សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 15, 2013

ផានអ៊ីម៉ិច​រុះរើ​តង់​អ្នក​បុរី​កីឡា​សង់​ថ្មី​គ្មាន​សល់

130315_10
ស្រ្តី​កូន​ខ្ចី​​​ម្នាក់​នេះអត់​ទី​ជម្រក​ទេ ​បន្ទាប់​ពីតង់​គាត់​ត្រូវ​​រុះ​រើ​អស់​​
ភ្នំពេញៈ កម្លាំង​សន្តិសុខ​ក្រុមហ៊ុន​ផាន​អ៊ីម៉ិច ប្រមាណ​ជាង​២០​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ មីនា បាន​ចុះ​រុះរើ​ជម្រក​តង់​របស់​ពលរដ្ឋ ក្រីក្រ​នៃ​សហគមន៍​បុរី​កីឡា​១២​គ្រួសារ ខណៈ​ពួកគាត់​ឆ្លៀត​នាំ​គ្នា​ទៅ​ស្ដាប់​ការ​ប្រកាស​សាលដីកា​ករណី លោក ម៉ម សូណង់ដូ នៅ​សាលា​ឧទ្ធរណ៍។
ការចុះរុះរើ នេះ​ធ្វើ​ឡើង​បន្ទាប់​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​បោះ​តង់​ជា​ថ្មី​នៅ លើ​ដី​ទំនេរ ដែល​អ្នក​ស្រី​ស៊ុយ សុផាន អះអាង​បាន​លក់​ឲ្យ​ទៅ​លោក​ឧកញ៉ា ស៊ី គង់​ទ្រីវ។
ម្ចាស់តង់ត្រូវរុះរើ​មួយ អ្នក​ស្រី ស៊ូ អ៊ីម បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ថា នៅ​ម៉ោង​ជាង​៨ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​សន្តិសុខ​ក្រុម​ហ៊ុន​ផាន​អ៊ីម៉ិច​ជាង​២០​នាក់ ដឹក​នាំ​ដោយ​ឈ្មោះ សារី បាន​ចូល​មក​រុះរើ​តង់ និង​ប្រមូល​យក​ឈើ តង់​កៅស៊ូ ចង្ក្រាន ចាន​ឆ្នាំង​និងអង្ករ ពួក​គាត់​គ្មាន​សល់ ខណៈ​ម្ចាស់​តង់ភាគ​ច្រើន​ទៅ​គាំទ្រ​លោក​ម៉ម សូណង់ដូ។

