សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 15, 2013

ជនជាប់​ចោទ​ អៀង សារី​ ស្លាប់ បទ​ចោទ​ប្រឆាំង​នឹង​គាត់​ទាំង​អស់​ត្រូវ​បាន​លុប​ចោល

130315_01a
ភ្នំពេញៈ ជន​ជាប់​ចោទ លោក អៀង សារី បាន​ស្លាប់ កាល​ពី​ថ្ងៃ ម្សិលមិញ​ក្នុង​វ័យ​៨៧ ​ឆ្នាំ​នៅ​ពេល​ដែល​មាន​ការ​ចោមរោម​ពី​សំណាក់​កូនៗ​របស់​គាត់​ និង​ឆ្មាំ​សន្តិសុខ​មួយ​ចំនួន​ ក្នុង​មន្ទីរ​​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។
ចុង​ចោទ​ ដែល​មាន​ជំងឺ​ជា​យូរ​មក​ហើយ បាន​ចូល​សម្រាក​ ក្នុង​មន្ទីរ​ពេទ្យ​ ចាប់​តាំង​​ពី​ថ្ងៃ​ទី​៤ ខែ​មីនា ដើម្បី​​ព្យាបាល​រោគ​ក្រពះ បេះ​ដូង​ និង​ពោះ​វៀន ដែល​នៅ​ទី​បញ្ចប់​ធ្វើ​ឲ្យ​គាត់​មិន​អាច​កម្រើក​បាន និង​មិន​អាច​ទទួល​ទាន​អ្វី​បាន។ លោក អៀង សារី បាន​ស្លាប់​នៅ​ប្រមាណ​ជា​ម៉ោង ​៨ ​និង​៤៥នាទី នៅ​​ព្រឹក​​ម្សិល​មិញ​ដោយ​សារ​តែ​​ជំងឺ​​បេះ​ដូង​។
តាម​វិធាន​ផ្ទៃ​ ក្នុង​របស់​​សាលា​ក្តី​ខ្មែរ​ក្រហម​​ដែល​​លោកអៀង សារី ​ត្រូវ​បាន​​ចោទ​ប្រកាន់​ពីបទ​​ប្រល័​យ​​ពូជ​សាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ​និង​ការ​រំលោភ​​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​​ទៅ​លើ​​អនុសញ្​ញា​ទីក្រុង ហ្សឺណែវ​ឆ្នាំ​១៩៤៩​ ព្រះ​រាជ​អាជ្ញា​ទទួល​ខុស​​ត្រូវ​​លើ​ការ​កំណត់​​មូល​ហេតុ​នៃ​ការ​ស្លាប់​និង​លុប​ចោល​ការ​ចោទ​ប្រកាន់​។

លោក Michael Karnavas មេធាវី​ការ​ពារ​ក្តី បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌​មាន​​នៅ​​ខាង​ក្រៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ ខ្មែរ-សូវៀត​​ កាល​​ពី​ថ្ងៃ​ម្សិល​មិញ​ថា​៖«​រឿង​ក្តី​នេះ​ចប់ សម្រាប់​​រូប​គាត់​។ ខ្ញុំដឹង​ថា ជន​​រង​គ្រោះ និង​ភាគី​រដ្ឋប្បវេណី នឹង​ខក​ចិត្ត​  ប៉ុន្តែ​​យ៉ាង​ហោច​សម្រាប់​លោក អៀង សារី លែង​មាន​ក្នុង​រឿង​ក្តី​០០២​ នេះ​ទៀត​ហើយ​​ហើយ​ក៏​មិន​មាន​ការ​ជំនុំ​ជម្រះ ​និង​មិន​មាន​ភ័ស្តុ​តាង​បន្ថែម​ទៀត​ដែល​គាត់ ត្រូវ​ប្រឈម​ឡើយ»។
