១-មេសា-២០១៣៖ ពលរដ្ឋរស់នៅលើផ្លូវរថភ្លើង ក្បែរវត្តទួលសង្កែ ក្នុងទីក្រុងភ្នំពេញ
បើទោះបីប្រជាពលរដ្ឋដែលរស់នៅលើផ្លូវរថភ្លើងក្បែរវត្តទួលសង្កែ ក្នុងទីក្រុងភ្នំពេញ មានផ្ទះខ្ទមតោកយ៉ាកយ៉ាងណាក្ដី ក៏ជីវភាពក្រលំបាកពួកគាត់មិនជំពាក់បំណុលគេធ្ងន់ធ្ងរ ដូចប្រជាពលរដ្ឋដែលគេបង្ខំឲ្យរើផ្ទះចេញពីផ្លូវរទេះភ្លើង ទៅនៅត្រពាំងអញ្ចាញ ជាយក្រុងភ្នំពេញ ដែលកាលពីពេលកន្លងទៅនោះទេ។
នៅទីនេះ ពួកគាត់អាចរកប្រាក់ចិញ្ចឹមជីវិតបានគ្រាន់បើជាងអ្នកដែលរើទៅមុន ទៅកន្លែងថ្មីដែលឆ្ងាយពីទីក្រុង។
ក៏ប៉ុន្តែ នៅពេលនេះពួកគាត់កំពុងតែខ្លាចរដ្ឋាភិបាលបង្ខំឲ្យរើចេញទៅនៅកន្លែងថ្មី ហើយផ្ដល់សំណងបន្តិចបន្តួច បណ្ដាលឲ្យពួកគាត់ជំពាក់បំណុលគេដូចអ្នករើទៅមុន នាំឲ្យគាត់ជំពាក់បំណុលគេធ្ងន់ធ្ងរដូចអ្នករើទៅមុន។
លើផ្លូវដែក គេដាក់តុលក់នំចំណី តុលក់កាហ្វេពាសពេញ។ នៅមុខផ្ទះតូចៗដែលគេសង់ជាជួរតាមផ្លូវដែក គេចងរនាំងបាំងថ្ងៃកាត់ទទឹងផ្លូវរទេះភ្លើង។ ផ្លូវដែកក្លាយជាផ្លូវអ្នកដំណើរថ្មើរជើង ម៉ូតូ កង់ ទៅមក និងជាទីកន្លែងក្មេងៗលេងសប្បាយ។ ផ្ទុយពីអារម្មណ៍ក្មេងៗដែលកំពុងលេងសប្បាយលើផ្លូវដែកមុខផ្ទះ មនុស្សចាស់ៗកំពុងព្រួយបារម្ភខ្លាចគេបណ្ដេញចេញទៅនៅឆ្ងាយពីក្រុង មិនមានមុខរបរចិញ្ចឹមជីវិត។
អ្នកស្រី ហូ ហ៊ាន អាយុជាង ៦០ឆ្នាំ កំពុងស៊ីឈ្នួលប៉ាក់ឌិនអាវក្នុងខ្ទម បារម្ភខ្លាចរដ្ឋាភិបាលបង្ខំឲ្យរើផ្ទះ ហើយផ្ដល់សំណងតិច ធ្វើឲ្យគ្រួសារគាត់មិនអាចរស់បាន៖ «ខ្ញុំសព្វថ្ងៃ ដោយសាររឿងអ៊ីចឹងបានខ្ញុំចេះតែភ័យ ដេកមិនលក់បក់មិនល្ហើយ ដោយសាររឿងភ័យសំណងតិចតួច ហើយដីមួយឡូខ្ញុំមិនអាចរស់បានទេ...»។
ចំណែកអ្នកស្រី នៅ ស្រីដា ដែលមានផ្ទះឈើតូចដែរនោះ បានទាមទារសំណងចំនួន ៨ពាន់ដុល្លារដូចអ្នកស្រី ហូ ហ៊ាន ដែរទើបព្រមចេញ។
នៅលើផ្លូវរទេះភ្លើងនេះ គេសង់ផ្ទះតូចៗខ្លះធ្វើពីឈើប្រក់ស័ង្កសី ខ្លះប្រក់ស្លឹក ខ្លះផ្ទះថ្ម សង់ប្រកិតគ្នាចម្ងាយប្រហែលកន្លះម៉ែត្រពីផ្លូវដែក មើលទៅគួរឲ្យស្រាវនឹងគ្រោះថ្នាក់ណាស់ បើសិនរទេះភ្លើងបរកាត់ទីនេះ។ ក៏ប៉ុន្តែ រទេះភ្លើងឈប់ចរាចរណ៍ច្រើនឆ្នាំមកហើយ ដោយសារតែមានប្រជាពលរដ្ឋសង់ផ្ទះកៀកផ្លូវរទេះភ្លើងដូច្នេះ។
ក៏ប៉ុន្តែ ពួកគាត់បញ្ជាក់ថា រស់នៅទីនេះអាចរកមុខរបប ឬការងារធ្វើចិញ្ចឹមជីវិតបានស្រួលជាងរើទៅឆ្ងាយក្រុង។