អ្នកស្រីបន្តថា៖«បើ​ទោះ​ជា​មាន​ការ​គំរាម​ចាប់​ចង​ក្ដី ក៏​ខ្ញុំ​មិន​ព្រម​ចាក​ចេញ​ពី​ទី​នេះ​ដែរ រហូត​ទាល់​តែ​ក្រុមហ៊ុន​ដោះ​ស្រាយ​ឲ្យ»។
កាលពីថ្ងៃ ០៣ ខែ​មករា ឆ្នាំ​មុន​ក្រុម​ហ៊ុន​ផាន​អ៊ីម៉ិច គាំទ្រ​ដោយ​កម្លាំង​អាជ្ញាធរ​ប្រដាប់​អាវុធ បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​កម្ទេច​ផ្ទះ​ក្នុង​សហគមន៍​នេះ​ជិត​២០០​ខ្នង​រហូត​ផ្ទុះ​អំពើ​ហិង្សា​កើត​ឡើង និង​បង្ក​របួស​និង​ចាប់​ឃុំ​មនុស្ស​ផង។
គ្រួសារមួយ​ចំនួន​ត្រូវ ដឹក​ជញ្ជូន​ឲ្យ​ទៅ​នៅ​ភូមិ​ទួល​សំបួរ សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ និង​ខ្លះ​ទៀត ត្រូវ​បញ្ជូន​ទៅ​តំបន់​ភ្នំបាត ខេត្ត​កណ្ដាល។ ឯអ្នក​នៅ​សល់​ជាង​១០០​គ្រួសារ នាំ​គ្នា​តវ៉ា​យក​ផ្ទះ​ល្វែង​ដែល​ក្រុមហ៊ុន​នេះ​សន្យា​សង់​ឲ្យ​​មិន​ទាន់ គ្រប់​១០​អគារ និង​អូស​បន្លាយ​មក​ដល់​ពេល​នេះ ប៉ុន្តែ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ។
អ្នកស្រី សរ ស៊ន ទើប​ត្រឡប់​ពី​ផ្ដល់​ការ​គាំទ្រ​លោក​ម៉ម សូណង់ដូ ពេល​បាត់​តង់​អស់ គាត់​ថា៖​«នេះជា​ការ​រំលោភ​សិទ្ធិ​រស់​នៅ​លើ​ពលរដ្ឋ​ក្រីក្រ។ ខ្ញុំ​គ្រាន់​តែ​សង់​បណ្ដោះ​អាសន្ន​នៅ​លើ​ដី​របស់​ខ្ញុំ ដែល​ក្រុមហ៊ុន​ឈូស​កម្ទេច​ផ្ទះ​ខ្ញុំ ដោយ​គ្មាន​សំណង​ប៉ុណ្ណោះ»។
អ្នកស្រីស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន​ផាន​អ៊ីម៉ិច ពី​ម្សិល​មិញ ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា ដី​ដែល​អ្នកភូមិ​បោះ​តង់​ស្នាក់​នៅ​នោះ គាត់​លក់​ទៅ​ឲ្យ​លោក​ឧកញ៉ា ស៊ី គង់​ទ្រីវ។ អ្នកស្រី​បន្ត​ថា៖ «ការ​ចូល​ទៅ​ស្នាក់​លើ​ដី​នោះ ជា​ការ​រំលោភ​បំពាន​សិទ្ធិ​លើ​ម្ចាស់​ដីថ្មី។ ក្រុម​អ្នក​ភូមិ​ទាំង​នេះ​អាច​នឹង​ប្រឈម​នឹង​ការ​ប្ដឹង​ឡើង​តុលាការ​ពី ម្ចាស់​ដីថ្មី បើ​សិន​គាត់​ក្រាញ​រស់​នៅ​លើ​ដី​នោះ ព្រោះ​ខ្ញុំ​លក់​ទៅ​ឲ្យ​លោក​ឧញ៉ា ស៊ី គង់​ទ្រីវ​... »។
ប៉ុន្តែ លោកឧកញ៉ា ស៊ី គង់​ទ្រីវ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ទូរស័ព្ទ​ពី​ម្សិល​មិញ​យ៉ាង​ខ្លី​ថា ​លោក​មិន​បាន​ដឹង​អំពី​ករណី​នេះ​ទេ។
