រុក្ខជាតិ និងសត្វស្លាប រស់នៅតាមដងទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង
ស្ទឹងត្រែងៈ តាមមន្រ្តីមូលដ្ឋានម្នាក់ បានអះអាងថា អ្នកភូមិដែលរស់នៅលើដីបម្រុងសម្រាប់សំណង់អាងទឹកធំមួយ ជាផ្នែកមួយនៃទំនប់វារីអគ្គិសនីសេសានក្រោម២ នៅក្នុងខេត្តស្ទឹងត្រែង ត្រូវបានជូនដំណឹងកាលពីថ្ងៃម្សិលមិញថា គម្រោងការសាងសង់អាងទឹកនេះ នឹងចាប់ផ្តើមនៅពេលឆាប់ៗ ប៉ុន្តែ ប្រជាពលរដ្ឋរងការប៉ះពាល់នៅរង់ចាំការផ្តល់សំណងសម្រាប់ការ ស្នើឲ្យពួកគាត់ប្តូរលំនៅឋាន ចេញពីតំបន់នេះ។
លោក សៀក មេគង្គ មេឃុំស្រែគ ខេត្តស្ទឹងត្រែង បាននិយាយថា ក្រុមអ្នកតំណាងមកពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនថាមពលអន្តរជាតិ Hydrolancang របស់ចិន ដែលជាក្រុមហ៊ុនសាងសង់អាងស្តុកទឹកជាផ្នែកមួយ នៃគម្រោងទំនប់វារីអគ្គិសនី សេសានក្រោម២ បានមកជូនដំណឹងអំពីការចាប់ផ្តើមបោសសម្អាតអ្នកស្រុកនិងស្តុក ឈើនៅក្នុងតំបន់នេះ។
លោកមេឃុំបញ្ជាក់ថា៖«ពួកគេបានមកជួបជាមួយអាជ្ញាធរមូលដ្ឋាន ប្រាប់អំពីការចាប់ផ្តើមបោសសម្អាតតំបន់នោះ ដែលរួមមានស្តុកឈើព្រៃផងដែរ ដើម្បីត្រៀមសាងសង់អាងស្តុកទឹក ដែលមានផ្ទៃក្រឡាដី ៣៦ ពាន់ហិកតានេះ។ ពួកគេចង់ឲ្យអាជ្ញាធរមូលដ្ឋានជួយរៀបចំឲ្យពួកគេ...ដើម្បីឲ្យមាន ភាពងាយស្រួលសម្រាប់ពួកគេ ក្នុងការចាប់ផ្តើមគម្រោងការនេះ»។
លោក មេគង្គ បានបញ្ជាក់ថា អ្នកភូមិឥឡូវនេះ កំពុងបារម្ភថា ការសាងសង់ដែលបានអនុម័តកាលពីខែមុខ ដោយសភាជាតិ និងព្រឹទ្ធសភា នឹងចាប់ផ្តើមធ្វើនៅពេលឆាប់ៗនេះ ហើយនឹងធ្វើឲ្យពួកគេអស់ផ្ទះសម្បែង ដីធ្លី និងព្រៃអាស្រ័យផល »។
លោក មេគង្គ បានថ្លែងបន្តថា៖«អ្នកភូមិ មានក្តីបារម្ភ ប៉ុន្តែពួកគេអះអាងថា នឹងមិនព្រមចាកចេញទេ ប្រសិនបើពួកគេមិនទទួលបានសំណងទេនោះ»។
លោកបន្ថែម ថា ពួកគេបារម្ភអំពីផលប៉ះពាល់របស់ទំនប់ទៅលើបរិស្ថាន ជាពិសេស ការប៉ះពាល់ទៅលើសក្តានុពល ដែលនឹងបំផ្លាញស្តុកព្រៃឈើប្រណីតៗ នៅតំបន់នេះផងដែរ។
ទំនប់ វារីអគ្គិសនីកម្លាំង៤០០មេហ្គាវ៉ាត់ ដែលគេនឹងសាងសង់នៅកៀកនឹងចំណុចប្រសព្វនៃទន្លេសេសាន និងទន្លេស្រែពក ត្រូវគេព្យាករថា នឹងធ្វើឲ្យប្រជាពលរដ្ឋ៥ពាន់គ្រួសារ នឹងត្រូវគេជម្លៀសចេញនិងប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់ទៀត ដែលអាស្រ័យផលពីធនធានក្នុងតំបន់សម្រាប់គម្រោងមួយនេះ។
ក្រុម បរិស្ថាននៃអង្គការទន្លេអន្តរជាតិ ដែលបានដកស្រង់របាយការណ៍មួយនៅក្នុងឆ្នាំ២០១២ ពី Proceedings of the National Academy of Sciences ថា ទន្លេសេសានក្រោម២ នឹងគំរាមកំហែងដល់ពូជត្រីជាង៥០ប្រភេទនៅក្នុងតំបន់បរិស្ថានសម្បូរបែបនេះ។
លោក គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញដោយសារតែលោកជាប់រវល់ប្រជុំ៕
No comments:
Post a Comment
yes