សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 15, 2013

ប្រវត្តិរូប​សង្ខេប លោក​អៀង សារី

1_story_1
លោកអៀង សារី អតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហមនៅក្នុងសវនាការ
អៀង សារី ដែល​​មាន​​ឈ្មោះ​ក្រៅ​ថា វ៉ាន់​ កើត​នៅ​ថ្ងៃ២៤ តុលា ១៩២៥​ ក្នុង​ភូមិ​លឿង​វ៉ា​ ​​ខេត្ត​​ត្រាវីញ (វៀត​ណាម​ខាង​ត្បូង​)។ ​លោក គឺជា​អតី​ត​សិស្ស​នៅ​វិទ្យាល័យ​ស៊ី​សុវត្ថិ ក្នុង​ក្រុង​ភ្នំពេញ។
លោក​បាន ទទួល​អាហា​រូប​ករណ៍​ទៅ​សិក្សា​នៅ​ឯវិទ្យា​ល័យ​កុង​ដ័រ​សេ និង​នៅវិ​ទ្យាស្ថាន​សិក្សា ​នយោ​បាយ​ក្រុង​ប៉ារីស​ប្រទេស​បារាំង។ លោក​បាន​ចូល​ជា​សមាជិក​បក្ស​កុម្មុយ​នីស្ត បារាំង​ក្នុង​ឆ្នាំ១៩៥១។ លោក ត្រូវ​បាន​គេ​ជឿ​ថា​បាន​ចូល​រួម​ជា​មួយ ខៀវ សំផន ក្នុង​ការ​បង្កើត​ចលនា​ ម៉ាក្ស​ស៊ីស ក្នុង​ស្រទាប់​និសិ្សត​កម្ពុជា​នៅ​បារាំង​។ បន្ទាប់​ពី​ត្រឡប់​មក​កម្ពុជា​វិញ​ឆ្នាំ​​១៩​៥៧ លោក​បាន​ក្លាយ​ជា​គ្រូ​បង្រៀន ប្រវត្តិ​វិទ្យា​នៅ​វិទ្យា​ល័យ​ស៊ីសុ​វត្ថិ និង​ជា​សមាជិ​កស​កម្ម​នៃ​បក្ស​កុម្មុយ​នីស្ត​កម្ពុជា។ លោក​​បាន​​រត់​​ចូល​​ព្រៃ​​ដើម្បី​​ចូល​រួម​​ជា​​មួយ​​ចល​នា​​ខ្មែរ​​ក្រ​ហម​​នៅ​​ឆ្នាំ​​១៩៦៣​។

ក្នុង​អំឡុង​សង្គ្រាម​ស៊ី​វិល​ពី​ឆ្នាំ​១៩៧១​-១៩​៧៥ លោក​បាន​ចូល​រួម​ជា​មួយ​រាជ​រដ្ឋាភិ​​បាល​បង្រួប​បង្រួម​ជាតិ​កម្ពុជា និង​​ជា​​បេស​ក​ជន​​ពិ​សេស​​របស់​​រណ​សិរ្ស​​រួប​​រួម​ជាតិ​​ខ្មែរ។ ពេល​ដែល​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​១៩៧៥ អៀង សារី ក៏​បាន​ក្លាយ​ទៅ​ជា ឧប​នាយក​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​បរ​ទេស។ លោក បាន​​រត់​​ភៀស​​ខ្លួន​​ទៅប្រទេស​ថៃ​នៅ​ពេល​ដែល​របប​ខ្មែរ​ក្រហម​ដួល​រលំ​ក្នុង​ឆ្នាំ១៩៧៩។ គាត់​ត្រូវ​បាន​កាត់ ទោស​កំបាំង​មុខ​ពី​បទ​ប្រល័យ​ពូជ​សាសន៍ និ​ង​​ត្រូវ​​ផ្តន្ទា​​ទោស​​ប្រហារ​ជីវិត​​ដោយ តុលា​ការ​​ប្រជា​ជន​បដិ​វត្តន៍​កម្ពុជា​។ 
អៀង សារី បាន​បន្ត​តួនា​ទីរ​បស់​ខ្លួន ក្នុង​រដ្ឋា​ភិបាល​និរ​ទេស ប៉ុន្តែ​​បាន​​ផ្ទេរ​​មុខ​​តំ​ណែង​​ជា​​រដ្ឋ​​មន្រ្តី​​ការ​​បរ​ទេស​​ទៅ​​ឲ្យ ខៀវ សំផន បន្ទាប់​ពី​ការ​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​កម្ពុជា​ប្រជា​ធិប​តេយ្យ​ក្នុង​ឆ្នាំ​១៩៨២។ លោកបាន​​ចាក​​ចេញ​​ពី​​ចល​នា​​ខ្មែរ​​ក្រ​ហម​​ជា​​មួយ​នឹង​​កង​​កម្លាំង​​យោ​ធា​​រាប់​ពាន់នាក់​នៅ​ខែ​សីហា​ ឆ្នាំ​១៩៩៦ ជា​ថ្នូរ​នឹង​ព្រះ​រាជ​ក្រឹត្យ​លើក​លែង​ទោស​ចំពោះ​សាល​ក្រមឆ្នាំ​១៩៧៩ និង​ការ​លើក​លែង​ទោស​ពី​សំ​ណាក់​សម្ដេចឪ នរោ​ត្តម សី​ហនុ ពី​ការ​កាត់​ទោស​ក្រោម​ច្បាប់​ដាក់​ខ្មែរក្រហម​នៅ​ក្រៅច្បាប់​ក្នុង​ឆ្នាំ​១៩​៩​៤​។
អៀង​ សារី​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ២០០៧​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ជំនុំ​ជម្រះ​​នៅ​​ឯ​អង្គ​ជំនុំ​ជ​ម្រះ​វិសាមញ្ញ​​ក្នុង​តុលា​កា​រ​​កម្ពុជា ដោយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​​ឧ​ក្រិដ្ឋ​កម្ម​ប្រ​ឆាំង​នឹ​ង​​មនុស្ស​ជាតិ​ ឧ​ក្រិដ្ឋ​កម្ម​ប្រ​ល័យ​ពូជ​សាសន៍​ ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទី​ក្រុង​ហ្សឺ​ណែ​វ​ឆ្នាំ​១៩៤៩​​ និង​អំ​ពើ​មនុស្ស​ឃាត​ដែល​ត្រូវ​បាន​ប្រព្រឹត្ត នៅ​ចន្លោះ​ពី​ថ្ងៃ​១៧ ​មេសា ​១៩​៧​៥ ដល់​ថ្ងៃ​៦ មករា ១៩៧​៩​។ លោក ទទួល​មរណភាព​​នៅ​ម៉ោង​៨​​:៤៥​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០១៣​ នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​​ខ្មែរ​-សូវៀត​​ ដោយ​រោ​គា​ពាធ៕​

No comments:

Post a Comment

yes