សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, June 17, 2013

បក្ស​ប្រឆាំង​រង​ការ​វាយ​ប្រហារ​មុន​ការ​បោះឆ្នោត

មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​របស់​បក្ស​កាន់​អំណាច​មុន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ដែល​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់។
មន្ត្រី​បក្ស​ប្រឆាំង​បាន​ចោទ​ប្រកាន់​ទៅ​គណបក្ស​ប្រជាជន ថា​បាន​ប្រើ​ល្បិច​បង្កើត​ឈុត​ឆាក​រឿង​រ៉ាវ​ស្នេហា និង​ការ​ចោទ​ប្រកាន់​ផ្សេងៗ​ទៀត​ដោយ​ចង​ភ្ជាប់​ទៅ​នឹង​បញ្ហា​នយោបាយ។ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​អះអាង​ថា រឿង​រ៉ាវ​ទាំង​ឡាយ​ដែល​កើត​ឡើង​លើ​បុគ្គល​ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​បក្ស​ប្រឆាំង គឺ​ជា​រឿង​ពិត ហើយ​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​មក​នោះ។
នៅ​ក្នុង​អំឡុង​ពេល​ប្រមាណ​ជា​បី​ខែ​មុន​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ចូល​ជា​ផ្លូវការ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​គ្រាប់​ព្រួញ​ប្រមាណ​ជា​បួន​ដែល​អ្នក​ប្រមាញ់​បាន​បាញ់​ផ្ទួនៗ​គ្នា។
ម្ចាស់​ព្រួញ​ដែល​បាញ់​លើ​បក្ស​ប្រឆាំង​ក្នុង​សមរភូមិ​នយោបាយ​នៅ​មុន​ការ​បោះ​ឆ្នោត​ចូល​មក​ដល់​នេះ ត្រូវ​ជន​រង​គ្រោះ និង​មហា​ជន​មួយ​ចំនួន​ដែល​បាន​សង្កេត​លើ​ស្ថានការណ៍​នេះ​អះអាង​ថា ជា​ព្រួញ​យុទ្ធសាស្ត្រ​នយោបាយ​របស់​គណបក្ស​ប្រជាជន​ដែល​ជា​គូប្រកួត​យ៉ាង​សំខាន់។
ព្រួញ​ទី​មួយ គឺ​ការ​បញ្ចេញ​ខ្សែអាត់​ទំនាក់ទំនង​រវាង​លោក កឹម សុខា និង​លោក ហ៊ុន សែន កាល​ពី​មុន​បង្កើត​គណបក្ស​សិទ្ធិ​មនុស្ស។ ទីពីរ​ការ​បង្ហាញ​ខ្សែ​អាត់​សំឡេង​អាយ៉ៃ​ឆ្លងឆ្លើយ វាយ​ប្រហារ​គ្នា​ដោយ​ពាក្យ​សម្ដី​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា កាល​ពី​មិន​ទាន់​រួប​រួម​គ្នា​បង្កើត​បក្ស​សង្គ្រោះ​ជាតិ។ ទី​៣ តាម​រយៈ​លោក ជុំ ម៉ី ដែល​ជា​អតីត​អ្នក​ទោស​ទួល​ស្លែង បាន​កៀរគរ​មនុស្ស​ឲ្យ​ចូល​រួម​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក តាម​រយៈ​សម្ដី​ថា គុក​ទួលស្លែង​ជា​គុក​សិប្បនិម្មិត និង​ទី​បួន​ចុង​ក្រោយ​ថ្មីៗ​នេះ គឺ​ការ​បញ្ចេញ​តួអង្គ​ក្នុង​ឈុត​ឆាក​ស្នេហា​ត្រីកោណ​ពាក់ព័ន្ធ​នឹង​លោក កឹម សុខា។