លោក ស៊ីម វីរៈ តំណាងសហគមន៍ប្រជាពលរដ្ឋរស់នៅលើផ្លូវរទេះភ្លើងទួលសង្កែ អះអាងថា ផ្ទះភាគច្រើនត្រូវគេកាត់ច្រឹបខាងមុខដើម្បីពង្រីកផ្លូវរថភ្លើងប្រវែង ៣ម៉ែត្រសង្ខាងផ្លូវ ក្នុងនោះប្រជាពលរដ្ឋប្រហែល ៧គ្រួសារ ក្នុងសហគមន៍លោកត្រូវគេកាត់ផ្ទះចង់អស់ នៅសល់ប្រហែល ១ម៉ែត្រ។ ពួកគាត់ទាមទារសំណង ៨ពាន់ដុល្លារ ទើបព្រមចេញ បើសំណងតិច ពួកគាត់មិនចេញទេ ព្រោះនៅទីនេះជិតផ្សារ ជិតមន្ទីរពេទ្យ ជិតសាលារៀនឲ្យកូនរៀន។
អ្នកស្រី យឹម សុខុម ជាជនពិការកំពុងលក់បន្លែត្រីសាច់ក៏យល់ដូចគ្នាដែរ។
ការងារ និងមុខរបរ គឺជារឿងសំខាន់សម្រាប់អាយុជីវិត និងអនាគតកូនចៅរបស់ប្រជាពលរដ្ឋរស់នៅទីនេះ ដែលពួកគាត់អះអាងថា ពួកគាត់បានមកតាំងលំនៅទីនេះតាំងពីទសវត្សរ៍៨០ និង ៩០ មក។ ក្រុមគ្រួសារនីមួយៗសុទ្ធតែមានចំណងទាក់ទងការងារ និងសិក្សានៅទីនេះ។
អ្នកស្រី ហូ ហ៊ាន អាយុជាង ៦០ឆ្នាំ រស់នៅផ្ទះទំហំ ៤ម៉ែត្រ ៤ជ្រុង ថ្លែងថា គាត់សប្បាយនឹងរស់នៅទីនេះ ទោះក្នុងខ្ទមតូចចង្អៀតក៏ដោយ ព្រោះគ្រួសារគាត់មានមុខរបរការងារធ្វើគ្រប់គ្នា។
ការព្រួយបារម្ភនេះ កើតឡើងបន្ទាប់ពីមានព័ត៌មានថា អតីតប្រជាពលរដ្ឋដែលគេបណ្ដេញចេញពីផ្លូវរទេះភ្លើងកាលពីប៉ុន្មានឆ្នាំមុន ឲ្យទៅនៅត្រពាំងអញ្ចាញ ខាងជើងវាលយន្តហោះភ្នំពេញ បានធ្លាក់ខ្លួនជំពាក់គេវ័ណ្ឌក ដោយសាររដ្ឋាភិបាលសងសំណងតិច និងគ្មានការងារធ្វើ ដោយសាររស់នៅឆ្ងាយក្រុង ហើយនាំគ្នាចងការប្រាក់មកចិញ្ចឹមជីវិតត្រូវខាតបង់។
លោក អេរិក ស៊ិដវិក (Eric Sidgwick) នាយកធនាគារអភិវឌ្ឍន៍អាស៊ី អេ.ឌី.បី (A.D.B) ប្រចាំប្រទេសកម្ពុជា មិនបានបញ្ជាក់ចំនួនទឹកប្រាក់សំណងទេ តែលោកឲ្យដឹងថា ទំហំនៃសំណងអាស្រ័យលើការប៉ះពាល់តិច ឬច្រើន។ សំណងនោះមាន ៤ប្រភេទ។ ទី១ សំណងតាមទំហំផ្ទះ សំណងថ្លៃដើមឈើ និងថ្លៃដី។ ប្រភេទទី២ ផ្ដល់ប្រាក់ឧបត្ថម្ភក្នុងករណីប៉ះពាល់ធ្ងន់ធ្ងររហូតដល់ផ្លាស់ទីកន្លែង។ ទី៣ សំណងក្នុងការផ្លាស់ប្ដូរការធ្វើពាណិជ្ជកម្ម និងទី៤ សំណងជួសជុលប្រាក់ចំណូល បើសិនជាសាមីខ្លួនរងផលប៉ះពាល់ធ្ងន់ធ្ងរ។
ការរុះរើផ្ទះប្រជាពលរដ្ឋតាមផ្លូវដែកនេះ ធ្វើឡើងក្នុងគម្រោងអភិវឌ្ឍន៍ផ្លូវដែកកម្ពុជា តភ្ជាប់ផ្លូវដែកប្រទេសសមាជិកអាស៊ាន។ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្ដល់ប្រាក់កម្ចីការប្រាក់ទាបចំនួន ៨៤លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា ក្នុងនោះមូលនិធិប្រទេសអូស្ត្រាលី អូស.អេដ (AusAid) ២២លានកន្លះ រួមទាំងប្រាក់ជំនួយការអនុប្បទានជាង ១៤២លានដុល្លារទៀត សម្រាប់គម្រោងអភិវឌ្ឍន៍ផ្លូវដែកនេះ។ គម្រោងនេះ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ៤ពាន់ផ្ទះ ក្នុងនោះ ផ្ទះ ១ពាន់ខ្នងត្រូវរើចេញ៕
No comments:
Post a Comment
yes