សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, April 3, 2013

បទ​វិភាគ៖ ភាព​មិន​ស្រប​ច្បាប់​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា

បឹង​កក់ ៣០៥
អ្នក​ភូមិ​បឹងកក់ ប្រមូល​ផ្ដុំ​គ្នា​ដាក់​បណ្ដាសា​នៅ​មុខ​តុលាការ​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១
 ខែ​ធ្នូ ឆ្នាំ​២០១២។ អ្នក​ភូមិ​អះអាង​ថា មន្ត្រី​តុលាការ​ទាំង​នោះ​ប្រព្រឹត្ត​អំពើ​ពុករលួយ

រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​យ៉ាង​ច្បាស់​ថា អំណាច​ទាំង ៣ ត្រូវ​ចែក​ដាច់​ពី​គ្នា គឺ​អំណាច​នីតិបញ្ញត្តិ ប្រតិបត្តិ និង តុលាការ។ ប៉ុន្តែ​ភាព​ជាក់ស្ដែង​នៅ​ក្នុង​សង្គម​កម្ពុជា ប្រព័ន្ធ​តុលាការ​ហាក់​កំពុង​រង​សំពាធ​នយោបាយ​ខ្លាំង និង​មាន​ការ​ជ្រៀតជ្រែក​ដ៏​ស៊ី​ជម្រៅ​របស់​បក្ស​កាន់​អំណាច។
រហូត​មក​ទល់​ពេល​នេះ​គេ​នៅ​ពុំ​ទាន់​ឃើញ​មាន​ច្បាប់​ចាំបាច់​នានា សម្រាប់​កំណត់​លក្ខន្តិកៈ​ការងារ និង​ដំណើរ​ប្រព្រឹត្ត​ទៅ​របស់​តុលាការ ដើម្បី​អោយ​ស្ថាប័ន​រក​យុត្តិធម៌​មួយ​នេះ​បំពេញ​ការងារ​របស់​ខ្លួន​ប្រកប​ដោយ​ឯករាជ្យ និង​មាន​ប្រសិទ្ធភាព ដូច​បាន​ចែង​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា។
កាល​ពី​ឆ្នាំ​២០០២ រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ធ្លាប់​សច្ចា​ថា ខ្លួន​នឹង​បង្កើត​ច្បាប់​សំខាន់ៗ​ចំនួន​ពីរ​ដែល​ជា​គ្រឹះ​នៃ​ប្រព័ន្ធ​តុលាការ គឺ​ច្បាប់​ស្ដី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ប្រព័ន្ធ​តុលាការ និង​ច្បាប់​ស្ដី​ពី លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា ព្រម​ទាំង​ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ស្ដីពី ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម។

រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ​១៩៩៣ តម្រូវ​ឲ្យ​កម្ពុជា មាន​ច្បាប់​ខាង​លើ​នេះ ដើម្បី​ធានា​នូវ​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​របស់​ស្ថាប័ន​យុត្តិធម៌​កម្ពុជា។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ គឺ​មាន​រយៈពេល​ជាង ២០​ឆ្នាំ​ទៅ​ហើយ ដែល​កម្ពុជា នៅ​តែ​មិន​ទាន់​បាន​អនុម័ត​ច្បាប់​ទាំង​នេះ​ទៀត។ មន្ត្រី​ក្រសួង​យុត្តិធម៌​ធ្លាប់​និយាយ​ជា​សាធារណៈ​ថា ពួកគេ​បាន​ធ្វើ​សេចក្ដី​ព្រាង​នៃ​ច្បាប់​ទាំង​ពីរ​នេះ ហើយ​បាន​បញ្ជូន​ទៅ​ដល់​ដៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថែម​ទៀត។