ព្រួញ​ចុង​ក្រោយ​នេះ ទោះ​ជា​អ្នក​រង​របួស​អះអាង​ថា មិន​ឈឺ​ចាប់ តែ​ចង់​មិន​ចង់ ដំបៅ​នេះ​អាច​ធ្វើ​ឲ្យ​ធំ​ក្លិន​មិន​សូវ​ល្អ​ឡើយ។ ពីព្រោះ​ទី​មួយ ឥទ្ធិពល​សម្ដី​របស់​អ្នក​មាន​អំណាច ទី​ពីរ លោក​បាន​រៀបរាប់​យ៉ាង​លម្អិត​ពី​ដំណើរ​ការ​ស្នេហា​ក្រៅ​ក្របខ័ណ្ឌ​នោះ​នៅ​តាម​ទី​សាធារណៈ និង​ផ្សព្វផ្សាយ​ស្ទើរ​តែ​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៣ មិថុនា ក្នុង​ពិធី​សម្ពោធ​អគារ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​នៅ​ជាប់​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក ​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មិថុនា បាន​រៀបរាប់​មិន​ចំ​ឈ្មោះ​បុគ្គល​ណា​មួយ​ពិត​ប្រាកដ ប៉ុន្តែ​សាច់​រឿង​នោះ​ទំនង​ជា​សំដៅ​លើ​លោក កឹម សុខា និង​មន្ត្រី​មួយ​ចំនួន​ទៀត​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​បក្ស​សង្គ្រោះ​ជាតិ។
លោក ហ៊ុន សែន បាន​គាស់​កកាយ​ពី​ចំណង​ស្នេហា​របស់​សមាជិក​បក្ស​ប្រឆាំង​ជាមួយ​ស្ត្រី​ម្នាក់​ទៅ​ស្ត្រី​ម្នាក់​ជំពាក់ជំពិន​គ្នា​ដូច​សម្ល​កំពឹស រហូត​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​ជាមួយ​អនីតិជន​ទៀត​ផង។
លោក​បញ្ជាក់​ថា រឿងរ៉ាវ​ទាំង​នោះ​លោក​បាន​ដឹង​ពី​មន្ត្រី​ដែល​នៅ​ជិត​ដិត​នឹង​ខ្លួន​បុគ្គល​នោះ​ផ្ទាល់ មាន​ក្រុម​អង្គរក្ស​ជាដើម ដោយ​ពុំ​មាន​ក្រុម​ចារកម្ម​តាម​ស៊ើប​អង្កេត​តាម​ដាន​នោះ​ទេ ហើយ​កន្លង​មក លោក​តែង​តែ​ជួយ​លាក់​បាំង​រឿង​ទាំង​នោះ​ថែម​ទៀត។
ក្រៅ​ពី​រឿង​ឌឺដង​រឿង​ស្នេហា​ក្រៅ​ក្របខ័ណ្ឌ​ដែល​សំដៅ​ទៅ​លើ​អតីត​មេដឹកនាំ​គណបក្ស​សិទ្ធិ​មនុស្ស លោក ហ៊ុន សែន ក៏​បាន​បន្ត​ហែកហួរ​រឿង​ស្នេហា​ត្រីកោណ​របស់​អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស សម រង្ស៊ី តែ​លោក​មិន​បាន​បញ្ចេញ​ឈ្មោះ​ចំៗ​ឡើយ។
ទាក់ទង​បញ្ហា​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​លើ​ការ​អភិវឌ្ឍ​​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ មាន​ប្រសាសន៍​ថា ការ​លើក​យក​រឿង​ស្នេហា​នេះ​មក​បក​អាក្រាត​នៅ​មុន​បោះ​ឆ្នោត ដោយសារ​អ្នក​នយោបាយ​ក្នុង​គណបក្ស​ប្រជាជន​យល់​ឃើញ​ថា យុទ្ធសាស្ត្រ​នេះ​អាច​បន្សាប​ប្រជាប្រិយភាព​របស់​បក្ស​ប្រឆាំង​បាន។
មួយ​វិញ​ទៀត រឿង​នេះ​ក៏​ជា​ការ​បង្វែរ​ការ​ចាប់​អារម្មណ៍​ពី​ម្ចាស់​ឆ្នោត​ឲ្យ​ភ្លេច​គិត​ពិចារណា​ពី​រឿង​គោលនយោបាយ​ដែល​ពួកគាត់​ត្រៀម​សម្រេច​ចិត្ត​បោះ​ឆ្នោត​ឲ្យ​នៅ​ពេល​ខាង​មុខ ដោយ​នាំ​គ្នា​ចាប់​អារម្មណ៍​ទៅ​លើ​រឿង​ស្នេហា​ត្រីកោណ រឿង​សហាយស្មន់​ ទោះ​បី​រឿង​នោះ​ពិត​ក្តី​មិន​ពិត​ក្តី។
