សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, April 3, 2013

គ្រូ​បង្រៀន​មួយ​ចំនួន​រិះគន់​ការ​ហៅ​គ្រូ​ប្រជុំ​នៅ​ស្នាក់​ការ​បក្ស​ប្រជាជន

គ្រូ​បង្រៀន​មួយ​ចំនួន​នៅ​ស្រុក​ដងទង់ ខេត្ត​កំពត ប្រតិកម្ម​ចំពោះ​ការ​កោះ​ហៅ​ពួក​គាត់​ឲ្យ​ទៅ​ប្រជុំ​នៅ​ក្នុង​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ​មន្ត្រី​អប់រំ​នៅ​ស្រុក​ដងទង់ អះអាង​ថា បញ្ហា​នេះ​មក​ពី​ខ្វះ​ទី​កន្លែង​សម្រាប់​ប្រជុំ​គ្នា​ច្រើន។

មន្ត្រី​អប់រំ​ខេត្ត​កំពត កោះ​ហៅ​នាយក និង​នាយក​រង​គ្រប់​សាលា ក្នុង​ស្រុក​ដងទង់ ទៅ​ប្រជុំ​ការងារ​អប់រំ​នៅ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា។
គ្រូ​ចូលរួម​ប្រជុំ​នៅ​ថ្ងៃ​ពុធ មាន​ជាង ៥០​នាក់។ ក្នុង​នោះ មាន​គ្រូៗ​ខ្លះ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​កោះ​ប្រជុំ​បែប​នេះ ពួក​គាត់​រិះគន់​ថា មិន​គួរ​ឲ្យ​ពួក​គាត់​ទៅ​ប្រជុំ​ក្រោម​ស្លាក​គណបក្ស​នោះ​ទេ ដែល​នាំ​ឲ្យ​គេ​មើល​ឃើញ​ថា មន្ត្រី​រាជការ​មិន​អព្យាក្រឹត៖ «ហៅ​នាយក នាយក​រង ទៅ​ប្រជុំ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន ក៏​ខ្ញុំ​គិត​ថា នេះ​ក៏​ជា​រឿង​បញ្ចូល ឬ​បញ្ជ្រាប​ក្នុង​គណបក្ស​នយោបាយ​របស់​គណបក្ស​ប្រជាជន ទៅ​លើ​លោកគ្រូ អ្នកគ្រូ ដែល​ជា​នាយក នាយក​រង ហ្នឹង​ដែរ ពីព្រោះ​ដូច​នៅ​សាលា​ស្រុក ក៏​មាន​សាល​ប្រជុំ​មួយ​អាច​ប្រជុំ​គ្រូ​ត្រឹម​នាយក​នាយក​រង​នោះ​បាន​ដែរ នៅ​សាលា​ស្រុក»។
ការ​រិះគន់​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ ទី៣ ខែ​មេសា ឆ្នាំ​២០១៣ ក្រោយ​ពី​នាយក និង​នាយក​រង​ត្រូវ​មន្ទីរ​អប់រំ កោះ​ប្រជុំ​ពង្រឹង​ផែនការ​អនុវត្តន៍​ការ​សិក្សា​សម្រាប់​ឆមាស​ទី២ ឆ្នាំ​២០១២ និង​២០១៣។
បដិសេធ​ទៅ​នឹង​ការ​លើក​ឡើង​នោះ នាយក​សាលា​បឋម​សិក្សា​ខ្នាចព្រៃ លោក ផូ សុធី ថ្លែង​ថា គាត់​មិន​ជំទាស់​ទេ​ការ​ប្រជុំ​នៅ​ក្នុង​ស្នាក់​ការ​គណបក្ស​ណា​ក៏​បាន ឲ្យ​តែ​មាន​កន្លែង​អង្គុយ​ប្រជុំ​ស្រួល ព្រោះ​នៅ​ក្នុង​សាលា​នីមួយៗ​គ្មាន​ទី​កន្លែង​ធំ​ទូលាយ​សម្រាប់​ឲ្យ​នាយក និង​នាយក​រង​ជាង ៥០​នាក់ អង្គុយ​ប្រជុំ​បាន​ស្រួល​ទេ៖ «អត់​មាន​ទាក់ទង​រឿង​ហ្នឹង​ទេ រឿង​តែ​ការងារ​គ្រប់គ្រង និង​ដឹកនាំ​នៅ​ក្នុង​សាលា ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ក្លាយ​ទៅ​ជា​សាលា​កុមារ​មេត្រី​តែ​ប៉ុណ្ណឹង​ទេ ព្រោះ​ទិសដៅ​របស់​ប្រទេស​យើង​ហ្នឹង ឲ្យ​សាលា​នីមួយៗ​ក្លាយ​ទៅ​ជា​សាលា​កុមារ​មេត្រី បែប​អភិវឌ្ឍ​អីចឹង​ទៅ។ ហើយ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​សម្រេច​ទិសដៅ​ទាំងអស់​គ្នា​សម្រាប់​អប់រំ​ជាតិ​ហ្នឹង»។
នាយក​សាលា​បឋម​សិក្សា​ដងទង់ លោក ព្រំ រតនា ថ្លែង​ស្រដៀង​គ្នា​ថា គ្រាន់​តែ​ខ្ចី​កន្លែង​ប្រជុំ​នៅ​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុណ្ណោះ ចំពោះ​ការ​បកស្រាយ​ប្រធាន​បទ​ប្រជុំ គឺ​ពាក់ព័ន្ធ​តែ​វិស័យ​អប់រំ មិន​មាន​ការ​ឃោសនា​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទេ៖ «ខាង​មន្ទីរ គាត់​មក​ប្រជុំ​នៅ​ខាង​គណបក្ស ព្រោះ​អី​ប្រជុំ​នៅ​សាលា ខ្ញុំ​អត់​អស់ គ្នា​វា​ច្រើន ខ្ចី​កន្លែង​គណបក្ស​ប្រជុំ ដោយសារ​វា​អត់​មាន​សាល​ប្រជុំ​ធំ សាល​ប្រជុំ​មាន​តែ​តូចៗ។ ការ​ប្រជុំ​ហ្នឹង​ពាក់ព័ន្ធ​នឹង​ប្រាប់​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​មួយ​ចំនួន ព្រោះ​ការ​សន្និបាត​ពី​ថ្ងៃ​មុន​នោះ នៅ​ខ្វះ​ការ​អប់រំ​ច្បាប់​ដល់​គ្រូ​បង្រៀន​នោះ មាន​នាយក នាយក​រង​ទាំងអស់ ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ»។
ប្រធាន​ការិយាល័យ​អប់រំ យុវជន និង​កីឡា ស្រុក​ដងទង់ លោក កាន វណ្ណៈ ជាប់​រវល់​នៅ​រសៀល​ថ្ងៃ​ពុធ។ លោក​មិន​អាច​បំភ្លឺ​ចំពោះ​ហេតុផល​នាំ​ឲ្យ​យក​ទីតាំង​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ប្រជុំ​អំពី​ផែន​ការ​អប់រំ​បាន​ទេ។
ប៉ុន្តែ នាយក​រង​សាលា​បឋម​សិក្សា​អង្គស្វាយ លោក មាស ធិន ថ្លែង​ថា នៅ​ក្នុង​ស្រុក​ដងទង់ ទីតាំង​ក្នុង​សាលា​នីមួយៗ​មិន​មាន​កន្លែង​ធំ​ទូលាយ​សម្រាប់​ប្រជុំ​គ្នា​ច្រើន​បាន​ទេ មាន​តែ​ខ្ចី​កន្លែង​គណបក្ស​ដែល​មាន​សាល​សម្រាប់​ប្រជុំ​ស្រាប់។ លោក​បន្ត​ថា ដើម្បី​បញ្ចៀស​ការ​រិះគន់​នានា លោក​សុំ​ឲ្យ​ក្រសួង​អប់រំ ឬ​អាជ្ញាធរ​មូលដ្ឋាន គួរ​មាន​កន្លែង​សម្រាប់​ការ​ប្រជុំ​ដែល​ប្រមូល​ផ្តុំ​គ្នា​ច្រើន​បែប​នេះ។
នៅ​ក្នុង​ស្រុក​ដងទង់ មាន​សាលា​បឋម​សិក្សា​ចំនួន​២៨ និង​សាលា​មធ្យម​សិក្សា (អនុវិទ្យាល័យ និង​វិទ្យាល័យ) ចំនួន​៦៕

No comments:

Post a Comment

yes