សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, February 13, 2013

អ្នក​រក​រ៉ែ​មាស​លក្ខណៈ​គ្រួសារ​រីក​ដុះដាល​ទោះ​បី​តម្រូវ​ឲ្យ​បង់​លុយ

130213_01
ប្រជាពលរដ្ឋ​​ ពិនិត្យ​មើល​កម្ទេច​កម្ទី​មាស​នៅ​ក្នុង​ឆាង​សម្រាប់​រែង​។ មាន​ប្រជាពលរដ្ឋ​ជាច្រើន​
 នាំ​គ្នា​រុក​រក​រ៉ែ​មាស​​​​​នៅ​ក្នុង​ស្រុក​សណ្ដាន់​ ខេត្ត​កំពង់​ធំ​

កំពង់ធំៈ អស់​រយៈ​ពេល​៤ ឆ្នាំ​មក​ហើយ ដី​សម្បូរ​រ៉ែ​ចូល​ជ្រៅ​ក្នុង​តំបន់​ព្រៃ​ឡង់​នេះ បាន​ទាក់​ទាញ​ក្រុម​អ្នក​រក​រ៉ែ​មាស​ខ្នាត​តូច​តាម​រដូវកាល​រាប់​ពាន់​ នាក់។ ពេល​ភ្លៀង​ធ្លាក់​កាន់​តែ​ខ្លាំង ផ្លូវ​ពោរពេញ​ទៅ​ដោយ​ដី​ភក់ ប្រជាជន​ជាច្រើន​គ្រួសារ​សម្រុក​ចូល​មក​កាន់​តំបន់​មាន​រ៉ែ​មាស​​មួយ​ នេះ។
ពួក​គេ​ត្រូវ​ខិតខំ​ជាច្រើន​ម៉ោង ពេល​ខ្លះ​ជាច្រើន​ថ្ងៃ ដើម្បី​ទៅ​ដល់​តំបន់​សំខាន់ ដែល​នៅ​ទី​នោះ​ពួក​គេ​បាន​ទម្លាក់​របស់​របរ​ពី​ខ្លួន សាង​សង់​ខ្ទម​តូចៗ ហើយ​ខ្លះ​ក្រាប​នឹង​ដី និង​ខ្លះ​លុត​ជង្គង់ ដើម្បី​ចាប់​ផ្តើម​រែង​រក​រ៉ែ​មាស​នៅ​ក្នុង​ថ្លុក​មួយ​។ ​ពេល​ខ្លះ គេ​អាច​ជួប​សំណាង​ល្អ ពេល​ខ្លះ​ក៏​គ្មាន​សំណាង​ ពេល​ខ្លះ​គេ​បាន​ឃើញ​ល្បាយ​មាស​ល្អិតៗ ហើយ​បន្តិច​ក្រោយ​មក វា​ក៏​ហូរ​បាត់​ទៅ​វិញ។

ពួក​គេ​មិន​រស់​នៅ​ទីនេះ​រហូត​ទេ។ គ្រួសារ​អ្នក​រែង​មាស​ត្រូវ​វិល​ត្រឡប់​មក​ធ្វើ​ស្រែ​ចម្ការ​របស់ ខ្លួន​វិញ ដោយ​បន្សល់​ទុក​តែ​ស្នាម​រណ្តៅ​ដែល​បង្ហាញ​ពី​ទីតាំង​ជីក និង​រុក​រក​រ៉ែ​មាស​ប៉ុណ្ណោះ។
នៅ​រដូវ​ប្រាំង គេ​បើក​រថយន្ត​ជា​ច្រើន​ម៉ោង​ឆ្លង​កាត់​ភូមិ​ដ៏​ស្ងាត់​ជ្រងំ។ ទីបំផុត អ្នក​នឹង​ឆ្លង​កាត់​ភូមិ​មួយ ឬ​ភូមិ​ពីរ ដែល​មាន​អ្នក​រែង​រ៉ែ​មាស​មួយ​ចំនួន​តូច។ ក្នុង​ចំណោម​អ្នក​រែង​មាស​រាប់​ពាន់​នាក់ នៅ​ព្រំ​ប្រទល់​ខេត្ត​ក្រចេះ និង​កំពង់ធំ ក្នុង​អំឡុង​រដូវ​វស្សា មាន​អ្នក​រែង​មាស​តិច​ជាង​១០០​នាក់​ប៉ុណ្ណោះ ដែល​បាន​ស្នាក់​នៅ​ទី​នេះ​ពេញ​មួយ​ឆ្នាំ។ ទិន្នផល​មាស​ដែល​ពួក​គាត់​រក​បាន ហាក់​មិន​បាន​ធ្វើ​ឲ្យ​ជីវភាព​ពួក​គេ​ប្រសើរ​ឡើយ។
