សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, April 6, 2013

ការចូលរួម​របស់​រាជវង្ស​មាន​សារៈសំខាន់​សម្រាប់​គណបក្ស​សង្គ្រោះជាតិ

ព្រះ​អង្គម្ចាស់​ស៊ីសុវត្ថិ​ ធម្មិកោ ប្រកាស​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ពី​ការ​ចូលរួម​ជាមួយ​គណបក្ស​សង្រ្គោះជាតិ
ព្រះ​អង្គម្ចាស់​ស៊ីសុវត្ថិ​ ធម្មិកោ ប្រកាស​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ពី​ការ​ចូលរួម​
ជាមួយ​គណបក្ស​សង្រ្គោះជាតិ

គណបក្ស​ង្គ្រោះ​ជាតិ​ដែលជា​គូប្រជែង​ដ៏​ធំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងការ​បោះឆ្នោត​នា​ខែកក្កដា​ខាងមុខ​កំពុង​កៀងគរ​រក​សមាជិក​រា​ជ​វង្ស​ឲ្យ​ចូលរួម​ជាមួយ​ខ្លួន។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​ព្រះ​រាជលេខា​ផ្ទាល់​របស់​សម្តេច​ឳ នរោត្តម សីហនុ គឺជា​សមាជិក​រាជវង្ស​ទី១ដែល​បាន​ប្រកាស​ចូលរួម​ជាមួយ​បក្សប្រឆាំង ​ខណៈដែល​ព័ត៌មាន​ស្តីពី​ការចូលរួម​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​លេចឮ​តែមួយ​ភ្លែត​ក៏បាន​រលាយបាត់​ទៅវិញ។ តើ​វត្តមាន​រាជវង្ស​មានសារៈសំខាន់​បែបណាខ្លះ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ?

ការប្រកាស​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​សំណាក់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅ​ចុង​សប្តាហ៍​នេះ​គឺជា​ព្រឹត្តិការណ៍​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត​ក្នុង​ដំណើរការ​បង្រួបបង្រួម​គណបក្សប្រឆាំង​នៅ​កម្ពុជា។ កាលពី​ប៉ុន្មាន​សប្តាហ៍​មុននេះ ក៏មាន​លេចឮ​ព័ត៌មាន​ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជា​រាជវង្ស​លេចមុខ​មាត់​ជាងគេ​ក្នុង​ឆាកនយោបាយ​ក៏មាន​បំណង​យាង​ទៅ​ចូលរួម​​​​​ជាមួយ​គណបក្ស​ប្រឆាំង​ដែរ។


ប៉ុន្តែ ព័ត៌មាន​នេះ​បាន​ស្ងាត់​ទៅវិញ​បន្ទាប់ពី​លោក ញ៉ឹក ប៊ុនឆៃ ប្រកាស​ប្តឹង​ព្រះអង្គ​ពីបទ ពុករលួយ ហើយ​ក្រោយមក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ចេញមុខ​សម្របសម្រួល។ ការសម្របសម្រួល​រប​ស់លោក​នាយករដ្ឋមន្ត្រី​ត្រូវគេ​មើលឃើញថា គឺជា​ខ្សែចំណង​ដែល​ចង​សម្តេចក្រុមព្រះ​មិន​ឲ្យ​យាង​ចូល​ជាមួយ​បក្សប្រឆាំង​បានឡើយ។ ដូច្នេះ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានក្លាយ​ជា​សែ​រាជវង្ស​ដំបូង​គេ​ដែល​សម្រេច​ចូលរួម​ជាមួយ​បក្សប្រឆាំង។ ទោះបីជា​ព្រះអង្គម្ចាស់ ធម្មិកោ មិនមែនជា​តួអង្គ​សំខាន់​ដូច​សម្តេច​ក្រុមព្រះ​ក៏ដោយ ប៉ុន្តែ ការចូលរួម​របស់​ព្រះអង្គ​ក៏​ផ្តល់​ប្រយោជន៍​សំខាន់​ដែរ​ដល់​បក្សប្រឆាំង​បើ​ទោះ​តិច​ឬក៏​ច្រើនក្តី។

ជាការ​ពិតណាស់ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កើតចេញពី​សម្ព​ន្ធ័​ភាព​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​ពិតជា​ត្រូវការ​កម្លាំង​បន្ថែមទៀត​ដើម្បី​ក្លាយជា​គូប្រជែង​ដ៏​ពិតប្រាកដ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ សមាជិក​រាជវង្ស​ត្រូវគេ​មើលឃើញថា គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​ក្នុងចំណោម​ក្រុមមនុស្ស​គោលដៅ​ដែល​គណបក្ស​នេះ​ត្រូវការ។ វត្តមាន​របស់​សមាជិក​រាជវង្ស​ក្នុង​បក្សប្រឆាំង​នឹងធ្វើ​ឲ្យ​សួនច្បារ​របស់​គណបក្ស​នេះ​មាន​ផ្កា​ចម្រុះ​ពណ៌​ដើម្បី​ទាក់ទាញ​អ្នកបោះឆ្នោត។

