សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 13, 2012

តារាចម្រៀង អ៊ឹង ប៊ុន​លាភ លេចមុខ​ប្តឹង​លែងលះ​ភរិយា​ក្រៅច្បាប់​

លោក អ៊ឹង ប៊ុនលាភ
លោក អ៊ឹង ប៊ុនលាភ និងភរិយា

ភ្នំពេញ: នៅ​ចន្លោះ​ពេលដែល​បាន​ចាក​ចេញពីផ្ទះ​ដោយ​គ្មាន​ដំណឹង អស់​រយៈពេល​ជាង​មួយខែ​មក​នោះ លោក អ៊ឹង ប៊ុន​លាភ តារាចម្រៀង​ម្ចាស់​បទ “​រំដួល​ដូរ​ដី​” បាន​លេច​មុខជា​បន្តបន្ទាប់ មក​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ដាក់ពាក្យ​បណ្តឹង​ចំនួន​ពីរលើក ពោលគឺ​លើក​ទី​១ បានដាក់​ពាក្យ​បណ្តឹងសុំ​ដីកា​សម្រេច​រក្សា​ការពារ ប្រយោជន៍​ដើម្បី​ហាមឃាត់​កុំឱ្យ​ភរិយា​តាម​រំខាន​ដល់​ជីវិត​រស់នៅ និង​លើក​ទី​២ ដាក់​ពាក្យសុំ​លែងលះ​ភរិយា ដោយ​សម្អាងថា ការរួម​រស់នៅ​ជាមួយគ្នា​កន្លងមក គឺមាន​រូបភាព​ជា​អ​នីតិ​សង្វាស ហើយ​ពុំមាន​ការចុះ​សម្រុង​គ្នា​ទេ​។​

​បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង​លើក​ទី​១ រួចមក កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១២ សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​សម្រេច​រក្សា​ការពារ ហាមឃាត់​មិនឱ្យ​អ្នកស្រី ម៉ុក ភក្តី បង្ក​ការរំខាន​ដល់​ជីវិត​រស់នៅ និង​ជីវភាព​ឯកជន របស់​តារាចម្រៀង អ៊ឹង ប៊ុន​លាភ ដែល​ត្រូវជា​ស្វាមី ចាប់ពី​ថ្ងៃនេះ​តទៅ​។​

​ការចេញ​ដីកាហាមឃាត់​នេះ បាន​កើតឡើង​ក្រោយ​ពេលដែល​លោក អ៊ឹង ប៊ុន​លាភ បាន​ចាក​ចេញពីផ្ទះ​អស់​រយៈពេល​ជិត​មួយខែ​មកហើយ ដោយ​ពុំ​ដឹងថា​ទៅ​លាក់ខ្លួន​នៅទីណា​ទេ​។ ប៉ុន្តែ​នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១២ លោក អ៊ឹង ប៊ុន​លាភ បាន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ដាក់ពាក្យ​បណ្តឹង បង្ក​ជា​សំណុំរឿង​រក្សា​ការពារ លេខ​២៤១ ចុះ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១២ ដែល​តុលាការ​បាន​លើក​យកមក​ចាត់​ការជាប​ន្ត​បន្ទាប់​តាម​នីតិវិធី ដោយ​ពុំ​ចាំបាច់​កោះអញ្ជើញ​អ្នកស្រី ម៉ុក ភក្តី មក​ធ្វើការ​សាកសួរ​ទេ​។ 


​តាម​ប្រភព​មួយ​បាន​បញ្ជាក់ថា លោក អ៊ឹង ប៊ុន​លាភ រស់នៅ​ជាមួយ​ភរិយា​ឈ្មោះ ម៉ុក ភក្តី ក្នុង​ភាពជា​អ​នីតិ​សង្វាស តាំងពី​ឆ្នាំ​២០០៦​មក ពោលគឺ​បានន័យថា ពួកគេ​បាន​រៀបការ​ហើយ តែ​ពុំ​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​។ ក្រោយមក​ចំណងស្នេហា​នេះ មាន​ភាព​រកាំរកូស បានកើត​ឡើងជា​បន្តបន្ទាប់ ដោយសារតែ​ភាគី​ខាង​ភរិយា តែងតែ​រិះរក​គ្រប់​មធ្យោបាយ​រំខាន​ដល់​ជីវិត​រស់នៅ និង​ជីវភាព​ឯកជន​របស់លោក អ៊ឹង ប៊ុន​លាភ ក្នុងនោះ​ក៏មាន​ដល់​ការគំរាមកំហែង​ដល់​អាយុជីវិត​ផងដែរ​។ ដូច្នេះហើយ​ទើប​លោក អ៊ឹង ប៊ុន​លាភ សំណូមពរ​ឱ្យ​តុលា​ការចេញ​ដីការ​ក្សា​ការពារ ហាមឃាត់​ភរិយា​របស់លោក​កុំឱ្យ​បង្ក​សកម្មភាព​នេះ​ទៀត​។​

