ខេត្តព្រះសីហនុ: ផ្ទះសម្បែងតូចធំរបស់ប្រជាពលរដ្ឋរស់នៅភូមិរុងរាំង
ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ប្រមាណជាងដប់ខ្នង
ត្រូវបានកំទេចទាំងស្រុងដោយគ្រឿងចក្រធំៗ ក្នុងការអនុវត្តសាលក្រមស្ថាពរមួយ
ក្នុងរឿងជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ៤៩គ្រួសារ និងលោកជៀម ផែន
ថៅកែស្រាបៀរលីអូកាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣នេះ។
ក្នុងការអនុវត្តសាលក្រមស្ថាពរលេខ០៦ចុះថ្ងៃទី៣០ មករា
ឆ្នាំ២០០៧ របស់សាលាដំបូងខេត្តកោះកុង ដែលអនុវត្តឡើងដោយសាលាខេត្តព្រះសីហនុ
តាមសំណូមពររបស់មេធាវីដើមចម ពេលនេះសាលាដំបូងខេត្តព្រះសីហនុ
បានប្រើប្រាស់កម្លាំងប្រដាប់អាវុធប្រមានជាង១០០នាក់
និងគ្រឿងចក្រធំៗច្រើនគ្រឿង ដើម្បីសម្រេចបាននូវការអនុវត្តសាលក្រមនេះ ។
ទោះជាយ៉ាងនេះក្តីក្នុងហេតុការណ៍ដ៏ក្តៅគគុកនៅពេលនេះ
ពុំទាន់មានប្រជាពលរដ្ឋណាម្នាក់បានរងគ្រោះដោយសារការប្រទុងប្រទាញក្នុងការអនុវត្តសាលក្រមស្ថាពរមួយនេះដែរ។
ប្រជាពលរដ្ឋដែលកំពុងរងគ្រោះខ្ទេចខ្ទីផ្ទះសម្បែង
បានសម្តែងការមិនពេញចិត្តក្នុងការអនុវត្តសាលក្រមស្ថាពរ របស់សាលាដំបូង
ខេត្តព្រះសីហនុ នៅពេលនេះទេ ដោយពួកគាត់បានចោទថា
នេះជាអំពើដណ្តើមយកដីលំនៅដ្ឋានរបស់ពួកគាត់
ដែលពួកគាត់បានរស់នៅតាំងពីអំឡុងឆ្នាំ១៩៧៩
មកហើយសព្វថ្ងៃនេះមានកូននិងចៅរាប់សិបនាក់ទៅហើយ។
ស្ត្រីឈ្មោះ ជិន ថាវី អាយុ៤៨ឆ្នាំ
ជាប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថា ៖ សមត្ថកិច្ចប្រមាណជា១០០នាក់
បានចុះមករុះរើ ផ្ទះរបស់ពួកខ្ញុំ ពេលនេះបានឈូសចេញអស់ហើយ ចំនួន១៨ខ្នង
ដោយសមត្ថកិច្ចបានយកគ្រឿងចក្រ មកឈូសទាំងព្រឹក។
ជិន ថាវី បន្តថា ៖ “សមត្ថកិច្ចបានឡើងទៅចាប់អូសដៃ
ប្រជាពលរដ្ឋទំលាក់ពីលើផ្ទះ ដោយអ្នកខ្លះមិនទាន់ទាំងក្រោកពីដេកផង
ដោយសមត្ថកិច្ច ទាំងអស់មិនបានប្រាប់ខ្ញុំទេ ពេលមកដល់គេឲ្យខ្ញុំចេញ
ហើយមិនដឹងជាយកពួកខ្ញុំទៅដាក់នៅកន្លែងណាទេ”។
ប្រជាពលរដ្ឋរូបនោះបន្តថា ៖ មូលហេតុដំបូងនោះ
