នាយករដ្ឋមន្ត្រី បានប្រតិកម្មទៅនឹងប្រធានគណបក្សប្រឆាំង
ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស គឺលោក សម រង្ស៊ី
ដែលបានផ្តល់សារនយោបាយបែបសងសឹក គឺ«ទឹកឡើង
ត្រីស៊ីស្រមោច ទឹកខើចស្រមោចស៊ីត្រី»។
ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅស្រុកថ្ពង
ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៩ ខែមេសានេះ លោកនាយករដ្ឋមន្ត្រី
មានប្រសាសន៍ថា អ្នកនយោបាយមួយដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស
បានថ្លែងតាមវីដេអូ ខនហ្វឺរេន កាលពីថ្ងៃទី១៧ ខែមេសា
ប្រសិនបើគណបក្សប្រឆាំងឈ្នះឆ្នោត គេនឹងយកនាយករដ្ឋមន្ត្រី
និងមេដឹកនាំមួយចំនួន ទៅកាត់ទោស។ លោកនាយករដ្ឋមន្ត្រីបន្ថែមថា
នេះជាសារនយោបាយមួយ ដែលប្រៀបបានទៅនឹងនយោបាយ ទឹកឡើងត្រីស៊ីស្រមោច
ទឹកខើច ស្រមោចស៊ីត្រី ដែលខុសពីនយោបាយរបស់គណបក្សប្រជាជន ៖ "នេះហើយជានយោបាយ ទឹកឡើងត្រីស៊ីស្រមោច
ទឹកខើចស្រមោចស៊ីត្រី ឥឡូវសុំមើលអ្នកដែលជេរគណបក្សប្រជាជន
ប្រមាថគណបក្សប្រជាជនមាននៅកន្លែងនេះ និងនៅកន្លែងនោះ
ឥឡូវនេះគេមិនទាន់ឈ្នះឆ្នោតផង
គេចាប់ផ្តើមប្រកាសថាគេនឹងយកមេដឹកនាំបច្ចុប្បន្នយកទៅកាត់ទោស
អញ្ចឹងតើរឿងនេះ វាជារឿងអី សូមប្រជាជនមួយប្រទេសចងចាំ
រួចហើយចោទប្រទេសជិតខាងថាជាអ្នកឈ្លានពាន អញ្ចឹងសង្គ្រាមផ្ទៃក្នុង
និងសង្គ្រាមប្រទេសជិតខាង ចៀសមិនផុតទេ ដូចសម័យអាពតអញ្ចឹង"។
កាលពីថ្ងៃទី១៧ ខែមេសា អ្នកដឹកនាំ និងសមាជិកគណបក្សសង្គ្រោះជាតិ
ប្រមាណ ៣០០នាក់ បានប្រមូលផ្ដុំគ្នានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក
ដើម្បីធ្វើពិធីរំឭកវិញ្ញាណក្ខន្ធ និងបង្សុកូល
ដល់អ្នកស្លាប់នៅក្នុងរបបខ្មែរក្រហម។ ក្នុងពិធីនោះ
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងពីសហរដ្ឋអាមេរិកថា
មានតែគណបក្សសមង្ស៊ីទេ ដែលបានប្រារព្ធពិធីថ្ងៃទី១៧ មេសា
ដើម្បីបង្សុកូលដល់ជនរងគ្រោះរបបខ្មែរក្រហម ហើយនៅពេលខាងមុខ
លោកនឹងជំរុញការជំនុំជម្រះក្ដីអតីតមេដឹកនាំខ្មែរក្រហម
ឱ្យបានត្រឹមត្រូវ។
នាយករដ្ឋមន្ត្រី បន្តថា គណបក្សប្រជាជនកម្ពុជា
បានខិតខំបញ្ចប់នូវសង្គ្រាម និងបង្រួបបង្រួមជាតិ
ហេតុអ្វីបានជាគណបក្សប្រឆាំងមួយនេះមិនព្រមអនុវត្តន៍នយោបាយសន្តិភាព។
នៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ក៏បានរិះគន់គណបក្សថ្មី គឺគណបក្សសង្គ្រោះជាតិ ដែលកើតចេញពីគណបក្សសមរង្ស៊ី
និងគណបក្សសិទ្ធិមនុស្ស ធ្លាប់មានបទពិសោធន៍ទិតៀនគ្នាពីមុនមក។
គួរបញ្ជាក់ថា ការបោះឆ្នោតថ្នាក់ជាតិ
នឹងចូលមកដល់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ។ ពេលនេះ
ថ្នាក់ដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ចាប់ផ្តើមរិះគន់
និងនិយាយចំអកដាក់គ្នាទៅវិញទៅមក
ដើម្បីទទួលបានការគាំទ្រពីម្ចាស់ឆ្នោត៕
No comments:
Post a Comment
yes