មជ្ឈដ្ឋាន​ជា​ច្រើន​ទទូច​ទាមទារ​ឲ្យ​មាន​ការ​បញ្ជូន​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ប្រព័ន្ធ​តុលាការ និង​ច្បាប់​ស្ដី​ពី​លក្ខន្តិកៈ​ចៅក្រម និង ​ព្រះរាជអាជ្ញា​បន្ត​ទៀត​ទៅ​ដល់​ដៃ​រដ្ឋ​សភា ហើយ​ភាព​ចាំបាច់ និង​បន្ទាន់​មួយ​ទៀត​នោះ គឺ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ដើម្បី​ឲ្យ​មាន​ភាព​ស៊ី​សង្វាក់​គ្នា។
ក្រុម​មន្ត្រី​រដ្ឋាភិបាល និង​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​តែង​និយាយ​ដូចៗ​គ្នា​ថា ច្បាប់​ទាំង​ពីរ​នេះ​មិន​សូវ​ជា​ចាំបាច់​ចំពោះ​មុខ ដូចជា​ច្បាប់​ឯក​ពន្ធភាព ច្បាប់​ចរាចរណ៍ ច្បាប់​ស្ដីពី​ការ​ថែ​រក្សា​ភាព​ឯកជន ឬ​ច្បាប់​ដទៃ​ផ្សេងៗ​ទៀត​នោះ​ទេ។ ក្រុម​មន្ត្រី​រដ្ឋាភិបាល​តែង​អះអាង​ថា ស្ថិរភាព​នយោបាយ​ជា​កត្តា​សំខាន់​ជា​ជាង​ការ​ចំណាយ​ពេល​ក្នុង​ការ​បង្កើត​ច្បាប់​ទាំង​នេះ។
ឥឡូវ​យើង​ធ្វើ​ការ​ប្រៀប​ធៀប​គ្នា​រវាង​ស្ថាប័ន​ជាតិ​កំពូលៗ​ពីរ គឺ​តុលាការ និង​គណៈរដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គិត​ចាប់​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ មក។ គណៈរដ្ឋមន្ត្រី ឬ​រដ្ឋាភិបាល ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ច្បាប់​មួយ​ដែល​មាន​ឈ្មោះ​ថា «ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី» នៅ​ក្នុង​ខែ​តុលា ឆ្នាំ​១៩៩៤។ ប៉ុន្តែ​ចំពោះ​ស្ថាប័ន​តុលាការ​វិញ ចាប់​ពី​សាលាដំបូង​រហូត​ដល់​តុលាការ​កំពូល រហូត​មក​ដល់​ពេល​នេះ ពុំ​បាន​ដំណើរ​ការងារ​របស់​ខ្លួន​ដោយ​ផ្អែក​លើ​ច្បាប់​បង្កើត​តុលាការ​នោះ​ឡើយ។ នេះ​មិន​ខុស​គ្នា​ពី​ពាក្យ​ថា «កូន​កើត​មុន​ឪ​នោះ​ទេ»។
ក្រៅ​តែ​ពី​គណៈរដ្ឋមន្ត្រី សូម្បី​តែ​ក្រសួង​ទាំង​អស់​ដែល​នៅ​ក្រោម​គណៈរដ្ឋមន្ត្រី​ សុទ្ធតែ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ច្បាប់​ជា​មូលដ្ឋាន។ ដូច្នេះ​គេ​អាច​ចោទ​ជា​សំណួរ​ថា នៅ​ពេល​ដែល​តុលាការ​ក្នុង​ប្រទេស​មួយ​ដំណើរ​ការងារ​របស់​ខ្លួន​ដោយ​គ្មាន​ច្បាប់​សម្រាប់​បង្កើត​ដូច្នេះ តើ​ការ​កាត់​សេចក្ដី ឬ​ជំនុំជម្រះ​ទាំង​ឡាយ​ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ​កន្លង​មក​នេះ មាន​ភាព​ស្រប​ច្បាប់​ដែរ ឬ​ទេ?
