សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 9, 2013

ពលរដ្ឋ​ខេត្ត​រតនគិរី​ប្ដឹង​មេ​ឃុំ​ករណី​លក់​ដី​សាលា​ឃុំ

ជម្លោះ​ដី រតនគិរី ៣០៥
តំណាង​សហគមន៍​ភូមិ​គ្លឹ ឃុំ​ស៊ឺង ស្រុក​បរកែវ ខេត្ត​រតនគិរី ដាក់​ពាក្យ​ប្ដឹង​មេ​ឃុំ​ពី​បទ​លក់​ដី​
សាលា​ឃុំ នា​ការិយាល័យ​សមាគម​អាដហុក (Adhoc) កាល​ពី​ថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ​២០១៣

អ្នក​ភូមិ ៥០​នាក់ រស់នៅ​ភូមិ​គ្លឹ ឃុំ​ស៊ឺង បាន​បន្ត​ដាក់​ពាក្យ​ប្ដឹង​មេ​ឃុំ​របស់​ខ្លួន​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​ថ្មី​ទៀត ដើម្បី​សុំ​ឲ្យ​ស្ថាប័ន​នេះ​ស៊ើប​អង្កេត​ទៅ​លើ​អំពើ​ពុក​រលួយ លួច​លក់​ដី​រដ្ឋបាល​សាលា​ឃុំ។
កាល​ពី​ថ្ងៃ​ច័ន្ទ ទី៨ ខែ​មេសា ឆ្នាំ​២០១៣ តំណាង​អ្នក​ភូមិ​មាន​គ្នា ៤​នាក់ បាន​មក​កាន់​ការិយាល័យ​សមាគម​អាដហុក (Adhoc) សុំ​ជួយ​អន្តរាគមន៍​ពាក្យ​ប្ដឹង​របស់​អ្នក​ភូមិ បញ្ជូន​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។
តំណាង​អ្នក​ភូមិ លោក រម៉ាស ទៀង មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នក​ភូមិ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​មន្ត្រី​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត​ប្រមាណ​មួយ​ខែ​ហើយ មិន​ទាន់​ឃើញ​មាន​ចំណាត់​ការ។ ចំណែក​អ្នក​ទិញ​ដី និង​មន្ត្រី​ឃុំ បាន​ប្រើ​នគរបាល​គំរាម​ចាប់​អ្នក​ភូមិ ខណៈ​ពេល​អ្នក​ភូមិ​បាន​តវ៉ា​សុំ​ឲ្យ​អ្នក​ទិញ​ដី​ផ្អាក​សាងសង់​ផ្ទះ រង់ចាំ​មន្ត្រី​អយ្យការ​ចាត់​ការ​រឿង​នេះ។

