អ្នកស្រី ហួយ សេង អាយុ៤៨ឆ្នាំមកពីខេត្តកំពង់ចាម
ប្រទេសកម្ពុជាមានអ្នកកើតជំងឺមហារីកខ្ពស់ឈរក្នុងលំដាប់ថ្នាក់
លេខ៤ក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំង១០ប៉ុន្តែនៅពុំមានតួលេខពិ តប្រាកដនោះទេ។
ចំណែកឯជំងឺមហារីកមាត់ស្បូននិងជំងឺមហារីកថ្លើមលើបុរសឈរលំដាប់ ថ្នាក់លេខ១។
នេះបើតាមការអះអាងរបស់មន្ត្រីជំនាញនៃជំងឺមហារីក។
លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានផ្នែកជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែតបានមានប្រសាសន៍ថា ការយល់ដឹងផ្នែកជំងឺមហារីករបស់ប្រជាពលរដ្ឋមិនទាន់បានឆ្លើយតបទៅនឹង ស្ថានភាពជំងឺនេះដែលជាហេតុបណ្តាលឱ្យអ្នកជំងឺមហារីកប្រមាណជា៧២ភាគរយ មកមន្ទីរពេទ្យស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរពិបាកក្នុងការជួយ សង្គ្រោះ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថាភាគច្រើនអ្នកកើតជំងឺមហារីកក្នុងប្រទេស កម្ពុជាមានអាយុក្មេងជាងប្រទេសជិតខាងហើយយ៉ាងហោចណាស់ក្នុង១ឆ្នាំមាន អ្នកកើតជំងឺមហារីកប្រមាណជា៤.០០០នាក់បានមកទទួលសេវាព្យាបាលនៅ មន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញ។
«អីចឹងបើយើងមើលតួរលេខហ្នឹង យើងឃើញថាប្រជាជនកម្ពុជាយើងកំពុងតែ ប្រឈមមុខនឹងការកើតជំងឺមហារីកហ្នឹង គួរឲ្យព្រួយបារម្ភដែរ។ អីចឹងមើលទៅកម្រិតនៃការយល់ដឹងរបស់ប្រជាជនយើងទាក់ទងនឹងជំងឺមហារីក នេះគឺថាឥឡូវនេះគឺវាមិនទាន់ឆ្លើយតបទៅនឹងស្ថានភាពជំងឺមហារីក បច្ចុប្បន្នហ្នឹងទេ។ ឥឡូវហ្នឹងគឺថាយើងសង្កេតឃើញថាអ្នកជំងឺមហារីកដែលមករកសេវាព្យាបាល នៅមន្ទីរពេទ្យហ្នឹងគឺថាគាត់មកដល់នៅមន្ទីរពេទ្យហ្នឹងនៅដំណាក់កាល ធ្ងន់ធ្ងរហើយ»។
មន្ទីរពេទ្យកាល់ម៉ែត្រកំពុងរៀបចំបំពាក់ម៉ាស៊ីនព្យាបាលជំងឺមហារីកដ៏ទំនើបដូចបណ្តាប្រទេសជឿនលឿនមួយចំនួន។
មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតជាមន្ទីរពេទ្យតែ១គត់ក្នុងប្រទេស កម្ពុជាដែលមានការព្យាបាលជំងឺមហារីកដោយការបញ្ចាំងកាំរស្មី ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០០៣មក។
ជារៀងរាល់ថ្ងៃមានអ្នកកើតជំងឺមហារីកគ្រប់វ័យមកពីគ្រប់ទិសទីតែងតែ មកអង្គុយរង់ចាំដើម្បីទទួលការពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត។ នៅក្នុងចំណោមអ្នកកើតជំងឺមហារីកទាំងនោះក៏មានកូនក្មេងដែលនៅ មិនទាន់ចេះនិយាយនិងដើរផងដែរ។ កុមារទាំងនោះភាគច្រើនកើតមហារីកសួតនិងតម្រងនោម។
លោកវេជ្ជបណ្ឌិត គួយ សំណាង ប្រធានផ្នែកជំងឺមហារីកនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត បានមានប្រសាសន៍ថាកត្តាតំណពូជ បរិដ្ឋាន អនាម័យ ចំណីអាហារ ការបណ្តុំរបស់ក្រូម៉ូសូម ខុសប្រក្រតីសុទ្ធតែជាកត្តាជំរុញឱ្យកើតមានជំងឺមហារីកនេះ។
