ្យដឹងថា ពួកគាត់ក៏បានទៅជួបដាក់ញតិ្តសុំការបំភ្លឺពីក្រុមហ៊ុនពាក់ព័ន្ធខាងលើនេះ ហើយក្រោយមក តំណាងក្រុមហ៊ុន Proparco បានប្រាប់ពួកគាត់ថា៖«ការអភិវឌ្ឍទាំងអស់ រួមទាំងការពង្រីកអាកាសយានដ្ឋានភ្នំពេញ ធ្វើឡើងតែក្នុងរង្វង់ស្នាមដៅបច្ចុប្បន្នពុំមានការពង្រីកដីបន្ថែមទៀតទេ ហើយរបងសុវត្ថិភាពខាងក្នុង គឺបន្តសាងសង់ឲ្យឆ្លើយតបទៅនឹងស្ដង់ដារសុវត្ថិភាពរបស់អង្គការអាកាសយានដ្ឋានអន្តរជាតិ»។
អ្នក ស្រីបន្ថែមថា៖ «មកទល់ពេលនេះតំណាងក្រុមហ៊ុនVinci នៅមិនទាន់ឆ្លើយតបទេ។ ប៉ុន្តែតំណាងក្រុមហ៊ុន SCA ដែលជាដៃគូក្រុមហ៊ុននេះ ប្រាប់ពួកយើងថា តំបន់ទ្រនាប់សុវត្ថិភាពជាហេតុផលនៃការបណ្ដេញពួកយើង»។
ទោះយ៉ាងណា ភាគីក្រុមហ៊ុនSCA មិនអាចទាក់ទងសុំការពន្យល់បានទេ ជុំវិញបញ្ហានេះ ខណៈភាគីក្រុមហ៊ុន Propaco បានបដិសេធផ្ដល់ការអធិប្បាយកាលពីម្សិលមិញ ។
តំណាងប្រជាពលរដ្ឋម្នាក់ទៀត អ្នកស្រី ខៀវ សាវី បាននិយាយថា គាត់នៅតែបារម្ភពីការបណ្ដេញ ចេញពីលំនៅដ្ឋាននាអនាគតដ៏ខ្លីនេះ បើទោះជាក្នុងអំឡុងប្រទេសកម្ពុជាជាប់រវល់ក្នុងពិធីកាន់ទុក្ខ ព្រះបរមសពសម្តេចឪ អាជ្ញាធរបាននៅស្ងាត់ស្ងៀម មិនចាត់ការរុះរើលំនៅដ្ឋានពួកគាត់ក្ដី។
អ្នកស្រីថ្លែងថា៖«យើង នៅតែបារម្ភ ខ្លាចអាជ្ញាធរប្រើកម្លាំងបណ្ដេញពួកយើង ក្រោយពិធីកាន់ទុក្ខថ្វាយព្រះភ្លើងព្រះបរមរតនកោដ្ឋបានបញ្ចប់។ ហេតុនេះ ទើបពួកយើងមកដាក់ញតិ្តអំពាវនាវសូមឲ្យលោកឯកអគ្គរដ្ឋទូតជួយ អន្តរាគមន៍រឿងនេះ»។ «ពួកយើងមិនជំទាស់នឹងការអភិវឌ្ឍទេ តែយើងសូមឲ្យមានដំណោះស្រាយឲ្យបានសមស្រប»។
ក្នុងអំឡុងការតវ៉ា សន្តិសុខស្ថានទូតបារាំងម្នាក់ចេញមកទទួលយកញតិ្តពីអ្នកភូមិ និងបានប្រាប់ថា លោកឯកអគ្គរដ្ឋទូតកំពុងជាប់រវល់។ តែមន្ត្រីសន្តិសុខទូតបារាំងរូបនោះ សន្យាថានឹងនាំយកញត្តិនេះទៅប្រគល់ជូនដល់ដៃលោកឯកអគ្គរដ្ឋទូតនិង ផ្ដល់ដំណឹងនៅពេលក្រោយ៕
No comments:
Post a Comment
yes