សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 11, 2013

សៀមរាប​រៀប​ចំ​ព្រឹត្តិការណ៍​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដ៏​ធំ​អស្ចារ្យ​មិន​ធ្លាប់​មាន

130411_21a
ព្រឹត្តិការណ៍​នៃ​ការ​បង្ហាញ​ពី​ប្រវត្តិ​សាស្ត្រ​ខ្មែរ​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​ ខេត្ត​សៀម​រាប​ 
កាល​ពី​ពេល​កន្លង​មក​
នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នឹង​ឈាន​ចូល​មក​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ប្រាកដ​ណាស់​ថា​នឹង​មាន​គម្រោង​ដើរ​កម្សាន្ត នៅ​ទី​រមណីយដ្ឋាន​នានា​។ ដូច្នេះ​ខេត្ត​សៀមរាប​ក្រៅ​ពី​ជា​ទី​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​នោះ នៅ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ក៏​មាន​រៀប​ចំ​ព្រឹត្តិការណ៍​ធំ​អស្ចារ្យ​មិន​ធ្លាប់​មាន​សម្រាប់​ស្វាគមន៍​ឆ្នាំ​ថ្មី​គឺ «​អង្គរ​សង្ក្រាន្ត»។
តើ​ព្រឹត្តិការណ៍ «​អង្គរ​សង្ក្រាន្ត» នៅ ខេត្ត​សៀមរាប​នឹង​មាន​អ្វី​ប្លែក​សម្រាប់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​?
ព្រឹត្តិការណ៍«​អង្គរ​សង្ក្រាន្ត» ដើម្បី​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ជា​លើក​ដំបូង​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក)​ដោយ​ធ្វើ​ការ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់​ព័ន្ធ​។
កូន​ប្រុស លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ដឹក​នាំ​យុវជន​២០០០​នាក់​ឈរ​ជើង​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​នៅ​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា «​អង្គរ​សង្ក្រាន្ត» ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ជួប​ជុំ​យុវជន និង​មហាជន​ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​។ ផ្ដល់​ឱកាស​ដល់​យុវជន​ដើម្បី​ស្វែង​យល់​និង​ផ្សព្វ​ផ្សាយ​អំពី​វប្បធម៌ អរិយធម៌​ខ្មែរ​ដែល​ធ្លាប់​រុង​រឿង​ល្បី​នា​សម័យ​មហានគរ​រហូត​មក​ដល់​បច្ចុប្បន្ន​។ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​មាន​មោទនភាព​ក្នុង​ការ​ថែរក្សា​និង​លើក​ស្ទួយ​វប្បធម៌ អរិយធម៌​ប្រពៃណី​ជាតិ​ខ្មែរ ដែល​ធ្លាប់​បាន​ប្រតិបត្តិ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​និង​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បន្ថែម​ទៀត ឲ្យ​មក​ទស្សនា​ខេត្ត​សៀមរាប និង​ព្រះ​រាជា​ណាចក្រ​អច្ឆរិយ​។

