សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 7, 2013

អនាគត​កូន​ចៅ​យើង​កំពុង​ប្រឈម​ហានិភ័យ

130607_02
ក្មេងៗ​កូន​អ្នក​ភូមិ​អន្លង់​ជ្រៃ​ ក្នុង​​ខេត្ត​កំពង់​ស្ពឺ។ ក្មេង​ៗ​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​អា​ហា​​រូប​ត្ថម្ភ​​​
កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ​គឺជា​វិបតិ្ត​ដ៏​ធំ ដែល​ពុំ​សូវ​មើល​ឃើញ​ឡើយ បើ​ធៀប​នឹង​កង្វះ​ស្បៀង​អាហារ​និង​ខុស​គ្នា​ពី​កង្វះ​ស្បៀង​អាហារ ដោយ​សារ​ភាព​អត់​ឃ្លាន​ធ្វើ​ឲ្យ​គេ​ចាត់​ទុក​កង្វះ​ស្បៀង​អាហារ​ជា​បញ្ហា​បន្ទាន់។
ប៉ុន្តែ​ផល​ប៉ះពាល់​របស់​កង្វះ​អាហារូបត្ថម្ភ​កាន់​តែ​ឃើញ​ច្បាស់ នៅ​ពេល​កុមារ​ធំ​លូត​លាស់​គឺ​កុមារ​ដែល​ខ្វះ​អាហារូបត្ថម្ភ​មាន​រាង​កាយ​ទន់​ខ្សោយ និង​ងាយ​ទទួល​រង​នូវ​ជំងឺ​ដែល​សម្លាប់​ជីវិត​។ អាហារូបត្ថម្ភ​មិន​គ្រប់​គ្រាន់​នៅ​ពេល​កុមារ មិន​ត្រឹម​តែ​កាត់​បន្ថយ​បញ្ញា​ផលិតភាព និង​សក្តានុពល​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​អាច​ប៉ះពាល់​ដល់​អ្នក​ជំនាន់​ក្រោយ នៅ​ពេល​ម្តាយ​ទទួល​អាហារូបត្ថម្ភ​មិន​គ្រប់​គ្រាន់​មាន​កូន​ទម្ងន់​ស្រាល​ពេល​សម្រាល​កូន។ កុមារ​កម្ពុជា មាន​អាហារូបត្ថម្ភ​មិន​ល្អ​ផ្តល់​ផល​វិបាក​រយៈ​ពេល​វែង​ដល់​ការ​អភិវឌ្ឍ​រាង​កាយ​និង​ខួរ​ក្បាល​របស់​ពលរដ្ឋ​កម្ពុជា​និង​ដល់​ផលិត​ភាព និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។ បើ​ទោះ​បី​ជា​មាន​កំណើន​សេដ្ឋកិច្ច​ថេរ និង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ឆាប់​រហ័ស​ក៏​ដោយ ក៏​ប៉ុន្តែ ករណី​កុមារ​ខ្វះ​អាហារូបត្ថម្ភ​ច្រើន​ក្នុង​ប្រទេស​ពុំ​ល្អ​ទេ ក្នុង​រយៈ​ពេល ៥ ឆ្នាំ​កន្លង​មក គឺ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​វិញ។
ការ​ស្ទង់​មតិ​សុខភាព​ប្រជាជន​ឆ្នាំ ២០១០​បាន​បង្ហាញ​ថា កុមារ​កម្ពុជា​អាយុ​ក្រោម ៥ ឆ្នាំ​ចំនួន ២៨ ភាគរយ​ខ្វះ​ទម្ងន់​ដោយ​ពុំ​មាន​ការ​រីក​ចម្រើន​អ្វី​ទេ​ធៀប​នឹង​ឆ្នាំ​២០០៥។