លោកបានបញ្ជាក់ថាដើម្បីឱ្យជៀសផុតពីការប្រឈមមុខខ្ពស់ពីការស្លាប់ ដោយសារជំងឺមហារីកប្រជាពលរដ្ឋត្រូវពិនិត្យសុខភាពឱ្យបានទៀងទាត់និង នៅពេលមានរោគសញ្ញាសង្ស័យណាមួយ ពីព្រោះជំងឺមហារីកអាចសង្ឃឹមព្យាបាលបានជាជាង៩០ភាគរយនៅក្នុង ដំណាក់កាលទី១។
«ប្រជាពលរដ្ឋទាំងអស់ត្រូវតែមានការយល់ដឹងទាក់ទងជាមួយនឹងសុខភាព របស់ខ្លួនផ្ទាល់ ទី១ប្រាកដអនាម័យហើយ អនាម័យតាំងពីចំណីអាហារ។ បើសិនជាវាកើតហើយធ្វើដូចម្តេច
រកឃើញនៅដំណាក់កាលដំបូង។
នេះគឺជាការយល់ដឹងរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នាហើយដែលត្រូវតែ ខំប្រឹងស្តាប់ការអប់រំអីចឹងដើម្បីជៀសវាងការប្រឈមរបស់យើងគឺមានតែ
យើងទៅរក
សេវាណាដែលមានជំនាញពិតប្រាកដ
ឱ្យគាត់ពិនិត្យមើល នៅពេលនោះដែលយើងអាចរកឃើញជំងឺមហារីកនោះនៅដំណាក់កាលដំបូងហើយយើង
អាចជួយអ្នកជំងឺនោះជាបាន»។
អ្នកជំងឺមហារីកដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតភាគច្រើនមិនបានដឹងថាអ្វីទៅជាជំងឺមហារីកនោះទេនៅមុនពេលគាត់ កើតជំងឺនេះហើយអ្នកខ្លះទៀតក៏នៅតែមិនទាន់ដឹងថាខ្លួនមាន ជំងឺមហារីកដែរគឺពួកគាត់គ្រាន់តែដឹងថាមានដុះសាច់កាចតែប៉ុណ្ណោះ។
អ្នកស្រី ហួយ សេង អាយុ៤៨ឆ្នាំមកពីខេត្តកំពង់ចាមបានមកសម្រាកព្យាបាលជំងឺមហារីកដោះនៅ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតអស់រយៈពេលជិត២ខែកន្លងមកនេះបានឱ្យ ដឹងថាគាត់មិនដែលបានដឹងថាមានជំងឺមហារីកអាចបណ្តាលធ្វើឱ្យដោះ ខាងឆ្វេងរបស់គាត់ដំបៅរីករាលដាលឈឺចាប់ជាខ្លាំងបែបនេះនោះទេ។
«ឥតមានចាប់អារម្មណ៍សោះព្រោះដឹងថាជាដុំគីសហ្នឹង ឥតមានដឹងថាអាហ្នឹងវារីកយ៉ាងណា។ អត់ដឹងហ្នឹងហើយ គ្រូអើយ! បើដឹងមិនទុកដល់ប៉ុណ្ណឹងទេ។ ខ្ញុំមិនដឹងថាជំងឺមហារីក ហ្នឹង តើវាកាចប៉ុណ្ណា វាលោតប៉ុណ្ណា។ វាមិនដឹង។ សោកស្តាយណាស់ ស្តាយខ្លួន ស្តាយជីវិតណាស់ ស្តាយមិនដឹងយល់ អត់ដឹងថាដូចគ្មានអ្នកណាពន្យល់យើងឲ្យចេះដឹង»។
ចំណែកឯលោក កេត ហុង អាយុ៤៩ឆ្នាំមកពីខេត្តកំពតកំពុងសម្រាកព្យាបាលមានដំបៅមហារីកលើគូទ របស់គាត់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានឱ្យដឹងដែរថាគាត់ មិនមានជំងឺមហារីកនោះទេគឺគ្រាន់តែមានសាច់កាចតែប៉ុណ្ណោះ។
«ពេទ្យគ្រាន់តែថាយើងសាច់កាច ឲ្យយើងបាញ់កាំរស្មី និងចាក់គីមី។ ធ្លាប់លឺតែគេ និយាយថាជំងឺមហារីកៗ ប៉ុន្តែមិនដែលធ្លាប់ជួបប្រទះអីចឹង»។
ជាមួយគ្នានេះដែរអ្នកស្រី សួស ណារី កំពុងអង្គុយនៅមុខបន្ទប់គ្រូពេទ្យក្នុងមន្ទីពេទ្យ មិត្តភាពខ្មែរសូវៀតជាមួយកូនរបស់គាត់ដើម្បីរង់ចាំចូលពិនិត្យនិង ពិភាក្សាជាមួយគ្រូពេទ្យ។
អ្នកស្រីបានឱ្យដឹងថាកូនរបស់គាត់មានអាយុ១៩ឆ្នាំបានកើតជំងឺមហារីកនៅ បំពង់កហើយគាត់បានព្យាបាលកូនរបស់គាត់អស់រយៈពេល២ឆ្នាំកន្លងមកហើយ តែមិនដឹងថាកូនរបស់គាត់កើតជំងឺមហារីកនោះទេដូច្នេះគាត់បានចំណាយ លុយឥតប្រយោជន៍ជាច្រើនទៅលើការព្យាបាលនេះ។