សព លោក អៀង សារី ត្រូវ​បាន​ក្រុម​គ្រួសារ​របស់​លោក ​បញ្ជូន​ទៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មានជ័យ​កាល​ពី​ល្ងាច​ម្សិលមិញ។ កូន​ប្រុស​របស់​លោក អៀង សារី គឺ​លោក អៀង វុធ ​​អភិបាល​រង​ខេត្ត​ប៉ៃលិន​បាន​និយាយ​ថា ពិធី​បុណ្យ​សព នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​អតីត​ទី​តាំង​រឹងមាំ​របស់​ខ្មែរ​ក្រហម​ នៅ​សប្តាហ៍​ក្រោយ​។
ការ​ស្លាប់​នេះ បាន​កើត​ឡើង​ ខណៈដែល​តុលាការ ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​ ​បាន​និង​កំពុង​មាន​បញ្ហា​​ដោយ​​សារ​​តែ​ការ​សម្រេច​ចិត្ត​មួយ​ដោយ​អង្គ ជំនុំ​ជម្រះ​កំពូល​របស់​ខ្លួន​ដើម្បី​ចេញ​បញ្ជា​មួយ​ឲ្យ​បញ្ឈប់​រឿង​ក្តី​ ប្រឆាំង​នឹង​លោក អៀង សារី​។​សហ​ចុង​ចោទ​ របស់​លោក ត្រូវ​ស្ថិត​ក្នុង​ការ​ជំនុំ​ជម្រះ​តូចៗ​ជា​ច្រើន​ជា​វិធាន​ការ​មួយ​ដែល​​ ដើម​ឡើយ​ ត្រូវ​​បាន​គេ​ធ្វើ​ឡើង​ដើម្បី​ធានា​ថា យ៉ាង​ហោច​ណាស់​សាលក្រម​ខ្លះ អាច​ត្រូវ​សម្រេច​មុន​ចុង​ចោទ​ ដែល​មាន​វ័យ​ចាស់ ស្លាប់​។ ចុង​ចោទ​ម្នាក់​ ក្នុង​ចំណោម​ចុង​ចោទ​៤​រូប គឺ​លោក​ស្រី អៀង ធីរិទ្ធ ភរិយា​របស់​លោក​ អៀង សារី ត្រូវ​បាន​គេ​ប្រកាស​ថា មិន​មាន​សុខ​ភាព​ល្អ​អាច​​​ឡើង​តុលាការ​បាន​ឡើយ ដោយ​សារ​តែ​ជំងឺ​វិកល​ចរិត​ធ្ងន់​ធ្ងរ​។
កាល​ពី​រសៀល​ថ្ងៃ​ម្សិលមិញ សាលា​ក្តី​ខ្មែរ​ក្រហម បាន​បញ្ចប់​រឿង​ក្តី​ ប្រឆាំង​លោក អៀង សារី ​ជា​​ផ្លូវ​ការ ដោយ​ទុក​ឲ្យ​នៅ​សល់​តែ​ចុង​ចោទ​ពីរ​នាក់​គត់​ គឺបងធំ​ទី​ពីរ លោក នួន ជា និង​ប្រមុខ​រដ្ឋ​លោក ខៀវ សំផន ដែល​កំពុង​តែ​រង​​់ចាំ​ការ​ជំនុំ​ជម្រះ​ជុំ​វិញ​បទ​ឧក្រិដ្ឋកម្ម​ធ្ងន់​​ ធ្ងរ​បំផុត​​មួយ ក្នុង​ចំណោម​បទ​ឧក្រិដ្ឋ​ជាច្រើន​ដែល​ពុំ​ធ្លាប់​កើត​មាន​។
ទោះ ​បី​ការ​ស្លាប់​របស់​ចុង​ចោទ​ ដែល​ឈឺ​រ៉ាំរ៉ៃ​ ដោយមិន​នឹក​ស្មាន​ដល់​ទាល់​តែ​សោះ​​នោះ​ក៏​ដោយ ក៏​ក្រុម​អ្នក​សង្កេត​ការណ៍ មេ​ធាវី និង​ជន​រង​គ្រោះ បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​​ថា វា​បាន​បង្ហាញ​ពី​តម្រូវ​ការ​បន្ទាន់​ សម្រាប់​ការ​ជំនុំ​ជម្រះ​ឲ្យ​បាន​ឆាប់​រហ័ស​។
