សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, April 11, 2013

ក្រុមហ៊ុន​បី​កំពុង​ពួត​ដៃ​គ្នា​កាប់​បំផ្លាញ​ព្រៃ​ដែន​ជម្រក​សត្វ

130411_04
ដើម​ឈើ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ ក្នុង​ខេត្ត​រត​នគិរី ទើ​ប​តែ​ត្រូវ​បាន​គេ​កាប់​ផ្តួល​ថ្មី​ៗ​​
ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច ពី​រដ្ឋាភិបាល​ចំនួន​បី​នៅ​ក្នុង​ខេត្ត​រតនគិរី កំពុង​ពួត​ដៃ​គ្នា​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ លំផាត់​យ៉ាង​អនាធិបតេយ្យ ក្នុង​នោះ​ក៏​មាន​ដើម​ច្បោះ​ជ័រ​របស់​ប្រជា ពលរដ្ឋ​រាប់​ម៉ឺន​ដើម​ផង​ដែរ​ ត្រូវ​បាន​កាប់​បំផ្លាញ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១២ ​មក ​ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​ឡើយ​។
អង្គការ​សិទ្ធិ​មនុស្ស​ អាដ​ហុក និង​អ្នក​សារ​ព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះ​ទៅ​ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ​កាល​ពី​ម្សិលមិញ ដើម្បី​ធ្វើការ​ស៊ើប​អង្កេត​ពី​ករណី​កាប់​ឈើ​ខុស​ច្បាប់​ នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​កូន​មុំ​ និង​ស្រុក​លំផាត់។
លោក ​ឆាយ ​ធី​ អ្នក​សម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដ​ហុក​ ប្រចាំ​ខេត្ត​រតនគិរី បាន​ឲ្យ​ដឹង​ថា លោក​បាន​ធ្វើ​ការ​សាកសួរ​អាជ្ញាធរ​មូល​ដ្ឋាន​និង​ប្រជា​ពលរដ្ឋ​ជាង​២០​ គ្រួសារ​នៅ​ក្នុង​តំបន់​នោះ ដោយ​ពួក​គាត់​បាន​អះអាង​ថា ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​នោះ ក៏​មាន​ក្រុមហ៊ុន​ជា​របស់​ឧកញ៉ា​ម្នាក់​ផង​ដែរ។

