សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 11, 2013

អ្នក​ភូមិ​អណ្តូង​បារម្ភ​ពី​ការ​ឲ្យ​រុះរើ​ផ្ទះ

130411_09
ប្រជាពលរដ្ឋក្រីក្រក្នុងសហគមន៍ភូមិអណ្ដូង​​ គោក​រកា
ពលរដ្ឋ​ក្រីក្រ​ក្នុង​សហគមន៍​ភូមិ​អណ្ដូង​មួយ​ចំនួន​បាន​បង្ហាញ​កង្វល់​អំពី ការ​បាត់​បង់​ទី​ជម្រក ខណៈ​អាជ្ញាធរ​មាន​ផែន​ការ​ធ្វើ​ផ្លូវ​មួយ​ខ្សែ​ទៀត​ចូល​ទៅ​កាន់​ភូមិ​នេះ។
អ្នកស្រី កែវ ពុធណា ដែល​មាន​កូន៦​នាក់ ក្នុង​បន្ទុក​រស់​នៅ​ក្នុង​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​តូច​មួយ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា អាជ្ញាធរ​បាន​ប្រាប់​ឲ្យ​ពួក​គាត់​ជាង​២០​គ្រួសារ​រុះរើ​ផ្ទះ​ជា​បណ្ដោះ​ អាសន្ន​ដើម្បី​យក​ដី​នោះ​ធ្វើ​ផ្លូវ​និង​គ្រោង​សង់​ផ្ទះ​ថ្ម​លក់​បង់​រំលស់ ជូន​ពួក​គាត់​ក្នុង​តម្លៃ​ជាង​១ពាន់​ដុល្លារ។
អ្នកស្រី​បាន​ថ្លែង​ថា៖ ​«ថ្វី​ដ្បិត​តែ​រដ្ឋ​តម្រូវ​ឲ្យ​យើង​បង់​រំលស់​ក្នុង​មួយ​ខែ​១០​ដុល្លារ ប៉ុន្តែ ខ្ញុំ​បារម្ភ​ខ្លាំង​ណាស់ ព្រោះ​ពួក​យើង​ក្រីក្រ​រក​១ថ្ងៃ​សម្រាប់​១ថ្ងៃ តើ​នឹង​មាន​លុយ​ឯ​ណា​បង់​រំលស់​នោះ»។
អ្នកស្រី យ៉ង់ សុភ័ណ្ឌ បាន​បង្ហាញ​ពី​កង្វល់​ថា អាជ្ញាធរ​អាច​នឹង​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ផ្ទះ​ថ្មី​ ដែល​គេ​គ្រោង​សង់​លក់​ឲ្យ​ពួកគាត់​ក្នុង​តម្លៃ​ថោក​នោះ បើ​ពួក​គាត់​មិន​មាន​លទ្ធភាព​ក្នុង​ការ​បង់​រំលស់​តាម​កាល​កំណត់​នោះ។

អ្នកស្រីបារម្ភ​ខ្លាច​ថា ក្រោយ​ពី​ផ្ទះ​ថ្មី​សង់​រួច​ហើយ អាជ្ញាធរ​មិន​ឲ្យ​ពួក​គាត់​នៅ បែរ​ជា​ឲ្យ​អ្នក​មក​ពី​តំបន់​ក្រៅដែល​គេ​មាន​លុយ​បង់​នៅ​ជំនួស​ទៅ​វិញ។
ប៉ុន្តែ លោក អ៊ុង ងួន តំណាង​ប្រជា​សហគមន៍​នេះ​ឲ្យ​ដឹង​ថា ពី​បី​ថ្ងៃ​មុន​ពលរដ្ឋ​ជាង​២០​គ្រួសារ បាន​ផ្ដិត​មេ​ដៃ​ឯក​ភាព​រុះរើ​ផ្ទះ បើក​ផ្លូវ​ឲ្យ​អាជ្ញាធរ​សង់​ផ្លូវ​បេតុង និង​អគារ​ផ្ទះ​ថ្ម​ទៅ​តាម​ស្តង់ដារ​របស់​អង្គការ ភីស៊ីអិល។
លោកបន្តថា៖«ពួកគេ​បាន​រុះរើ​ផ្ទះ​រួច​ហើយ ដោយ​បាន​ទៅ​សង់​នៅ​លើ​ដី​អ្នក​ភូមិ​ចាស់​ស្នាក់​នៅ​ជា​បណ្ដោះ អាសន្ន​ដើម្បី​រង់ចាំ​ចូល​នៅ​ផ្ទះ​ថ្មី ខណៈ​ពលរដ្ឋ​មួយ​ចំនួន​បាន​បដិសេធ​ការ​រុះរើ ព្រោះ​ខ្លាច​អាជ្ញាធរ​មិន​ផ្ដល់​ផ្ទះ​ថ្មី​ឲ្យ​ជាថ្នូរ»។
ចៅសង្កាត់​គោករកា លោក ភី ណុប ថ្លែង​ថា៖«អ្នក​ភូមិ​ហាក់​មាន​ក្ដី​បារម្ភ​ជ្រុល​ពេក ពួកគេ​គួរ​តែ​រីករាយ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​របស់​សាលា​រាជធានី​ភ្នំពេញ​និង​អង្គការ​ភីស៊ីអិល»។
កាលពីថ្ងៃទី៦ ខែ​មិថុនា ឆ្នាំ​២០០៦ ពលរដ្ឋ​ក្នុង​ភូមិ​សម្បុក​ចាប សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន ​ប្រមាណ​ជាង​១៥០០​គ្រួសារ ត្រូវ​អាជ្ញាធរ​ជម្លៀស​ចេញ​ដោយ​បង្ខំ​ឲ្យ​ទៅ​នៅ​ភូមិ​អណ្ដូង លើ​ផ្ទៃដី​ប្រមាណ​២​ហិកតា ទាំង​កង្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ។
តែយ៉ាងណា សាលា​រាជធានី​បាន​ខិតខំ​ស្វែង​រក​ដៃ​គូ​អភិវឌ្ឍន៍​តំបន់​នេះ ក្រោយ​មក​អង្គការ​ភីស៊ីអិល បាន​ចូល​រួម​ក្នុង​គម្រោង​សង់​ផ្ទះ​បង់​រំលស់​នេះ​និង​កំពុង​ដំណើរ​ការ​ល្អ​ក្រោម​ទឹក​ប្រាក់​ចំណាយ​ជាង​បីលាន​ដុល្លារ។
សមិទ្ធផលថ្មី​ជាច្រើន​បាន​កើត​​ឡើង​ជា​បន្ត​បន្ទាប់ រាប់​ចាប់​ពី​ផ្សារ​ទំនើប ផ្លូវ​បេតុង ប្រព័ន្ធ​ទឹក​ភ្លើង និង​បណ្ដាញ​លូទឹក​និង​អគារ​ផ្ទះ​ថ្ម៤មx៦ម ចំនួន​២៣៥​ខ្នង បាន​សង់​ផ្ដល់​ជូន​ពលរដ្ឋ​ចំនួន​២៣៥​គ្រួសារ​រួច​ហើយ និង​កំពុង​បន្ត​គម្រោង​តាម​ដំណាក់ៗ៕

No comments:

Post a Comment

yes