ចំណែក​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​តួអង្គ​នយោបាយ​មួយ​សំខាន់ ហើយ​កំពុង​ជាប់​ជំពាក់​ក្នុង​រឿង​អាស្រូវ​ស្នេហា​ត្រីកោណ​នេះ លោក​ថា គ្មាន​តម្លៃ​អ្វី​ដែល​ត្រូវ​ចំណាយ​ពេល​ឆ្លើយឆ្លង​ជាមួយ​លោក ហ៊ុន សែន ក្នុង​រឿង​នោះ​ទេ។ លោក​បន្ត​ថា អ្វី​ដែល​សំខាន់ ហើយ​លោក​ចាំបាច់​ត្រូវ​តែ​ធ្វើ​នោះ គឺ​ការ​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​យល់​ពី​តម្លៃ​សន្លឹក​ឆ្នោត ហើយ​គាំទ្រ​គណបក្ស​លោក។
លោក កែម ឡី យល់​ឃើញ​ទៀត​ថា បើ​សិន​ជា​នាយករដ្ឋមន្ត្រី​បាន​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​អភិវឌ្ឍន៍​ប្រទេស​ជាតិ និង​ការ​កម្ចាត់​មន្ត្រី​ខិលខូច​ក្នុង​ជួរ​រដ្ឋាភិបាល ឬ​ក៏​ទទួល​បាន​ព័ត៌មាន​លំអិត ដូច​ការ​តាម​ដាន​រឿង​ឯកជន​របស់​មន្ត្រី​បក្ស​ប្រឆាំង​នោះ ប្រទេស​ជាតិ​នឹង​មាន​ការ​រីក​ចំរើន​ប្រសើរ​ជាង​សព្វ​ថ្ងៃ​នេះ។
ចំពោះ​រឿង​ផ្ទាល់​ខ្លួន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​មិន​ប្រាកដ​ថា មាន​ភាព​ស្អាតស្អំ ដោយ​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ស្នេហា​ត្រីកោណ​នោះ​ដែរ។ កន្លង​មក​ក៏​ធ្លាប់​មាន​សារព័ត៌មាន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​មួយ​ចំនួន បាន​ចុះ​ផ្សាយ​ជា​ហូរហែ​ពី​ចំណង​ស្នេហា​របស់​លោក ហ៊ុន សែន ជាមួយ​តារា​ភាពយន្ត​ល្បី​ឈ្មោះ​ម្នាក់ គឺ​អ្នកស្រី ពិសិដ្ឋ ពិលីកា ដែល​ជា​ភរិយា​របស់​តារា​ភាពយន្ត ខៃ ប្រសិទ្ធ។ក្រោយ​ពី​លេចឮ​រឿង​ចំណង​ស្នេហា​ត្រីកោណ​ជាមួយ​នាយករដ្ឋមន្ត្រី នាង​ក៏​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​ធ្វើ​ឃាត​កាល​ពី​ខែ​កក្កដា ឆ្នាំ​១៩៩៩។
ពាក់ព័ន្ធ​រឿង​នេះ ប្រធាន​គណបក្ស សម រង្ស៊ី គឺ​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​៥ តុលា ឆ្នាំ​២០១១ បាន​ប្រកាស​ជា​សាធារណៈ​ថា លោក​នឹង​ស្វែង​រក​យុត្តិធម៌​ឲ្យ​សិល្បការិនី និង​តារា​សម្ដែង​ភាពយន្ត អ្នកស្រី ពិសិដ្ឋ ពិលីកា ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ កាល​ពី​ខែ​កក្កដា ឆ្នាំ​១៩៩៩ នោះ។
លោក សម រង្ស៊ី បាន​អះអាង​ថា លោក​នឹង​ប្ដឹង​ចោទ​ប្រកាន់​ភរិយា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែល​បច្ចុប្បន្ន​ជា​ប្រធាន​កាកបាទ​ក្រហម​ថា អ្នកស្រី​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​អ្នកស្រី ពិសិដ្ឋ ពិលីកា។
