សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 1, 2013

អ្នក​បឹងកក់​រារាំង​ក្រុមហ៊ុន​មិន​ឲ្យ​សង់​ផ្ទះ

130301_06
អ្នក​ភូមិ​ស្រែក​ទាម​ទារ​ឲ្យ​កម្មករ​របស់​ក្រុម​ហ៊ុន​បញ្ឈប់​​ការ​សង់
ភ្នំពេញៈពលរដ្ឋ​បឹងកក់​ប្រមាណ​ជាង​៥០​នាក់ កាលពី​ព្រឹក​ម្សិលមិញ​បាន​នាំ​គ្នា​រារាំង កម្មករ ​ក្រុមហ៊ុន ស៊ូកាគូអ៊ីន ឲ្យ​បញ្ឈប់​ការ​សាងសង់​ផ្ទះ នៅ​លើ​ដី​ទំនេរ​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ភូមិ​២២ ក្នុង សង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ។
ការ​រារាំង សកម្មភាព​សាង​សង់​ផ្ទះ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​កម្មករ​សំណង់​ជន​ជាតិ​វៀតណាម​ចំនួន​៧​ នាក់​ ដែល​ដឹក​នាំ​ដោយ​បុគ្គលិក​ក្រុមហ៊ុន​ពីរ​នាក់ បាន​ធ្វើ​សកម្មភាព​សាង​សង់​ផ្ទះ​នៅ​លើ​ដី​ ដែល​ក្រុម​អ្នក​ភូមិ​ បាន​និយាយ​ថា អាជ្ញាធរ​ដែន​ដី​ តែង​តែ​អះ​អាង​ប្រាប់​ពួក​គាត់​តាំង​ពី​ដំបូង​មក​ថា ជា​ទីតាំង​ដែល​ស្ថិត​ក្នុង​រង្វង់​ដី​ ១២,៤៤​ ហិក​តា ដែល​ប្រមុខ​រាជ​រដ្ឋា​ភិបាល​ លោក ​ហ៊ុន សែន បាន​ធ្វើ​ប្រទាន​កម្ម​សម្រាប់​ផ្ដល់​ជូន​ពួក​គាត់ ​តាម​អនុក្រឹត្យ​លេខ ១៨៣ ចុះ​ថ្ងៃ​ទី ​១១ ខែ​សីហា ឆ្នាំ​ ២០១១។ 
ក្នុង​អំឡុង​ពេល​នោះ ក្រុម​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​នគរបាល​មួយ​ចំនួន បាន​ចុះ​ទៅ​ពិនិត្យ ប៉ុន្តែ​មិន​បាន​ចាត់​វិធានការ​ណា​មួយ​ដើម្បី​ហាម​ឃាត់​ដល់​ភាគី​ក្រុម​ ហ៊ុន ឲ្យ​បញ្ឈប់​ការ​សាង​សង់​ឡើយ បើ​ទោះ​បី​ជា​ការ​សាង​សង់​នោះ មិន​បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​ដែន​ដី​ក៏ដោយ​។ អ្នក​ស្រី អ៊ិន សាផន ចៅ​សង្កាត់​រង សង្កាត់​ស្រះ​ចក បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​ថា៖ «ខ្ញុំ​គិត​ថា​ ទំនង​ជា​ក្រុម​ហ៊ុន​ បាន​ទទួល​ការ​អនុញាត ពី​សាលា​រាជធានី​ភ្នំពេញ​ហើយ ទើប​បាន​ជា​ក្រុម​ហ៊ុន​បញ្ជូន​កម្មករ​ឲ្យ​មក​សាង​សង់​»។