អ្នក​រែង​រ៉ែ​ក្នុង​រដូវ​ប្រាំង​ជា​អ្នក​ខក​ចិត្ត​ និង​ក្រីក្រ​បំផុត។ ពួក​គេ​ជា​មនុស្ស​វ័យ​ចាស់​បាន​ធ្វើ​ដំណើរ ពី​កន្លែង​រ៉ែ​មួយ​ទៅ​កន្លែង​រ៉ែ​មួយ​ទៀត ដោយ​រែង​រ៉ែ​មាស និង​ផ្លាស់​ទី​កន្លែង​មួយ​ទៀត​​នៅ​ពេល​អស់​រ៉ែ។ ពួក​គេ​ផ្សង​ព្រេង​លើ​ការ​រែងមាស ក្រៅ​ពី​ការ​ធ្វើ​ស្រែ​ចម្ការ​។ ពួក​គេ​ជា​គ្រួសារ​ដែល​បាន​ខិតខំ​តែ​ទទួល​បរាជ័យ​ក្នុង​មុខ​របរ​ដទៃ ទៀត​ទាំង​អស់ ហើយ​ពុំ​មាន​មធ្យោបាយ​ដទៃ​ទៀត​ឡើយ​។
ឈរ​នៅ​មាត់​រណ្តៅ ​ធំ​មួយ ​លោក យីន ភក្តី អាយុ​២៥ ឆ្នាំ បាន​តាម​មើល​ប្អូន​ថ្លៃ​របស់​ខ្លួន​ពីរ​នាក់ ដែល​ឈរ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ខាង​ក្រោម​លោក ក្នុង​ទឹក​ត្រឹម​ស្មង​ជើង ដោយ​ខិត​ខំ​កែ​កុន​ម៉ាស៊ីន​បូម​ល្បាយ​ដី។ អ្នក​ទាំង​បី​បាន​ចំណាយ​ពេល​មួយ​សប្តាហ៍​ដើម្បី​ជីក​រណ្តៅ​រ៉ែ​ទំហំ​១០ ម៉ែត្រ គុណ​១០ ម៉ែត្រ ដោយ​ដៃ ហើយ​ក្នុង​រយៈ​ពេល​១០ ថ្ងៃ​បន្ទាប់ នឹង​ប្រើ​ម៉ាស៊ីន​បូម​ដី​រ៉ែ​ចេញ​ដោយ​បញ្ជូន​ដី​ភក់​ពី​រណ្តៅ​រ៉ែ​មាស​នោះ​ចូល​តាម​ចង្អូរ​ដែល​ពួក​គេ​បាន​ជីក។​
លោក ភក្តី បាន​បន្ត​ថា៖ «​ក្នុង​រដូវ​វស្សា ខ្ញុំ​បាន​ធ្វើ​ការ​ឲ្យ​អ្នក​ដទៃ​ទៀត ហើយ​យើង​រក​បាន​ប្រាក់​១៥០០០ រៀល​ក្នុង​មួយ​ថ្ងៃ។ បន្ទាប់​ពី​ខ្ញុំ​ធ្វើ​រួច​មក ខ្ញុំ​មើល​ឃើញ​ថា វា​ងាយស្រួល ខ្ញុំ​បាន​សម្រេច​ចិត្ត​សាក​ល្បង​វា​ដោយ​ខ្ចី​ម៉ាស៊ីន»។
ខណៈ​ដែល​អ្នក​ជីក​រ៉ែ​ដណ្តើម​កន្លែង​គ្នា​ក្នុង​អំឡុង​រដូវវស្សា ឥឡូវ​នេះ ដល់​ពេល​ចាប់​យក​ដី។ នៅ​ពេល​លោក ភក្តី បញ្ចប់​ការ​ជីក​យក​រ៉ែ​ពី​កន្លែង​បច្ចុប្បន្ន​របស់​លោក ដែល​នៅ​សល់​តែ​រណ្តៅ​គ្មាន​រ៉ែ​មាស​ទៀត​នោះ លោក​អាច​ចាប់​ផ្តើម​ជា​ថ្មី​នៅ​កន្លែង​ផ្សេង​ទៀត។
