សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 11, 2013

ពលរដ្ឋ​នៅ​មេ​មត់​តវ៉ា​នឹង​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​គំរាម

130411_08
ចម្ការ​កៅ​ស៊ូ​ដែល​ក្រុម​ហ៊ុន​​ ទទួល​សិទ្ធិ​វិ​និយោគ​​បាន​ពី​​ក្រុម​​ហ៊ុន​រដ្ឋ​
ពលរដ្ឋ​ប្រមាណ​១០០​នាក់ រស់​នៅ​ស្រុក​មេមត់​ បាន​ធ្វើ​ដំណើរ​មក​កាន់​សាលា​ខេត្ត​ក្នុង​បំណង​ធ្វើ​ការ​តវ៉ា​ពី​ការ​ សុំ​កម្មសិទ្ធិ​ស្រប​ច្បាប់​រស់​នៅ​លើ​ដី​ចម្ការ​កៅស៊ូ​មេមត់ ដែល​រស់​​នៅ​ជាង​៣០​ឆ្នាំ​ ក្រោយ​ពី​មាន​លិខិត​ប្រគល់​ដីជូន​ពួក​គាត់​ពី​ក្រសួង។
ប៉ុន្តែ​រថយន្ត ដែល​ចេញ​មក​ពី​ម្សិលមិញ​ ត្រូវ​នគរបាល​ស្ទាក់​មិន​ឲ្យ​មក​ដល់​សាលា​ខេត្ត​កំពង់ចាម ទេ និង​បង្វែរ​ឲ្យ​ទៅ​ដោះ​ស្រាយ​នៅ​សាលា​ស្រុក​មេ​មត់​វិញ។
លោក​ស្រី អ៊ុន ស៊ូចេង​ អាយុ​៥២​ឆ្នាំ​ ឲ្យ​ដឹង​ថា ពលរដ្ឋ​តំណាង​ឲ្យ​២២៥​គ្រួសារ ព្រម​ទៅ​ជួប​អភិបាល​ស្រុក​មេមត់ សុំ​ការ​ដោះស្រាយ។ ក្នុង​នោះ មាន​អ្នក​ខ្លះ​ជា​គ្រួសារ​កម្មករ​ចម្ការ​កៅស៊ូ​មេមត់​រដ្ឋ​តាំង​ពី​ដើម​មក កំពុង​រស់​នៅ​លើ​ដី​លំនៅ​ឋាន​ក្នុង​ភូមិ​ខ្នង​ក្រពើ​ខាង​លិច ឃុំ​ទ្រមូង បាន​ធ្វើ​ការ​តវ៉ា​តាំង​ពី​ឆ្នាំ​២០០៨​ មក ​ពេល​រដ្ឋាភិបាល​កាត់​យក​ដី​ចម្ការ​កៅស៊ូ​ប្រមាណ​ជាង​៩ពាន់ ហិកតា ធ្វើ​សម្បទាន​វិនិយោគ​ដល់​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​ខូអិលធីឌី រួច​តម្រូវ​ឲ្យ​កម្មករ​ទាំង​អស់​រើ​លំនៅឋាន យក​ដី​ឲ្យ​ក្រុមហ៊ុន។

