សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 13, 2013

ពលរដ្ឋ​ជិត​១​ពាន់​នាក់​ហែ​ក្បួន​ទាមទារ​ឲ្យ​តុលាការ​យុត្តិធម៌


បណ្ដាញ​សហគមន៍​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ជិត ១​ពាន់​នាក់ ហែ​ក្បួន​បាតុកម្ម​អហិង្សា​ទាមទារ​ឲ្យ​តុលាការ​កាត់​ក្ដី​ដោយ​យុត្តិធម៌។

ក្រុម​បាតុករ​បញ្ជាក់​ថា រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ការពារ​ដីធ្លី ធន​ធាន​ធម្មជាតិ​ជិត ៥០០​នាក់ បាន​ទទួល​រង​ការ​គំរាមកំហែង​ពី​សំណាក់​ក្រុម​ឈ្មួញ អ្នក​មាន​លុយ មាន​អំណាច ដោយ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​បំភ្លៃ​រឿង​ក្ដី​ជម្លោះ​ដីធ្លី​ទៅ​ជា​ករណី​បទល្មើស​ញុះញង់ ឆបោក និង​ការ​រំលោភ​កម្មសិទ្ធិ​ឯកជន​ជាដើម។
ក្រុម​ប្រជាពលរដ្ឋ​ជួប​ជុំ​គ្នា​នៅ​មុខ​ក្រសួង​យុត្តិធម៌ តាំង​ពី​ម៉ោង ៧​ព្រឹក ថ្ងៃ​ពុធ ទី​១២ មិថុនា ដោយ​មាន​ចង​បូ​ពណ៌​ក្រហម​នៅ​លើ​ក្បាល ហើយ​សរសេរ​ថា "យើង​ត្រូវការ​យុត្តិធម៌"។
ដៃ​លើក​ផ្ទាំង​រូបភាព​មួយ​ចំនួន​ស្ដីពី​សកម្មភាព​រំលោភ​បំពាន​ដីធ្លី សមត្ថកិច្ច​ចុះ​បង្ក្រាប​ការ​តវ៉ា រូបភាព​កម្លាំង​ប្រដាប់​អាវុធ​បាញ់​ទៅ​លើ​ក្រុម​ពលរដ្ឋ និង​សារ​សំខាន់ៗ​មួយ​ចំនួន ដែល​មាន​ខ្លឹមសារ​ជំរុញ​ឲ្យ​តុលាការ​កាត់​ក្ដី​ប្រកប​ដោយ​ភាព​យុត្តិធម៌។