​យោងតាម​ការបញ្ជាក់​នេះ នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១២ លោក​ចៅក្រម តែ សំអាង បានចេញ​ដីកា​សម្រេច​រក្សា​ការពារ តាម​សំណូមពរ រួច​បញ្ជូន​ដីកា​នេះ​ទៅឱ្យ​អ្នកស្រី ម៉ុក ភក្តី ដែលមាន​ទីលំនៅ​នៅ​ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ដើម្បី​ជ្រាប​ជា​ព័ត៌មាន​។​

​បន្ទាប់ពី​បានចេញ​ដីកា​សម្រេច​ការពារ​នេះ​រួចហើយ នៅ​រសៀល​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១២ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​បណ្តឹង​លែងលះ មក​ចាត់ការ​ចំពោះមុខ​លោក អ៊ឹង ប៊ុន​លាភ តែ​កំបាំងមុខ​ភរិយា ដែល​ពុំបាន​ចូលខ្លួន​មក​ក្នុងដំណាក់កាល​ត្រៀម​ទាញហេតុផល នៅ​ចំពោះមុខ​ចៅក្រម​ទេ​។​

​ទោះជា​យ៉ាងនេះ​ក្តី ក៏​តុលាការ​បាន​ដំណើរការ​រឿងនេះ​តាម​នីតិវិធី​ដដែល ដោយ​សម្អាងថា ការ​ពុំ​ព្រម​ចូលខ្លួន​របស់​ភរិយា​លោក អ៊ឹង ប៊ុន​លាភ ពុំមែន​ជា​ឧបសគ្គ​ក្នុង​ចំណាត់ការ​ក្នុង​រឿងក្តី​នេះ​ទេ ព្រោះ​លោក អ៊ឹង ប៊ុន​លាភ រស់នៅ​ជាមួយ​ភរិយា​នាពេល​កន្លងមក ពុំមាន​សំបុត្រអាពាហ៍ពិពាហ៍​ទេ ពោលគឺ​រស់នៅ​តាម​រូបភាព​អ​នីតិ​សង្វាស ដែល​តុលាការ​អាច​លើក​រឿងក្តី​នេះ​មក​ចាត់ការ​បាន​តាមច្បាប់​។ 

​ចំពោះ​មូលហេតុ​នៃ​ការប្តឹង​លែងលះ​នេះ ពុំមាន​ប្រភព​ណា​បញ្ជាក់​ឱ្យដឹង​ជា​ផ្លូវការ​នោះទេ គ្រាន់តែ​បង្ហើប​ឱ្យដឹងថា ក្នុង​ពាក្យបណ្តឹង លោក អ៊ឹង ប៊ុន​លាភ បញ្ជាក់ថា ការរស់នៅ​មិន​ចុះសម្រុង​គ្នា នាំ​ឱ្យអស់​មនោសញ្ចេតនា​ជា​ស្វាមីភរិយា ដែល​ពុំ​អាច​រស់នៅ​ជាមួយគ្នា​បាន​តទៅទៀត​។ 

​ទាក់ទិន​នឹង​បញ្ហា​ខាងលើនេះ គេហទំព័រ CEN មិនអាច​សុំ​ការបំភ្លឺ​ពី​លោក អ៊ឹង ប៊ុន​លាភ និង​អ្នកស្រី ម៉ុក ភក្តី បានទេ នា​រសៀល​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១២​នេះ​។​

​គួរ​បញ្ជាក់ថា លោក អ៊ឹង ប៊ុន​លាភ បាន​ចេញពីផ្ទះ​នៅ​ម៉ោង ៥ និង ៣០​នាទី ល្ងាច​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១២ ដែលមាន​ខោអាវ​ជាប់​នឹង​ខ្លួន​មួយ​សម្រាប់ ថែមទាំង​មិនបាន​យក​ទូរស័ព្ទ​ទៅជា​មួយ​ទៀតផង​។ ខណៈនោះ លោក អ៊ឹង ប៊ុន​លាភ បាន​ប្រាប់​ភរិយា​គាត់​ថា ទៅ​ហូបបាយ​ជាមួយ​មិត្តភក្តិ​មួយ​ភ្លែត នឹង​ត្រឡប់មកវិញ​។​

​នៅពេលដែល​លោក អ៊ឹង ប៊ុន​លាភ ចេញពីផ្ទះ​មិនឃើញ​ត្រឡប់មកវិញ ធ្វើឱ្យ​អ្នកស្រី ម៉ុក ភក្តី ជា​ភរិយា ស្វះស្វែង​តាមរក តែ​មិន​ជួប រហូតមកដល់​រយៈពេល​ជិត​មួយខែ ស្រាប់តែ​លេចដំណឹង​ពី​លោក អ៊ឹង ប៊ុន​លាភ តាមរយៈ​ការចេញមុខ​មកប្តឹង​នៅ​តុលាការ ដោយ​សុំ​ហាមឃាត់​ភរិយា​កុំឱ្យ​បង្ក​ការរំខាន​ខ្លួន​គាត់​ទៅវិញ​៕ 

No comments:

Post a Comment

yes