សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 21, 2013

មាន​ការ​លើក​ឡើង​ពី​ភ័ស្តុតាង​ដែល​រដ្ឋាភិបាល​ជ្រៀត​ជ្រែក​សាលាក្តី

130321_06a
មន្ត្រី​សា​លា​ក្តី​ខ្មែរ​ក្រហម​ក្នុង​សាល​ប្រជុំ​កាល​ពី​ពេល​កន្លង​មក
ភ្នំពេញៈ ក្រុម​មេ​ធាវី​ការពារ​ក្តី បាន​សុំ​ឲ្យ​សៀវភៅ​មួយ​ដែល​រៀប​រាប់​អំពី​ការ​រិះគន់​កន្លង​មក​ ដែល​សរសេរ​ដោយ​អតីត​សហ​ចៅក្រម​ស៊ើប​អង្កេត​ គឺ​លោក Marcel Lemonde ​ទទួល​យក​ធ្វើ​ជា​ភ័ស្តុតាង​ ក្នុង​សំណុំ​រឿង ០០២ ដោយ​លើក​ទឡ្ហីករណ៍​ថា សៀវ​ភៅ​ថ្មី​នេះ ​រៀប​រាប់​លម្អិត ពី​ភ័ស្តុតាង​គ្រប់គ្រាន់​នៃ​ការ​ជ្រៀត​ជ្រែក​នយោបាយ​ដោយ​រដ្ឋាភិបាល កម្ពុជា​។
ក្រុម​មេធាវី នួន ជា បាន​ធ្វើ​ទឡ្ហីករណ៍​ថា៖ «​សៀវភៅ​លោក Lemonde ​បាន​រក​ឃើញ​ការ​ពិត​ថា​ដោយ​ផ្ទុយ​ពី​ការ​ប្រកាស​ជា​សាធារណៈ​របស់​ ខ្លួន​រដ្ឋាភិបាល​កម្ពុជា មិន​គោរព និង​មិន​ដែល​គោរព​ឯករាជ្យ​ភាព​របស់​អ.វ.ត.ក ទេ»។
ដោយ​បោះពុម្ព កាល​ពី​ខែ​មករា សៀវភៅ ដែល​មាន​ឈ្មោះ​ Un juge face aux Khmers rouges បាន​ចេញ​ផ្សាយ​ តែ​ជា​ភាសា​បារាំង និង​មិន​ទាន់​មាន​ជា​ភាសា​ខ្មែរ​នៅ​ឡើយ។ នៅ​ក្នុង​ឯកសារ​ដាក់​ទៅ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល កាល​ពី​ថ្ងៃ​សុក្រ និង​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ ដែល​មាន​ការ​បក​ប្រែ​ជា​ភាសា​អង់គ្លេស នៅ​ផ្នែក​ខ្លះ នៃ​សៀវភៅ​របស់​លោក Lemonde នេះ បាន​អះអាង​អំពី​«អវត្តមាន​នៃ​ឯករាជ្យ​ភាព​របស់​ចៅក្រម​នៅ​ អ.វ.ត.ក​»។ ​

កាល​ពី​ឆ្នាំ​មុន សហ​ចៅក្រម​អន្តរជាតិ លោក Laurent Kasper-Ansermet ដែល​ធ្លាប់​ធ្វើ​ជា​ចៅក្រម​មួយ​រយៈ​ពេល​ខ្លី និង​ស្ថិត​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​គ្នា​យ៉ាង​ចម្រូង​ចម្រាស ហើយ​ក្រោយ​មក បាន​លាលែង​ពី​តំណែង​ បាន​និយាយ​ថា គាត់​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្នុង​កន្លែង​ការងារ​មួយ ដែល​គ្មាន​ការ​ឆ្លើយ​តប​ចំពោះ​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​ ០០៣ និង ០០៤ ដែល​ប្រឆាំង​ដោយ​រដ្ឋាភិបាល។ នៅ​ពេល​ចាក​ចេញ ​លោក Kasper-Ansermet ​បាន​ចេញ​លិខិត​មួយ​ ដែល​រៀប​រាប់អំពី​ទំហំ​នៃ​ការ​រារាំង​ដោយ​បុគ្គលិក​ផ្នែក​ជាតិ អន្តរ​ជាតិ និង​មន្រ្តី​រដ្ឋាភិបាល។
ចៅក្រម​ជនជាតិ​បារាំង ដែល​បាន​កាន់​តំណែង​ពី​ឆ្នាំ​ ២០០៦ ​ដល់​ឆ្នាំ ​២០១០ ​និង​ដែល​ជា​សហចៅ​ក្រម​ស៊ើប​អង្កេត​ បម្រើ​ការ​ងារ​បាន​យូរ​បំផុត​នោះ បាន​សរសេរ​ថា​៖«​វា​ច្បាស់​ដែល​ថា នៅ​ពី​ក្រោយ​ចៅ​ក្រម​កម្ពុជា​គឺជា​មនុស្ស​ដែល​ទាញ​ខ្សែ​ពី​រដ្ឋាភិបាល»។
នៅ​ក្នុង​ឃ្លា​មួយ​ នៃ​សៀវភៅ​របស់​គាត់ បាន​ឲ្យ​ដឹង​ថា​៖ «រយៈ​ពេល​ជា​ច្រើន​ខែ​ក្រោយ​មក​ខ្ញុំ​បាន​ដឹង​ថា ពួក​គេ​ឈាន​មួយ​ជំហាន​មុន​យើង​ ​ដោយ​សារ​ពួក​គេ​ បាន​រៀប​ចំ ដើម្បី​រារាំង​ដំណើរ​ការ​នីតិវិធី​ណា​មួយ ដែល​អាច​ចាត់​ទុក​ថា ប៉ះ​ពាល់​ដល់​រដ្ឋាភិបាល»។
ភ្លាមៗ បន្ទាប់​ពី​ការ​ចាក​ចេញ របស់​លោក ​Kasper-Ansermet ​​ក្រុម​មេ​ធាវី​ការ​ពារ​ក្តី​ នួន ជា​ ​បាន​យក​លិខិត​របស់​គាត់ ធ្វើ​ជា​ភ័ស្តុតាង​វិជ្ជមាន​សម្រាប់​ការ​អំពាវនាវ ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​ និង​ដំណើរ​ការ​នីតិវិធី​ផ្សេងៗ។ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​​ បាន​​ច្រានចោល​បណ្តឹង​សារ​ទុក្ខ​​នោះ​ ​ហើយ​បាន​ហៅ​បណ្តឹង​សារ​ទុក្ខ​​នោះ​​ថា​៖ «​​ជាការ​លើក​ឡើង​ដដែល​ៗ​»។
ជាង​នេះ​ទៀត​ ​លោក Kasper-Ansermet ​បាន​កត់​សម្គាល់​ថា ​មេ​ធាវី​សំ​អាង​​​យ៉ាង​ខ្លាំង​​ ទៅ​លើ​​​ការ​​មិន​ចូល​បង្ហាញ​ខ្លួន ​​របស់​មន្រ្តី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ចំនួន​ ៦ ​រូប ដែល​ត្រូវ​បាន​កោះ​ហៅ​នោះ ដើម្បី​​ធ្វើ​ជា​សាក្សី​​​បង្ហាញ​អំពី​ការ​ជ្រៀត​ជ្រែក​។ ​ដូច​ដែល​ពួក​គេ​ទឡ្ហីករណ៍​ នៅក្នុង​ឯក​សារ​​ដាក់​ទៅ​តុលាការ​​ «​សៀវភៅ​របស់​លោក Lemonde បាន​ធ្វើការ​សន្និដ្ឋាន​បង្ហាញ​ថា ការ​​ខក​ខាន​ មិន​បង្ហាញ​ខ្លួន របស់​ព្រះ​បាទ​នរោត្តម​ សីហនុ ​លោក ហេង សំរិន លោក ជា ស៊ីម ​លោក ហោ ណាំហុង លោក គាត ឈន់ និង​លោក អ៊ុក ប៊ុន​ឈឿន ​ទៅ​តាម​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ចៅ​ក្រម Lemonde ដើម្បី​ទទួល​បាន​សក្ខីកម្ម ពី​ពួក​គាត់​ គឺ​បំពាន​ទៅ​លើ​វិធាន​ ៣៥»។​