ជា​ក្តី​បារម្ភ មាន​ការ​កើន​ឡើង​នូវ​ករណី​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់​ធ្ងរ ក្នុង​រយៈ​ពេល​ដដែល​នេះ ដោយ​កុមារ​ស្គម​ស្គាំង​បាន​កើន​ឡើង​ពី ៩ ភាគរយ​ទៅ ១១ ភាគរយ។ ក្នុង​អត្រា​៤០ ភាគរយ កម្ពុជា​មាន​អត្រា​ប្រេវ៉ាឡង់​ខ្ពស់​នៅ​អាស៊ី​អាគេ្នយ៍​ទាក់​ទង​នឹង​កុមារ​ដែល​ទាប មាន​ន័យ​ថា ពួកគេ​ទាប​ជាង​អាយុ​របស់​ខ្លួន។ មាន​ភ័ស្តុតាង​រឹង​មាំ​ជា​លក្ខណៈ​អន្តរជាតិ ដែល​កុមារ​កម្ពស់​ទាប​ចុះ​ឈ្មោះ​ចូល​រៀន ក្រោយ​មក ធ្វើ​កិច្ចការ​សាលា​ពុំ​សូវ​បាន​ល្អ បោះ​បង់​ការ​សិក្សា​មុន​គេ​ហើយ​រក​ចំណូល​ថ្ងៃ​អនាគត​ទាប​ជាង​កុមារ​ដទៃ​ទៀត​ដែល​មិន​ថយ​កម្ពស់។
មាន​ន័យ​ថា កង្វះ​អាហារូបត្ថម្ភ​ក៏​អាច​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ថយ​ចុះ​ផង​ដែរ។ ក្នុង​ឆ្នាំ ២០១១ អង្គការ​សហ​ប្រជាជាតិ​បាន​ប៉ាន់​ប្រមាណ​ថា កម្ពុជា​បាន​បាត់​បង់​ជាង ១៤៦ លាន​ដុល្លារ នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ជា​រៀង​រាល់​ឆ្នាំ​ដោយ​សារ​តែ​ផល​ប៉ះ​ពាល់​នៃ​កង្វះ​វីតាមីន និង​ជាតិ​រ៉ែ​ប៉ុណ្ណោះ។ អនាគត​កុមារ​ត្រូវ​បាន​កំណត់​ច្រើន ដោយ​គុណភាព​នៃ​អាហារូបត្ថម្ភ​ក្នុង​រយៈ​ពេល​១​ពាន់​ថ្ងៃ​ដំបូង​ដែល​ចាប់​ផ្តើម​ពី​ការ​កកើត រហូត​ដល់​ថ្ងៃ​គម្រប់​ខួប​ទី ២។ កុមារ​កើត​ថ្ងៃ​នេះ នឹង​បញ្ចប់​ការ​សិក្សា​នៅ​ប្រហែល​ឆ្នាំ ២០៣០​។​ប្រសិន​បើ​សមត្ថភាព​ខួរ​ក្បាល​ទទួល​រង​ខូច​ខាត​ធ្ងន់​ធ្ងរ ដោយ​សារ​កង្វះ​អាហារូបត្ថម្ភ​ក្នុង​រយៈ​ពេល ១ ពាន់​ថ្ងៃ​ដំបូង​នោះ​កម្រិត​ផលិត​ភាព​របស់​កុមារ​ពេល​កុមារ​ចូល​ក្នុង​កម្លាំង​ពលកម្ម នៅ​ឆ្នាំ ២០៣០ នឹង​ស្ថិត​ក្រោម​សក្តានុពល​ខ្លាំង ហើយ​អាច​ទាប​ជាង​តម្រូវ​ការ​នៃ​សេដ្ឋកិច្ច​ដែល​កំពុង​ជឿន​លឿន។
