សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 12, 2013

ក្រុមហ៊ុនទ្រីភាពបាន​សិទ្ធិ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​រតនគិរី

130612_07
គំនរ​ឈើ​ដែល​ក្រុម​ហ៊ុន​កាប់​ធ្វើ​អាជីវកម្ម​​យ៉ាង​គគ្រឹកគគ្រេង​​ នៅក្នុង​​ខេត្ត​រតន​គិរី​
រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ឲ្យ​លោក​ឧកញ៉ា ទ្រី ភាព​ទីប្រឹក្សា​លោក​នាយក​រដ្ឋ​មន្ត្រី​និង​ជា​ឈ្មួញ​រក​ស៊ី​កែ​ច្នៃ​ឈើ​ដ៏​ល្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​«ទ្រី​ភាព​អូរយ៉ាដាវ​» លើ​ផ្ទៃ​ដី​១៣៦​ហិកតា​នៅ​ក្នុង​ភូមិ-ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​ជាប់​នឹង​ព្រំដែន​កម្ពុជា-វៀតណាម​។ នេះ​បើ​តាម​សៀវភៅ​រាជកិច្ច ចុះ​ថ្ងៃ​ទី២៧ ខែ​ឧសភា។
នៅ​ក្នុង​សៀវភៅ​រាជកិច្ច​របស់​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ចេញ​ផ្សាយ​ថ្ងៃ​ទី២៧ ខែ​ឧសភា​នោះ​បង្ហាញ​ថា នៅ​ថ្ងៃ​ទី៧ ខែ​ឧសភា​មុន​នេះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​សម្រេច​ឲ្យ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ទី្រ ភាព អូរយ៉ាដាវ លើ​ផ្ទៃ​ដី​១៣៦ ហិកតា នៅ​ក្នុង​ភូមិ-ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ ប៉ុន្តែ​ក្នុង​មាត្រា​ទី៣​នៃ​អនុក្រឹត្យ​នោះ​បញ្ជាក់​ថា ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​នេះ ស្ថិត​ក្រោម​វិសាលភាព​នៃ​ច្បាប់​និង​បទប្បញ្ញត្តិ​នានា នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។
នៅ​ក្នុង​មាត្រា​៤​នៃ​អនុក្រឹត្យ​ចង្អុល​បង្ហាញ​ថា រដ្ឋ​មន្ត្រី​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី រដ្ឋ​លេខាធិការ​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អភិបាល​ខេត្ត​រតនគិរី និង​ក្រុមហ៊ុន​ទ្រី ភាព​ត្រូវ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​ត​ទៅ។

លោក សុក ចិន្តាសោភា ជា​អគ្គ​លេខាធិការ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែល​ចុះ​ហត្ថលេខា លើ​អនុក្រឹត្យ​នោះ​ពុំ​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បញ្ជាក់​បាន​ទេ កាល​ពី​ថ្ងៃ​ម្សិលមិញ។
សូម​រំឭក​ថា ពី​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ ២០១៣ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ប្រធាន​រដ្ឋបាល​ព្រៃឈើ បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន អឹម ឌី អេស ប្រមូល​ទិញ​និង​បង្កើត​រោងចក្រ​កែច្នៃ​វល្លិ​រមៀត នៅ​ក្នុង​អាង​ស្តុក​ទឹក​វារី​អគ្គិសនី​ស្ទឹង​អាតៃ ដែល​មិន​ប៉ះពាល់​ព្រៃឈើ​និង​បរិស្ថាន និង​តម្រូវ​ឲ្យ​បង់​ថ្លៃ​សួយ​សារ​និង​បុព្វលាភ​ចូល​ថិវកា​រដ្ឋ។ នៅ​ខែ​កុម្ភៈ​ឆ្នាំ ២០១៣ ក្រសួង​កសិកម្ម​ក៏​បាន​ចុះ​ហត្ថលេខា​ផ្តល់​សិទ្ធិ​ផ្តាច់​មុខ​ឲ្យ​ក្រុមហ៊ុន​ទ្រី ភាព​ប្រមូល​ទិញ​ឈើ ដែល​គេ​កាប់​រួច​នៅ​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច ក្នុង​ខេត្ត​រតនគិរី​ផង​ដែរ។
លោក​ឧកញ៉ា ទ្រី ភាព មិន​អាច​ទាក់​ទង​សុំ​ធ្វើ​ការ​អត្ថាធិប្បាយ​បញ្ជាក់​បាន​ទេ​ប៉ុន្តែ លោក ប៊ី ជីវ័នតារា ជំនួយ​ការ​លោក​បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ត្រូវ​អភិវឌ្ឍ​ជា​ច្រើន​ផ្នែក​និង​ដំណាក់ ដូចជា សង់​សណ្ឋាគារ​កម្ពស់​៥​ជាន់ មាន​១០០​បន្ទប់ អគារ​កាស៊ីណូ និង​អគារ​ស្នាក់​នៅ​របស់​បុគ្គលិក​មាន​តម្លៃ​៥​លាន​ដុល្លារ និង​ចំណាយ​៣​លាន​ដុល្លារ​ទៀត​លើ​ការ​សង់​ផែ​ស្ងួត អគារ​រដ្ឋបាល ស្ថានីយ​ប្រេង ចំណត​រថយន្ត ផ្សារ​និង​ផ្ទះ​ល្វែង។ ចំណែក​តម្រូវ​ការ​បុគ្គលិក បម្រើ​ការ​ក្នុង​កាស៊ីណូ​និង​ផែ​ស្ងួត អាច​មាន​ចំនួន​ជាង​៥០០​នាក់។ តាម​ប្រភព​ដដែល​នេះ​ថា ជំហាន​បន្ទាប់​ក្រុមហ៊ុន​ត្រូវ​សង់​រោងចក្រ​កៅស៊ូ​ក្នុង​បរិវេណ​ផែ​ស្ងួត និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗ ដោយ​ចំណាយ​២០​លាន​ដុល្លារ​ទៀត។
តាម​របាយ​ការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក​(Global Witness)​ក្នុង​ខែ​ឧសភា បាន​រក​ឃើញ​ថា ត្រឹម​ចុង​ឆ្នាំ​២០១២ រដ្ឋាភិបាល​បាន​ជួល​ដី​ជា​សម្បទាន​សេដ្ឋកិច្ច​ប្រមាណ ២​លាន​៦​សែន​ហិកតា ទៅ​ឲ្យ​ក្រុមហ៊ុន​ជា​ច្រើន​។ ក្នុង​នោះ មាន​ក្រុមហ៊ុន​វៀតណាម​ពីរ​គឺ​ក្រុមហ៊ុន​ហួងអាញ់ យ៉ាឡាយ ដែល​ជិត​ស្និទ្ធ​ជាមួយ​នឹង​ឧកញ៉ា ទ្រី ភាព លើ​ផ្ទៃ​ដី​ជិត​៥​ម៉ឺន​ហិកតា​(៤៧.៣៧០​ហិកតា)​និង​ក្រុមហ៊ុន​រ៉ាប់បឺ​គ្រុប ត្រូវ​សង្ស័យ​ថា កំពុង​រក​ស៊ី​ដៃ​គូ​ជាមួយ​អ្នក​ស្រី សេង គាង អតីត​ភរិយា​លោក ឌី ចូច ជា​សាច់​ញាតិ​លោក​នាយក​រដ្ឋ​មន្ត្រី មាន​ជាង​១៦​ម៉ឺន​ហិកតា​(១៦១​.៣៤៤​ហិកតា​)។
លោក ឆាយ ធី មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ថ្លែង​ឲ្យ​ដឹង​ថា អ្វី​ដែល​រដ្ឋាភិបាល​សម្រេច​នេះ មិន​មែន​ជា​សញ្ញា​ល្អ​សម្រាប់​ការ​ការពារ​ដី​របស់​ជន​ជាតិ​ភាគ​តិច ឬ​ក៏​ព្រៃ​ឈើ​នៅ​ក្នុង​ខេត្ត​ទេ ព្រោះ​មាន​បទ​ល្មើស​ព្រៃ​ឈើ​និង​ទំនាស់​ដី​ធ្លី​ស្ទើរ​គ្រប់​តំបន់​នៅ​ក្នុង​ខេត្ត​ដោយ​សារ​តែ​ដី​សម្បទាន​សេដ្ឋកិច្ច៕

No comments:

Post a Comment

yes