ហេតុ​ដូច្នេះ​ហើយ​ទើប​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ដែល​ចង់​ឃើញ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា មាន​ភាព​ស្រប​ច្បាប់​ត្រឹមត្រូវ និង​ជា​ប្រទេស​មាន​នីតិរដ្ឋ​ពេញលេញ​នោះ ទទូច​ជា​ញឹកញាប់​អោយ​រដ្ឋ​សភា​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ប្រព័ន្ធ​តុលាការ និង​ច្បាប់​ស្ដី​ពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា ព្រមទាំង​ធ្វើ​វិសោធនកម្ម​ច្បាប់​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​អោយ​បាន​ឆាប់។
ការ​ទាមទារ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម គឺ​ដោយសារ​អង្គការ​សហប្រជាជាតិ​ចង់​ឲ្យ​ស្ថាប័ន​តុលាការ​នៅ​ដាច់​ពី​ក្រសួង​យុត្តិធម៌។ ទី​ពីរ រាល់​ការ​តែងតាំង​ចៅក្រម​ព្រះរាជ​អាជ្ញា​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ហើយ​ឡាយ​ព្រះ​ហត្ថលេខា​ដោយ​ព្រះមហាក្សត្រ។ ទី​បី អគ្គលេខាធិការដ្ឋាន​របស់​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ត្រូវ​តែ​ជា​សេនាធិការ​របស់​ស្ថាប័ន​មួយ​នេះ។ ទី​បួន សមាសភាព​នៃ​សមាជិក​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ត្រូវ​មាន​ការ​បោះ​ឆ្នោត​ជ្រើសរើស​តាម​បែប​ប្រជាធិបតេយ្យ។
តើ​ច្បាប់​ទាំង​នេះ នឹង​ក្លាយ​ជា​ថ្នាំ​បន្សាប​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឬ​យ៉ាង​ណា ទើប​បាន​ជា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បង្អាក់​ទុក​ច្បាប់​ដ៏​សំខាន់​កំពូល​ទាំង​ពីរ​នេះ​យូរ​ម្ល៉េះ?
យោង​តាម​ប្រភព​ពី​សង្គម​ស៊ីវិល ហេតុផល​ដែល​ធ្វើ​ឲ្យ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ​ជាប់​គាំង​នៅ​គណៈរដ្ឋមន្ត្រី ពីព្រោះ​តែ​សេចក្ដី​ព្រាង​ច្បាប់​ដែល​ផ្ញើ​ចេញ​ពី​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​នោះ​ចែង​ថា ចៅក្រម និង​ព្រះរាជអាជ្ញា​មិន​ត្រូវ​ជា​សមាជិក​នៃ​គណបក្ស​នយោបាយ​នោះ​ទេ។
ប្រសិន​បើ​ច្បាប់​ទាំង​ពីរ​ត្រូវ​បាន​អនុម័ត​ផ្អែក​តាម​ឆន្ទៈ​នីតិរដ្ឋ ដែល​តម្រូវ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា ឯករាជ្យ​ពិតៗ​មែន​នោះ ចៅក្រម និង​ព្រះរាជអាជ្ញា​នឹង​ត្រូវ​ស្ថិត​នៅ​ជា​ឯករាជ្យ។ មាន​ន័យ​ថា ចៅក្រម និង​ព្រះរាជអាជ្ញា​មិន​ត្រូវ​ជា​សមាជិក​គណបក្ស​នយោបាយ ឬ​ស្ថិត​ក្រោម​ការ​គាប​សង្កត់​ដោយ​ឥទ្ធិពល​នយោបាយ​នោះ​ទេ។ លើស​ពី​នេះ​ទៀត ស្ថាប័ន​ចៅក្រម និង​ព្រះរាជអាជ្ញា​នឹង​លែង​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​ត​ទៅ​ទៀត។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មាត្រា ១៥ បាន​ចែង​ថា ព្រះសង្ឃ មន្ត្រី​យោធា ចៅក្រម ព្រះរាជអាជ្ញា និង​មន្ត្រី​តុលាការ មាន​សិទ្ធិ​ចូល​ជា​សមាជិក​គណបក្ស​នយោបាយ ប៉ុន្តែ​ហាម​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​ដូច​ជា​ការ​ចេញ​ឃោសនា​គណបក្ស ឬ​ចែក​អំណោយ​នានា​ជាដើម។