បុគ្គលិក​ក្រុមហ៊ុន​ម្នាក់​ឈ្មោះ​ពៅ បាន​ប្រាប់​អ្នក​ភូមិ​ថា​ ទីតាំង​ដី​ ដែល​ពួក​គេ​កំពុង​ធ្វើ​ការ​សាង​ សង់​នេះ គឺជា​ដី​របស់​ក្រុមហ៊ុន ទិញ​ពី​ប្រជាជន ហើយ​ក្រុមហ៊ុន ​ក៏​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់ ពី​អាជ្ញាធរ​រួច​ហើយ​ដែរ។
ភ្លាមៗ​នោះ ក្រុម​អ្នក​ភូមិ បាន​បង្ហាញ​ និង​អាន​សេចក្ដី​សម្រេច​ នៃ​អនុក្រឹត្យ​លេខ​១៨៣ របស់ រាជ​រដ្ឋាភិបាល ស្ដី​ពី​ការ​កែ​សម្រួល​ក្រឡា​ផ្ទៃ​ដី​ តំបន់​អភិវឌ្ឍន៍​បឹង​កក់ ដែល​បាន​ចុះ​ហត្ថ​លេខា​ ដោយ លោក​នាយក​រដ្ឋ​មន្ត្រី​ កាល​ពី​ថ្ងៃ​ទី​ ១១ ខែសី​ហា ឆ្នាំ ២០១១ ឲ្យ​ពួក​គេ​មើលនិង​ស្ដាប់។ សេចក្ដី​សម្រេច​នោះ បាន​បញ្ជាក់​ថា រដ្ឋាភិបាល ​បាន​កាត់​ដី​តំបន់​បឹងកក់​ទំហំ ១១៤,៤១ ហិកតា ឲ្យ​ទៅ​ភាគី​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​ តាម​គម្រោង​របស់​រាជរដ្ឋាភិបាល ហើយ​បាន​កាត់​ដី​ទំហំ​១២,៤៤​ ហិកតា​ទៀត​ឲ្យ​ទៅ​ប្រជា​ពលរដ្ឋ​ និង​បាន​ចាត់​ទុក​នូវ​បទប្បញ្ញត្តិ​ទាំង​ឡាយ​ណា​ដែល​មាន​ខ្លឹម​សារ​ផ្ទុយ​ នឹង​អនុក្រឹត្យ​នេះ​ ត្រូវ​ទុក​ជា​និរាករណ៍។
អតីត​ពលរដ្ឋ​ភូមិ​១ អ្នក​ស្រី សែន ទូច ជា​ពល​រដ្ឋ​ក្នុង​គ្រួសារ​មួយ ក្នុង​ចំណោម​ពលរដ្ឋ​១៨ គ្រួសារ​ ដែល​បាន​បាត់​បង់​ផ្ទះ និង​មុខ​របរ​ ដោយ​សារ​ក្រុម​ហ៊ុន​ស៊ូកាគូ បាន​បូមខ្សាច់​កប់ព​ន្លិច​ផ្ទះ និង​បាន​ប្រើ​គ្រឿង​ចក្រ​វាយ​បំផ្លិច​បំផ្លាញ​ផ្ទះ​របស់​អ្នក​ស្រី​ទាំង ស្រុង កាលពី​ឆ្នាំ​ ២០១០ ដោយ​មិន​មាន​សំណង​សូម្បី​តែ​មួយ​រៀល បាន​និយាយ​ថា ភាគី​ក្រុម​ហ៊ុន​ កំពុង«​រំលោភ​បំពាន​សិទ្ធិ​របស់​ពលរដ្ឋ និង​អនុក្រឹត្យ​លេខ ១៨៣ របស់​រាជ​រដ្ឋាភិបាល»។ អ្នក​ស្រី​បាន​បន្ថែម​ថា​៖«បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​ធ្វើ​របង​ហ៊ុមព័ទ្ធ​ទីតាំង​ដី​ទំហំ ១១៤, ៤១ ហិកតា ដែល​ក្នុង​នោះ​ដី​ជាង​២​ហិកតា ជា​អតីត​ដី​របស់​ពលរដ្ឋ​យើង​ខ្ញុំ​ចំនួន​១៨ ​គ្រួសារ ដែល​ក្រុម​ហ៊ុន​បាន​បូម​ខ្សាច់​កប់​ពន្លិច ដោយ​មិន​ទាន់​ដោះស្រាយ​ចប់​នៅ​ឡើយ​»។
