សមយុទ្ធបាញ់គ្រាប់ពិតធុន BM 12 នៅបន្ទាយ ACO ខេត្តកំពង់ស្ពឺ កាលពីម្សិលមិញ
កំពង់ស្ពឺៈ កងទ័ពផ្នែកកាំភ្លើងធំនៃប្រទេសកម្ពុជា កាលពីម្សិលមិញ បានបញ្ចប់សមយុទ្ធបាញ់គ្រាប់ពិតរយៈពេលពីរថ្ងៃ ក្រោមការចូលរួមពីពលទាហានយ៉ាងហោច១៤៤៣ នាក់ ប្រើអាវុធដែលមានលក្ខណៈទំនើប និងថ្មីៗ នៅក្នុងបន្ទាយACO នៅស្រុកភ្នំស្រួច ក្នុងខេត្តកំពង់ស្ពឺ។
សមយុទ្ធបាញ់គ្រាប់ពិតនេះ រួមមានការបាញ់គ្រាប់ BM-21 ចំនួន ១០ រថយន្ត ការបាញ់កាំភ្លើងធំ១៣០មិល្លីម៉ែត្រចំនួន១២ កាណុង និងរថពាសដែកចំនួន ២២ គ្រឿងផង។
មេបញ្ជាការយោធា១រូប នៅកន្លែងធ្វើសមយុទ្ធផ្ទាល់ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា អាវុធដែលប្រើនោះ គឺរួមមានអាវុធផលិតនៅប្រទេសរុស្ស៊ី ប្រទេសចិន និងប្រទេសអ៊ុយក្រែន។
រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ បាញ់ បានថ្លែងទៅកាន់អ្នកកាសែត នៅខាងក្រៅកន្លែងធ្វើសមយុទ្ធថា ប្រភេទអាវុធទាំងអស់គឺថ្មីៗ ទំនើបនិងប្រើប្រព័ន្ធបញ្ជាតាមកុំព្យូទ័រ ហើយអាចបាញ់ចំគោលដៅមួយរយភាគរយគ្រប់កាលៈទេសៈ។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា សមយុទ្ធនេះ មិនមែនជាការសាកល្បងកម្លាំងនៅមុនពេលសវនាការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្តីពីដីជម្លោះជុំវិញប្រាសាទព្រះវិហារដែលគ្រោងនឹងដំណើរការនៅក្នុងពីរសប្តាហ៍ខាងមុខនោះទេ។
ឧត្តមសេនីយ៍ឯក អែត សារ៉ាត ដែលជាមេបញ្ជាការសមយុទ្ធបាញ់គ្រាប់ពិត បានថ្លែងថា សមយុទ្ធនេះ គឺគ្រាន់តែជាលក្ខណៈធម្មតាមួយតែប៉ុណ្ណោះ។
លោក បញ្ជាក់ថា៖ «សមយុទ្ធបាញ់គ្រាប់ពិតនេះ មិនមែនជាការគំរាមកំហែង[ដល់ប្រទេសណាមួយនោះទេ]។ វាគឺសម្រាប់ខ្លួនយើងផ្ទាល់សម្រាប់ការពង្រឹងសមត្ថភាពយោធា របស់យើង»។
ទាក់ទិននឹងសមយុទ្ធនេះដែរ កាលពីរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៣ ថ្លែងក្នុងពិធីបិទសន្និបាតជាតិ ស្តីពីសកម្មភាពមីន នៅវិមានសន្តិភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅការបាញ់សាកល្បងគ្រាប់ពិត កាំភ្លើងប្រតិកម្ម BM21 ប្រភេទ៤០កាណុង និងកាំភ្លើងធំ១៣០ មិល្លីម៉ែត្រ កាលពីម្សិលមិញថា មិនមែនជាការបង្ហាញសាច់ដុំគំរាមកំហែងប្រទេសជិតខាងណាទេ។
លោក នាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «ការបាញ់គ្រាប់ពិត នៅព្រឹកមិញ(ព្រឹកថ្ងៃអង្គារ) ជាការហ្វឹកហាត់ប្រើប្រាស់អាវុធធុនមធ្យម។ វាមិនមែនជាការគំរាមកំហែងដល់ប្រទេសណាទេ»។ លោកក៏ផ្តាំផ្ញើទៅមន្ត្រីក្រសួងការពារជាតិ ឲ្យទៅពិនិត្យមើលកន្លែងគ្រាប់ធ្លាក់នោះផង ក្រែងផ្ទុះមិនអស់ដើម្បីកុំឲ្យគ្រាប់ទាំងនោះបង្កគ្រោះថ្នាក់ដល់ ប្រជាពលរដ្ឋក្នុងតំបន់នោះ៕
No comments:
Post a Comment
yes