សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, March 30, 2013

ពលរដ្ឋ​កំពង់ស្ពឺ​ចោទ​ក្រុមហ៊ុន​មួយ​ថា​ឈូស​បំផ្លាញ​ផ្ទះ​និង​ដំណាំ

ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ចំនួន​ពីរ ក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ជាង ៣០០​គ្រួសារ បាន​ប្រតិកម្ម​ចំពោះ​ក្រុមហ៊ុន​មួយ​ឈ្មោះ សុវណ្ណ និវត្តន៍ ថា​បាន​ប្រើ​គ្រឿងចក្រ​ឈូស​បំផ្លាញ​ផ្ទះ និង​ដំណាំ​របស់​ពួក​គាត់។ ប៉ុន្តែ​ក្រុមហ៊ុន​បាន​ចោទ​វិញ​ថា អ្នក​ភូមិ​ធ្វើ​ស្រែ​ចម្ការ​រំលោភ​លើ​ដី​ដែល​ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ។

ចំណែក​អ្នក​ភូមិ បាន​ឲ្យ​ដឹង​ថា អ្នក​វាស់​ដី​ដែល​អះអាង​ជា​ក្រុម​និស្សិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​មក​វាស់វែង​ដី​ទំនាស់​ចំនួន ៣​ថ្ងៃ​ជាប់​គ្នា​ជាមួយ​ភាគី​ក្រុមហ៊ុន តែ​ពុំ​មាន​អាជ្ញាធរ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ឡើយ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គាត់​មាន​ក្ដី​បារម្ភ​ខ្លាច​មាន​ការ​ក្លែង​បន្លំ។
តំណាង​ពលរដ្ឋ​ក្នុង​ឃុំ​តាំងសំរោង និង​ឃុំ​ក្រាំងដីវាយ ស្រុក​ភ្នំស្រួច នៅ​ថ្ងៃ​ទី៣០ មីនា បាន​ប្រតិកម្ម​ចំពោះ​ក្រុមហ៊ុន សុវណ្ណ និវត្តន៍ ថា​បាន​ធ្វើ​សកម្មភាព​ដុត​ផ្ទះ​របស់​អ្នក​ភូមិ និង​ឈូស​បំផ្លាញ​ដំណាំ​របស់​ពួក​គាត់ ដោយ​ដាក់​កម្លាំង​ទាហាន​យាម​ល្បាត​ប្រដាប់​ដោយ​អាវុធ មិន​ឲ្យ​អ្នក​ភូមិ​ចូល​ទៅ​ជិត​ឡើយ។
ពលរដ្ឋ​រស់នៅ​ភូមិ​ខ្នងក្រាំង ឃុំ​តាំងសំរោង លោក ថោង សុវណ្ណ បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​កំពុង​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​របស់​ក្រុមហ៊ុន។ លោក​ថា កាល​ពី​ថ្ងៃ​ទី២៧ ដល់​ថ្ងៃ​ទី២៩ មាន​មនុស្ស​ពីរ​បី​នាក់ និង​មន្ត្រី​ក្រុមហ៊ុន សុវណ្ណ និវត្តន៍ ដែល​មាន​ប្រធាន​ក្រុមហ៊ុន​ឈ្មោះ លោក ស្លាត សាណាន បាន​មក​ចុះ​វាស់វែង​ដីធ្លី​ដែល​កំពុង​មាន​ទំនាស់ អះអាង​ថា ជា​ក្រុម​និស្សិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​ពលរដ្ឋ​មាន​ការ​សង្ស័យ ដោយសារ​ពុំ​មាន​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ចូលរួម​នោះ​ទេ ហើយ​ក្រុម​និស្សិត​នោះ​បាន​ធ្វើ​សកម្មភាព​តាម​តែ​បញ្ជា​របស់​ក្រុមហ៊ុន ដែល​ប្រជាពលរដ្ឋ​យល់​ថា​ខុស​ប្រក្រតី​ពី​ក្រុម​និស្សិត​ដែល​ចុះ​ធ្វើ​ការ​នៅ​តំបន់​ផ្សេងៗ។
ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​តាំងសំរោង លោក គង់ សឿន មាន​ប្រសាសន៍​ថា ក្រុម​និស្សិត​មិន​អាច​សម្រេច​កិច្ចការ​បាន​ទេ ដោយសារ​តែ​រវាង​ពលរដ្ឋ និង​ភាគី​ក្រុមហ៊ុន នៅ​មាន​ភាព​ប្រទាញប្រទង់​មិន​ទាន់​រក​ចំណុច​រួម​នៅ​ឡើយ។ លោក​បញ្ជាក់​ថា ក្រុម​និស្សិត​ដែល​ចុះ​វាស់វែង​នោះ គឺ​ជា​និស្សិត​ប្រចាំ​នៅ​ឃុំ​ក្រាំងដីវាយ ប៉ុន្តែ​លោក​មិន​បាន​ស្គាល់​អត្តសញ្ញាណ ឬ​ក្រុម​ទី​ប៉ុន្មាន​នោះ​ឡើយ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​ក្រុមហ៊ុន សុវណ្ណ និវត្តន៍ លោក ស្លាត សាណាន ដើម្បី​បំភ្លឺ​ចំពោះ​ការ​អះអាង​របស់​អ្នក​ភូមិ​បាន​ទេ។ ឯ​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​កំពង់ស្ពឺ ក៏​មិន​អាច​ស្វែងរក ដើម្បី​បញ្ជាក់​ជុំវិញ​ការ​ងឿង​ឆ្ងល់​ពលរដ្ឋ ចំពោះ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​នេះ​បាន​ដែរ។
ប៉ុន្តែ អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក បេងហុង សុជាតិខេមរ៉ូ បាន​ពន្យល់​ថា តាម​នីតិវិធី​បទ​បញ្ជា​លេខ​០១ នោះ ការ​ចុះ​វាស់វែង​ដី គឺ​ត្រូវ​តែ​មាន​អាជ្ញាធរ​ដែនដី​ជា​ម្ចាស់​ផ្ទះ​ចូលរួម។
ពលរដ្ឋ បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​សរុប​ជាង ៣០០​គ្រួសារ នៅ​ក្នុង​ឃុំ​តាំងសំរោង និង​ឃុំ​ក្រាំងដីវាយ ក្នុង​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បាន​បង្កបង្កើន​ផល​តាំង​ពី​ឆ្នាំ​១៩៩៥ បន្តបន្ទាប់​រហូត​ដល់​ឆ្នាំ​២០០៦ លើ​ដី​ចំណុច​ភូមិ​កោះកោង និង​ភូមិ​ត្រពាំង​កណ្ដោល ជាប់​ព្រំប្រទល់​ឃុំ​ក្រាំងដីវាយ សរុប​ជាង ១​ពាន់​ហិកតារ។ នៅ​ឆ្នាំ​២០០៨ ក្រុមហ៊ុន​ស្លាត សាណាន ដែល​គ្រប់គ្រង​ដោយ​លោក ស្លាត សាណាន បាន​មក​ឈូស​ឆាយ​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ ដោយ​អះអាង​ថា ជា​ដី​របស់​ក្រុមហ៊ុន បន្ទាប់​មក​ក្រុមហ៊ុន​នេះ​បាន​ដូរ​ឈ្មោះ សុវណ្ណ និវត្តន៍ វិញ ប៉ុន្តែ​គ្រប់គ្រង​ដោយ​លោក ស្លាត សាណាន ដដែល។
ករណី​នេះ អ្នក​ភូមិ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ខេត្ត ក្រសួង​កសិកម្ម ក្រសួង​បរិស្ថាន និង​ក្រសួង​យុត្តិធម៌ ដើម្បី​ស្វែង​រក​ដំណោះស្រាយ ហើយ​កន្លង​មក ប្រធាន​រដ្ឋសភា លោក ហេង សំរិន ធ្លាប់​បាន​ចេញ​លិខិត​អន្តរាគមន៍​មួយ​ទៅ​ក្រុមហ៊ុន ឲ្យ​ផ្អាក​សកម្មភាព​រង់ចាំ​ការ​ដោះស្រាយ ប៉ុន្តែ​ពុំ​មាន​លទ្ធផល​ឡើយ​រហូត​មក​ដល់​ពេល​នេះ៕

No comments:

Post a Comment

yes