ចំណែក​ច្បាប់​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ដូច​ជា​នៅ​ទីក្រុង​ហុងកុង ប្រទេស​ថៃ ឬ​ប្រទេស​ម៉ាឡេស៊ី ចែង​ថា រាល់​ចៅក្រម​មិន​ត្រូវ​ជា​សមាជិក​នៃ​គណបក្ស​នយោបាយ​ទេ។
ដោយ​ឡែក​នៅ​តាម​បណ្ដា​អតីត​ប្រទេស​កុម្មុយនិស្ត​មួយ​ចំនួន រួម​មាន​ប្រទេស​រុស្សី និង​ប្រទេស​ហុងគ្រី វិញ ការ​ហាមប្រាម​មិន​ឲ្យ​ចៅក្រម និង​ព្រះរាជអាជ្ញា​ជា​សមាជិក​គណបក្ស​នយោបាយ បាន​ចែង​យ៉ាង​ច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ទាំង​នេះ​តែម្ដង។
មាត្រា ២៦ និង​មាត្រា ២៩ នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ប្រទេស​ហុងគ្រី ចែង​ថា រាល់​ចៅក្រម និង​ព្រះរាជអាជ្ញា​មិន​ត្រូវ​មាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​នយោបាយ ឬ​ចូល​រួម​សកម្មភាព​ជាមួយ​គណបក្ស​នយោបាយ​ឡើយ។
ប៉ុន្តែ​នៅ​កម្ពុជា​វិញ ក្រុម​មន្ត្រី​តុលាការ​ខ្លះ​មាន​ទាំង​ពី​ព្រះរាជអាជ្ញា ក្រឡា​បញ្ជី ចៅក្រម​ស៊ើប​អង្កេត ចៅក្រម​ជំនុំជម្រះ ចៅក្រម​ឈរ និង​ចៅក្រម​អង្គុយ​មួយ​ចំនួន ធ្លាប់​និយាយ​ទាំង​មោទនភាព​ថា នៅ​ក្នុង​ពេល​បំពេញ​វិជ្ជាជីវៈ ពួកគេ​ដើរ​តួ​ជា​អង្គ​រក​យុត្តិធម៌ ប៉ុន្តែ​ក្រោយ​ពេល​បំពេញ​កិច្ចការ​រួច ពួក​គេ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។
ដូច​លោក ឌិត មុន្ទី ប្រធាន​តុលាការ​កំពូល​ជា​ឧទាហរណ៍​ស្រាប់។ លោក​ជា​ប្រធាន​តុលាការ​ផង ជា​ចៅក្រម​ផង និង​សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ផង។ ករណី​នេះ​មិន​មែន​តែ​លោក ឌិត មុន្ទី ម្នាក់​ទេ តែ​នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត​ដែល​មាន​តួនាទី​ពីរ​បី​ដូច្នេះ។ ដូច្នេះ​រូបមន្ត​នៃ​ការ​បែងចែក​អំណាច​ទាំង​បី គឺ​អំណាច​រដ្ឋ​សភា អំណាច​រដ្ឋាភិបាល និង​អំណាច​តុលាការ​ឲ្យ​នៅ​ដាច់​ពី​គ្នា​ប្រហែល​ជា​លំបាក​ធ្វើ​ទៅ​រួច​ក្នុង​បរិបទ​នយោបាយ​កម្ពុជា បច្ចុប្បន្ន។
ប្រសិន​បើ​មេដឹកនាំ​រដ្ឋាភិបាល​ហ៊ាន​ដឹកនាំ​ប្រទេស​តាម​របៀប​ត្រឹមត្រូវ តាម​ក្បួន​នីតិរដ្ឋ ដោយ​ឲ្យ​អំណាច​តុលាការ​នៅ​ដាច់​ឯករាជ្យ​ពី​ខ្លួន ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នោះ​វា​នឹង​បាត់​បង់​ប្រយោជន៍​នយោបាយ និង​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​របស់​ខ្លួន ពីព្រោះ​ពួក​គេ​មិន​អាច​អូស​ទាញ​មន្ត្រី​តុលាការ​មក​ធ្វើ​ជា​កូន​អុក​ត​ទៅ​ទៀត។ ដូច្នេះ​ការ​ហួងហែង​នេះ ធ្វើ​ឲ្យ​ប្រព័ន្ធ​តុលាការ​ដើរ​លើ​វិថី​ដ៏​តូច​ចង្អៀត​ក្នុង​ការ​រក​យុត្តិធម៌ ហើយ​អាច​ធ្វើ​អោយ​មហាជន​លែង​មាន​ជំនឿ​លើ​តុលាការ។ ពេល​ពួក​គេ​បាត់​បង់​ជំនឿ​លើ​តុលាការ ពួកគេ​នឹង​រក​វិធី​ផ្សេងៗ ដើម្បី​ឲ្យ​បាន​យុត្តិធម៌។ ដូច​ករណី​ស្ត្រី​អ្នក​ភូមិ​បឹកកក់ ចំនួន ១៣​រូប និង​លោក ម៉ម សូណង់ដូ បាន​បង្ហាញ​ជា​ឧទាហរណ៍​ស្រាប់។ ពួកគេ​បាន​ស្វះស្វែង​រក​ការ​ពឹង​ពាក់​ប្រទេស​មហា​អំណាច​ឲ្យ​ដាក់​សំពាធ​ដល់​រដ្ឋាភិបាល​ខ្មែរ។ បញ្ហា​នេះ​មិន​មែន​ជា​ប្រការ​ល្អ​សម្រាប់​មុខ​មាត់​ប្រជាជាតិ​ខ្មែរ​ទាល់​តែ​សោះ។ ហើយ​កាល​ណា​យុត្តិធម៌​សង្គម​អវត្តមាន អំពើ​ហិង្សា​តាម​ផ្លូវ​ថ្នល់​អាច​កើត​មាន ហើយ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ក៏​នឹង​អាច​មិន​មាន​ល្បឿន​ទៅ​មុខ។ លើស​ពី​នោះ​ទៀត កិត្តិយស​របស់​តុលាការ​ក៏​ត្រូវ​រង​ការ​មើល​ងាយ​ពី​បរទេស​ផង​ដែរ។
ឧទាហរណ៍ លោក គ្រីស្តូហ្វ ប៉េស៊ូ (Christophe Peschoux) អតីត​ប្រធាន​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ក្រោយ​ពី​ធ្វើការ​នៅ​កម្ពុជា អស់​រយៈកាល​ជា​ច្រើន​ឆ្នាំ​មក បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា «ប្រព័ន្ធ​តុលាការ ឬ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា មាន​ភាព​ងាយ​ទទួល​រង​គ្រោះ​ពី​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល និង​ពី​ទឹក​ប្រាក់​ខ្លាំង​ណាស់»។
ដើម្បី​មើល​ឲ្យ​ឃើញ​បញ្ហា​នេះ គេ​គ្រាន់​តែ​ចំណាយ​ពេល​ខ្លះ​នៅ​កម្ពុជា​ សង្កេត​មើល​ដំណើរ​ការ​កាត់​សេចក្ដី​ក្នុង​តុលាការ គេ​នឹង​ឃើញ​ថា ប្រសិន​បើ​លោក​ជា​អ្នក​ក្រ ប្រសិន​បើ​លោក​ជា​អ្នក​តូចតាច ប្រសិន​បើ​លោក​ជា​អ្នក​ទន់​ខ្សោយ និង​គ្មាន​អំណាច ប៉ុន្តែ​លោក​ជា​អ្នក​ត្រូវ​តាម​ច្បាប់​ក៏​ដោយ​ចុះ គេ​អាច​ក្រឡាប់​សាច់​រឿង​ឱ្យ​លោក​អ្នក​ជា​អ្នក​ខុស​វិញ​បាន។
ដូច្នេះ​សរុប​សេចក្ដី​មក ក្រុម​អ្នក​ឃ្លាំមើល​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ឲ្យ​ដឹង​ថា ដើម្បី​អោយ​តុលាការ​អាច​ដំណើរ​ការងារ​របស់​ខ្លួន​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់ និង​ឯករាជ្យ​ក្នុង​ការ​បំពេញ​ការងារ រក​យុត្តិធម៌​ជូន​សង្គម​ជាតិ វា​ជា​ការ​ចាំបាច់​ណាស់​ដែល​ច្បាប់​ស្ដី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ប្រព័ន្ធ​តុលាការ និង​ច្បាប់​ស្ដី​ពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា ព្រមទាំង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​គោលការណ៍​នីតិរដ្ឋ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ភាព​ឥត​លំអៀង​នៃ​ប្រព័ន្ធ​តុលាការ៕

No comments:

Post a Comment

yes