ក្រុម ​មេធាវី បាន​សរសេរ​ឲ្យ​ដឹង​ទៀត​ថា​ ​នៅ​ក្នុង​សៀវភៅ​របស់​គាត់​ លោក Lemonde ​បាន​រៀប​រាប់​លម្អិត​អំពី​រយៈ​ពេល​ជា​ច្រើន​ខែ នៃ​ការ​ងារ​រុញ​សមភាគី​ខាង​ជាតិ​ លោក យូ ប៊ុន​ឡេង ឲ្យ​ចេញ​ដីកា​កោះ ហើយ​ក្នុង​ការ​ចេញ​ដីកា​នោះ​ គឺ​ជួប​ការ​ពន្យារ​ពេល និង​ការ​រារាំង ពាក់​ព័ន្ធនឹង​សាក្សី និង​តំណាង​របស់​ពួក​គេ»។
នៅ​ក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ​បន្ត បន្ទាប់​«បង្ហាញ​ថា​ក្រៅ​ពី​ការ​សង្ស័យ ដែល​ថា សាក្សី​ទទួល​រង​ការ​ជ្រៀតជ្រែក​ពី​រដ្ឋបាល​តុលាការ​...វា​ក៏​មាន ការ​លើក​ឡើង​ផង​ដែរ អំពី​ការ​ដែល​ថា សាក្សី​ ទទួល​រង​សម្ពាធ ដោយ​សមាជិក​រដ្ឋាភិបាល​កម្ពុជា​ មិន​ឲ្យ​ផ្តល់​សក្ខីកម្ម»។
នៅ​ក្នុង លិខិត​មួយ​ ទៅ​សហចៅក្រម​ស៊ើប​អង្កេត ប្រធាន​អង្គ​ជំនុំ​ជម្រះ តុលាការ​កំពូល ​លោក គង់ ស្រ៊ីម បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​ជម្រាប​ទៅ​គាត់​អំពី​ចំណាត់​ការ​ផ្លូវ​ការ ដែល​ធ្វើ​ឡើង ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់ ពីការ​ជ្រៀត​ជ្រែក​ក្នុង​សំណុំ​រឿង ០០៣ និង ​០០៤»។ ​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ការ​បង្ហាញ​លម្អិត នៅ​ក្នុង​សៀវភៅ​របស់​លោក Lemonde ​នឹង​នៅ​ត្រូវ​រង់​ចាំ​មើល។
ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ នៅ​ក្នុង​សៀវភៅ​របស់​លោក Lemonde ​លោកស្រី​ Anne Heindel ​ទីប្រឹក្សា​ផ្នែក​ច្បាប់ នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ថ្លែង​ថា ការ​លើក​ឡើង​នោះ គឺ​គ្មាន​​អ្វី​​សង្ស័យ​ទេ​ នឹង​បាន​គាំទ្រ ចំពោះ​ការ​អះ​អាង​របស់​លោក Kasper-Ansermet និង​ការ​ពារ​ទឡ្ហីករ​​ពាក់​ព័ន្ធ​ នឹង​ការ​ជ្រៀត​ជ្រែក នៅ​ក្នុង​ការ​កោះ​ហៅ​មន្រ្តី​រដ្ឋាភិបាល ចូល​ផ្តល់​សក្ខីកម្ម​។ ​លោក​ស្រី​បន្ត​ថា​៖ «ថា​តើ​សៀវភៅ​នេះ នឹង​ផ្តល់​ព័ត៌មាន​សម្ងាត់​ៗ ឬ​យ៉ាង​ណា ខ្ញុំ​មិន​ទាន់​ដឹង​ទេ។ ប៉ុន្តែ​វា​ពិត​ជា​ផ្តល់​ព័ត៌មាន​ច្រើន​»៕ 

No comments:

Post a Comment

yes