អ្នក​រួច​ផុត​ពី​សេចក្តី ស្លាប់​ នៅ​គុក​ទួល​ស្លែង​ លោក ជុំ ម៉ី ដែល​ជា​ប្រធាន​សមា​គមជ​ន​រង​គ្រោះ​កម្ពុជា​ ក្នុង​របប​ខ្មែរ​ក្រហមបាន​​ថ្លែង​ថា​៖«​យើង បាន​ដឹង​ថា ​ចុង​​ចោទ​ខ្មែរ​ក្រហម​ទាំង​​អស់​នោះ ​កំពុង​​តែ​មាន​វ័យ​ចាស់ ហើយ​មាន​ជំងឺ​ទៀត។ ដូច្នេះ​យើង ជា​និច្ចកាល តែង​តែ​សុំ​ឲ្យ​តុលាការ​ពន្លឿ​ន​រឿង​ក្តី​នេះមុន​ពេល​ពួក​គេ​ស្លាប់​។ ឥឡូវ​នេះ​លោក អៀង សារី បាន​ស្លាប់​ ដោយ​មិន​បាន​និយាយ​អ្វី​ អំពី​របប​របស់​គាត់​»​។ លោក​បន្ត​ថា​៖«ឥឡូវ​នេះ ខ្ញុំ មិន​មាន​សង្ឃឹម​ថា ទទួល​បាន​យុត្តិធម៌​ទេ​។ លោក នួន ជា ក៏​ចាស់​ដែរ ហើយ​មាន​ជំងឺ​ទៀត​ ហើយ​ខ្ញុំ​បារម្ភ​ថា ​គាត់ ប្រហែល​ជា​មាន​វាសនា​ ដូច​គ្នា​នឹង​លោក អៀង សារី ដែរ​។ យើង កំពុង​តែ​រង់ចាំ​មើល​ចំណាត់​ការ​បន្ទាប់​របស់​តុលាការ​។ វាមាន​ន័យ​ថា ជា​តុលាការ​គំរូ​មួយ ប៉ុន្តែ​ខ្ញុំ​បារម្ភ​ថា វានឹង​ក្លាយ​ជា​តុលាការ​មួយ​ដែល​វា​ជា​គំរូ​អយុត្តិ​ធម៌​»​។
ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជិត​២​លាន​នាក់ ត្រូវ​គេ​ជឿ​ថា បាន​ស្លាប់​ចន្លោះ​ពី​ឆ្នាំ ១៩៧៥ និង ​១៩៧៩ នៅ​ពេល​ដែល​របប​ខ្មែរ​ក្រហម​បាន​អនុវត្ត​នយោបាយ សង្គម​ម៉ៅ​និយម ហើយ​ស្មើ​ភាព​គ្នា​។ ប៉ុន្តែ​ការ​បង្កើត​តុលាការ​នេះ បាន​ចំណាយ​ពេល​ជាច្រើន​ទសវត្សរ៍ ចាប់​តាំង​ពី​រឿងក្តី​បច្ចុប្បន្ន ប្រឆាំង​នឹង​ក្រុម​មេដឹកនាំ​កំពូល​របស់​របប​នេះ​ បាន​ចាប់​ផ្តើម​កាល​ពី​ចុង​ឆ្នាំ​ ២០១១។
លោក ​ស្រី Heather Ryan អ្នក​តាម​ដាន​នៅ​សាលាក្តី​សម្រាប់​គំនិត​ផ្តួច​ផ្តើម​យុត្តិធម៌​សង្គម ​បើក​ទូលាយ បាន​ថ្លែង​ថា​៖ «តាំង​ពី​មុន​តុលាការ​ចាប់​ផ្តើម​ការ​ងា​រដ្ឋបាល​របស់​ខ្លួន​ក្នុង​​ ឆ្នាំ​ ២០០៦​ វា​មាន​ភាព​ច្បាស់​តាម​រយៈ​ឯកសារ​ជាច្រើន​ដែល​ថា អៀង សារី នឹង​ជា​ទិស​ដៅ​​សម្រាប់​ព្រះ​រាជ​អាជ្ញា។ ​ការ​ពិត​ដែល​តុលាការ​មិន​អាច​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ ​សវនាការ​​នៅ​ដើម​ឆ្នាំ​ ២០១៣ គឺជា​គំរូ​មិន​ល្អ​មួយ​​​»។ លោក​ស្រី​បាន​ថ្លែង​បន្ត​ថា​៖ «​ការ​ស្លាប់​​របស់​ អៀង សារី​ នៅ​ចំណុច​​នេះ​​ ក្នុង​ដំណើរ​ការ​កាត់​ក្តី​ សំណុំ​រឿង​០០២ ​គឺ​ហាក់​បី​ដូច​ជា​ដំបង​មួយ​វាយ​ប្រហារ​ ទៅ​លើ​សាលាក្តី​​អ៊ីចឹង​។ ​វា​ជា​​ឧទាហរណ៍​មួយ​នៃ​​ការ​ពន្យារ​ពេល​ ក្នុង​ការ​ផ្តល់​យុត្តិធម៌ ហើយ​យុត្តិ​ធម៌​មិន​ត្រូវ​បាន​ផ្តល់​ឲ្យ​ឡើយ»។