តំណាង​សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ជីក្រែង ខេត្ត​សៀមរាប លោកស្រី យី វង្ស រំលឹក​ថា ជម្លោះ​ដីធ្លី​សហគមន៍​ជ្រីក្រែង បាន​អូស​បន្លាយ​រយៈពេល​ជិត ៦​ឆ្នាំ មក​ទល់​ពេល​នេះ​មិន​មាន​ដំណោះស្រាយ។ លោកស្រី​បន្ត​ថា អ្នក​មាន​អំណាច​និង​មាន​លុយ បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​ប្រជាពលរដ្ឋ ទាំង​ការ​ប្រើប្រាស់​ហិង្សា​ផ្ទាល់ និង​បញ្ជូន​កម្លាំង​ប្រដាប់​អាវុធ​មក​ចាប់​ពលរដ្ឋ​ម្ចាស់​ដី​ដាក់​គុក។
លោកស្រី​បញ្ជាក់​ថា បើ​សិន​ជា​តុលាការ​កាត់​ក្តី​ដោយ​យុត្តិធម៌ ពួកគាត់​មិន​ចាំបាច់​មក​តវ៉ា​ដល់​ក្រសួង​យុត្តិធម៌​ទេ៖ «ចាប់​ប្រជាពលរដ្ឋ​ដែល​ពួក​ខ្ញុំ​ទៅ​ច្រូត​ស្រូវ នៅ​ថ្ងៃ​ទី​២២ ខែ​៣ ឆ្នាំ​២០០៩ ពួកគេ​ប្រើ​កងកម្លាំង​ប្រដាប់​អាវុធ​បាញ់​ពួក​ខ្ញុំ​នៅ​ក្នុង​ស្រែ​ដែល​ប្រមូល​ផល​ខ្លួន​ឯង។ ខ្ញុំ​មក​ថ្ងៃ​នេះ​ចង់​ឲ្យ​ក្រសួង​យុត្តិធម៌ ជួយ​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ផង។ អ្នក​ខ្លះ​គេ​ទទួល​បាន​ការ​ដោះស្រាយ​ខ្លះ​ហើយ តែ​ពួក​ខ្ញុំ​នៅ​ទេ»
ចំណែក​ឯ​តំណាង​សហគមន៍​ព្រៃឈើ​ស្រុក​ស្នួល ខេត្ត​ក្រចេះ លោក អ៊ុក ពៅ បញ្ជាក់​ថា  បច្ចុប្បន្ន​នេះ សហគមន៍​ស្នួល កំពុង​ប្រឈម​នឹង​ការ​រុករាន​ទន្ទ្រាន​ព្រៃ​យក​ដី ការ​រុក​រក​រ៉ែ ជំនួញ​ឈើ​ប្រណីត​ពី​សំណាក់​ក្រុម​ឈ្មួញ​អ្នក​មាន​លុយ ដែល​មាន​ក្រុម​អាជ្ញាធរ​នៅ​ពី​ក្រោយ​ខ្នង៖ «សូម្បី​តែ​ដី​ឡាយព្រះហស្តលេខា​ពី​ព្រះករុណា​អី​ហ្នឹង ក៏​ត្រូវ​លក់​អស់​ហើយ។ នៅ​ខាង​ស្រុក​ស្នួល ខេត្ត​ក្រចេះ ហ្នឹង ដូច​ជា​មិន​ខ្លាច​ស្ថាប័ន​រដ្ឋ​សភា​នៅ​ពី​ខាង​លើ​អី​ទេ»
ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​បណ្ដាញ​ប្រជាពលរដ្ឋ​លើក​សំណូមពរ​ទៅ​កាន់​ក្រសួង​យុត្តិធម៌ រដ្ឋ​សភា និង​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ឲ្យ​ជួយ​អន្តរាគមន៍​ដោះលែង​សកម្មជន​ការពារ​ដីធ្លី និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ព្រម​ទាំង​ផ្ដន្ទាទោស​ចំពោះ​មន្ត្រី​តុលាការ​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ ឬ​ប្រព្រឹត្ត​ផ្ទុយ​ពី​វិជ្ជាជីវៈ។
ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន​បួងសួង​សូម​ឲ្យ​វត្ថុ​ស័ក្ដិសិទ្ធិ​ជំរុញ​ឲ្យ​មាន​តុលាការ​យុត្តិធម៌​នៅ​លើ​ទឹកដី​កម្ពុជា ខណៈ​ពេល​ដែល​ពលរដ្ឋ​ខ្លះ​ទៀត​បាន​អូស​ទីងមោង ដែល​ជា​តំណាង​ឲ្យ​តុលាការ​អយុត្តិធម៌ មក​បាច​អំបិល និង​ជះ​ម្ទេស​ដាក់​បណ្ដាសា​តាម​ទម្លាប់​អបិយ​ជំនឿ។
ក្រុម​មន្ត្រី​ក្រសួង​យុត្តិធម៌​ដែល​ដឹកនាំ​ដោយ​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល លោក អ៊ុង សុភារិន្ទ ចេញ​មក​ទទួល​ញត្តិ​ពលរដ្ឋ។ លោក​ប្រាប់​ដោយ​ខ្លី​ថា នឹង​យក​ញត្តិ​នេះ​ទៅ​ជូន​ថ្នាក់​លើ ប៉ុន្តែ​លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ជាមួយ​អ្នក​កាសែត​ឡើយ។
ក្រុម​បាតុករ​ក៏​បាន​លើក​គ្នា​ដង្ហែ​ក្បួន​ឆ្ពោះ​កាន់​រដ្ឋ​សភា អម​ដោយ​សេចក្ដី​ថ្លែងការណ៍​បទចម្រៀង និង​អាន​ញត្តិ​ដាក់​ជូន​រដ្ឋ​សភា និង​ក្រសួង​ការបរទេស​បន្ត​ទៀត។ ចំណែក​ឯ​ក្រុម​អាជ្ញាធរ​មិន​បាន​រារាំង​បាតុករ​នោះ​ទេ តែ​បែរ​ជា​ប្រមូល​កម្លាំង​ការពារ បរិវេណ​ផ្លូវ​ចូល​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
មន្ត្រី​ជាន់​ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ដែល​ទើប​តែ​រួច​ពី​បណ្ដឹង​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​បទ​ចោទ​តំបន់​អបគមន៍​នៅ​ក្រចេះ នោះ  លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា បាតុកម្ម​នេះ​កើត​ឡើង ទឹក​ចិត្ត​ពលរដ្ឋ​ដែល​ត្រូវ​ការ​តុលាការ​យុត្តិធម៌។
លោក​បន្ត​ថា  ដើម្បី​ឲ្យ​ពលរដ្ឋ​ស្ងប់​ចិត្ត និង​រក្សា​ស្ថិរភាព​សង្គម លុះ​ណា​តែ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់ ជំរុញ​ឲ្យ​មាន​ការ​បែង​ចែក​ផល​ពី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​សមធម៌ ផ្អែក​លើ​រដ្ឋ​សភា បម្រើ​ផលប្រយោជន៍​រាស្ត្រ តុលាការ​ឯករាជ្យ និង​ការ​បំពេញ​ការងារ​ប្រកប​ដោយ​ភាព​ទទួល​ខុស​ត្រូវ​របស់​រាជរដ្ឋាភិបាល៕

No comments:

Post a Comment

yes