លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំ និងជាប្រធានសមាគម អ្នកប្រជាធិបតេយ្យ
ត្រូវបានដោះលែងពីពន្ធនាគារព្រៃស នៅព្រឹកថ្ងៃសុក្រនេះ
ភ្នំពេញៈ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំ និងជាប្រធានសមាគម អ្នកប្រជាធិបតេយ្យត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ បន្ទាប់ពីរូបលោកត្រូវបានឃុំខ្លួន នៅពន្ធនាគារព្រៃសអស់រយៈពេល ៨ខែមក និងបន្ទាប់ពីសាលាឧទ្ទរណ៍បានប្រកាសសាលដីកាកាលពីម្សិលមិញ សម្រេចផ្តទ្ទាទោសលោក ម៉ម សូណង់ដូ ឲ្យជាប់ពន្ធនាគារ ៥ឆ្នាំគិតចាប់តាំងពីថ្ងៃឃុំខ្លួន ប៉ុន្តែត្រូវអនុវត្តទោសតែ ៨ ខែទេ នៅសល់ប៉ុន្តែត្រូវព្យួរ។
ការប្រកាសសាលដីកានេះ ធ្វើឡើងក្រោយពីសាលាឧទ្ធរណ៍ បានបើកសវនាការ រយៈពេល ២ ថ្ងៃកាលពីសប្តាហ៍មុន ធ្វើការជំនុំជម្រះ ទៅលើបទចោទដ៏ចម្រូងចម្រាសពីការបង្កើតតំបន់អបគមន៍ ពាក់ព័ន្ធទៅនឹងជម្លោះដីធ្លី នៅក្នុងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ទៅលើប្រធានវិទ្យុសំបុកឃ្មុំដ៏ល្បីល្បាញ នៅទីបំផុត ព្រះរាជអាជ្ញាបានស្នើឲ្យតុលាការ ធ្វើការពិចារណា ទម្លាក់ចោលបទចោទនេះ តែប្តូរទៅបទល្មើសព្រៃឈើ តាមមាត្រា៩៧ ចំណុចទី៦ នៃការឆ្ការដីព្រៃ ធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនវិញ។
នៅខាងមុខពន្ធនាគារ ក្រុមគ្រួសារ និងសមាជិកសមាគមអ្នកប្រជាធិបតេយ្យ ជាច្រើនរយនាក់ បានមករង់ចាំទទួល និងអមដំណើរ លោកម៉ម សូណង់ដូ ចេញពីពន្ធនាគារព្រៃសរួចក៏បន្តដំណើរឆ្ពោះទៅស្រុកកៀនស្វាយ ខេត្តកណ្តាលដើម្បី ទៅអុជធូបថ្វាយបង្គំសពម្តាយរបស់លោក។
លោក ម៉ម សូណង់ដូ អាយុ ៧១ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ តាមរយៈបណ្តឹងចោទប្រកាន់ពីបទញុះញង់ឲ្យមានការបង្កើតតំបន់អបគមន៍ ក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ២០ ឆ្នាំ និងពិន័យជាប្រាក់ ១០ លានរៀល ពីបទជាប់ពន្ធពាក់នឹងការបង្កើតតំបន់អបគមន៍ ប្រឆាំងរាជរដ្ឋាភិបាល កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ ។
No comments:
Post a Comment
yes