លោក បញ្ជាក់​ថា​៖ «​ក្រុមហ៊ុន​សម្បទាន​ចំនួន ៣ មាន​ដូច​ជា ហ័ងអាញ​លំផាត់ ហ័ង​អាញ​អណ្តូង​មាស និង​ដូន​ពេញ​(អា ហ្គ្រីកូ) បាន​និង​កំពុង​កាប់​បំផ្លាញ​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់»។
លោក​បន្ថែម​ថា ឈើ​ប្រណីត​ទាំង​នោះ​ មាន​មុខ​កាត់​ពី​៥០​ទៅ​១០០​សង់ទីម៉ែត្រ ហើយ​ក្រុម​ហ៊ុន​នីមួយៗ មាន​ម៉ាស៊ីន​អារ​ឈើ​ពី ២០ ទៅ ៣០​គ្រឿង ដាក់​ចល័ត អារ​ក្នុង​ព្រៃ​ រួច​មាន​ម៉ាស៊ីន​អារ​ច្រៀក​ប្រើ​រ៉ៃ ប្រមាណ​ជា ​៥ គ្រឿង និង​ដឹក​ឈើ​អារ​រួច​ចេញ​ទៅ​ភ្នំពេញ​ភ្លាមៗ។
លោក​ ឆាយ ធី បាន​ថ្លែង​ដូច្នេះ​ថា ៖«សកម្មភាព​កាប់​ឈើ​នេះ មាន​ការ​បើក​ដៃ​ពី​មន្ត្រី​ដែន​ជម្រក​សត្វ​ព្រៃ និង​ទាហាន​កាង​ឲ្យ​ក្រុមហ៊ុន​ចូល​កាប់។ នេះ​ជា​បទ​ល្មើស​ព្រៃ​ឈើ​ធ្ងន់​ធ្ងរ​ណាស់​ បន្ទាប់​ពី​ករណី​កាប់​ព្រៃ​ឈើ នៅ​ក្នុង​តំបន់​កន្ទុយ​នាគ កាល​ពី​ឆ្នាំ​២០០៥ កន្លង​មក»។
សកម្មភាព​កាប់​ឈើ​ទាំង​នេះ ក៏​កើត​មាន​លើ​ដើម​ឈើ​រាប់​ពាន់​ដើម​ដែល​ពលរដ្ឋ​ជាង២០ គ្រួសារ​បាន​ចោះ​យក​ជ័រ​ទឹក​រាប់​សិប​ឆ្នាំ​មក​ហើយ​ផង​ដែរ។ តំណាង​ប្រជា​ពលរដ្ឋ​ឈ្មោះ ចាន់ ណារួន បាន​ឲ្យ​ដឹង​ថា​ ដើម​ត្រាច និង​ឈើ​ទាល រាប់​ពាន់​ដើម​ ដែល​ពួក​គាត់​បាន​ចោះ​យក​ជ័រ​ទឹក​ត្រូវ​បាន​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ាឈ្មោះ​ថៃ​ កាប់​អស់​គ្មាន​សល់​។
លោក​និយាយ​ថា​៖«ដើម​ណា​មាន​មុខ​កាត់​លើស​ពី ៥០​សង់​ទីម៉ែត្រ​ឡើង​ទៅ គេ​សង​ថ្លៃ​ឲ្យ​យើង​១​ដើម​៨ពាន់​រៀល។ គ្រួសារ​ខ្ញុំ​មាន​ដើម​ច្បោះ​ជ័រ ៦០០ ដើម​ និង​ពលរដ្ឋ​ខ្លះ​ទៀត មាន​ចាប់​ពី​១០០​ទៅ​២០០​ដើម។ តែ​អីឡូវ ​ត្រូវ​ឧកញ៉ាថៃ​ កាប់​អស់​ហើយ។​ ​យើង​គ្មាន​អ្វី​រក​ស៊ី​បាន​ទៀត​ទេ»។
លោក​ ឈឹម ​សុឃឹម មេ​ឃុំ​ស្រែ​អង្គ្រង​បាន​ឲ្យ​ដឹង​ថា ដី​ដែន​ជម្រក​សត្វ​ព្រៃ​នោះ​ ត្រូវ​បាន​កាត់​មួយ​ផ្នែក​ទៅ​ឲ្យ​ក្រុមហ៊ុន ប៉ុន្តែ​លោក​មិន​ដឹង​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ «ហើយ​បើ​ទោះ​បី​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​មែន​ក៏​ខ្ញុំ​មិន​មាន អំណាច​អ្វី​ទៅ​ទប់ស្កាត់​ដែរ»។
ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់ទង​ក្រុមហ៊ុន​ទាំង​បី​នេះ​សុំ​ការ​បំភ្លឺ​បាន​ទេ។ បើ​ទោះ​បី​ជា​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទាំង​នេះ មាន​ទ្រង់​ទ្រាយ​ធំ ដែល​កំពុង​ធ្វើ​ឲ្យ​វិនាស​អន្តរាយ​ព្រៃ​ឈើ​ទាំង​ស្រុង​យ៉ាង​ណា​ក៏​ដោយ ក៏លោក​ ណាប់ ប៊ុនហេង អភិបាល​រង​ខេត្ត​រតនគិរី បាន​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​តាម​រយៈ​មន្ទីរ​បរិស្ថាន បាន​និង​កំពុង​អភិវឌ្ឍ​ទៅ​តាម​បែប​ស្បែក​ខ្លា​នៅ​ក្នុង​តំបន់​នោះ​ ដោយ​ធ្វើ​ការ​កាត់​ផល​ប៉ះ​ពាល់​ផង​ដែរ។ ចំពោះ​ការ​កាប់​ឈើ​វិញ លោក​អភិបាល​រង​រូប​នេះ និយាយ​ថា លោក​ពុំ​បាន​​ដឹង​ទេ​។ ប៉ុន្តែ​លោក​ថា ក​ន្លង​មក​ករណី​កាប់​បំផ្លាញ​ព្រៃ​ឈើ​បែប​នេះ​ត្រូវ​បាន​បង្ក្រាប​ម្តង​ហើយ។
ដែន ជម្រក​សត្វ​ព្រៃ​លំផាត់​ដែល​កំពុង​ទទួល​រង​ការ​កាប់​បំផ្លាញ​ស្ថិត​នៅ ក្នុង​ខេត្ត​រតនគិរី ​​មណ្ឌលគិរី​និង​ស្ទឹងត្រែង​ដែល​មាន​ទំហំ​ប្រមាណ​ជា​២៥០០ គីឡូ​ម៉ែត្រ​ការ៉េ៕

No comments:

Post a Comment

yes