សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, April 21, 2013

សាលា​ក្រុង​និង​បក្ស​ប្រឆាំង​នឹង​ជួប​ពិភាក្សា​នៅ​ថ្ងៃ​២២​ពី​ការ​ធ្វើ​បាតុកម្ម

គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​ធ្វើ​បាតុកម្ម​តវ៉ា​មួយ​នៅ​ថ្ងៃ​ទី២៤ មេសា ដើម្បី​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ទទួល​យក​អនុសាសន៍​របស់​តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ និង​របាយការណ៍​ធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​របស់​សង្គម​ស៊ីវិល។

ហូរ វ៉ាន់ ៣០៥
អនុប្រធាន​គណៈកម្មការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់

សាលា​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃ​ច័ន្ទ ទី២២ ខែ​មេសា ជា​ថ្ងៃ​ជួប​ពិភាក្សា​ជាមួយ​គណបក្ស​ប្រឆាំង ដើម្បី​ស្វែង​យល់​ពី​សកម្មភាព​ផ្សេងៗ​ក្នុង​ការ​ធ្វើ​បាតុកម្ម ងាយ​ស្រួល​ក្នុង​ការ​រៀបចំ​សណ្ដាប់​ធ្នាប់​សាធារណៈ និង​ថែ​រក្សា​សុវត្ថិភាព​ជូន​ក្រុម​បាតុករ។

មន្ត្រី​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យ​ដឹង​ថា សាលា​រាជធានី និង​កង​កម្លាំង​សន្តិសុខ​ពាក់ព័ន្ធ នឹង​បើក​ការ​ពិភាក្សា​គ្នា​ជាមួយ​គណបក្ស​ប្រឆាំង នៅ​ថ្ងៃ​ទី២២ មេសា វេលា​ម៉ោង ៨​ព្រឹក ដើម្បី​ពិនិត្យ​មើល​ពី​គម្រោង​ការ​ធ្វើ​បាតុកម្ម និង​ជំរុញ​ឲ្យ​បាតុកម្ម​ប្រព្រឹត្ត​ទៅ​ស្រប​តាម​ច្បាប់។ លោក​បន្ត​ថា អាជ្ញាធរ​មាន​ភារៈ​ធានា​មិន​ឲ្យ​ការ​ធ្វើ​បាតុកម្ម​នេះ ប៉ះពាល់​ដល់​សន្តិសុខ​សុវត្ថិភាព របៀប​រៀប​រយ​សាធារណៈ​នោះ​ឡើយ។ លោក​បញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ មិន​ទាន់​សម្រេច​ទេ​ថា​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ហែ​ក្បួន ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

លោក ឡុង ឌីម៉ង់៖ «គាត់​ចង់​ធ្វើ​រូបភាព​បែប​ណា មហាជន​ចូលរួម​ប៉ុន្មាន​នាក់ គាត់​ចង់​ធ្វើ​អី​ខ្លះ ម៉ោង​ប៉ុន្មាន ម៉ោង​ប៉ុន្មាន បើ​គាត់​ចង់​ហែ​ក្បួន​ហ្នឹង​ហែ​ទៅ​ណា​ខ្លះ ដើម្បី​យើង​ចង់​ដឹង។ បើ​គាត់​មាន​គ្នា​ច្រើន ហែ​ទៅ​ណា​មក​ណា​នោះ ហើយ​បើ​សិន​ជា​គណបក្ស​នយោបាយ​ហែ​ក្បួន​ពាក់​អាវ​គណបក្ស​ទ្រង់ទ្រាយ​ធំ​នោះ អាច​ទៅ​ជា​ការ​ឃោសនា​មុន​ការ​បោះឆ្នោត​មួយ​ទៀត។ យើង​ពិនិត្យ​មើល​សិន​ថា​តើ​ទំហំ​នៃ​ការ​ស្នើសុំ​ហ្នឹង​ប៉ុណ្ណា»