ពិត​ហើយ​ថា សែ​រាជវង្ស​មិនមែនជា​អ្នក​ពូកែ​ធ្វើ​នយោបាយ​ទេ។ ពួកគេ​សុទ្ធតែ​ធ្លាប់មាន​ប្រវត្តិ​បរាជ័យ​ក្នុង​ជីវិត​នយោបាយ​យ៉ាង​ជូរចត់​រួចទៅហើយ។ ទាំង​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ, ព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស ព្រមទាំង​រាជវង្ស​ជាច្រើន​ទៀត​ ដោយ​រាប់ទាំង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ផង​សុទ្ធតែ​ធ្លាប់​ភ្លក់​រស់ជាតិ​បរាជ័យ​ដ៏​ជូរចត់​ក្នុង​ឆាកនយោបាយដូចៗគ្នា។ ដូច្នេះ បើ​និយាយ​ពី​ទេពកោសល្យ​នយោបាយ រាជវង្ស​មិនមែនជា​សក្តានុពល​សម្រាប់​បក្សប្រឆាំង​ទេ។ ក៏ប៉ុន្តែ រូបភាព​របស់​សមាជិក​រាជវង្ស​នឹង​ផ្តល់​សារៈសំខាន់​ដល់​បក្សប្រឆាំង​ច្រើនជាង​ខ្លឹមសារ។

ដូចដែល​គេ​បានដឹង​រួចទៅហើយ​ថា នេះ​ជា​ពេលវេលា​ដែល​គណបក្សប្រឆាំង​កំពុង​បង្ហាញ​ពី​ការបង្រួបបង្រួម ​ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកគាំទ្រ។ ការច្របាច់បញ្ចូលគ្នារ​វាង​គណបក្ស​សមរង្ស៊ី​និង​គណបក្ស​សិទ្ធិមនុស្ស​ ទោះបីជា​វា​កើតឡើង​ដោយ​លំបាក​ និង​ដោយសារ​ស្ថានការណ៍​ចាប់បង្ខំ​ក៏ដោយ ក៏​វា​បានផ្តល់​សន្ទុះ​ថ្មី​មួយទៀត​ដល់​បក្សប្រឆាំង​ដែរ។ ដូច្នេះ ប្រសិនបើ​មានការ​ចូលរួម​របស់​សមាជិក​រាជវង្ស​បន្ថែមទៀត​នោះ រូបភាព​នៃ​ការបង្រួបបង្រួម​របស់​បក្សប្រឆាំង​នឹង​កាន់​តែមាន​អត្ថន័យ​មួយកម្រិត​ទៀត​ជាមិនខាន។ ម្យ៉ាងទៀត វត្តមាន​របស់​រាជវង្ស​ក៏​ច្បាស់​ជា​នឹង​នាំទៅ​ជាមួយ​នូវ​រូបភាព«រាជានិយម»ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ។ នេះ​គឺជា​សក្តានុពល​មួយ​សម្រាប់​ការឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្ស​ប្រឆាំង។

យ៉ាងណាក៏ដោយ ព្រះអង្គម្ចាស់​ស៊ី សុវត្ថិ ធម្មិកោ តែមួយ​អង្គ​ទំនងជា​មិនទាន់មាន​ទម្ងន់​គ្រប់គ្រាន់ ​ខណៈដែល​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលមាន​ទម្ងន់​នយោបាយ​ធ្ងន់​ជាង​នោះ​ទំនងជា​មិនអាច​ដកខ្លួន​មក​ចូលរួម​ជាមួយ​បក្សប្រឆាំង​បានឡើយ។ ព័ត៌មាន​ដែល​បាន​លេចឮ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​ប្រហែលជា​មិនមែនជា​រឿង​ចៃដន្យ​ទេ តែ​វា​អាចជា​វិញ្ញាសា​សាកល្បង​មួយ ​ដើម្បី​វាស់​ស្ទង់​លទ្ធភាព​ដែល​អាចទៅរួច​របស់សម្តេចក្រុមព្រះ​ក៏​ថា​បាន។ ប៉ុន្តែ លទ្ធផល​បង្ហាញថា ព្រះអង្គ​ហាក់ដូចជា​កំពុង​ជាប់«ចំណង» ដែល​ពិបាក​នឹង​រើខ្លួន។

យ៉ាងណា​ក៏ដោយចុះ ការប្រកាស​ចូល​គណបក្ស​ប្រឆាំង​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅពេលនេះ ក៏​អាច​ចាត់ទុកជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ដែរ​សម្រាប់​បក្សប្រឆាំង​ពីព្រោះ​ទោះជា​មិនបាន​ត្រី​ធំ ត្រី​តូច​ក៏​អាច​ច្នៃ​ជា​អាហារ​ដ៏​មាន​រសជាតិ​បានដែរ៕

No comments:

Post a Comment

yes