លោក ហ៊ុន ម៉ានី បន្ត​ថា នឹង​មាន​រៀប​ចំ​ពិធី​ក្រុង​ពាលី​បួង​សួង​បើក​ព្រឹត្តិការណ៍​នៅ​ប្រាសាទ​អង្គរវត្ត​និង​ប្រាសាទ​បាយ័ន​។ ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី នា​ពេល​ទៀប​ភ្លឺ​នៅ​ខាង​កើត​ប្រាសាទ​បាយ័ន​។ ពិធី​បង្សុកូល​និង​ពូន​ភ្នំ​ខ្សាច់​ក្នុង​វត្ត​អារាម​ដែល​ស្ថិត​ក្នុង​បរិវេណ​ប្រាសាទ​អង្គរ​វត្ត និង​ពិធី​ស្រង់​ព្រះ​មុខ​ប្រាសាទ​បាយ័ន។
ក្រៅ​ពី​នោះ​លោក ហ៊ុន ម៉ានី បាន​ឲ្យ​ដឹង​បន្ត​ថា ក្នុង​ព្រឹត្តិការណ៍​នោះ​នឹង​មាន​ផ្ទាំង​ទស្សនីយភាព​ដ៏​អស្ចារ្យ​មិន​ធ្លាប់​មាន​ជា​ច្រើន​រួម​បញ្ចូន​គ្នា​ទាំង​ប្រវត្តិសាស្ត្រ និង​ប្រពៃណី​ជាតិ​ផ្សេងៗ។ លោក​បាន​ឲ្យ​ដឹង​ថា​ក្នុង​នោះ​យុវជន​ស្ម័គ្រ​ចិត្ត​ប្រមាណ​២.០០០​នាក់ នឹង​រៀប​ចំ​កម្មវិធី​កម្សាន្ត​និង​ផ្សព្វផ្សាយ​ល្បែង​ប្រពៃណី និង​ល្បែង​ប្រជាប្រិយ​ដែល​មាន​ក្នុង​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ។
ទោះ​បី​ជា​យ៉ាង​ណា លោក​បាន​បញ្ជាក់​ថា ថ្វី​ដ្បិត​តែ​មិន​ហ៊ាន​អះ​អាង​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ប៉ុនណា​ដោយ​សារ​ជា​ព្រឹត្តិការណ៍​នេះ​ជា​លើក​ទី១​និង​ឆ្នាំ​ដំបូង ប៉ុន្តែ​លោក​សង្ឃឹម​ថា នឹង​មាន​ការ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​យ៉ាង​ច្រើន​កុះ​ករ​។
ខេត្ត សៀមរាប​ស្ថិត​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា មាន​ព្រំ​ប្រទល់​ជាប់​ខេត្ត​កំពង់​ធំ បាត់​ដំបង ព្រះ​វិហារ បន្ទាយ​មាន​ជ័យ ឧត្ដរ​មាន​ជ័យ និង​បឹង​ទន្លេសាប​។ ខេត្ត​សៀមរាប​មាន​ផ្ទៃ​ក្រឡា​១០២៩៩​គីឡូម៉ែត្រ​ការ៉េ មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​៣១៤​គីឡូម៉ែត្រ​ពី​ភ្នំពេញ ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ផ្លូវ​ជាតិ​លេខ​៦អា។ កន្លែង​សំខាន់​ដែល​ជា​ទិស​ដៅ​ក្នុង​ថ្ងៃ​ដើរ​លេង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​នៅ ខេត្ត​សៀមរាបៈ
ប្រាសាទ​អង្គរវត្ត និង​តំបន់​អង្គរ​
ប្រាសាទ​អង្គរវត្ត ជា​ស្នាដៃ​ព្រះ​បាទ​សូរ្យ​វរ្ម័ន​ទី២ និង​ត្រូវ​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​១៩៩២។ ស្នាដៃ​ដ៏​អស្ចារ្យ​គ្មាន​ពីរ​នេះ​ត្រូវ​បាន​ប្រជាជន​ខ្មែរ​យើង​គិត​ថា​មិន​មែន​ជា​ស្នាដៃ​របស់​មនុស្ស​ធម្មតា​ឡើយ គឺ​ជា​ស្នាដៃ​របស់​ព្រះ​ពិស្ណុការ។ ប្រាសាទ​អង្គរវត្ត​ត្រូវ​សាង​សង់​អស់​រយៈ​ពេល​៣០​ឆ្នាំ​មាន​កម្ពស់​៦៥ម៉ែត្រ និង​មាន​ផ្ទៃ​ក្រឡា​ជាង​២០០​ហិកតា។ ក្រៅ​ពី​នោះ​តំបន់​អង្គរ​មាន​ប្រាសាទ​បុរាណ​ជា​ច្រើន​ទៀត​សម្រាប់​ជា​ទី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​។
បារាយណ៍​ខាង​លិច