ព្រៃ​ងាយស្រួល មាន​អត្ថប្រយោជន៍​ចំពោះ​ការ​ជីក​រក​ក្នុង​រដូវ​​ប្រាំង ​ទី១ គឺ​កន្លែង និង​ទី២ គឺ​ការ​ចៀស​ផុត​ពី​ប្រព័ន្ធ​កំណត់​ពន្ធ​ក្រៅ​ផ្លូវ​ការ។
រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ទីភ្នាក់ងារ​អភិវឌ្ឍន៍​បាន​ជំរុញ​ឲ្យ​មាន​គម្រោង​ផ្តល់​អាជ្ញា​ប័ណ្ណ ដើម្បី​ជួយ​តាម​ដាន និង​គ្រប់គ្រង​វិស័យ​រក​រ៉ែ​ខ្នាត​តូច។ ​បើ​ទោះ​បី​ជា សិប្បកម្ម​រ៉ែ​ត្រូវ​មាន​អាជ្ញាប័ណ្ណ​ក្រោម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង និង​ធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​ក៏​ដោយ ប៉ុន្តែ​តាម​ពិត មាន​ចំនួន​តិចតួច​ណាស់ ដែល​មាន​អាជ្ញាប័ណ្ណ។
ខណៈ​ដែល​ក្រប​ខ័ណ្ឌ​ច្បាប់​មាន​ជា​ស្រេច កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ​បាន​សរសេរ​ក្នុង​ឯកសារ​សង្ខេប​ឆ្នាំ​២០១១ ស្តីពី​ការ​ជីក​រក​រ៉ែ​ខ្នាត​តូច​ថា «​ប្រការ​ច្បាប់​ពុំ​ទាន់​បាន​រៀប​ចំ​ជាគោល​នយោបាយ​ដែល​សកម្ម​នៅ​ ឡើយ​ទេ»។ អ្នក​និពន្ធ​ជំរុញ​ថា៖ «​គោល​នយោបាយ​ថ្មី​គួរ​រៀបចំ​ឡើង​ដើម្បី​អនុញ្ញាត​ឲ្យ​បុគ្គលិក និង​ក្រុមហ៊ុន​[សិប្បកម្ម​រ៉ែ និង​អាជីវកម្ម​រ៉ែ​ខ្នាត​តូច] ធ្វើ​ការ​រួម​គ្នា ដើម្បី​សម្រួល​ការ​ចែក​រំលែក​លទ្ធភាព​ប្រើប្រាស់​ធនធាន ព្រម​ទាំង​ផ្តល់​សមភាព និង​ឱកាស​ដល់​បុគ្គលិក​នៃ​សិប្បកម្ម​រ៉ែ និង​អាជីវកម្ម​រ៉ែ​ខ្នាត​តូច ទទួល​បាន​អាជ្ញាប័ណ្ណ»។
ផ្ទុយ​ទៅ​វិញ ខណៈ​ដែល​អាជីវកម្ម​រ៉ែ​ខ្នាត​ធំ​បាន​រីក​ដុះដាល រដ្ឋាភិបាល​ព្រងើយ​កន្តើយ​មិន​គ្រប់គ្រង​អាជីវកម្ម​រ៉ែ​ខ្នាត​តូច បែរ​ជា​ផ្តោត​ធនធាន​លើ​ការ​ចំណេញ​ធំ​ទៅ​វិញ។ ក្នុង​ស្រុក​សណ្តាន់ ខណៈ​ដែល​នៅ​កន្លែង​ជា​ច្រើន សម្បូរ​ទៅ​ដោយ​អាជីវកម្ម​រ៉ែ​ខ្នាត​តូច កង្វះ​នៃ​ការ​គ្រប់​គ្រង​បាន​បង្កើត​ចន្លោះ​ប្រហោង ដោយ​អនុញ្ញាត​អ្នក​មាន​អំណាច​ក្នុង​ស្រុក​រក​បាន​ប្រាក់​ចំណេញ​យ៉ាង​ ច្រើន​ពី​ចំណោម​អ្នក​រក​រ៉ែ​រាប់​សិប​នាក់​ដែល​បាន​សម្ភាស ម្នាក់​ៗ​ថា បញ្ហា​ឈឺ​ក្បាល​បំផុត​ក្នុង​ការ​ជីករ៉ែ គឺ​ការ​ដោះស្រាយ​ជាមួយ​នឹង​ទាហាន​។ ​ក្នុង​មួយ​ខែ ក្នុង​អំឡុង​រដូវ​សម្បូរ ទាហាន​បាន​មក​ដើរ​ប្រមូល​កម្រៃ​បិទ​ភ្នែក​ចំពោះ​សកម្មភាព​ខុស​ច្បាប់​ នេះ។ តម្លៃ​នោះ​គឺជា​តម្លៃ​តែ​មួយ គឺ ៥០ ដុល្លារ​អាមេរិក​ពី​អ្នក​ដែល​រក​រ៉ែ​ដោយ​ម៉ាស៊ីន និង ២៥០០០ រៀល​ពី​អ្នក​ទាំង​ឡាយ​ដែល​រែង​រ៉ែ​នឹង​ដៃ។ ព្រម​ជាមួយ​នឹង​អត្រា​កម្ចី​ធនាគារ​ខ្ពស់ (​អ្នក​ជីក​រ៉ែ​ភាគ​ច្រើន​ដែល​បាន​សម្ភាស​ត្រូវ​បង់​ការ​ប្រាក់ ៣៥ ភាគរយ​លើ​កម្ចី​ដែល​យក​មក​ប្រើ​ដើម្បី​ទិញ​ម៉ាស៊ីន​បូម និង​ប្រេង) កម្រៃ​យក​ដោយ​ទាហាន​បាន​ប្រែ​ក្លាយ​អាជីវកម្ម​រក​ចំណេញ​នេះ​ទៅ​ជា អាជីវកម្ម​ត្រឹម​តែ​ចិញ្ចឹម​ជីវិត។ បន្ទាប់​ពី​បង់​លើ​របស់​ផ្គត់​ផ្គង់ និង​ប្រេង គ្រួសារ​អ្នក​ជីក​រ៉ែ​ដែល​ប្រើ​ប្រាស់​ម៉ាស៊ីន​បូម​តូច​មួយ អាច​រក​បាន ២០០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ ទោះ​ជា​យ៉ាង​ណា ប្រាក់​នោះ​ស្ទើរ​ទាំង​អស់ នឹង​ធ្លាក់​ក្នុង​ដៃ​ធនាគារ ឬ​ទាហាន។ ប៉ុន្តែ​ទាហាន​ធ្វើ​ឲ្យ​អ្នក​ជីក​រ៉ែ​ឈឺក្បាល​បំផុត។
លោក​ស្រី ស្រីអូន អាយុ ៤១ ឆ្នាំ ដែល​បាន​រស់​នៅ​ជាមួយ​នឹង​គ្រួសារ​នៅ​ទី​នេះ​រយៈ​ពេល ៣ ឆ្នាំ​មក​ហើយ បាន​ថ្លែង​ថា៖ «ច្បាស់​ណាស់ បញ្ហា​ចម្បង​គឺ​ទាហាន»។​
ខណៈដែល​លោក​ស្រី អូន និយាយ​ថា៖ «​ពី​ខែ​មិថុនា​ដល់​ខែ​ធ្នូ ទាហាន​បាន​ឆ្លង​កាត់​ទីនេះ។ ពួក​គេ​អះអាង​ថា ពួក​គេ​មក​ការ​ពារ​ប្រជាជន​ទីនេះ ប៉ុន្តែ​ពួក​គេ​មិន​ការពារ​ទេ ពួក​គេ​គ្រាន់​តែ​មក​គំរាម​កំហែង។ ប្រសិន​បើ​អ្នក​បង់​លុយ​យឺត​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ គេ​នឹង​មក​កន្លែង​ជីក​រ៉ែ​របស់​អ្នក និង​គំរាម​បិទ​កន្លែង​អ្នក​ចោល​ឬ​ចាប់​យក​ម៉ាស៊ីន»។ ​ប្តី​របស់​លោក​ស្រី​លោក លុន វាសនា អាយុ ៤៤ ឆ្នាំ បាន​ដើរ​ចូល​មក​ពី​កន្លែង​រ៉ែ​របស់​ប្តី​ប្រពន្ធ​ទាំង​ពីរ​ ចម្ងាយ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ផ្ទះ​របស់​ពួក​គេ។ ដោយ​ពាក់​អាវ​យឺត និង​ខោ​ខ្លី លោក វាសនា ដុត​បារី ហើយ​ងក់​ក្បាល​ឯកភាព ខណៈ​ដែល​ប្រពន្ធ​លោក​និយាយ។​ លោក​ស្រី​បាន​បន្ត​ថា៖ «​ហេតុ​អ្វី​បាន​ជា​ទាហាន​យក​ប្រាក់? គេ​ថា ប្រាក់​សម្រាប់​បង់​ពន្ធ​ជូន​រដ្ឋាភិបាល តែ​ខ្ញុំ​មិន​គិត​ដូច្នោះ​ទេ»។
ការ​ហៅ​ទូរស័ព្ទ​ទៅ​មន្រ្តី​កង​យោធពល​ខេមរភូមិន្ទ​ពុំ​ទទួល​បាន​ការ​ ឆ្លើយ​តប​ទេ​ក្នុង​សប្តាហ៍​នេះ ​ចំណែក​ឯ​មន្រ្តី​នៅ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ដែរ។​
កត្តា​រុញ​ច្រាន និង​កត្តា​ទាក់ទាញ នៅ​ពេល​លោក ចាន​ ជីរិន សើច ដីភក់​ជាប់​ថ្ពាល់​របស់​លោក​បាន​ធ្លាក់​ចុះ​។ ជា​អ្នក​ជំនាញ​ក្នុង​ចំណោម​អ្នក​ជំនាញ បុរស​អាយុ​ ៤៥ ឆ្នាំ​រូប​នេះ បាន​ប្រាប់​ពី​កន្លែង​ដែល​លោក​ធ្លាប់​រស់​នៅ ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដូចជា «​មណ្ឌលគិរី ប៉ៃលិន ស្នងអ៊ន ​ភ្នំជី អូរតាកែវ»។ ​លោក​បាន​បន្ត​ថា៖​«វា​មិន​ពិបាក​សោះ​ ក្នុង​រដូវ​វស្សា ហើយ​ប្រសិន​បើ​យើង​មិន​អាច​រក​បាន​មាស​ទេ យើង​គ្រាន់​តែ​ប្តូរ​ទៅ​កន្លែង​មួយ​ទៀត»។ នៅពី​ក្រោយ​លោក មាន​ម៉ាស៊ីន​តូច​មួយ​បាន​កំពុង​បូម​ទឹក​ជាប់​ជានិច្ច​។ ពី​ក្រោយ​ទៀត មាន​រណ្តៅ​ជា​ច្រើន ដែល​មាន​អ្នក​ជីករ៉ែ​ម្នាក់​ ឬ​ពីរ​នាក់​ក្នុង​នោះ ដែល​អង្គុយ​ចុះ​ព្យាយាម​រែង​ទឹក​ចេញ​ ទាល់​តែ​ឃើញ​ដុំ​មាស​ដ៏​ល្អិតៗ។
លោក ជីរិន បាន​បន្ថែម​ថា៖ «​មនុស្ស​ភាគ​ច្រើន​នៅ​ទីនេះ រែង​ដោយ​ដៃ»។ ​ខណៈ​ដែល​ទី​ជម្រក​ទំនេរ​ជា​ច្រើន​នៅ​តំបន់​នេះ​មើល​ទៅ​ដូច​ជា​ភូមិ ដែល​កន្លែង​គាត់​រក​រ៉ែ ​មាន​សុទ្ធ​តែ​តង់តូចៗ។ សូម្បី​តែ​លោក ជីរិន ដែល​មាន​លទ្ធភាព​រក​រ៉ែ​ដោយ​ម៉ាស៊ីន​បូម ក៏​រស់​នៅ​ក្នុង​តង់​បណ្តោះ​អាសន្ន​នោះ​ដែរ។ ​លោក​បាន​បញ្ជាក់​ថា៖ «​ប្រសិន​បើ​ ក្នុង​អំឡុង​រយៈ​ពេល ២ ទៅ​៣ ថ្ងៃខ្ញុំ​មិន​អាច​រក​មាស​តម្លៃ ៣៥​ម៉ឺន រៀល​ទេ​នោះ ​ខ្ញុំ​នឹង​គ្មាន​លទ្ធភាព​ចិញ្ចឹម​គ្រួសារ​ទេ ហើយ​ខ្ញុំ​ត្រូវ​រក​កន្លែង​មួយ​ទៀត​ដើម្បី​ជីក​រ៉ែ។ ខ្ញុំ​បាន​ដើរ​តាម​គេ​ពី​កន្លែង​រ៉ែ​មួយ​ទៅ​កន្លែង​រ៉ែ​មួយ​ទៀត តាំង​ពី​ខ្ញុំ​នៅ​ក្មេង។ វា​ជា​ការ​ងារ​ល្អ​សម្រាប់​ខ្ញុំ​។ ​អ្នក​ខ្លះ​មាន​ដី​ស្រែ​ចម្ការ​ តែ​ខ្ញុំ​គ្មាន​ទេ ដូច្នេះ​ខ្ញុំ​បន្ត​ជីក​រ៉ែ»។
បើ​ទោះ​បី​ជា​ការងារ​ល្អ​យ៉ាង​ណា​ក៏​ ដោយ ប៉ុន្តែ​លោក ជីរិន បាន​ទទួល​ស្គាល់​ថា ការ​ងារ​នេះ​ពុំ​ងាយ​ស្រួល​ទេ​។ ក្រៅ​ពី​ទាហាន​ (​ដែល​ជា​បញ្ហា​ចម្បង) ​បញ្ហា​សុខភាព​កើត​មាន​ពាស​ពេញ។ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ដែល​លោក​ផ្លាស់​មក​ទី​នេះ ​លោក​មាន​បញ្ហា​ពោះ​វៀន​ជាប់​។ ដូច​អ្នក​ជីក​រ៉ែ​ដទៃ​ទៀត​ដែរ ដោយ​លោក ​ផឹក​ទឹក​ដែល​ហូរ​នាំ​រ៉ែ​របស់​លោក ហើយ​មិន​ខ្វល់​ក្នុង​ការ​ដាំ​ទឹក​នោះ​ឡើយ។​
លោក និង​អ្នក​ដទៃ​ទៀត​ ឯកភាព​ដូច​គ្នា​ថា បញ្ហា​ធំ​បំផុត​គឺ​ជំងឺ​គ្រុន​ចាញ់។ អ្នក​រាល់​គ្នា​ដែល​បាន​សម្ភាសន៍ បាន​ថ្លែង​ថា ពួក​គេ ឬ​សាច់​ញាតិ បាន​ឆ្លង​ជំងឺ​នេះ យ៉ាង​ហោច​ណាស់​ម្តង​។ ភាគ​ច្រើន​ថា ពួក​គេ​ឈឺ​ជំងឺ​នេះ​ច្រើន​ដង​ ក្នុង​មួយ​ឆ្នាំ។
លោក ជីរិន បាន​បញ្ជាក់​ថា៖ «ខ្ញុំ​កើត​ជំងឺ​នេះ​ពីរ​ដង»។
អ្នក​ជិត​ខាង​ម្នាក់​បាន​កាត់​សម្តី​របស់​លោក​ថា៖ «​វា​អាច​អាក្រក់​។ ប្រសិន​បើ​អ្នក​ទៅ​មន្ទីរ​ពេទ្យ​មិន​ទាន់​ពេល អ្នក​នឹង​ស្លាប់»។
ក្នុង​អំឡុង ​រដូវ​វស្សា វា​អាច​ត្រូវ​ការ​រយៈ​ពេល​ដល់​ទៅ ៦​ ម៉ោង​ដើម្បី​បើក​បរ​ពី​ភូមិ​ទាំង​នេះ​ទៅ​ទីប្រជុំជន​ជិត​បំផុត ដែល​មាន​គ្លីនិក​មួយ តែ​មាន​គ្រូ​ពេទ្យ​ម្នាក់​ដែល​ផ្លាស់​ទី​ត្រាច់ចរ​ពេញ​តំបន់​នេះ​។ ក្នុង​រដូវ​ប្រាំង រយៈ​ពេល​ធ្វើ​ដំណើរ​គឺ​ខ្លី​ជាង​រដូវ​វស្សា ប៉ុន្តែ​ជំងឺ​គ្រុន​ចាញ់​នៅ​តែ​មាន​ ហើយ​គ្មាន​វេជ្ជបណ្ឌិត​ទេ​។ លោក​បាន​បញ្ជាក់​ថា៖ «​កន្លែង​នេះ ទោះ​បី​ជា​អ្នក​គិត​ថា អ្នក​រឹងមាំ សាក​នៅ​ពីរ​សប្តាហ៍នៅ​ទី​នេះ អ្នក​នឹង​ដឹង​ថា​តើ​ អ្នក​រឹងមាំ​ប៉ុន​ណា​ហើយ»។​
