សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 9, 2013

អ្នក​ភូមិ​នៅ​មណ្ឌលគិរី​ចោទ​ក្រុមហ៊ុន​សម្បទាន​ថា​ឈូស​រំលោភ​យក​ដី

ជម្លោះ​ដី សុវណ្ណរាជសី ៣០៥
តំណាង​ពលរដ្ឋ​នៅ​ភូមិ​ឆ្នែង ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ដាក់​ពាក្យ​ប្ដឹង​រក​យុត្តិធម៌​នៅ​
ការិយាល័យ​សមាគម​អាដហុក ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​៤ ខែ​មេសា ឆ្នាំ​២០១៣ បន្ទាប់​ពី​
ក្រុមហ៊ុន​សុវណ្ណរាជសី បាន​ឈូស​ឆាយ​ដំណាំ និង​រំលោភ​យក​ដី​ចម្ការ​ពូក​គាត់

ប្រមុខ​រាជរដ្ឋាភិបាល លោក ហ៊ុន សែន បាន​ដាក់​ចេញ​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី ពោល​គឺ​វាស់វែង​កាត់​ដី និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ណា​ដែល​មាន​ដី​កាន់​កាប់​ជាក់ស្ដែង​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ដើម្បី​កាត់​បន្ថយ​ជម្លោះ​ដីធ្លី បើ​ទោះ​បី​ដី​នោះ​ប្រជាពលរដ្ឋ​កាប់​រាន​ព្រៃ​ឈើ​ខុស​ច្បាប់​យ៉ាង​ណា​ក្ដី។ ប៉ុន្តែ​អ្នក​ឃ្លាំមើល​បញ្ហា​ដី​ធ្លី​អង្គការ​ក្រៅ​រដ្ឋាភិបាល​កត់​សំគាល់​ថា គោល​នយោបាយ​នេះ​ធ្វើ​ឲ្យ​មាន​ជម្លោះ​ដីធ្លី​ថ្មី​កើត​មាន​បន្ថែម​ទៀត។
ប្រជាពលរដ្ឋ ៣៧​គ្រួសារ រស់​នៅ​ភូមិ​ឆ្នែង ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ចោទ​ប្រកាន់​ក្រុមហ៊ុន​សម្បទាន​សុវណ្ណរាជសី ថា​បាន​ឈូស​ឆាយ​ផល​ដំណាំ និង​រំលោភ​យក​ដី​អ្នក​ភូមិ​ផ្ទុយ​ទៅ​នឹង​គោលនយោបាយ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​អ្នក​កាន់​កាប់​ដី​ជាក់ស្ដែង​នៅ​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច។
តំណាង​អ្នកភូមិ អ្នកស្រី ឆាត់ ស នៅ​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​មេសា ឆ្នាំ​២០១៣ មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​អ្នក​ភូមិ​ប្រមាណ ១០០​ហិកតារ ក្នុង​នោះ​មាន​ដំណាំ​កៅស៊ូ និង​ដំឡូង​ប្រមាណ ៦០​ហិកតារ និង​ដី​ទំនេរ​ប្រមាណ ៤០​ហិកតារ ត្រូវ​ក្រុមហ៊ុន​ឈូស​ឆាយ​យក​ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៣ រហូត​មក។