តាម​ឯកសារ​របស់​អ្នក​ស្រី កែវ ច័ន្ទ​បូរណ៍ បាន​ឲ្យ​ដឹង​ថា បារាយណ៍​ខាង​លិច ជា​បារាយណ៍​ដ៏​ធំ​ជាង​គេ​បង្អស់​នៅ​តំបន់​អង្គរ ជា​ទី​ទប់​ទឹក​សម្រាប់​ឲ្យ​ប្រជា​កសិករ​ខ្មែរ​ស្រោច​ស្រព​ចម្ការ​ដំណាំ​។ បារាយណ៍​នេះ​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​រាជធានី​អង្គរ​ធំ មាន​ទំហំ​៨​គីឡូម៉ែត្រ គុណ​នឹង ២,១​គីឡូ​ម៉ែត្រ កសាង​ឡើង​នៅ​សតវត្សរ៍ ទី១១​ក្នុង​រជ្ជកាល​ព្រះ​បាទ​សូរ្យវរ្ម័ន​ទី១ ហើយ​សាង​សង់​រួច​រាល់​ក្នុង​រាជ​ព្រះ​បាទ​ឧទយាទិត្យ​វរ្ម័ន​ទី២​។ នៅ​កណ្ដាល​ផ្ទៃ​ទឹក​នៃ​បារាយណ៍​ខាង​លិច​នេះ​មាន​ទី​ទួល​កោះ​មួយ​ដែល​មាន​សាង​សង់​ប្រាសាទ​មួយ​សម្រាប់​បូជា​ដល់​ព្រះ​វិស្ណុ ឈ្មោះ​ប្រាសាទ​មេ​បុណ្យ​ខាង​លិច។
បារាយណ៍​ខាង​កើត គឺជា​បារាយណ៍​ធំ​ជាង​គេ​បំផុត​ទី២​នៅ​តំបន់​អង្គរ បន្ទាប់​ពី​បារាយណ៍​ខាង​លិច​។ បារាយណ៍​នេះ​ស្ថិត​នៅ​ភាគ​ខាង​កើត​រាជធានី​អង្គរ​ធំ កសាង​ឡើង​នៅ​អំឡុង​ឆ្នាំ​៩០០​រជ្ជ​កាល​ព្រះ​បាទ​យសោវរ្ម័ន មាន​ទំហំ ៧,១៥០​ម៉ែត្រ គុណ​នឹង​១,៧៤០​ម៉ែត្រ អាច​ផ្ទុក​ទឹក​បាន​៥០​លាន​ម៉ែត្រ​គុប សម្រាប់​ផ្គត់​ផ្គង់​ទឹក​ដល់​ប្រជា​កសិករ​ធ្វើ​ស្រែ​ចម្ការ។ នៅ​ចំ​កណ្ដាល​បារាយណ៍​មាន​កូន​កោះ​មួយ​តំណាង​ឲ្យ​ភ្នំ​ព្រះ​សុមេរុ​ដែល​ជា​លំនៅឋាន​របស់​ព្រះ​វិស្ណុ គឺ​ប្រាសាទ​មេ​បុណ្យ​ខាង​កើត។
ភ្នំ​គូលែន ស្ថិត​នៅ​ក្នុង​ស្រុក​ស្វាយ​លើ និង​ស្រុក​វ៉ារិន មាន​ចម្ងាយ​ប្រមាណ​៦០​គីឡូម៉ែត្រ​ពីទី​ក្រុង​សៀមរាប​។ ភ្នំ​នេះ​ជា​រាជធានី​ដែល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី២ ប្រារព្ធ​ពិធី​ទេវរាជ​តម្កើង​ខ្លួន​ឲ្យ​ស្មើ​អាទិទេព និង​ប្រកាស​សករាជ​ពី​ប្រទេស​ជ្វា​នៅ​ឆ្នាំ​៨០២​នៃ​គ្រិស្ត​សករាជ​។ ភ្នំ​នេះ​ពី​ដើម​មាន​ឈ្មោះ​ថា មហិន្ទ្របពត៌ មាន​ទាំង​ប្រាសាទ​បុរាណ និង​ទឹក​ជ្រោះ​ដ៏​ស្រស់​ស្អាត​ថែម​ទៀត​ផង។ នៅ​បាត​ស្ទឹង​សៀមរាប​លើ​កំពូល​ភ្នំ​នេះ មាន​ឆ្លាក់​សិវ​លិង្គ និង​យោនី​នាង​ឧមា ដែល​គេ​ហៅ​ទីនោះ​ថា​ជា​តំបន់​លិង្គ​មួយ​ពាន់​។ ក្រៅ​ពី​នោះ​មាន​រូប​សំណាក​ព្រះពុទ្ធ​រូប​មួយ​យ៉ាង​ធំ​ដែល​ឆ្លាក់​ឡើង​នៅ​លើ​ថ្ម​ដា។
ភូមិ​វប្បធម៌ ស្ថិត​ក្នុង​ក្រុង​សៀមរាប​ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០០១ ហើយ​បាន​បើក​ឲ្យ​មាន​ការ​ចូល​ទស្សនា​នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០០៣។
ភូមិ​វប្បធម៌​នេះ រៀប​ចំ​ឡើង​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ​២១០ ០០០​ម៉ែត្រ​ការ៉េ មាន​ភូមិ​ចំនួន​១២ ដែល​បង្ហាញ​នូវ​ប្រពៃណី​ទំនៀម​ទម្លាប់​ខុសៗ​គ្នា​ទៅ​តាម​វប្បធម៌​នៃ​ជនជាតិ​ចំនួន​១៩៕

No comments:

Post a Comment

yes