លោក ស៊ុន ឆ័យ បេក្ខជនតំណាងរាស្ត្រគណបក្សប្រឆាំង
បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ស្នើសុំម៉ោងទូរទស្សន៍ជាតិកម្ពុជា ដែលចំណាយលុយរដ្ឋនោះ ផ្តល់ឱកាសឲ្យគណបក្សប្រឆាំង បានឆ្លើយតបជាសាធារណៈ ពាក់ព័ន្ធនឹងអ្វីដែលគណបក្សកាន់អំណាចចោទប្រកាន់។
អតីតប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី និងជាបេក្ខភាពតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា គណបក្សកាន់អំណាច មានឱកាសច្រើនក្នុងផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួន រួមទាំងធ្វើការចោទប្រកាន់មកលើគណបក្សប្រឆាំង។ ប៉ុន្តែលោកថា គណបក្សប្រឆាំង មិនមានឱកាសឆ្លើយតបវិញតាមកញ្ចក់ទូរទស្សន៍ឡើយ ៖ "យើងសុំអង្វរឲ្យខាងគណបក្សកាន់អំណាច គោរពនូវគោលការណ៍នៃរដ្ឋធម្មនុញ្ញ ហើយសុំឲ្យមានកម្មវិធី ឲ្យគណបក្សដទៃមានមតិយោបល់ នៅពេលដែលនាយករដ្ឋមន្ត្រីចោទប្រកាន់មួលបង្កាច់នរណា ត្រូវឲ្យមានសិទ្ធិឆ្លើយតបទៅវិញ បើមិនបាន ២៤ម៉ោងដូចគណបក្សប្រជាជន ក៏យើងសុំបានតែកន្លះម៉ោង ឬមួយម៉ោងក្នុងមួយថ្ងៃ ក៏អាចឲ្យយើងបានឆ្លើយបំភ្លឺប្រជារាស្ត្រវិញដែរ"។
ការស្នើនេះធ្វើឡើង ខណៈលោកចូលរួមសន្និសីទថ្នាក់ជាតិស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលរៀបចំដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) សហការជាមួយស្ថានទូតនៃប្រទេសស៊ុយអែត វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ រួមជាមួយនឹងអង្គការយូណេស្កូ ចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០១៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ។
VOD មិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ជុំវិញសំណើនេះបានទេ ដោយលោកអះអាងថា ជាប់រវល់បេសកម្មនៅក្រៅប្រទេស។
ប៉ុន្តែអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានព្យាយាមច្រានចោលនូវការស្នើនេះ ដោយថា មិនមានច្បាប់កំណត់ឲ្យប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ផ្សាយនូវព័ត៌មានរបស់គណបក្សប្រឆាំងឡើយ ៖ "ឲ្យគាត់ធ្វើច្បាប់មួយទៅ ថាទូរទស្សន៍ជាតិត្រូវបម្រើគ្រប់ជ្រុងទាំងអស់ ឲ្យគាត់ធ្វើច្បាប់ ព្រោះឥឡូវអត់ទាន់មានច្បាប់ អ្វីដែលមានច្បាប់ដែលយើងដឹងនោះ ទូទស្សន៍ជាតិកម្ពុជា ឬវិទ្យុជាតិកម្ពុជា គេផ្សាយអំពីសមិទ្ធផលដែលរាជរដ្ឋាភិបាល រដ្ឋាភិបាល ក៏ដូចគ្នានឹងប្រទេសខាងលិចដែរ ដែលគេផ្សាយអំពីសមិទ្ធផលរបស់គណបក្សនៅក្នុងអំណាច មិនមែនបានសេចក្តីថាគណបក្សនៅក្រៅអំណាច មានបណ្តាញសារព័ត៌មានឯណា អត់មានទេនៅក្នុងជាតិនោះ"។
របាយការណ៍គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល ស្តីពី ការប្រើប្រាស់ធនធានរដ្ឋ សម្រាប់បម្រើឲ្យគណបក្សនយោបាយ ចុះខែឧសភា ឆ្នាំ២០១២ ឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ដូចជា ទូរទស្សន៍ជាតិកម្ពុជា(ទទក) បានផ្តល់ឱកាសដល់គណបក្សកាន់អំណាច និងមិនមានសមធម៌សម្រាប់គណបក្សដទៃទៀតឡើយ បើទោះបីជាមានគោលការណ៍សមធម៌ សម្រាប់គ្រប់គណបក្សនយោបាយយ៉ាងណាក៏ដោយ។ របាយការណ៍បន្តទៀតថា គណបក្សកាន់អំណាច បានបន្តសកម្មភាពរបស់ខ្លួន ដែលរួមបញ្ចូលទាំងការផ្សព្វផ្សាយអំពីកិច្ចប្រជុំ គណបក្សនយោបាយ និងពិធីចុះចែកអំណោយផ្សេងៗ ដែលទាំងនេះ ខុមហ្វ្រែល ចាត់ទុកថា ជាការប្រព្រឹត្តខុស នឹងវិជ្ជាជីវៈរបស់មន្ត្រីរាជការស៊ីវិល៕
No comments:
Post a Comment
yes