សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, April 8, 2013

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់​ខ្លួន​​មន្ត្រី​ខេត្ត​ពោធិ៍សាត់​៣​រូប

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រាជរដ្ឋាភិបាល បាន​ឃាត់​ខ្លួន​មន្ត្រី ៣​រូប នៃ​មន្ទីរ​សង្គមកិច្ច និង​អតីត​យុទ្ធជន​ខេត្ត​ពោធិ៍សាត់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត។

បន្ទាប់​ពី​ធ្វើ​ការ​សាកសួរ​បឋម មន្ត្រី ២​រូប​នៃ​មន្ទីរ​សង្គមកិច្ច​ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន និង​មួយ​រូប​ទៀត​ត្រូវ​បាន​សម្រេច​ឲ្យ​រួច​ពី​ការ​ឃុំ​ខ្លួន បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រាជរដ្ឋាភិបាល​បាន​ចាប់​ខ្លួន និង​បញ្ជូន​មក​ឲ្យ​តុលាការ​សម្រេច។
ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ លោក តន់ សីហតេជៈ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​មេសា ថា តាម​ការ​ស៊ើបសួរ​បឋម តំណាង​អយ្យការ​សាលាដំបូង​ខេត្ត​សម្រេច​ចោទ​ប្រកាន់​មន្ត្រី​នៃ​មន្ទីរ​សង្គមកិច្ច​ខេត្ត​ពោធិ៍សាត់ ២​រូប និង​សម្រេច​មិន​ចោទ​ប្រកាន់​មន្ត្រី​មួយ​រូប ដោយសារ​រក​មិន​ឃើញ​កំហុស៖ «បាន​ចោទ​ប្រកាន់ និង​ធ្វើ​ការ​ឃុំ​ខ្លួន​រួច​ហើយ។ ៣​នាក់ តែ​យើង​ចោទ​ប្រកាន់​តែ ២​នាក់​ទេ ម្នាក់​ទៀត​យើង​សម្រេច​មិន​ចោទ​ប្រកាន់​ទេ...»។
ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់ លោក ពេជ្រ ចិន្តា បាន​ឲ្យ​ដឹង​ថា មន្ត្រី​សង្គមកិច្ច​ដែល​ត្រូវ​ឃាត់​ខ្លួន​នោះ​មាន​ចំនួន ២​នាក់ គឺ​ទី​១ លោក យឹម ដេត ប្រធាន​ការិយាល័យ​អតីត​យុទ្ធជន និង​យុវនីតិសម្បទា​នៃ​មន្ទីរ​សង្គមកិច្ច​ខេត្ត ទី​២ លោក គង់ វិសាល ជា​មន្ត្រី​ជាប់​កិច្ចសន្យា​នៃ​មន្ទីរ​សង្គម​កិច្ច​ខេត្ត។
លោក​បន្ត​ថា មន្ត្រី​ទាំង ២​រូប​នេះ ក្រោយ​ពី​ធ្វើការ​សួរ​នាំ​អស់​មួយ​ព្រឹក​រួច​មក ទើប​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ដោយ​ចោទ​ពី​បទ​ប្រព្រឹត្ត​ខុស​វិតិក្រម​មាត្រា ៥៩២ និង ៥៩៣។ លោក ពេជ្រ ចិន្តា បញ្ជាក់​ថា ដោយ​ឡែក​លោក គង់ ប៊ុនថន ប្រធាន​សង្គមកិច្ច​ស្រុក​បាកាន គឺ​មិន​បាន​ឃើញ​បញ្ជូន​មក​តុលាការ​ទេ ដោយ​មន្ត្រី​នោះ​អាច​មិន​មាន​ការ​ពាក់ព័ន្ធ។
យ៉ាង​នេះ​ក្ដី លោក ពេជ្រ ចិន្ដា សុំ​មិន​បញ្ជាក់​លំអិត​ពី​ទោស​កំហុស​មន្ត្រី​មន្ទីរ​សង្គមកិច្ច​ទាំង ២​រូប​នេះ​ទេ៖ «យើង​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​តែ ២​នាក់​ទេ។ ឯ​ម្នាក់​ទៀត​ខាង​អង្គភាព​មិន​ឃើញ​បញ្ជូន​មក​ទេ។ រឿង​លំអិត​ទៀត​យើង​មិន​អាច​ជម្រាប​ជូន​ទេ ព្រោះ​កំពុង​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត...»។
កាល​ពី​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មេសា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ឃាត់​ខ្លួន​មន្ត្រី​នៃ​មន្ទីរ​សង្គមកិច្ច​ខេត្ត​ពោធិ៍សាត់ ២​រូប ហើយ​មួយ​ថ្ងៃ​បន្ទាប់​បាន​ឃាត់​ខ្លួន​បន្ថែម ១​រូប​ទៀត សរុប​ទាំង​អស់ ៣​រូប ហើយ​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក៏​បញ្ជូន​ជនសង្ស័យ​ចំនួន ២​រូប​មក​ឲ្យ​តុលាការ​ធ្វើ​ការ​ស៊ើបសួរ រួច​តុលាការ​ក៏​សម្រេច​ធ្វើ​ការ​ឃុំ​ខ្លួន​តែម្ដង។
នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បាន​ថ្លែង​សាទរ​ចំពោះ​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រាជរដ្ឋាភិបាល។ លោក​បាន​ចាត់​ទុក​ថា នេះ​ជា​ជំហាន​វិវត្តន៍​ថ្មី​មួយ​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្លាប់​ត្រូវ​ញាំញី​ដោយ​អំពើ​ពុករលួយ​ដែល​មិន​ទាន់​ស្រាកស្រាន្ត​នៅ​ឡើយ៖ «ខ្ញុំ​គិត​ថា នៅ​មាន​ករណី​ជា​ច្រើន​ទៀត​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ទទួល​ពាក្យ​បណ្ដឹង និង​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត។ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បន្ត​ធ្វើ​ការ​ចាប់​ខ្លួន​មន្ត្រី​ដែល​មាន​ការ​ពាក់ព័ន្ធ​ធ្វើ​ការ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់...»។
លោក ព្រាប កុល បាន​ជំរុញ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រាជរដ្ឋាភិបាល បន្ត​អនុវត្ត​ផែនការ​ប្រឆាំង​អំពើ​ពុករលួយ​នេះ​ឲ្យ​រឹតតែ​មាន​ប្រសិទ្ធភាព​ល្អ​ជាង​នេះ​បន្ថែម​ទៀត​ទើប​ប្រសើរ៕

No comments:

Post a Comment

yes