លោក​បន្ត​ថា ដី​ដែល​មេ​ឃុំ​កាត់​លក់​នោះ គឺ​ជា​ដី​ភូមិ​ចាស់​របស់​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច បាន​ប្រគល់​ជូន​មន្ត្រី​ឃុំ​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ មិន​មែន​សម្រាប់​លក់​យក​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ៖ «ទៅ​តុលាការ​ហ្នឹង យើង​រង់ចាំ​បាន​កន្លះ​ខែ​ហើយ អត់​ឃើញ អត់​ឮ​ដំណឹង​អ្វី​តិច​សោះ។ សហគមន៍​គាត់​ប្រជុំ​គ្នា គាត់​អត់​សុខ​ចិត្ត»
មេ​ឃុំ​ស៊ឺង លោក រមាម ថាំង កន្លង​ទៅ​នេះ​បាន​ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​លក់​ដី​មួយ​ចំណែក​ដែល​សល់​ពី​ដី​ចុះ​បញ្ជីសារពើភ័ណ្ឌ​សាលា​ឃុំ​មែន ក៏ប៉ុន្តែ​ប្រាក់​ដែល​បាន​ពី​លក់​ដី​នោះ លោក​ថា​យក​ទៅ​ទិញ​សម្ភារៈ​ជួសជុល​សាលា​ឃុំ។ លោក​មាន​ប្រសាសន៍​បញ្ជាក់​បន្ថែម​ថា អ្នក​ភូមិ​បាន​នាំគ្នា​ទៅ​បោះ​បង្គោល​ចូល​បរិវេណ​ដី​ប៉ុស្តិ៍​នគរបាល និង​ដី​សាលា​ឃុំ ទើប​ប៉ូលិស​គំរាម​ចាប់​ខ្លួន​នោះ៖ «កាល​លក់​ហ្នឹង ទាំង​ស្រុក​ដែរ គេ​ថា​ទុក​កសាង​សាលា​ឃុំ​ទៅ ពួក​ហ្នឹង​ចេះ​តែ​រក​រឿង។ មេ​ប៉ុស្តិ៍​គេ​ឃាត់ ដោយសារ​គេ​បោះ​បង្គោល​ចូល​ដី​ប៉ុស្តិ៍ គេ​មក​ព័ទ្ធ​សាលា​ឃុំ​នៅ​សល់​តែ ១០​ម៉ែត្រ ពី​ជើង​សសរ​សាលា​ឃុំ​ហ្នឹង»
យោង​ពាក្យ​បណ្ដឹង​របស់​អ្នក​ភូមិ ដី​ភូមិ​ចាស់​របស់​ពួក​គាត់​មាន​ទំហំ ១​ហិកតារ​កន្លះ បាន​ប្រគល់​ជូន​មន្ត្រី​ឃុំ កាល​ពី​ឆ្នាំ​២០០៦ ក៏ប៉ុន្តែ​ដី​នោះ​មួយ​ផ្នែក មន្ត្រី​ឃុំ​បាន​កាត់​ចែក​ទៅ​ឲ្យ​សង្កាត់​រដ្ឋបាល​ព្រៃឈើ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ដើម្បី​ធ្វើ​ការិយាល័យ។ ហើយ​នៅ​ចុង​ក្រោយ មេ​ឃុំ​បាន​កាត់​ដី​ទំហំ​ជិត ៤​ពាន់​ម៉ែត្រ​ក្រឡា លក់​តម្លៃ​ប្រមាណ ១​ម៉ឺន​ដុល្លារ។
មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា នៅ​ថ្ងៃ​អង្គារ ទី៩ ខែ​មេសា ឆ្នាំ២០១៣ លោក​បាន​អន្តរាគមន៍​បញ្ជូន​ពាក្យ​បណ្ដឹង​អ្នក​ភូមិ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រួច​ហើយ។ លោក​អំពាវនាវ​សុំ​ឲ្យ​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ស៊ើប​អង្កេត និង​ចាត់​ការ​ផ្លូវ​ច្បាប់​ក្នុង​ករណី​នេះ ពីព្រោះ​ជា​ជម្រើស​ចុង​ក្រោយ​ហើយ​ដែល​អ្នក​ភូមិ​សម្រេច​នាំគ្នា​ប្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ថ្នាក់​ជាតិ​នេះ៖«អ្នក​ភូមិ​ហ្នឹង គាត់​អស់​ជំនឿ​ទៅ​លើ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត តុលាការ​ដែរ ដែល​បាន​ប្ដឹង​ហើយ​មិន​មាន​ការ​ដោះស្រាយ​ជូន​គាត់។ អ៊ីចឹង​ហើយ គាត់​គិត​ថា រឿង​នេះ​គាត់​ត្រូវ​បញ្ជូន​បណ្ដឹង​គាត់​សាជាថ្មី»
ទាក់ទិន​ករណី​នេះ​ដែរ ព្រះរាជ​អាជ្ញា​រង​អម​តុលាការ​ខេត្ត​រតនគិរី លោក ជា សុភ័ក្រ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​អ្នក​ភូមិ​ហើយ។ លោក​បន្ត​ថា នៅ​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ចប់ លោក​នឹង​ចាត់​ការ​រឿង​ក្តី​នេះ៕


No comments:

Post a Comment

yes