ទោះ​ជា​យ៉ាង​ណា​ក្តី អនុប្រធាន​គណៈកម្មការ​វិន័យ​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ សង្ឃឹម​ថា ជំនួប​ពិភាក្សា​គ្នា​រវាង​សាលា​រាជធានី​ភ្នំពេញ និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ស្ដីពី​ការ​ធ្វើ​បាតុកម្ម​នេះ នឹង​មាន​លទ្ធផល​វិជ្ជមាន។ លោក​បន្ត​ថា បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មាន​មនុស្ស​ប្រមាណ ៣ ទៅ ៤​ពាន់​នាក់​ចូលរួម ប៉ុន្តែ​មិន​ស្លៀក​សម្លៀកបំពាក់​ឯក​សណ្ឋាន​គាំទ្រ​គណបក្ស​នោះ​ទេ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ធ្លាប់​ប្រើ​លេស​ថែ​រក្សា​សន្តិសុខ ដើម្បី​រារាំង​មិន​ឲ្យ​ក្រុម​យុវជន​គណបក្ស​ប្រឆាំង​ហែ​ក្បួន​ម្តង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០១២ ដោយ​លើក​ហេតុផល​ថា ជាប់​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ថ្វាយ​ព្រះ​បរមសព សម្ដេចឪ ប៉ុន្តែ​ពេល​នេះ អាជ្ញាធរ​មិន​មាន​ហេតុផល​ណា​ដែល​អាច​រារាំង​ការ​ហែ​ក្បួន​របស់​បក្ស​ប្រឆាំង​បាន​ឡើយ។

លោក ហូរ វ៉ាន់៖ «ប៉ុន្តែ​ពេល​នេះ អត់​មាន​លេស​ត​ទៅ​ទៀត​ទេ គឺ​ជា​កាលៈទេសៈ​មួយ​ដែល​អាច​នឹង​អនុញ្ញាត​សហការ​ជាមួយ​នឹង​គណបក្ស ឲ្យ​បាតុកម្ម​ប្រព្រឹត្ត​ទៅ​បាន​រលូន និង​សុខ​សុវត្ថិភាព។ តាម​ច្បាប់ បាតុកម្ម​យើង​មិន​ចាំបាច់​សុំ​ច្បាប់​ទេ យើង​គ្រាន់​តែ​ជូន​ដំណឹង​ទៅ​សាលា​រាជធានី តាម​ច្បាប់​និយាយ​ថា បើ​មិន​ឆ្លើយ​តប បាន​ន័យ​ថា​អនុញ្ញាត បើ​ឆ្លើយ​តប​បាន​ន័យ​ថា ជា​ការ​រៀបចំ​ឲ្យ​ដំណើរ​ការ​បាតុកម្ម​នោះ​បាន​ល្អ​ប្រសើរ»

តាម​ច្បាប់​បោះឆ្នោត ចែង​ថា គណបក្ស​នយោបាយ​មិន​អាច​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​បាន​ទេ មុន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ ប៉ុន្តែ គណបក្ស​នយោបាយ​អាច​ជួប​ជុំ​គ្នា​ពិភាក្សា​គ្នា ចេញ​សេចក្តី​ថ្លែងការណ៍​ទៅ​កាន់​សមាជិក​គាំទ្រ និង​ពលរដ្ឋ​បាន។

គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា​នឹង​ជួប​ជុំ​សមាជិក​គណបក្ស​រាប់​ពាន់​នាក់​នៅ​វេលា​ម៉ោង ៧​ព្រឹក នា​ថ្ងៃ​ទី២៤ ខែ​មេសា ខាង​មុខ នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ ដើម្បី​ធ្វើ​សេចក្តី​ថ្លែងការណ៍​បញ្ជាក់​អំពី​គោល​ជំហរ​គាំទ្រ និង​ទាមទារ​ឲ្យ គ.ជ.ប អនុវត្ត​តាម​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ និង​អង្គការ​សង្គម​ស៊ីវិល។ បន្ទាប់​ពី​ធ្វើ​សេចក្តី​ថ្លែងការណ៍ ក្បួន​បាតុករ​នឹង​ធ្វើ​ដំណើរ​ដង្ហែ​ញត្តិ​យក​ទៅ​ប្រគល់​ជូន​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នៅ​ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត៕

No comments:

Post a Comment

yes