សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, May 31, 2013

ដេវិដ ឆាណាយវា រួច​ពី​បទ​ចោទ​នៅ​ឯ​ខេត្ត​ព្រះ​សីហនុ

130531_09a
ជន​ជាប់​ចោទ​វាយ​អ្នកកាសែត ដេវិដ ​ឆា​ណាយ​វា និង​ក្មួយប្រុស
 ពេល​នាំ​ឡើងតុលាការ​​​​
អតីត​មេធាវី​លោក ដេវិដ ឆាណាយវា​ត្រូវ​សាលា​ឧទ្ធរណ៍​ឲ្យ​រួច​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ពី​បទ​ប្រើ​អំពើ​ហិង្សា​នៅ​ខេត្ត​ព្រះ​សីហនុ ក្នុង​ឆ្នាំ ២០០៧។
លោក​ស្រី ចាន់ ម៉ាឌីណា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​ថ្លែង​ថា សាលា​ឧទ្ធរណ៍​សម្រេច​ឲ្យ​ជន​ជាប់​ចោទ ដេវិដ ឆាណាយវា ជា​ពាណិជ្ជករ​រួច​ផុត​ពី​បទ​ចោទ​ពី ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​ករណី​ដីធ្លី​មួយ នៅ​ក្នុង​សង្កាត់​លេខ​៤ ក្រុង​ព្រះ​សីហនុ ពី​ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ ២០០៧​។ លោក​ស្រី​បន្ត​ថា​តុលាការ បដិសេធ​សាលក្រម​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ។ ទុក​សិទ្ធិ​ប្តឹង​សារ​ទុក្ខ​តាម​កំណត់​ច្បាប់។
សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ នៅ​ថ្ងៃ​ទី២៥ ខែ​មករា​ឆ្នាំ ២០១១ បាន​ផ្តន្ទាទោស ដេវិដ ឆាណាយវា ​ដាក់​ពន្ធនាគារ​១​ឆ្នាំ និង​បង្គាប់​ឲ្យ​សង​ប្រាក់​ជន​រងគ្រោះ​២០​លាន​រៀល​ពី​បទ​ប្រើ​អំពើ​ហិង្សា។
ក្នុង​សវនាការ​ឧទ្ធរណ៍​កន្លង​មក កែវ សារី ជា​ជន​រងគ្រោះ បាន​ឲ្យ​ដឹង​ថា គាត់​ទិញ​ដី​នេះ​ពី​ឈ្មោះ នៅ ប៊ូរ៉ា ក្បាល​១២​ម៉ែត្រ​បណ្តោយ​៤០​ម៉ែត្រ បាន​ធ្វើ​របង​ព័ទ្ធ​ដី​។ នៅ​ថ្ងៃ​ទី៩ ខែ​មិថុនា ឆ្នាំ​២០០៧ ក្រុម ដេវិដ ឆាណាយវា បាន​មក​ព័ទ្ធ​របង​ថ្មី អ្នក​ចាំ​ដី​គាត់​ប្រាប់​អាជ្ញាធរ ហើយ​អាជ្ញាធរ​បាន​មក​ឃាត់​ដែរ តែ​ក្រុម​ឆាណាយវា​មិន​ស្តាប់។

តាម​ចម្លើយ ឆាណាយវា ដែល​អវត្តមាន ហើយ​អាន​ដោយ​ក្រឡា​បញ្ជី​ថា គាត់​ទិញ​ដី​នោះ​ពី​ឈ្មោះ នៅ ប៊ូរ៉ា ក្នុង​តម្លៃ​៣​ពាន់​ដុល្លារ មាន​កិច្ច​សន្យា​មួយ​ច្បាប់ តែ​ឯកសារ​នោះ​បាន​បាត់​។ គាត់​មិន​បំពាន​ដី​គេ​ទេ និង​ធ្វើ​របង​ត្រឹម​តែ​ដី​គាត់​ហើយ​សុំ​ឲ្យ​តុលាការ​លើក​លែង​បទ​ចោទ។
លោក ឆាណាយវា អាយុ​៤១​ឆ្នាំ ខ្មែរ​សញ្ជាតិ​អាមេរិក​បាន​ចូល​មក​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៤ ធ្លាប់​ជា​នគរបាល​ជា​ទី​ប្រឹក្សា​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា និង​ធ្លាប់​ជា​មេធាវី​តែ​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​មេធាវី ក្នុង​ឆ្នាំ​២០០៣។
លោក ឆាណាយវា និង​ក្មួយ​ប្រុស ប្រាក់ អូហ្វី ហៅ ម៉ាអូហ្វី និស្សិត អាយុ​២០ឆ្នាំ ត្រូវ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី១៩​មីនា ពី​បទ​ស្ថិត​ក្នុង​ជន​៧​នាក់​ដែល​វាយ​អ្នក​សារ​ព័ត៌មាន ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ព្រៃ​ស។
គួរ​រំឭក​ថា កាល​ពីថ្ងៃ​ទី២០​ខែ​ឧសភា​សាលា​ដំបូង​រាជធានី​បាន​បើក​ជំនុំ​ជម្រះ​ករណី ដេវិដ ឆាណាយវា និង​អតីត​រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ យាន ស៊ីណា ចោទ​ប្រកាន់​ពី​បទ​វាយ​អ្នក​កាសែត​នៅ​យប់​ថ្ងៃ​ទី​១៨​មីនា។ ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ដោយ​សារ​មេធាវី​លោក ឆាណាយវា ធ្វើ​ពហិការ​ដើរ​ចេញ​ពី​បន្ទប់​សវនាការ ហើយ​ចុង​ចោទ​ឆាណាយវា ក៏​បាន​ស្នើ​សុំ​ផ្លាស់​ប្តូរ​ចៅក្រម​សវនាការ​សម្រាប់​សំណុំ​រឿង​របស់​គាត់​ផង។
ការ​ពន្យារ​សវនាការ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចម្រូង​ចម្រាស​រវាង​ចៅក្រម​លោក​ស្រី ចាំង ស៊ីណាត និង​ព្រះ​រាជ​អាជ្ញា​រង​លោក លី សុផាន់ណា និង​មេធាវី​លោក ឆាណាយវា។ ឆាណាយវា កំពុង​ប្រឈម​នឹង​បទ​ចោទ​ចំនួន​២​គឺ​ការ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​និង​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាសែត​។ ករណី​ប្រើ​ខុស​ច្បាប់​គាត់​ត្រូវ​កាត់​ទោស​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​១៨​ខែ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ​ឆ្នាំ ២០១៣៕

No comments:

Post a Comment

yes