គ្រួសារ​រង​គ្រោះ​ម្នាក់​ទៀត អ្នក​ស្រី​ ហុង សុខេង បាន​និយាយ​បន្ទរ​ថា​៖ «មក​ទល់​ពេល​នេះ​ ដី​ទំនេរ​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​ទំហំ​ដី​១២,៤៤ ហិកតា អាជ្ញាធរ​ចាំបាច់​ត្រូវ​តែ​បែង​ចែក​ជូន​ពល​រដ្ឋ​ចំនួន ៦៤ គ្រួសារ»។
មុន​ពេល​ក្រុម​កម្មករ​សម្រេច​ផ្អាក​ការ​សាង​សង់​ លោក ​ពៅ បាន​ស្នើ​ឲ្យ​អ្នក​ភូមិ​ សរសេរ​ជា​លិខិត​និង ផ្ដិត​ស្នាម​មេ​ដៃ​ទទួល​ខុស​ត្រូវ​លើ​ការ​ងារ​របស់​ពួក​គេ ដោយ​បាន​អះអាង​ថា​ លោក​នឹង​យក​លិខិត​នោះ​ ទុក​ជា​សំអាង​ នៅ​ពេល​ដែល​ថ្នាក់​លើ​សួរ​នាំ ឬស្ដី​បន្ទោស។ ប៉ុន្តែ ក្រុម​អ្នក​ភូមិ បាន​បដិសេធ​ ដោយ​បាន​ឲ្យ​អនុក្រឹត្យ​លេខ​១៨៣ ដែល​ពួក​គេ​បាន​ថត​ចម្លង​នោះ​ ឲ្យ​យក​ទៅ​ជូន​ថ្នាក់​លើរ​បស់​ពួក​គេ​ពិនិត្យ​។
អ្នក ស្រី ទេព វន្នី ​អ្នក​ភូមិ បាន​និយាយ​ថា ​អ្នក​ភូមិ ​មាន​ការ​បារម្ភ​ខ្លាំង​ណាស់​ នៅ​ពេល​ដែល​ក្រុម​អាជ្ញាធរ​មិន​អើពើ ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ចំនួន​ជាង​៦០ ​គ្រួសារ ដែល​បាន​កាត់​ចេញ និង​បាន​បណ្ដែត​បណ្ដោយ​ឲ្យ​ភាគី​ក្រុមហ៊ុន ចូល​មក​សាង​សង់​ផ្ទះ​នៅ​លើ​ទំហំ​ដី​១២,៤៤ ហិកតា របស់​ពលរដ្ឋ​ថែម​ទៀត​។
លោកអំ សំអាត​ទីប្រឹក្សា​បច្ចេក​ទេស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ថ្លែង​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល កំពុង​មាន​ការ​ព្រួយ​កង្វល់​ជា​ខ្លាំង ​ខណៈ​ដែល​ក្រុម​ហ៊ុន​បាន​ចូល​ទៅ​សាងសង់​សំណង់​នៅ​លើ​ទីតាំង​ដី​១២,៤៤ ហិកតា​ដែល​រដ្ឋាភិបាល​កាត់​ទុក​ឲ្យ​ប្រជា​ពលរដ្ឋ។ លោក​បាន​ថ្លែង​ថា​៖«ប្រសិន​បើ​ភាគី​ក្រុមហ៊ុន នៅ​តែ​បន្ត​ចូល​ទៅ​សាង​សង់​ហើយ​ពលរដ្ឋ​នៅ​តែ​បន្ត​ការ​តវ៉ា​រារាំង នោះ​វា​អាច​នឹង​កើត​មាន​អំពើ​ហិង្សា...ពលរដ្ឋ​អាច​នឹង​ត្រូវ​ប្រឈម​ទៅ​នឹង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ តាម​រយៈ​ការ​ប្ដឹង​ពី​ភាគី​ក្រុម​ហ៊ុន និង អាជ្ញាធរ​ដែន​ដី»៕

No comments:

Post a Comment

yes