លោកម៉ម សូណង់ដូ នាយកស្ថានីយវិទ្យុសម្បុកឃ្មុំ
ភ្នំពេញ៖ សវនាការលើសំណុំរឿងលោកម៉ម សូណង់ដូ
នាយកស្ថានីយវិទ្យុសម្បុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រធាធិបតេយ្យ
បានបិទបញ្ចប់ហើយនៅថ្ងៃពុធនេះ។ ក្រុមអ្នកវិភាគនិងមេធាវីការពារក្តី
រំពឹងទុកថា ជនជាប់ចោទអាចនឹងរួចផុតពីការចោទប្រកាន់ទាំងស្រុងពីបទបង្កើតតំបន់អបគមន៍ខុសច្បាប់ប្រឆាំងនឹងរដ្ឋាភិបាល។
នៅពេលដល់នាទីសន្និដ្ឋានជាស្ថាពរ លោក ហ៊ាន រិទ្ឋ
តំណាងអយ្យការរបស់សាលាឧទ្ធរណ៍បានទម្លាក់ចោលការចោទប្រកាន់បទល្មើសឧក្រិដ្ឋពីរធំៗប្រឆាំងនឹងលោកម៉ម
សូណង់ដូ ដែលបទល្មើសទាំងពីរនេះជាដើមចមដែលសាលាដំបូងក្រុងភ្នំពេញបានកាត់ទោសឲ្យលោកជាប់ពន្ឋនាគាររយៈពេល២០ឆ្នាំ។
លោក ហ៊ាន រិទ្ឋ បានប្រាប់តុលាកាថា
ការចោទប្រកាន់របស់សាលាដំបូងក្រុងភ្នំពេញមិនមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ចំពោះបទល្មើសកុប្បកម្មនិងញុះញង់ប្រឆាំងនឹងរាជការសាធារណៈដែលគប្បីតុលាការមិនចាំបាច់យកមកចោទប្រកាន់ទៀតទេ។
ក៏ប៉ុន្តែលោកបានបន្ថែមបទចោទលោកម៉ម សូណង់ដូ
ជាថ្មីមួយទៀតគឺបទល្មើសព្រៃឈើនិងនៅរក្សាបទចោទជ្រៀតជ្រែកមុខងារសារធារណៈឲ្យនៅដដែល។
លោក ម៉ម សុណង់ដូ ដែលមានអាយុ៧១ឆ្នាំ
ត្រូវបានតុលាការចោទប្រកាន់ចំនួនបួនចំណុចធំដែលពាក់ព័ន្ឋនឹងការ
ញុះញង់ប្រជាពលរដ្ឋឲ្យប្រើប្រាស់អាវុធខុសច្បាប់។ ការចោទនេះ
ជាប់ពាក់ព័ន្ឋនឹងការប្រឆាំងនឹងអាជ្ញាធរស្របច្បាប់
និងការផ្តួចផ្តើមគំនិតប្រឆាំងអ្នករាជការសាធារណៈ បន្ទាប់ពីរដ្ឋាភិបាលបានបង្ក្រាបយ៉ាងហិង្សាលើជម្លោះដីធ្លីមួយ
ក្នុងខេត្តក្រចេះកាលពីខែឧសភា ឆ្នាំ២០១២ ដែលក្នុងការបង្ក្រាបនោះ
ក្រុមសមត្ថកិច្ចរដ្ឋាភិបាលបានបាញ់សម្លាប់ក្មេងស្រីម្នាក់ឈ្មោះហេង ចាន់ថា
អាយុ ១៤ឆ្នាំ។
លោកមេធាវីការពារក្តីលោកម៉ម សូណង់ដូ គឺលោកស
សូវ៉ានមិនជំទាស់នឹងការទម្លាក់ចោលបទចោទប្រកាន់ទាំងពីរនេះទេ
ក៏ប៉ុន្តែលោកបានជំទាស់ការចោទពីបទពាក់ព័ន្ធនឹងច្បាប់ព្រៃឈើ។
លោកបាននិយាយថា ដីនៅភូមិប្រម៉ា
ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាធ្វើសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុន
កាស៊ូទីនរួចហើយ ដូច្នេះមិនមានព្រៃឈើដែលត្រូវកាប់បំផ្លាញទេ។
«លោកអគ្គព្រះរាជអាជ្ញាមកចោទនៅក្នុងសវនាការនេះមិនត្រឹមត្រូវទេ។
ត្រូវចោទតាំងពីរសាលាដំបូងមកដើម្បីឲ្យខ្ញុំមានលទ្ឋភាពការពារ។
ដូច្នេះនីតិវិធីហ្នឹងគេត្រូវលុបចោលហើយ។
បើកាលណាមិនលុបគឺខុសច្បាប់ហើយខ្ញុំសង្ឃឹមថា
គេលុបអារឿងព្រៃឈើហ្នឹងហើយ»។
ពាក់អាវពណ៌ពងមាន់ដៃខ្លីនិងមានពាក់ក្រវ៉ាត់ក
លោកម៉ម សូណង់ដូ
បានថ្លែងអំណរគុណដល់លោកអគ្គព្រះរាជអាជ្ញារបស់សាលាឧទ្ធរណ៍ដែលបានទម្លាក់ចោលបទចោទប្រកាន់ធំៗទាំងពីរនេះ។
លោកបាននិយាយប្រាប់តុលាការថា
លោកមានការសប្បាយចិត្តដែលបានរកយុត្តិធម៌មួយភាគធំដល់ខ្ញុំ។
ក៏ប៉ុន្តែលោកមិនសប្បាយចិត្តទេដោយសាលាដំបូងក្រុងភ្នំពេញបានកាត់ទោសឲ្យលោកជាប់ពន្ឋនាគាររយៈពេល២០ឆ្នាំ។
លោកបាននិយាយថា លោកជាប់ពន្ឋនាគាររយៈពេលមួយខែប្រៀបបីដូចជាមួយឆ្នាំ។
មានប្រសាសន៍ប្រាប់វីអូអេបន្ទាប់ពីបញ្ចប់សវនាការ។
លោកម៉ម សូណង់ដូ អាយុ៧១ឆ្នាំបាននិយាយថា លោកមិនបានធ្វើអ្វីខុសទេ
ហើយលោកសង្ឃឹមថា សាលាឧទ្ធរណ៍នឹងដោះលែងលោកឲ្យមានសេរីភាពឡើងវិញ។
«បាទ ទម្លាក់ចោលការចោទប្រកាន់ពីរករណីហ្នឹង
ខ្ញុំអរគុណ
ប៉ុន្តែខ្ញុំមិនសប្បាយចិត្តទេពីព្រោះខ្ញុំអត់បានធ្វើអ្វីខុសទាំងអស់។
ត្រូវតែអង្គសវនាការសាលាឧទ្ធរណ៍ហ្នឹងពិចារណាម្តងទៀតនិងលើកលែងទោសខ្ញុំតែម្តង»។
បន្ទាប់ពីបានបិទបញ្ចប់សវនាការចំនួនពីរថ្ងៃ
លោកឃុន លាងម៉េង ប្រធានចៅក្រមជំនុំជម្រះបាននិយាយថា
សាលក្រមនឹងប្រកាសនៅថ្ងៃទី១៤ខាងមុខនេះ។
លោក ម៉ម សូណង់ដូ
ត្រូវបានសាលាដំបូងក្រុងភ្នំពេញកាលពីខែតុលា ឆ្នាំ២០១២
កាត់ទោសឲ្យជាប់ពន្ឋនាគាររយៈពេល២០ឆ្នាំនិងពិន័យជាប្រាក់ចំនួន១០លានរៀលគឺប្រមាណជាង២.៥០០ដុល្លារសហរដ្ឋអាមេរិកបន្ទាប់
ពីតុលាការរកឃើញថា
លោកជាប់ពាក់ព័ន្ឋនឹងការបង្កើតតំបន់អបគមន៍ប្រឆាំងនឹងរដ្ឋាភិបាលដែលគ្រប់គ្រងដោយលោកនាយករដ្ឋមន្ត្រីហ៊ុន
សែន ៕
No comments:
Post a Comment
yes