បន្ទាប់​ពី​អ្នកស្រី ពិសិដ្ឋ ពិលីកា ស្លាប់ ទស្សនាវដ្ដី​បារាំង​ឈ្មោះ ឡិចប្រេស្ស (L’ Express) បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​១៩៩៩ ថា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ឃាតកម្ម ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​នេះ។ រឿង​រ៉ាវ​នេះ​ស្ថិត​ក្នុង​អាថ៌កំបាំង​នៅ​ឡើយ​រហូត​ដល់​សព្វថ្ងៃ។
ទាក់ទង​នឹង​បរិយាកាស​មុន​ការ​បោះ​ឆ្នោត អ្នក​វិភាគ​បញ្ហា​សង្គម​បាន​ឲ្យ​ដឹង​ថា មេដឹកនាំ​បក្ស​នយោបាយ​កំពុង​ព្យាយាម​បង្វែរ​ការ​ចាប់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ទៅ​គោលនយោបាយ​របស់​គណបក្ស បែរ​ជា​ងាក​មក​ចាប់​អារម្មណ៍​រឿង​ជម្លោះ​បុគ្គល​និង​បុគ្គល​ទៅ​វិញ។
ប្រធាន​គណៈកម្មាធិការ​ពង្រឹង​វិស័យ​ច្បាប់​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​ជា​ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ស៊ីអិនរ៉ូ (CNRO) លោក​បណ្ឌិត ហ៊ាង ឫទ្ធី។ លោក​មាន​ប្រសាសន៍​ថា ករណី​នេះ​លែង​ទៅ​ជា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​ទៅ​ហើយ ផ្ទុយ​ទៅ​វិញ ជា​ការ​ឈ្លោះ​គ្នា គុំកួន​គ្នា​របស់​អ្នក​នយោបាយ ដោយ​មិន​គិត​ពី​ប្រយោជន៍​ប្រជាពលរដ្ឋ ធ្វើ​ខូច​ក្រមសីលធម៌ សុជីវធម៌​របស់​អ្នក​នយោបាយ​ក្នុង​សង្គម​ប្រជាធិបតេយ្យ និង​ខ្មាស​ដល់​ប្រទេស​ជិត​ខាង​ថែម​ទៀត។
អ្នក​វិភាគ​រិះគន់​ថា ការ​ដែល​បង្ហាញ​នូវ​កាយវិការ​បែប​នេះ​នៅ​មុន​ការ​បោះ​ឆ្នោត ឆ្លុះ​បញ្ចាំង​ពី​សង្គម​មួយ ឬ​អ្នក​នយោបាយ​ក្នុង​សង្គម​នោះ មិន​មាន​ការ​ជឿន​លឿន ហើយ​គំនិត​ប្រាជ្ញា​មិន​សូវ​មាន​ការ​អភិវឌ្ឍ​ឡើយ។
ចំណែក​លោក កែម ឡី វិញ មាន​ប្រសាសន៍​ថា ចំណុច​អវិជ្ជមាន​របស់​បុគ្គល​ផ្ទាល់​ខ្លួន​នៃ​អ្នក​នយោបាយ​តែងតែ​មាន​រៀងៗ​ខ្លួន ប៉ុន្តែ​បើ​អ្នក​នយោបាយ​ព្យាយាម​លើក​រឿង​នេះ និង​ការ​ញុះញង់​ឲ្យ​មាន​ការ​ប្ដឹងផ្ដល់​គ្នា​គំរាម​កំហែង​គ្នា សំអុយ​ឈ្មោះ​គ្នា​ជា​ជាង​ការ​លើក​យក​គោលការណ៍​លំអិត​របស់​ខ្លួន​បង្ហាញ​ប្រជាពលរដ្ឋ​នៅ​មុន​ការ​បោះ​ឆ្នោត​នោះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ព័ត៌មាន​ស្តី​ពី​គោលជំហរ និង​ភាព​ស្មោះត្រង់​របស់​គណបក្ស ធ្វើ​ឲ្យ​ស្ថានភាព​នេះ​អាប់អួ​ហើយ​នឹង​អាច​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត​នៃ​ដៃគូ​ប្រកួត​ប្រជែង។
ក្រុម​អ្នក​វិភាគ​បញ្ហា​សង្គម​បាន​ព្យាករ​ទុក​ថា យុទ្ធសាស្ត្រ​របៀប​នេះ អ្នក​នយោបាយ​នឹង​កំដរ​គ្នា​លេង​រហូត​ដល់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា៕

No comments:

Post a Comment

yes