អ្នកស្រី​បន្ត​ថា នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ​រស់​នៅ​ពលរដ្ឋ និង​ធ្វើ​ផ្ទុយ​ទៅ​នឹង​គោលនយោបាយ​កាត់​បន្ថយ​ជម្លោះ​ដីធ្លី​របស់​រាជរដ្ឋាភិបាល៖ «ដី​ហ្នឹង​ខ្លះ​កាន់​កាប់​តាំង​ពី ២០០៥, ២០០៧, ២០០៨។ក្រុមហ៊ុន​ហ្នឹង​ឈូស​យក​ទាំង​អស់​ហ្នឹង​ឯង ទាំង ៣៧​គ្រួសារ​ដែល​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ហ្នឹង។ គេ​ដឹក​ដំឡូង​ទៅ​ដាំ​ផង អ៊ីចឹង​បាន​ពួក​ខ្ញុំ​ចេះ​តែ​ប្រឹង​ទៅ»
នៅ​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​មេសា ឆ្នាំ​២០១៣ តំណាង​ប្រជាពលរដ្ឋ​ភូមិ​ឆ្នែង បាន​នាំ​យក​ពាក្យ​បណ្ដឹង​មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ ៣៧​គ្រួសារ​ដាក់​ជូន​អាជ្ញាធរ​ស្រុក អាជ្ញាធរ​ខេត្ត មន្ទីរ​ជំនាញ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្ត និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​សុំ​ជួយ​អន្តរាគមន៍​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​ភូមិ។
វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​មេសា មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​សុវណ្ណរាជសី សុំ​បំភ្លឺ​សេចក្ដី​ចោទ​ប្រកាន់​នេះ​បាន​ទេ។
អភិបាល​ស្រុក​កែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ​ហើយ។ លោក​បន្ត​ថា អាជ្ញាធរ​ស្រុក និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រោង​ចុះ​ពិនិត្យ​ករណី​នេះ​នៅ​សប្ដាហ៍​នេះ​ហើយ៖ «យើង​បាន​ជជែក​ពិភាក្សា​គ្នា​ថា យើង​នឹង​ជួប​ទាំង​សហគមន៍ ទាំង​ក្រុម​ការងារ​ដែល​គេ​ចុះ​វាស់វែង​ដីធ្លី​នោះ​ហើយ និង​ជាមួយ​អាជ្ញាធរ​ឃុំ​ស្រុក ដើម្បី​គួប​គ្នា​ដោះស្រាយ។អាជ្ញាធរ​យើង​ក៏​មិន​បាន​ដឹង​ថា គាត់​ដាំ​ដុះ​ដែរ ព្រោះ​និស្សិត​ភូមិ​ឆ្នែង ហ្នឹង គឺ​គេ​ចុះ​វាស់​វែង​អស់​ហើយ»
អ្នក​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​អង្កេត​បឋម​របស់​លោក​ឃើញ​ថា ប្រជាពលរដ្ឋ ៣៧​គ្រួសារ​បាន​ចូល​ទៅ​រស់​នៅ និង​កាន់​កាប់​ដី​តំបន់​នោះ​មុន​បទបញ្ជា ០០១ ឬ​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​របស់​រាជរដ្ឋាភិបាល។ ហេតុ​នេះ​ក្រុម​ការងារ​វាស់វែង​ដី និង​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​របស់​រាជរដ្ឋាភិបាល ត្រូវ​វាស់វែង​កាត់​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​កាន់​កាប់​ដី​នេះ​ជាក់ស្ដែង។
លោក​បន្ត​ថា សកម្មភាព​រំលោភ​ឈូស​ឆាយ​ផល​ដំណាំ​ប្រជាពលរដ្ឋ​ដោយ​ភាគី​ក្រុមហ៊ុន គឺ​ជា​អំពើ​រំលោភ​ច្បាប់ សិទ្ធិ​មនុស្ស និង​ជា​ពិសេស​រំលោភ​ទៅ​លើ​គោលនយោបាយ​កាត់​បន្ថយ​ជម្លោះ​ដីធ្លី​របស់​រាជរដ្ឋាភិបាល៖ «ដំបូង​ដែល​គាត់​ដាំ​ដំណាំ​អ្វី គឺ​អត់​មាន​ការ​ហាម​ឃាត់​ពី​អាជ្ញាធរ​អ្វី​ទេ ក្រោយ​មក​បែរ​ជា​ក្រុមហ៊ុន​បំពាន​ឈូស​ឆាយ​ទៅ​វិញ។ ហ្នឹង​បាន​ន័យ​ថា ខុស​ច្បាប់»
ទាក់ទិន​ករណី​នេះ តំណាង​អ្នក​ភូមិ អ្នកស្រី ឆាត់ ស មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នក​ភូមិ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ប្រគល់​ដី​មក​អ្នក​ភូមិ​វិញ និង​ទទួល​ខុស​ត្រូវ​ផ្ដល់​សំណង​ផល​ដំណាំ​ពួកគាត់​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​បំផ្លាញ៕

No comments:

Post a Comment

yes