អ្នកស្រីបានឱ្យដឹងបន្ថែមថាទំរាំតែដឹងថាកូនរបស់គាត់មាន ជំងឺមហារីកគាត់ត្រូវលក់ផ្ទះនិងខ្ចីលុយគេសម្រាប់ធ្វើការព្យាបាល នេះ។
«ដឹងថាសាច់កាច អត់ដឹងមហារីក។ គ្រាន់ថាខ្ញុំចាក់តាមគ្លីនិក វាអស់ច្រើន ទំរាំចំពេទ្យហ្នឹង។ បើមកចំពេទ្យតែម្តង វាមិនសូវអស់ច្រើន។ ប៉ុន្តែយើងអត់ដឹង យើងរាវរហូតប៉ុន្មានឆ្នាំ យើងរាវ។ អត់ស្គាល់ អត់ដឹង ដឹងថាក្នុងស្បូន ហើយលឺតែគេនិយាយថាមហារីកស្បូន ដល់ក ដល់ សាច់អីចឹង ខ្ញុំមិនដែលដឹងសោះ»។
លោកទីវ សុថាន មកពីស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមកំពុងអង្គុយលើគ្រែមើលថែប្រពន្ធ របស់គាត់ដែលកើតជំងឺមហារីកសួតនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូ វៀត។ លោកបានឱ្យដឹងថាការផ្សព្វផ្សាយពីជំងឺមហារីករបស់រដ្ឋាភិបាលនៅមាន កម្រិតទាបដែលជាហេតុបណ្តាលឱ្យ ប្រជាពលរដ្ឋមានការយល់ដឹងតិចតួចពីជំងឺនេះ។
«ជំងឺមហារីកហ្នឹងមិនមែនប្រជាជនហ្នឹងមិនចង់យល់ដឹងទេ ប៉ុន្តែទី១ ការផ្សព្វផ្សាយ ក៏នៅមានកម្រិត។ ទី២ កម្រិតជីវភាពប្រជាជននៅក្រ អត់សូវយល់ដឹងពីបញ្ហាហ្នឹង បើទោះជាកើត ហើយក៏មិនដឹងធ្វើយ៉ាងម៉េចដែរ ព្រោះអាហ្នឹងថ្លៃថ្នាំវាថ្លៃណាស់។ អីចឹង វាមានតែតាមយថាកម្ម ហ្នឹងហើយ តាមព្រេងវាសនាហ្នឹង។ សព្វថ្ងៃហ្នឹង រឿងចំណីអាហារហ្នឹងពោរពេញដោយជាតិ គីមី ច្រើន ខ្ញុំបារម្ភៗក្មេងសារក្រោយទេ ដែលទើបនឹងកើត និងធំឡើង ហើយនៅថ្ងៃក្រោយ ទៅក្មេងកើតខ្លាំង»។
យោងតាមលទ្ធផលស្រាវជ្រាវស្តីពីវត្តមាននៃសារធាតុគីមីដែលមាន គ្រោះថ្នាក់ក្នុងម្ហូបអាហារ របស់លោកស្រីបណ្ឌិត ចេក សុថាប្រធានផ្នែកគីមី និងចំណីអាហាវិទ្យាស្ថានវិទ្យាសាស្ត្រនិង បច្ចេកវិទ្យារាជបណ្ឌិតសភាកម្ពុជាបង្ហាញឱ្យដឹងថាសារធាតុគីមី មួយចំនួនដែលមាននៅក្នុងចំណីអាហារក្នុងប្រទេសកម្ពុជាអាចបង្កឱ្យមាន ជំងឺជាច្រើនក្នុងនោះក៏អាចបង្កឱ្យមានជំងឺមហារីកផងដែរ។
មន្ត្រីជំនាញផ្នែកជំងឺមហារីកបានឱ្យដឹងថាតាមការសិក្សារបស់អង្គការ
សុខភាពពិភពបានបង្ហាញឱ្យដឹងថាប្រទេសកម្ពុជាមានអ្នកកើតជំងឺមហារីក ប្រមាណជា១៥.០០០នាក់ក្នុង១ឆ្នាំ។
អ្នកកើតមហារីកប្រមាណជា១៧ភាគរយក្រោមអាយុ៣៥ឆ្នាំហើយចាប់ពីអាយុ៣៦ ឆ្នាំដល់អាយុ៦០មាន៧០ភាគរយ។
ប្រជាពលរដ្ឋកម្ពុជាភាគច្រើនកើតជំងឺមហារីកក្នុងវ័យក្មេងគឺភាគច្រើន មានអាយុពី៤៨ឆ្នាំដល់៥១ឆ្នាំក៏ប៉ុន្តែប្រជាជននៅប្រទេសដទៃកើតជំងឺ នេះភាគច្រើនពីអាយុ៥៨ឆ្នាំឡើង៕
ប្រជាពលរដ្ឋកម្ពុជាភាគច្រើនកើតជំងឺមហារីកក្នុងវ័យក្មេងគឺភាគច្រើន មានអាយុពី៤៨ឆ្នាំដល់៥១ឆ្នាំក៏ប៉ុន្តែប្រជាជននៅប្រទេសដទៃកើតជំងឺ នេះភាគច្រើនពីអាយុ៥៨ឆ្នាំឡើង៕
No comments:
Post a Comment
yes