ការ​ស្លាប់​នេះ​ កើត​ឡើង​នៅ​ចំពេល​ដែល​សាលា​ក្តី​កំពុង​មាន​បញ្ហា​ថវិកា ដែល​ជា​វិបត្តិ​ធ្ងន់​ធ្ងរ​មួយ​ ​និង​បញ្ហា​​មួយ​ទៀត ​គឺ​​ការ​ជ្រៀត​ជ្រែក​ និង​ការ​គ្រប់​គ្រង​មិន​បាន​ល្អ ដែល​ត្រូវ​បាន​គេ​លើក​ឡើង​ស្ទើរ​គ្រប់​ពេល​។ ​កាល​ពី​ថ្ងៃ​ទី​៤ មីនា ដែល​ជា​ថ្ងៃ អៀង សារី ត្រូវ​បាន​បញ្ជូន​ចូល​មន្ទីរ​ពេទ្យ​ជា​លើក​ចុង​ក្រោយ​​ បុគ្គលិក​សាលាក្តី​ ខាង​ជាតិ​ចំនួន​ជាង​ ៣០​ នាក់​បាន​នាំ​គ្នា​ធ្វើ​កូដ​កម្ម​ ទាម​ទារ​ការ​បើក​ប្រាក់​ខែ​។ ​​បើ​ទោះ​បី​ជា​កូដកម្ម​នេះ​ ត្រូវ​បាន​បញ្ចប់​ក្នុង​សភាព​ស្ងប់​ស្ងាត់​​ កាល​ពី​ម្សិល​មិញ​ក៏​ដោយ​ក៏​វា​ត្រូវ​បា​ន​ជាប់​គាំង​ជា​មួយ​នឹង​បញ្ហា សុខ​ភាព​របស់​ អៀង សារី កាល​ពី​ម្សិល​មិញ​ដែរ​ ​ហើយ​ដែល​ឥឡូវ​នេះ​ បាន​ស្លាប់​ ​ហើយ​​មិន​ដឹង​ថា តើ​វា​នឹង​ប៉ះ​ពាល់​ដល់​​ដំណើរ​ការ​សវនាការ​រហូត​ដល់​ពេល​ណា​ទេ​។
ក្នុង​រយៈ​កាល​១៦​ ខែ​ចាប់​តំាង​ពី​សំណុំ​រឿង​ ០០២ បាន​ចាប់​ផ្តើម​ឡើង​ ​ថ្ងៃ​បើក​សវនការ​គឺ​មាន​ចំនួន​តែ១៥០​ ថ្ងៃ​ ​​ហើយ​​​កាល​បរិច្ឆេទ​​​នៃ​ថ្ងៃ​សវនាការ រឹត​តែ​មាន​ភាព​យឺត​យ៉ាវ​​ទៀត​ នៅ​ខែ​តុលា នៅ​ពេល​ដែល​​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​កាត់​ថ្ងៃ​សវនាការ​មក ​ត្រឹម​តែ ៣​ ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​សម្រាប់​រយៈ​ពេល​នៅ​សល់​ក្នុង​ឆ្នាំ​នោះ​ ​ដោយ​លើក​ឡើង​​ថា​ មក​ពី​បញ្ហា​​បុគ្គលិក​មាន​កំណត់​​។ ​ចាប់​តាំង​ពី​ឆ្នាំ​២០១៣​ មក​ ចំនួន​ថ្ងៃ​សវនាការ​ដែល​ប្រារព្ធ​ធ្វើ​ឡើង​គឺ​មាន​ចំនួន​តែ​១៥ ​ថ្ងៃ​ប៉ុណ្ណោះ។
លោក យ៉េង វីរៈ នាយក​មជ្ឈមណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍ ដែល​បាន​កត់​សម្គាល់​បញ្ហា​​ប្រឈម​​​ ដោយ​សាលា​ក្តី​ថា​ ជា​បញ្ហា​ធ្ងន់​ធ្ងរ​ ​ហើយ​មិន​មែន​ត្រឹម​តែ​បញ្ហា​នៃ​សុខ​ភាព​របស់​ចុង​ចោទ​ បាន​ថ្លែង​ថា​ ៖ «​ខ្ញុំ​សង្ឃឹម​ថា ការ​ស្លាប់​របស់ ​អៀង សារី គឺ​ពិត​ជា​ការ​រំឭក​ឲ្យ​ចងចាំ​ថា​ ដំណើ​រ​ការ​កាត់​ក្តី​​ឧក្រិដ្ឋ​កម្ម​នេះ​គួរ​តែ​ដំណើរ​ការ​ឲ្យ​​មាន​ ប្រសិទ្ធភាព​ជាង​មុន​​ ដែល​អាច​បញ្ចៀស​រាល់​បញ្ហា​បាន​»។ ​លោក​បន្ត​ថា​៖ «វា​មាន​បញ្ហា​នៅ​ពេល​នេះ​ និង​មាន​​ទៀត​នៅ​ពេល​ខាង​មុខ​ ពេល​ខ្លះ​បញ្ហា​រដ្ឋ​បាល​គ្រប់​គ្រង​របស់​សាលា​ក្តី ​ពេល​ខ្លះ​បញ្ហា​ថវិកា ​ពេល​ខ្លះ​បញ្ហា​​នយោបាយ​ និង​ពេល​ខ្លះ​ បញ្ហា​បច្ចេក​ទេស​ ​ហើយ​ដែល​បញ្ហា​ទាំង​អស់​នេះ ​​​បាន​ធ្វើ​ឲ្យ​មាន​ភាព​យឺត​យ៉ាវ​​។ ​​វា​ហាក់​បី​ដូច​ជា​ក្រៀម​ក្រំ​ នៅ​ពេល​​ឃើញ​ស្ថាន​ភាព​បែប​នេះ​​ ​វា​ពិត​​​ជា​ធ្វើ​ឲ្យ​យើង​បារម្ភ​​អំពី​ផល​ប៉ះ​ពាល់​ទូទៅ​ទៅ​លើ​ អ.វ.ត.ក​»។
​បើ​និយាយ​អំពី​បញ្ហា​សិទ្ធិ​របស់​ចុង​ចោទ​ និង​ការ​ទាម​ទារ​រក​យុត្តិធម៌​ ដោយ​សាធារណជន​​ និង​​បញ្ហា​ជា​មួយ​រដ្ឋា​ភិបាល​ ​វា​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​​ស្ថានភាព​ដែល​ហាក់​បី​​​ដូច​ជា​ព្យាយាម​​សម្រប​សម្រួល​។
​ ករណី​របស់​ អៀង សារី ​​ជា​ចុង​ចោទ​ដែល​ជា​​​ញឹក​ញាប់​មាន​ជំងឺ​ មិន​អាច​ចូល​​​រួម​ដំណើរ​ការ​​​កាត់​ក្តី​​ នៅ​ក្នុង​​អំឡុង​ខែ​ចុង​ក្រោយ​​នេះ​ ​មេ​ធាវី​របស់​គាត់​បាន​ទឡ្ហីករណ៍​ប្រឆាំង​ជា​ដដែល​ៗ​ ​ប៉ុន្តែ​ចៅ​ក្រម​ ហាក់​បី​ដូច​ជា​​ធុញ​ទ្រាន់​​ ចំពោះ​ការ​អនុញ្ញាត​ឲ្យ​គាត់​បោះ​បង់​សិទ្ធិ​របស់​គាត់​ ក្នុង​ការ​ចូល​រួម​សវនាការ ។ ផ្ទុយ​ទៅ​វិញ​ ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង បាន​ទទូច​​ថា អៀង សារី ​ត្រូវ​ចូល​​រួម​ដំណើរ​ការ​កាត់​ក្តី​​បើ​ទោះ​បី​ជា​ពី​បន្ទប់​ឃុំ​ខ្លួន​ របស់​គាត់​ក៏​ដោយ​។
លោក Karnavas ​ថ្លែង​កាលពី​ម្សិល​មិញ​ថា​៖ «យើង​ពេល​ខ្លះ​​ ស្ទើរ​តែ​ធ្វើ​ពុត​ថា គាត់​អាច​មាន​សមត្ថ​ភាព​ចូល​រួម​​​ដំណើ​រ​ការ​កាត់​ក្តី​ ពី​បន្ទប់​ឃុំ​ខ្លួន​របស់​គាត់ ប៉ុន្តែ​​យើង​ដឹង​ថា​ ​គាត់​ពិបាក​ទ្រាំ​ណាស់​ ​ហើយ​ខ្ញុំ​គិត​ថា ស្ថាន​ភាព​រ​បស់​គាត់​ធ្ងន់​ធ្ងរ​ខ្លាំង​»។ ​ឥឡូវ​នេះ គាត់​​បានទៅ​សុខ​គតិ​ភព​ហើយ»​។