កង្វះ អាហារូបត្ថម្ភ​បង្ក​ឡើង​ដោយ​កត្តា​ច្រើន​ថែម​ទៀត​ក្រៅ​ពី​កង្វះ​នៃ​អាហារ​មាន​ជីវជាតិ។​ភាព​ក្រីក្រ ការ​បន្ទោបង់​នៅ​ទី​វាល ការ​បញ្ចុក​កូន​មិន​ត្រឹម​ត្រូវ ការ​អប់រំ​របស់​ម្តាយ និង​ឋានៈ​អាហារូបត្ថម្ភ សុទ្ធ​តែ​កត្តា​ហានិភ័យ​ចំពោះ​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ។ យោង​តាម​ការ​ស្ទង់​មតិ​ប្រជាសាស្រ្ត​នា​ពេល​ថ្មីៗ​នេះ​គ្រួសារ​កម្ពុជា​ជាង​ពាក់​កណ្តាល​ពុំ​មាន​លទ្ធភាព​ប្រើ​ប្រាស់​បង្គន់​ទេ​ហើយ​គ្រួសារ​ជនបទ​ជាង ២ ភាគ ៣ បាន​បត់​ដៃ​បត់​ជើង​នៅ​តាម​ទីវាល។ ទស្សន​វិស័យ​អភិវឌ្ឍ​អាស៊ី​របស់ WB ឆ្នាំ ២០១៣ បាន​កំណត់​កង្វះ​អាហារូបត្ថម្ភ និង​បញ្ហា​នៃ​រយៈ​ពេល​១០០០ ថ្ងៃ​ដំបូង ជា​បញ្ហា​ប្រឈម នៃ​ការ​លូត​លាស់​សម្រាប់​កម្ពុជា (មើល www.adb.org/publications/series/asiandevelopment-outlook)។
គន្លឹះ​បង្ការ​វិបតិ្ត​រយៈ​ពេល​១០០០ ថ្ងៃ​ដំបូង​នេះ​គឺ​ការ​រៀប​ចំ​នូវ​វិធានការ​ផ្សារ​ភ្ជាប់​គ្នា ដែល​ផ្តល់​សន្តិសុខ​ស្បៀង​អាហារូបត្ថម្ភ​អនាម័យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង។ នេះ​អាច​រួម​បញ្ចូល​ការ​បង្កើន​លទ្ធភាព​ទទួល​បាន​បរិមាណ គុណភាព​អាហារ​គ្រប់​គ្រាន់ និង​ចម្រុះ តាម​រយៈ​ការ​ផលិត​អាហារ​នៅ​ផ្ទះ​ការ​ផ្ទេរ​ក្នុង​សង្គម​និង​ការ​ផ្សព្វ​ផ្សាយ​ពី​អាហារ​ដាក់​ជីវជាតិ​បន្ថែម​ការ​លើក​កម្ពស់​ការ​បំបៅ​ដោះ​កូន ការ​បញ្ចុក​អាហារ​ត្រឹម​ត្រូវ ការ​ពង្រឹង​សេវា​សុខភាព​ជា​មូលដ្ឋាន និង​ការ​បំប៉ន​បន្ថែម​ជីវជាតិ​សម្រាប់​ស្ត្រី​និង​កុមារ។
ការ​គ្រប់​គ្រង​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ តាម​រយៈ​ការ​តាម​ដាន​ការ​លូត​លាស់​អាច​ជួយ​ដោះស្រាយ​បញ្ហា​។ រដ្ឋាភិបាល​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​បាត់​បង់​ជីវជាតិ​ដោយ​ធ្វើ​ឲ្យ បរិស្ថាន​និង​អនាម័យ​កាន់​តែ​ល្អ​ដោយ​ការ​បង្កើន​ការ​យល់​ដឹង​អំពី​អាហារ និង​បច្ចេកទេស​ស្តុក​ទុក​អាហារ​កាន់​តែ​ល្អ​ប្រសើរ​។ របៀប​វារៈ​ដ៏​ធំ​នេះ​មិន​គួរ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ។ ចំពោះ​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន គឺ​ត្រូវ​មាន​ភាព​ជា​ដៃ​គូ​ដែល​មាន​ការ​ចូល​រួម​ពី​រដ្ឋាភិបាល​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់​។ធនាគារ​អភិវឌ្ឍន៍​អាស៊ី​កំពុង​ចូល​រួម​ចំណែក​ក្នុង​របៀប​វារៈ​នេះ តាម​រយៈ​ការ​វិនិយោគ​ជា​ច្រើន។ គម្រោង​ជំនួយ​ស្បៀង​អាហារ​បន្ទាន់ រួម​មាន​កម្មវិធី​ជីវភាព និង​អាហារូបត្ថម្ភ​តាម​សហគមន៍​ក្នុង​ឃុំ​ចំនួន ១០០ នៅ​ជុំវិញ​បឹង​ទន្លេសាប។ សុវត្ថិភាព​សង្គម​នៃ​គម្រោង​ជំនួយ​ស្បៀង​អាហារ​បន្ទាន់​លើក​មុន​រាប់ មាន​ការ​ចែក​ចាយ​ស្រូវ​អង្គរ និង​ការ​ផ្តល់​អាហារ​នៅ​សាលា​រៀន។ គម្រោង​ជំនួយ​ស្បៀង​អាហារ​បន្ទាន់​ក៏​បាន​បង្កើន​ចំណូល​នៅ​តាម​ជនបទ តាម​រយៈ​កម្មវិធី​ធ្វើ​ការ​ដើម្បី​សាច់​ប្រាក់​។ អ្នក​ចូល​រួម​ជិត ៤ ម៉ឺន​នាក់ ក្នុង​ខេត្ត​ចំនួន ៧ ក៏​អាច​ទទួល​បាន​ការងារ​ជា​មធ្យម ៣០ ថ្ងៃ ក្នុង​ការ​កែ​លម្អ​ផ្លូវ​តាម​ជនបទ និង​ប្រឡាយ​ទឹក​ចំនួន ៤០។
ការ​រីក​ចម្រើន​ផ្នែក​អនាម័យ​គឺជា​លទ្ធផល​សំខាន់​នៃ​គម្រោង​ផ្គត់​ផ្គង់​ទឹក និង​អនាម័យ​តាម​ជនបទ​នៅ​បឹង​ទន្លេសាប ដែល​អ្នក​ភូមិ​ជាង ៥០ ម៉ឺន​នាក់​ទទួល​បាន​ទឹក​ស្អាត និង​ប្រហែល ២៥ ម៉ឺន​នាក់​ទទួល​បាន​បង្គន់​អនាម័យ។
គម្រោង​ផ្គត់​ផ្គង់​ទឹក​និង​អនាម័យ​តាម​ជនបទ​ទី ២ មាន​គោល​បំណង​ផ្តល់​សេវា​ជូន​ប្រជាជន​ជាង ៤០ ម៉ឺន​នាក់​បន្ថែម​ទៀត​។ ការ​លើក​កម្ពស់​អនាម័យ​ក៏​ជា​ផ្នែក​មួយ​នៃ​គម្រោង​ទប់​ស្កាត់​ជំងឺ​ឆ្លង​ដែល​កំពុង​តែ​សាក​ល្បង​វិធី​សាស្រ្ត​សុខភាព​ភូមិ​គំរូ​នៅ​តាម​សហគមន៍​ក្នុង​ភូមិ​ក្រី​ក្រ​ចំនួន ១៨០ ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​។​គម្រោង​នោះ រួម​មាន​ការ​ផ្តល់​ថ្នាំ​ដើម្បី​ទប់​ស្កាត់​ព្រូន​ប៉ារ៉ាសិត ក្នុង​ខេត្ត​ចំនួន ១០។
រួម​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​និង​ភាគី​ពាក់​ព័ន្ធ យើង​អាច​ជួយ​ធានា​ថា​ខណៈ​ដែល​ប្រទេស​កំពុង​រីក​ចម្រើន​កុមារ​កម្ពុជា អាច​ទទួល​បាន​អាហារ​មាន​ជីវជាតិ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ទឹក​ស្អាត និង​បរិស្ថាន​ស្អាត ដូច្នេះ ពួក​គេ​អាច​ទទួល​បាន​អនាគត​ភ្លឺ​ថ្លា​ដែល​ពួកគេ​សម​នឹង​ទទួល​បាន៕ 

No comments:

Post a Comment

yes