សហគមន៍ជាតិគួយលើកគ្នាមកតវ៉ាមុខក្រុមហ៊ុនThink Bio Tech
ប្រជាពលរដ្ឋប្រមាណ៣០០នាក់មកពីឃុំពីរគឺ ឃុំកំពង់ចាម និងឃុំបឹងចារ ស្រុកសម្បូណ៌ ខេត្តក្រចេះ បានបន្តធ្វើការតវ៉ានៅមុខក្រុមហ៊ុន Think Bio Tech ដោយបានរឹបអូសរថយន្តដឹកទឹកពីរគ្រឿងហើយទាមទារឲ្យមានការបណ្តេញក្រុមហ៊ុនដែលទទួលបានដី សម្បទានសេដ្ឋកិច្ចនេះចេញពីទឹកដីស្រុកសម្បូណ៌។
លោក សំ ណូ តំណាងប្រជាសហគមន៍ជនជាតិកួយអាយុ៥៤ឆ្នាំ បានថ្លែងឲ្យដឹងថា នៅថ្ងៃម្សិលមិញនេះពលរដ្ឋបានបន្តនាំគ្នាមកតវ៉ានៅខាងមុខក្រុមហ៊ុន Think Bio Tech ដើម្បីបង្ខំឲ្យក្រុមហ៊ុននេះចេញពីទឹកដីខេត្តក្រចេះ ពីព្រោះក្រុមហ៊ុនបានបង្កផលលំបាកយ៉ាងខ្លាំងដល់ពលរដ្ឋដែលកំពុងរស់នៅក្នុងស្រុកសម្បូណ៌នេះ។
លោកឲ្យដឹងបន្តថា៖ «យើងចាប់រថយន្តដឹកទឹកក្រុមហ៊ុនចំនួនពីរគ្រឿងដើម្បីឲ្យខាងក្រុមហ៊ុនចេញមុខមកចរចា តែគេមិនព្រមចេញមកទេ បែរជាឃុបឃិតជាមួយអាជ្ញាធរ គិតចាប់ខ្លួនខ្ញុំ និងពលរដ្ឋពីរនាក់ទៀតទៅវិញ»។
លោកបន្តទៀតថា ខណៈដែលចំនួនពលរដ្ឋមានការកើនឡើងនោះខាងក្រុមហ៊ុនក៏បន្ថែមកម្លាំងប៉ូលិស ទាហាន និងប៉េអឹមផងដែរ ហើយបានគំរាមចាប់ពលរដ្ឋបីនាក់ គឺរូបលោកផ្ទាល់លោក ណាំ ណាក់ និងលោកមឿង សៅ ដោយពួកគេចោទប្រកាន់ថាជាមេខ្លោងដឹកនាំពលរដ្ឋឲ្យធ្វើការតវ៉ានិងចាប់ឡានដឹកទឹករបស់ក្រុមហ៊ុន។លោកថា៖ «ពួកយើងតវ៉ាដើម្បីការពារដីចម្ការសោះ គេបែរជាចោទថាជាពួកចារកម្មមេខ្លោងដឹកនាំបាតុកម្មទៅវិញ។ ខ្ញុំសុខចិត្តស្លាប់ក៏មិនរាថយដែរ គឺខ្ញុំធ្វើដើម្បីតែការពារដីខ្ញុំតែប៉ុណ្ណោះ»។
លោក ណាំ ណាក់ អាយុ ៣៣ ឆ្នាំ ជាជនជាតិកួយបានឲ្យដឹងដែរថា ខាងក្រុមហ៊ុនបានដាក់កម្លាំងប៉ូលិសទាហាន និងប៉េអឹម ដែលជួលមកឲ្យការពារពួកគេនោះមកគំរាមប្រជាជន ហើយថែមទាំងចោទប្រកាន់រូបលោក និងពលរដ្ឋពីរនាក់ទៀតផង។ លោកអះអាងថា៖ «ខ្ញុំមិនភ័យខ្លាចនឹងពាក្យគំរាមរបស់គេនោះទេ ព្រោះ ខ្ញុំគ្រាន់តែស្វែងរកដំណោះស្រាយលើផលប៉ះពាល់ដីចម្ការនិងផ្ទះសម្បែងរបស់ពួកខ្ញុំប៉ុណ្ណោះ។ ខ្ញុំមិនបានធ្វើអ្វីឲ្យខុសច្បាប់នោះទេ»។