​ដោយ​ថ្លែង​​នៅ​សន្និសីទ​​​ អ.វ.​ត.​​ក ​​ដែលធ្វើ​ឡើង​​កាល​ពី​​រសៀល​ម្សិល​មិញ​​ ​​​សហ​​ព្រះ​រាជ​អាជ្ញា​​អន្តរ​ជាតិ លោក Bill Smith បាន​ថ្លែង​ថា​៖ «យើង​មិន​អាច​ធ្វើ​ឲ្យ​ពេល​វេលា​ត្រឡប់​មក​វិញ​បាន​ទេ​ ​ប៉ុន្តែ​អ្វី​ដែល​​យើង​​អាច​ធ្វើ​បាន​គឺ​​នឹង​បន្ត​ស្វែង​រក​​​​មនុស្ស​ ​ ដែល​ត្រូវ​បាន​​ចោទ​ប្រកាន់​​ថា​ បាន​ប្រព្រឹត្ត​​ឧក្រិដ្ឋកម្ម​ទាំង​នេះ​​ រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ​។ ​នោះ​ហើយ​ជា​កេរ​ដំណែល​​នៃ​​​ការកាត់​ក្តី​​​នេះ។​ ​តុលាការ នឹង​មិន​ឈប់ ហើយ​ក៏​មិន​គួរ​ឈប់​ រហូត​ណា​ទាល់​តែ​​យុត្តិធម៌​ ត្រូវ​បាន​ប្រគល់​ទៅ​ប្រជាជន​»។ ​ប៉ុន្តែ​ចំពោះ​ទស្សនៈ​​ប្រជាជន​ផ្សេង​ៗ​​​វិញ​ ​​ការ​ស្លាប់​របស់​ អៀង សារី គឺ​ជា​បញ្ហា​​អ្វី​មួយ ប៉ុន្តែ​លទ្ធភាព​ស្វែង​រក​យុត្តិធម៌​នៅ​តែ​អាច​។
លោក ឆាំង ​យុ នាយក​មជ្ឈមណ្ឌល​ឯក​សារ​កម្ពុជា​ ​បាន​ថ្លែង​ថា​៖ «​​អង្គការ​សហប្រជាជាតិ និង​រដ្ឋា​ភិបាល​ ​បាន​ធ្វើ​ការ​សន្យា។ ពួក​គេ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង ពួក​គេ​បាន​សន្យា ​ជា​មួយ​នឹង​​ជន​រង-​គ្រោះ ​ដែល​នៅ​រស់​រាន​ពី​របប​ខ្មែរ​ក្រហម​។ ពួក​គេ​បាន​សន្យា​ចំពោះ​ពិភព​លោក​... ​​ការ​ស្លាប់​របស់ អៀង សារី ​បង្ហាញ​ថា ការ​សន្យា​មួយ​របស់​ពួក​គេ​មិន​ជោគ​ជ័យ​​ទេ»។ ​លោក​បាន​ថ្លែង​បន្ត​ថា​៖ «​​អ្នក​អាច​គិត​ថា នៅ​ពេល​ដែល​គាត់​ត្រូវ​បា​ន​ចាប់​ខ្លួន​ដោយ​តុលាការ​​ ​សូម្បី​តែ​ប្រជា​ជន​នៅ​តាមផ្លូវ​ក៏​អប​អរ​​ដែរ​។​ពួកគេមាន​ទំនុក​ចិត្ត​​ ខ្លាំង​ណាស់​ចំពោះ​តុលាការ​​ថា ​​យុត្តិធម៌​នឹង​ត្រូវ​បាន​ផ្តល់​ឲ្យ បើ​សូម្បី​តែ​មនុស្ស​ដែល​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋា​ភិបាល​អាច​​​​ចាប់​ ខ្លួន​បាន​»។ ​«​ប៉ុន្តែ​ឥឡូវ​នេះ​ ជន​រង-​គ្រោះ​ជា​ច្រើន​ ​អាច​ឃើញ​ថា ​​ការ​ស្លាប់​របស់​គាត់​ គឺ​​មិន​មែន​ជា​ជោគ​ជ័យ​នោះ​ទេ​ ​វា​ជា​រឿង​គួរ​ឲ្យ​ខឹង​ និង​​ខក​ចិត្ត​»៕

No comments:

Post a Comment

yes