ក្នុង​ខែ​តុលា ឆ្នាំ​២០១២ ខាង​ក្រសួង​កសិកម្ម បាន​កាត់​ដី​ដែល​ពលរដ្ឋ​ធ្លាប់​នៅ ចេញ​ពី​ក្រុមហ៊ុន ប្រគល់​ដី​ជូន​ពលរដ្ឋ​វិញ ប៉ុន្តែ​មក​ទល់​ពេល​នេះ​ពុំ​មាន​ចំណាត់​ការ​ជា​សញ្ញា​ថា ពលរដ្ឋ​នឹង​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ឡើយ​ ហើយ​ពលរដ្ឋ​រង​ការ​គំរាម​មិន​ឲ្យ​ជួសជុល​ផ្ទះ​នៅ ពី​ក្រុមហ៊ុន​រហូត តែ​មិន​មែន​ពី​អាជ្ញាធរ​ឡើយ។
លោក​ស្រី​ថា៖ «​លិខិត​ក្រសួង​របស់​ឯកឧត្តម​ ច័ន្ទ​ សារុន គឺ​ឲ្យ​បង្កើត​គណៈ​កម្មការ​មាន​សមាជិក​២១​រូប​ ធ្វើ​បច្ចុប្បន្នភាព​លើ​ផ្ទៃ​ដី​ពលរដ្ឋ​កំពុង​រស់​នៅ​និង​កាន់​កាប់​លើ​ដី ​ចម្ការ​កៅស៊ូ​រដ្ឋ​ទាំង​៧ ក្នុង​នោះ មាន​ចម្ការ​កៅស៊ូ​មេមត់​មួយ​ដែរ ​ដើម្បី​កាត់​ចេញពី​ទ្រព្យ​សម្បតិ្ត​រដ្ឋ​ ​ផ្តល់​ជូន​ពលរដ្ឋ​កាន់​កាប់​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់»។
លោក​ស្រី​ថា ដី​លំនៅឋាន​ពលរដ្ឋ​ក្នុង​ចម្ការ​កៅស៊ូ​មេមត់​សព្វ​ថ្ងៃ​មាន​១២​ហិកតា មាន​ប្រមាណ​៤០០​គ្រួសារ​ តែ​គ្រួសារ​ខ្លះ​ព្រម​ចាក​ចេញ​ទៅ​ទទួល​យក​គោល​នយោបាយ​របស់​ក្រុមហ៊ុន​ដែល ផ្តល់​ផ្ទះ​ឲ្យ ៤​គុណ​១០​ម៉ែត្រ និង​ដី​២០​គុណ​៣០​ម៉ែត្រ​។
ប៉ុន្តែ ដោយ​អ្នក​ភូមិ​បារម្ភ​ចំពោះ​ការ​មិន​ទទួល​បាន​កម្ម​សិទិ្ធ ទើប​ចេះ​តែ​តវ៉ា ព្រោះ​ក្រុម​ហ៊ុន​តែងតែ​គំរាម​មិន​ឲ្យ​ពលរដ្ឋ​សង់​ផ្ទះ​ឬ​ជួសជុល​ផ្ទះ ឡើយ។ លោក​ស្រី​ថា៖ «ផ្ទះ​ឈើ​ខ្ញុំ​ មិន​អាច​ជួសជុល​ការ​ធ្លុះ​ធ្លាយ​បាន​ឡើយ ព្រោះ​ក្រុមហ៊ុន​ហាម​ ដូច្នេះ​យើង​ទ្រាំ​រស់នៅ ហើយ​ពេល​មាន​ភ្លៀង​ខ្យល់ ក៏​នាំ​គ្រួសារ​ទៅ​ជ្រក​ក្រោម​ផ្ទះ​គេ​»។
លោក ចាន់ សុភី អភិបាល​រង​ស្រុក​មេមត់ កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ស្រុក​បាន​ទទួល​ជួប​តំណាង​ពលរដ្ឋ​បួន​រូប និង​បាន​សម្រេច​ថា នឹង​បង្កើត​គណៈកម្មការ​ចុះ​ធ្វើ​អត្តសញ្ញាណ​កម្ម​ក្បាល​ដី​នៅ​ក្រោយ​ចូល​ ឆ្នាំ។
លោក​បន្ត​ថា៖«ការ​ចុះ​ធ្វើ​អត្តសញ្ញាណកម្ម គឺ​មាន​ន័យ​ថា ចុះ​ស្រង់​ស្ថិតិ​ពលរដ្ឋ​រស់នៅ​ប៉ុន្មាន​គ្រួសារ ផ្ទៃដី​ប៉ុន្មាន​ការ៉េ យើង​ឲ្យ​គាត់​បំពេញ​ទម្រង់​បែបបទ»។
ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​ថា​ ក្រុម​ហ៊ុន​ហាម​មិន​ឲ្យ​ជួស​ជុល​ផ្ទះ លោក​អភិបាល​រង​ស្រុក​បញ្ជាក់​ថា​៖«ខាង​ខ្ញុំ​និង​ខាង​ខេត្ត​ ក៏​មិន​មាន​សិទ្ធិ​អារ​កាត់​ឡើយ ព្រោះ​ដី​នេះ​រដ្ឋ​ធ្លាប់​ធ្វើ​អវិនិយោគ​(ក្រុម​ហ៊ុន​យក​អភិវឌ្ឍន៍​លើ​អ្វី​ ដែល​មាន​ស្រាប់​) ឯ​ការ​ដោះ​ស្រាយ​ក៏​ផុត​ពី​ដៃ​អាជ្ញាធរ​មូលដ្ឋាន​ដែរ»។
លោក​មាន ប្រសាសន៍​ថា នៅ​ពេល​ក្រុមហ៊ុន​ទទួល​សិទ្ធិ​អភិវឌ្ឍន៍​ពី​រដ្ឋ តួលេខ​ពលរដ្ឋ​នៅ​តំបន់​ចម្ការ​កៅស៊ូ​មេមត់​មាន​ចំនួន​ប្រមាណ​ ១.២០០​គ្រួសារ តែ​មួយ​ចំនួន​ធំគឺ​១.១០០គ្រួសារ​បាន​ចាក​ចេញ​ពី​ទីនោះ ហើយ​ទៅ​ទទួល​គោល​នយោបាយ​ពី​ក្រុមហ៊ុន ដូច្នេះ​នៅ​សល់​ប្រមាណ​៩០​គ្រួសារ​ប៉ុណ្ណោះ​មិន​ព្រម​ចេញ​។
តំណាង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ម្សិលមិញ៕

No comments:

Post a Comment

yes