មន្ត្រីតុលាការរាជធានីភ្នំពេញ និងអាជ្ញាធរស្រុកអូរយ៉ាដាវ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៣ បានយកដីកានេះទៅបិទនៅការិយាល័យក្រុមហ៊ុន មានទីតាំងនៅឃុំសោមធំ និងនៅការដ្ឋានក្រុមហ៊ុននៅឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍បញ្ជាក់នៅថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០១៣ ថា ការចេញដីកាផ្អាកសកម្មភាពក្រុមហ៊ុននេះធ្វើឡើងបន្ទាប់ពីប្រធានសាខាក្រុមហ៊ុន ដាយ ដុង យឿង ប្រចាំប្រទេសកម្ពុជា លោក ដាវ វ៉ាន់ទាន់ ត្រូវចាប់ខ្លូនកាលពីជិតពាក់កណ្តាលខែមីនា ឆ្នាំ២០១៣ ពីបទរំលោភទំនុកចិត្ត និងក្លែងឯកសារក្រុមហ៊ុន។
លោក ឆាយ ធី៖ «គេផ្តោតទៅលើមិនឲ្យដំណើរការ។ ទីពីរ ដកយករថយន្តនេះនៅមានមន្ទិលសង្ស័យដែរថា មូលហេតុអ្វីបានជាក្រោយពីផ្ទុះរឿងបទល្មើសព្រៃឈើ និងក្រោយពីក្រសួងកសិកម្មស្នើទៅរដ្ឋាភិបាល ដើម្បីសុំលប់សម្បទានសេដ្ឋកិច្ចនេះទើបមានរឿងផ្ទៃក្នុងផ្ទុះឡើង»។
កាលពីខែធ្នូ ឆ្នាំ២០១២ ក្រុមហ៊ុន ដាយ ដុង យឿង ត្រូវបានសហគមន៍ជនជាតិដើមភាគតិចភូមិឡំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី រកឃើញថា មានជាប់ពាក់ព័ន្ធកាប់ឈើមូលខុសច្បាប់រាប់ពាន់ដើមនៅតំបន់ព្រំដែនខេត្តរតនគិរី ជាប់នឹងប្រទេសវៀតណាម។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ច័ន្ទ សារុន និងអ្នកនាំពាក្យលោក ធន សារ៉ាត់ ត្រូវបានអ្នកសារព័ត៌មានក្នុងស្រុកដកស្រង់សំដីកាលពីខែកុម្ភៈ ឆ្នាំ២០១៣ ថា ក្រសួងកសិកម្មនឹងស្នើទៅរាជរដ្ឋាភិបាលឲ្យលុបកិច្ចសន្យាផ្តល់សម្បទានជិត ៥ពាន់ហិកតារពីក្រុមហ៊ុន ដាយ ដុង យឿង ដោយសារក្រុមហ៊ុននេះកាប់ឈើខុសច្បាប់ ហើយក្រុមហ៊ុននេះទទួលបញ្ជាឲ្យបញ្ឈប់សកម្មភាពកាប់ឈើជាបណ្តោះអាសន្នរហូតទាល់តែមានសេចក្តីសម្រេចស្តីពីបញ្ហានេះ៕
ផ្អាកសិន ចាំបោះឆ្នោតរួច ចាំច្របាច់កតែម្តង ។
ReplyDelete