រីឯអ្នកស្រី ស៊ុយ សុផាន បន្ត​អះអាង​ថា គាត់​នឹង​បន្ត​ផ្ដល់​ដី​៥ម​x​១២ម និង​ថវិកា​ខ្លះ​សម្រាប់​អ្នក​ស្ម័គ្រ​ចិត្ត​ទទួល​យក​គោល​ការណ៍​ទៅ​រស់​នៅ ភ្នំបាត ខេត្ត​កណ្ដាល ឬ ជា​ផ្ទះ​មួយ​ខ្នង​នៅ​ភូមិ​ទួល​សំបួរ ខណ្ឌ​ដង្កោ ជាយ​រាជធានី។
អ្នកស្រីលើកសំអាង​លើ​ស្ថិតិ​នៅ​ក្នុង​ដៃគាត់​ថា អ្នក​មាន​ឯកសារ​ត្រូវ​ទទួល​ផ្ទះ​ល្វែង​ពី​រដ្ឋ គឺ​នៅតែ​ជាង​១០​គ្រួសារ​ប៉ុណ្ណោះ។ តែ​គាត់​ក៏​មិន​បោះ​បង់​អ្នក​នៅ​សល់​ដែរ បើ​អ្នក​ភូមិ​ទទួល​យក​គោលការណ៍​ក្រុមហ៊ុន។ អ្នកស្រី​បញ្ជាក់​ថា គ្រួសារ​មួយ​ចំនួន​ទទួល​បាន​ផ្ទះ​ល្វែង​រួច​ហើយ ហើយ​លក់​ទៅ​ឲ្យ​អ្នក​ដទៃ ហើយ​មក​តវ៉ា​ទាម​ទារ​ផ្ទះ​ល្វែង​ថ្មី​ទៀត​ពី​ក្រុមហ៊ុន​«តើ​ឲ្យ​ខ្ញុំ មាន​លុយ​ឯណា​សង់​ផ្ទះ​ផ្ដល់​ឲ្យ​ពួកគាត់?...ទឹក​ចិត្ត​មនុស្ស​ធម៌​របស់​ខ្ញុំ ក៏​មាន​កម្រិត​ដែរ»។
អ្នកស្រី ឡុក សៀងហៃ អាយុ​៣០​ឆ្នាំ បី​កូនខ្ចី​ទើប​សម្រាល​បាន​១០​ថ្ងៃនឹង​ដៃ​និយាយ​ថា កង​សន្តិសុខ​មិន​ខ្វល់​ពី​គាត់​និង​កូន​តូច​បី​នៅ​ដៃ​ទេ គេ​គិត​តែ​ពី​រុះរើ​កម្ទេច​តង់​គាត់ និង​គំរាម​ថា នឹង​មក​ម្ដង​ទៀត បើ​គាត់​មិន​ព្រមចេញ។
អ្នកស្រីបន្តថា៖​«ខ្ញុំ​ទើប​តែ​សម្រាលកូន​បាន​១០​ថ្ងៃ ខ្ញុំ​គ្មាន​ផ្ទះ​ជ្រក​នៅ​ទេ ព្រោះ​ផ្ទះ​ខ្ញុំ​ត្រូវ​ក្រុមហ៊ុន​ឈូស​ឆាយ​អស់​ហើយ​កាល​ពី​ឆ្នាំ​មុន។ ពេល​នេះ​ខ្ញុំ​គ្មាន​ទី​ជម្រក​ស្នាក់​នៅ​ទេ ហើយ​លុយ​ក៏​គ្មាន​មួយ​រៀល​ដែរ»។
លោក សៀ ភារម្យ​ ប្រធាន​លេខា​ធិការ​ដ្ឋាន​នៃ​ក្រុម​បេសកកម្ម​សិទ្ធិ​លំ​នៅ​ដ្ឋាន​បាន​ថ្លែង​ថា៖​«ជាង​១ឆ្នាំ​ហើយ ដែល​អាជ្ញាធរ​បាន​ប្រាប់​ឲ្យ​អ្នក​​បុរី​កីឡា​រង់ចាំ​ដំណោះ​ស្រាយ សួរ​ថា តើ​ឲ្យ​ពួកគាត់​រង់​ចាំ​នៅ​កន្លែង​ណា បើ​ពួក​គាត់​គ្មាន​ទី​ជម្រក​នោះ»។ លោក​បន្ត​ថា៖​«ការ​រុះរើ​តង់​របស់​អ្នក​តវ៉ា​នៃ​សហគមន៍​បុរី​កីឡា​នៅ​ថ្ងៃ ​នេះ​ជា​ឧទាហរណ៍​មួយ​បញ្ជាក់​ថា អ្នក​មាន​អំណាច មាន​ប្រាក់​គេ​ចង់​ធ្វើ​អ្វី​លើ​អ្នក​ក្រគឺ​វា​ងាយ​ណាស់»៕

No comments:

Post a Comment

yes