ប៉ុន្តែ ការ​លំបាក​ទាំង​នោះ​ពុំ​បំបាក់​ទឹក​ចិត្ត​របស់​ពួក​គេ​ឡើយ។ មើល​ទៅ​ដី​នេះ ក្នុង​ព្រៃ​ជ្រៅ​ មាន​រ៉ែ​មាស​ពី​ក្នុង​ដី ហើយ​មាន​រ៉ែ​មាស​ជា​ច្រើន។ ចម្ងាយ​តិច​ជាង ៥០ គីឡូ​ម៉ែត្រ ស្ថិត​ក្នុង​តំបន់​ស្នង​អន​គឺជា​ដី​ថ្ម ហើយ​រ៉ែ​អាច​ជីក​បាន ដោយ​ប្រើ​អាស៊ីត​កាត់​ចូល​ដី ដែល​បំផ្លាញ​បរិស្ថាន និង​បង្កើត​បញ្ហា​សុខភាព​ជាច្រើន។
អ្នក​ជីក​រ៉ែ​អាច​មើល​ឃើញ ថា ខ្លួន​កំពុង​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ជាប់​ជានិច្ច​ ពី​ក្រុមហ៊ុន​ចិន និង​កូរ៉េ។ ក្រុម​ហ៊ុន​ធំ​ទាំង​នេះ​ជួល​កម្មករ​រាប់​រយ​នាក់​ដែល​ពី​មុន​ធ្លាប់ ជា​អ្នក​ជីក​រ៉ែមាស​។ តែ​ផ្ទុយ​ទៅ​វិញ ចំពោះ​គ្រប់​ភាព​មិន​ច្បាស់​លាស់​ផ្លូវ​ច្បាប់ ការ​ប៉ះ​ទង្គិច​ជាមួយ​នឹង​អាជ្ញាធរ ពិសេស​ទាហាន​ និង​ជំងឺ​គ្រុន​ចាញ់ ដី​នេះ​គឺជា​ក្តី​សង្ឃឹម​របស់​អ្នក​ជីក​រ៉ែ។​
ដើរ​ចុះ​ពី ភ្នំ​តូច​ចុះ​មើល​ភូមិ​ជីក​រ៉ែ​នេះ ​លោក​ស្រី អ៊ុំ ចាណា អ្នក​លក់​ដូរ​ដែល​ធ្វើ​ដំណើរ​តាម​អ្នក​ជីក​រ៉ែ​ពី​កន្លែង​មួយ​ទៅ​កន្លែង​ មួយ បាន​រៀប​រាប់​អំពី​អនាគត​របស់​លោក​ស្រី។ ​លោក​ស្រី បាន​លើក​ឡើង​ថា៖ ​«ការ​រក​ស៊ី​ជាមួយ​នឹង​អ្នក​ទាំង​នេះ​ល្អ​ប្រសើរ​ជាង​អ្វី​ដែល​ខ្ញុំ​អាច​ ធ្វើ​បាន​នៅ​ស្រុក​កំណើត​»។ បន្ទាប់​មក​ លោក​ស្រី​បាន​ឈប់​និយាយ ដើម្បី​បណ្តេញ​អ្នក​ជីក​រ៉ែ​ស្រវឹង ដែល​មក​សុំ​ទាន​ប្រាក់​ពី​អ្នក​យក​ព័ត៌មាន ដើម្បី​យក​ទៅ​ទិញ​ស្រា​ស​មួយ​លីត្រ​ទៀត​។
លោក​ស្រី​បាន​លើក​ឡើង​ថា៖ «​ខ្ញុំ​បាន​រក​ស៊ី​បែប​នេះ ៣​ឆ្នាំ​ហើយ ដោយ​ដើរ​តាម​អ្នក​ជីក​រ៉ែ។ អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​រក​បាន គឺ​ខ្ញុំ​រក​តម្លៃ​ទ្វេ​ដង ព្រោះ​វា​នៅ​ឆ្ងាយ​ពី​ភូមិ ហើយ​ប្រសិន​បើ​គេ​គ្មាន​ប្រាក់ គ្មាន​បញ្ហា គេ​អាច​យក​មាស​មក​ប្តូរ»៕ 

No comments:

Post a Comment

yes