២៥-កក្កដា-២០១០: កម្មករកម្មការិនីជួបជុំគ្នាធ្វើវេទិកាសាធារណៈមួយនៅខាងមុខរដ្ឋសភា ក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សរ៍ឲ្យបានពី ៧៥ ទៅ ៩៣ដុល្លារក្នុងមួយ
សេចក្ដីស្នើច្បាប់របស់គណបក្សប្រឆាំង សម រង្ស៊ី ដែលសុំឲ្យរដ្ឋសភាដំឡើងប្រាក់ខែដល់មន្ត្រីរាជការស៊ីវិលយ៉ាងតិច ១លានរៀល និងប្រាក់ឈ្នួលកម្មករនិយោជិតអប្បបរមាយ៉ាងទាបបំផុត ១៥០ដុល្លារ ក្នុង១ខែនោះ ត្រូវបានគណៈកម្មការនៃរដ្ឋសភាច្រានចោល។
បញ្ហានេះ ត្រូវបានអ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ចាត់ទុកថា រដ្ឋាភិបាលកំពុងរើសអើងនយោបាយរបស់គណបក្សប្រឆាំង និងហាក់ដើរបញ្ច្រាសទិសគោលនយោបាយដែលប្រកាន់យកគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរីទៅវិញ។
គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា បដិសេធមិនទទួលយកសេចក្ដីស្នើច្បាប់ស្ដីពីការកំណត់អប្បបរមានៃប្រាក់ឈ្នួល និងប្រាក់ខែមន្ត្រីរាជការស៊ីវិល និងកម្មករនិយោជិតទេ ដោយចាត់ទុកថាសេចក្ដីស្នើច្បាប់របស់គណបក្សប្រឆាំងនេះ ធ្វើឡើងគឺផ្ទុយពីគោលការណ៍នៃសេដ្ឋកិច្ចទីផ្សារ និងមិនបម្រើឲ្យនយោបាយនៃសេដ្ឋកិច្ចផែនការទៅវិញ។
អនុប្រធានគណៈកម្មការសេដ្ឋកិច្ចនៃរដ្ឋសភា លោក ស្មាន ទៀត មានប្រសាសន៍នៅថ្ងៃទី៣ មេសា ថា សមាជិកគណៈកម្មការនៃរដ្ឋសភាបានធ្វើសេចក្ដីសម្រេចចិត្តមួយ ដោយបញ្ជាក់ថា គណៈកម្មការលោកពុំអាចទទួលយកបានទេ ចំពោះសេចក្ដីស្នើច្បាប់ស្ដីពីការកំណត់ប្រាក់ខែមន្ត្រីរាជការស៊ីវិល និងប្រាក់ឈ្នួលរបស់កម្មករនិយោជិត ដែលស្នើឡើងដោយបក្សប្រឆាំងនេះ។ លោកបន្តថា ព្រោះសេចក្ដីស្នើច្បាប់នេះប៉ះពាល់ជាខ្លាំងដល់គោលនយោបាយរបស់រដ្ឋាភិបាល៖ «គណៈកម្មការទាំងពីរហ្នឹង បានឯកភាពគ្នាគឺសុំទាត់ចោលមិនទទួលយកបាននូវសេចក្ដីស្នើច្បាប់នេះ។ ដោយផ្អែកលើសេចក្ដីស្នើច្បាប់នេះ មិនសមស្រប ទីមួយទៅនឹងស្ថានភាពជាក់ស្ដែងនៃព្រះរាជាណាចក្រកម្ពុជា»។
សេចក្ដីស្នើច្បាប់របស់គណបក្សប្រឆាំងមាន ៥ជំពូក និង ៩មាត្រា ដែលត្រូវបានសមាជិកនៃគណៈកម្មការរបស់រដ្ឋសភាទាត់ចោលនេះ គឺស្នើសុំឲ្យរដ្ឋសភាដំឡើងប្រាក់ខែដល់មន្ត្រីរាជការស៊ីវិល មានគ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធ យ៉ាងតិច ១លានរៀលក្នុង១ខែ។ ចំណែកកម្មករនិយោជិតវិញ ប្រាក់ឈ្នួលដែលទាបបំផុត ត្រូវទទួលបានក្នុង១ខែ ១៥០ដុល្លារ ឬប្រមាណ ៦០ម៉ឺនរៀល។
លោក សុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ចាត់ទុកការច្រានចោលសំណើនេះថា គណៈកម្មការនៃរដ្ឋសភា និងរដ្ឋាភិបាល មានចេតនារើសអើងនយោបាយរបស់គណបក្សប្រឆាំង។ លោកបន្តថា សំណើនេះបើប្រៀបធៀបនឹងប្រទេសជិតខាងកម្ពុជា មានប្រទេសវៀតណាម និងប្រទេសថៃ ប្រាក់បៀវត្ស និងប្រាក់ឈ្នួលរបស់កម្ពុជា នៅមានកម្រិតតិចតួចនៅឡើយ៖ «រាល់ការទាត់ចោលសំណើរបស់យើងខ្ញុំជាតំណាងរាស្ត្រនេះ សុទ្ធតែមានការរើសអើងដោយគណបក្សកាន់អំណាចហ្នឹង ចេះតែចោទប្រកាន់ថាជាស្នើដើម្បីចំណេញនយោបាយបែបនេះនោះ។ ក៏ប៉ុន្តែជាគោលការណ៍ គឺយើងបានពន្យល់ហេតុផលជាមូលដ្ឋាននៃការស្នើសុំរបស់យើង»។
ចំណែកលោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ចាត់ទុកថា គណៈកម្មការជំនាញរបស់រដ្ឋាភិបាល គួរបង្កើតយន្តការផ្លាស់ប្ដូរយោបល់មួយឲ្យបានស៊ីជម្រៅទៅលើសំណើរបស់បក្សប្រឆាំងជាមុន ជាជាងធ្វើសេចក្ដីសម្រេចទម្លាក់ចោលដោយពុំបានសិក្សាឲ្យបានល្អិតល្អន់នោះ៖ «ទទួលយកអនុសាសន៍គ្នាទៅវិញទៅមក វាជាការប្រសើរបាទ។ ដែលធ្វើឲ្យគេថាការបំពេញភាពគ្រប់ជ្រុងជ្រោយនៃការអភិវឌ្ឍបាទ»។
នេះជាការតវ៉ាច្រើនលើកមកហើយ ដែលស្នើសុំឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែដល់មន្ត្រីរាជការស៊ីវិល និងកម្មករនិយោជិត ដើម្បីអាចរស់នៅក្នុងភាពថ្លៃថ្នូរ និងសមរម្យ។ ពោលគឺក្នុងពេលកន្លងទៅ ខាងសហជីពក៏បានទាមទារឲ្យក្រសួងពាក់ព័ន្ធពិចារណាក្នុងការដំឡើងប្រាក់ឈ្នួលដូចគ្នានេះដែរ។ ក៏ប៉ុន្តែ បញ្ហានេះត្រូវបានរដ្ឋាភិបាលតែងបដិសេធន៍ជាបន្តបន្ទាប់ ដោយចាត់ទុកថានាំឲ្យមានគម្លាតខុសគ្នារវាងកសិករ និងថាចរន្តសេដ្ឋកិច្ចកម្ពុជា នៅពុំទាន់អាចឆ្លើយតបបាននៅឡើយទេ៕
No comments:
Post a Comment
yes