លោក ឈូក បណ្ឌិត ពេលមកកាន់សាលាឧទ្ធរណ៍សាលាដំបូងខេត្តស្វាយរៀង
នឹងធ្វើការពិភាក្សានៅថ្ងៃទី៨ ខែមេសា
ភ្នំពេញៈ សាលាដំបូងខេត្តស្វាយរៀងនឹងធ្វើការពិភាក្សានៅថ្ងៃទី៨ ខែមេសា លើការកំណត់ថ្ងៃជម្រះសំណុំរឿង លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលបាញ់កម្មការិនីរោងចក្រ៣នាក់ឲ្យរងរបួស បន្ទាប់ពីសាលាឧទ្ធរណ៍សម្រេចបង្វិលសំណុំរឿងទៅឲ្យតុលាការខេត្ត ជម្រះជាថ្មី។
លោក លាង សួ ចៅក្រមសាលាដំបូងខេត្តស្វាយរៀងដែលកាន់រឿងក្តីដ៏ស្មុគស្មាញ នេះបានឲ្យដឹងថា លោកទើបតែទទួលបានសំណុំរឿងនេះពីប្រធានតុលាការខេត្ត ពីថ្ងៃទី ២៩ ខែមីនា ហើយលោកនឹងបើកកិច្ចប្រជុំនៅថ្ងៃទី៨ខែមេសា ដើម្បីដាក់កម្មវិធីជម្រះ។ លោកបញ្ជាក់ថា ៖«ខ្ញុំនឹងដាក់កម្មវិធីជម្រះឲ្យបានឆាប់បំផុតគឺធ្វើយ៉ាងណា ឲ្យបានមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ»។
រីឯលោក ប៉ិច ឈឿត ប្រធានតុលាការខេត្តស្វាយរៀងបានឲ្យដឹងថា លោកបានចាត់ការតាមនីតិវិធីហើយ គឺបានចាត់តាំងចៅក្រមកាន់ក្តីនេះរួចហើយដែរបន្ទាប់ពីបានទទួល សំណុំរឿងពីសាលាឧទ្ធរណ៍។ លោកថ្លែងថា៖«ចៅក្រមនឹងកំណត់ថ្ងៃបើកសវនាការក្នុងពេលឆាប់ៗនេះ ពីព្រោះជនសង្ស័យកំពុងស្ថិតនៅក្រៅឃុំ»។
គួររំឭកថា កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ ២០១៣ សាលាឧទ្ធរណ៍ បានសម្រេចចោទប្រកាន់សាជាថ្មីលើលោក ឈូក បណ្ឌិត ពីបទបង្ក របួសស្នាមដោយអចេតនា។ បន្ទាប់ពីអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍បានប្តឹងទាស់ទៅនឹង ការសម្រេចទម្លាក់បទចោទប្រកាន់លោក ឈូក បណ្ឌិត របស់សាលាដំបូងខេត្តស្វាយរៀងកាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១២។
ឈូក បណ្ឌិត ត្រូវតុលាការខេត្តស្វាយរៀងចោទប្រកាន់ពីបទបង្ករបួសស្នាមដោយ អចេតនាទាក់ទិននៅនឹងការបាញ់កម្មកររបួស៣នាក់ កាលថ្ងៃទី២០ ខែកុម្ភៈ ក្នុងកូដកម្មកម្មករជាង ៦ពាន់នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាធេនក្នុងក្រុង បាវិត ដែលទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌការងារឲ្យប្រសើរ។
អ្នកនាង ប៊ុត ចិន្តា កម្មការិនីរងគ្រោះប្រាប់ថា បន្ទាប់ពីសាលាឧទ្ធរណ៍បង្វែរសំណុំរឿងទៅឲ្យតុលាការខេត្ត ពួកនាងពុំទាន់បានទទួលដំណឹងអ្វីអំពីតុលាការនៅឡើយ ហើយពួកនាងហាក់អស់សង្ឃឹមក្នុងការស្វែងរកយុត្តិធម៌។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ថ្លែងឲ្យដឹងថា សំណុំរឿងដ៏ស្មុគស្មាញនេះ ហាក់ដូចជាពុំមានអ្វីប្លែកទេ ពីព្រោះវាមានភាពមិនប្រក្រតីតាំងពីដើមទីមក ដោយសារតែតុលាការបានចោទប្រកាន់ត្រឹមតែបទបង្ករបួសស្នាមដោយ អចេតនា។ លោកថ្លែងថា យើងស្វាគមន៍ចំពោះការចោទប្រកាន់ជាថ្មីរបស់សាលាឧទ្ធរណ៍ ប៉ុន្តែ បើយើងមើលឲ្យស៊ីជម្រៅគឺគ្រាន់តែធ្វើឲ្យមានសំណុំរឿងនៅ ក្នុងតុលាការទេ បើតុលាការបើកសវនាការឡើងវិញ ទោសគាត់ប្រហែលជាត្រូវព្យួរ ដូច្នេះគេដំណើរការតែនីតិវិធីប៉ុណ្ណោះ គឺគ្មានចេតនាឯណាស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះនោះទេ៕
No comments:
Post a Comment
yes