លោកឲ្យដឹងទៀតថា ប្រសិនបើក្រុមហ៊ុននេះមិនធ្វើឲ្យប៉ះពាល់ដីពលរដ្ឋ១១ភូមិ របស់ពលរដ្ឋប្រមាណ៤ពាន់គ្រួសារ ដែលមានផ្ទៃដីស្រែចម្ការ និងដីព្រៃទំហំ៤៨ ពាន់ហិកតាទេនោះ ពលរដ្ឋទាំងអស់ក៏មិននាំគ្នាមកតវ៉ាបែបនេះដែរ។
លោកនិយាយថា៖ «ខ្ញុំនិងពលរដ្ឋក្នុងសហគមន៍ខ្ញុំធ្វើការតវ៉ាទាមទារឲ្យក្រុមហ៊ុននេះដកចេញពីខេត្តនេះ បើមិនដកចេញទេពួកខ្ញុំស៊ូស្លាប់នៅទីនេះពីព្រោះទៅធ្វើចម្ការក៏វាពិបាកដដែល»។
លោក ស ចំរុង អភិបាលខេត្តក្រចេះបានឲ្យដឹងថា លោកឲ្យអភិបាលស្រុកចុះទៅធ្វើការចរចាជាមួយពលរដ្ឋហើយ ថាតើគាត់ចង់បានអី?តែលោកពុំទាន់បានទទួលការឆ្លើយតប ពីអភិបាលស្រុកមកវិញនៅឡើយទេ។ លោកឲ្យដឹងថា៖ «រឿងនេះពុំមែនជារឿងថ្នាក់ខេត្តទេ វាជារឿងរបស់ក្រសួងកសិកម្ម»។
លោក សេង សុថា អភិបាលស្រុកសម្បូណ៌មិនអាចទាក់ទងរកការបំភ្លឺករណីនេះបានទេរីឯ ថៅកែក្រុមហ៊ុនThink Bio Tech ជាជនជាតិកូរ៉េ លោក កាំង ម៉េងគួ ក៏មិនអាចទាក់ទងបានដែរ។
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១០ លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានចុះហត្ថលេខាអនុញ្ញាតឲ្យក្រុមហ៊ុនកូរ៉េ Think Biotech Co., Ltd បង្កើតស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ នៅក្នុងឃុំ បឹងចារ ឃុំកំពង់ចាម ស្រុកសម្បូណ៌ ខេត្តក្រចេះ និងឃុំសៀមបូក ស្រុកសៀមបូក ក្នុងខេត្តស្ទឹងត្រែង មានផ្ទៃដីសរុបទាំងអស់ ៣៤.០០៧ ហិកតា។
លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីកាដូបានឲ្យដឹងថា អាជ្ញាធរគួរព្យាយាមធ្វើការដោះស្រាយតាមសន្តិវិធីជាជាងការប្រើមធ្យោបាយគំរាមប្តឹងឬក៏ការចាប់ខ្លួន។ លោកថ្លែងថា៖ «បញ្ហាទាំងអស់នោះ មិនអាចដោះស្រាយបានទេបើអាជ្ញាធរនិងក្រុមហ៊ុនប្រើមធ្យោបាយគំរាមប្តឹង។ អាជ្ញាធរឬក៏គណបក្សនយោបាយគួរតែចុះទៅដោះស្រាយប្រសិនបើចង់បានសន្លឹកឆ្នោត ពីព្រោះរដូវនេះ គឺជារដូវបោះឆ្នោត»៕
No comments:
Post a Comment
yes