គឺប្តឹងផ្តល់គ្នារឿងដីចំការ ជាមួយក្រុមហ៊ុនស្រាបៀរលីអូទេ តែពេលនេះ
មកឈូសឆាយ ចូលដល់ភូមិខ្ញុំ ទៅទៀត ពេលនេះពួកខ្ញុំមិនដឹងទៅណាទេ
គឺបានត្រឹមតែនាំគ្នា ឈរមើលគេឈូសផ្ទះតែប៉ុណ្ណោះ។
ក្រុមអង្គការក្រៅរដ្ឋាភិបាលមួយចំនួន
ដែលបានចុះទៅដល់កន្លែងកើតហេតុនោះ បាននិយាយថា
បើពិនិត្យលើការរស់នៅដោយមានសំណង់ធំៗ
និងដំណាំដាំដុះរបស់ប្រជាពលរដ្ឋបញ្ជាក់ថា ពិតជាអយុត្តិធម៌ណាស់
សម្រាប់ប្រជាពលរដ្ឋនៅទីនោះ ប៉ុន្តែបញ្ហាផ្លូវច្បាប់វិញ គឺប្រជាពលរដ្ឋត្រូវតែចាញ់ក្តីយ៉ាងពិតប្រាកដ
ពីព្រោះ ពួកគាត់សុទ្ធសឹងអ្នកល្ងង់ខ្លៅ រស់នៅក្នុងព្រៃ
គ្មានការយល់ដឹងអំពីផ្លូវច្បាប់។
សូមបញ្ជាក់ថា នៅក្នុងជម្លោះដីធ្លីនេះ
រវាងប្រជាពលរដ្ឋចំនួន៤៩គ្រួសារ នៅជាមួយលោកជៀម ផែន ថៅកែស្រាបៀរលីអូ
បានកើតមានឡើងតាំងពីអំឡុងឆ្នាំ២០០៦ មកម្ល៉េះ
ដោយពេលនោះទឹកដីជម្លោះនោះស្ថិតនៅក្នុងខេត្តកោះកុង ក្នុងជម្លោះនោះដែរ
ប្រជាពលរដ្ឋទាំង៤៩គ្រួសារបានចាញ់ក្តីតាំងពីពេលនោះមក
ដោយមានការសម្រេចសាលក្រមស្ថាពរ ដូចខាងលើនោះស្រាប់។
សម្រាប់ការគ្រប់គ្រងរដ្ឋបាលបន្ត ក្នុងឆ្នាំ២០១០
ដែលទឹកដីជម្លោះខាងលើ
ត្រូវបានកាត់មកក្នុងការគ្រប់គ្រងដោយខេត្តព្រះសីហនុវិញ
ដូចនេះការអនុវត្តសាលក្រម ស្ថាពរ នៅពេលនេះ សាលាដំបូងខេត្តព្រះសីហនុ
គ្រាន់តែបានអនុវត្តសាលក្រមស្ថាពរមួយនេះ តាមសំណូមពររបស់ភាគីដើមចម (លោក ជៀម
ផែម ) តែប៉ុណ្ណោះ។
ទីតាំងជម្លោះនោះ ស្ថិតនៅតំបន់មាត់សមុទ្រ ដែលគេហៅថា
ព្រែកអន្ទង់ស ប្រជាពលរដ្ឋនៅទីនោះប្រកបរបរនេសាទ ពុំមានផ្លូវ គមនាគមន៍
អ្វីទេ គឺធ្វើដំណើរតាមផ្លូវទឹកសមុទ្រ ចេញពីកំពង់ផែទំនប់រលក ស្រុកស្ទឹងហាវ
ទៅមានចម្ងាយប្រហែលជិត មួយរយគីឡូម៉ែត្រ ត្រូវជិះទូករយៈពេលជាងពីរម៉ោង
បើធ្វើដំណើរតាមផ្លូវគោក គឺតាមផ្លូវរទេះកាត់ព្រៃ
ចេញពីផ្លូវលំក្នុងចម្ការកៅស៊ូលោកឧកញ៉ាម៉ុង ឫទ្ធី
ចូលទៅមានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ៕
No comments:
Post a Comment
yes